អានតួអត្ថបទ
ជប៉ុន

នៅ​រោងចក្រ​នុយក្លេអ៊ែរ ហ្វូគូស៊្ហីម៉ា គេ​រកឃើញ គ្រាប់បែក​សល់ពី សង្រ្គាម​លោក​លើក​ទី​២

គ្រាប់បែក​មួយគ្រាប់ ដែល​អាច​បន្សល់​ទុក តាំង​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី២ ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ នៅក្រោមដី ដែល​ស្ថិត​ក្នុង​បរិវេណ​រោងចក្រ​នុយក្លេអ៊ែរ ហ្វូគូស្ហ៊ីម៉ា។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន តិបកូ ម្ចាស់ រោងចក្រ​នុយក្លេអ៊ែរ ហ្វូគូស្ហ៊ីម៉ា ដែល​រង ផ្ទុះឆេះ ដោយសារ​រលកយក្ស​ស៊ូណាមី និង​គ្រោះរញ្ជួយដី កាលពី​៦​ឆ្នាំ​មុន។

បុគ្គលិក​ជប៉ុន​ធ្វើការ​នៅ​រោងចក្រ​នៅ​ហ្វូគូស្ហ៊ីម៉ា
បុគ្គលិក​ជប៉ុន​ធ្វើការ​នៅ​រោងចក្រ​នៅ​ហ្វូគូស្ហ៊ីម៉ា ©TORU HANAI / AFP
ផ្សាយពាណិជ្ជកម្ម

គ្រាប់បែក​ប្រវែង ជិត​មួយម៉ែត្រ (៨៥​សង់ទីម៉ែត្រ និង​ទទឹង ១៥​សង់ទីម៉ែត្រ) ដែល​ទំនង​សល់​ពី​សង្រ្គាម​លោក​លើក​ទី២ ត្រូវ​បាន​គេ​រកឃើញ នៅក្នុង​បរិវេណ រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊្ហីម៉ា។ តាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​តិបកូ បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន ដែល​ជីក​កកាយ​ដី ដើម្បី​សង់ ចំណត​រថយន្ត បាន ប្រទះ​ឃើញ​គ្រាប់បែក មិន​ទាន់ផ្ទុះ ដែល​ស្ថិតនៅ ប្រមាណ ១​គីឡូម៉ែត្រ​ពី​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ ពោល​គឺ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អគារ ដាក់ ម៉ាស៊ីន​ប្រតិករ ទី២ និង​ទី៣ ដែល​រង​ខូចខាត ឆេះ ដោយសារ​គ្រោះរញ្ជួយដី។

តាម​អ្នកនាំពាក្យ ក្រុមហ៊ុន​បាន​ជូនដំណឹង​ភ្លាមៗ ទៅ​ប៉ូលិស​មូលដ្ឋាន និង​បាន​សម្រេច​បិទ ហ៊ុំព័ទ្ធ​តំបន់​ជុំវិញ ដើម្បី​រង់ចាំ​អន្តរាគមន៍​របស់​ទាហាន​ជប៉ុន ដែល​ជំនាញ​ខាង​គ្រាប់ផ្ទុះ។ គឺ​ទាហាន​ស្វ័យការពារ ដែល​នឹង​សម្រេច​ដកយក​គ្រាប់​ចេញ​ពី​ដី បន្ទាប់​ពី​គេ​វាយតម្លៃ​ពី​កម្រិត​គ្រោះថ្នាក់ របស់គ្រាប់បែក។

ការប្រទះឃើញ​គ្រាប់បែក​មិនទាន់ផ្ទុះ នៅក្រោម​ដី នៅក្នុង​បរិវេណ​របស់​រោងចក្រ​នុយក្លេអ៊ែរ នៅ​ហ្វូគូស្ហ៊ីម៉ា មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះថា តំបន់​ហ្វូគូស្ហ៊ីម៉ា ស្ថិតនៅ​ជិត តំបន់ ឆ្នេរ Futaba និង Okuma ដែល​ធ្លាប់​មាន​មូលដ្ឋាន​ទ័ព​អាកាស​ជប៉ុន និង​រង​ការទម្លាក់​គ្រាប់បែក ដ៏​សន្ធឹក ពី​យន្តហោះ អាមេរិកាំង នៅ​អំឡុង​សង្រ្គាម​លោក​លើក​ទី២។

ការប្រទះឃើញ​គ្រាប់បែក​សល់​ពី​សង្រ្គាម​លោក នៅ​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេច​បង្កើត​តំបន់​ហាមឃាត់ មួយផ្នែក នៅក្នុង​បរិវេណ​របស់​រោងចក្រ ប៉ុន្តែ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ការងារ​របស់​បុគ្គលិក​រោងចក្រ ដែល​កំពុង​សស្រាក់សស្រាំ សំអាត​សារធាតុ​វិទ្យុសកម្ម ហើយ​និង​ដោះ​ម៉ាស៊ីន​ប្រតិករ ដែល​ឆេះខូចខាត​ដោយសារ​គ្រោះរញ្ជួយ​ដី​នៅ​ឆ្នាំ ២០១១។ ក្រុមហ៊ុន តិបកូ និង​រដ្ឋាភិបាល​ជប៉ុន​ទទួល​ភារកិច្ច​ដ៏ធ្ងន់ធ្ងរ គឺ​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ទសវត្សរ៍ ដើម្បី ការលាង​សម្អាត​សារធាតុ​វិទ្យុសកម្ម ដែល​ហូរ​លេច​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ នៅ​ហ្វូគូស៊្ហីម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ