អានតួអត្ថបទ
ហុងកុង

សកម្មជន​​​​​បក្ស​​ប្រជាធិបតេយ្យហុងកុង​​​ម្នាក់​​​ត្រូវ​​បាន​​ភ្នាក់ងារ​ចិន​ដីគោគ​ចាប់​ជម្រិត​និង​ធ្វើ​បាប​ជាដំណំ​​​

នៅ​ហុងកុង សកម្មជន​មួយ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​អះអាង​​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​ ថា​”រូបគាត់​ត្រូវ​បាន​ភ្នាក់ងារ​ចិន​មួយ​ក្រុម​ចាប់​ជម្រិត​និង​វាយដំ បន្ទាប់ពី​គាត់​បាន​និយាយ​​ប្រាប់​ពី​បំណង​របស់​គាត់​ក្នុង​​ផ្ញើរ​រូបថត​មួយ​សន្លឹក​ដែល​ចុះ​ហត្ថលេខា​ដោយ​​តារា​បាល់ទាត់​ Barcelonne ឈ្មោះ Lionel Messi ​ទៅ​ឲ្យ​ដល់​ភរិយា​សព​លោក​ Liu Xiaobo​សកម្មជន​​ការពារ​សិទ្ធិ​មនុស្ស​ដ៏​មុះមត់​នៅ​ក្នុង​ប្រទេស​ចិនដែលទើបចូលមរណភាព​កាលពី​ខែកក្កដាមុននេះ។​

សកម្មជនបក្សប្រជាធិបតេយ្យ​ហុងកុង​ឈ្មោះ​ Howard Lam បានបង្ហាញ​មុខស្នាម​របស់លោកនៅក្នុងសន្និសីទសាព័ត៌មាន​មួយ​នៅ​ហុងកុង​ថ្ងៃទី​១១សីហា២០១៧​
សកម្មជនបក្សប្រជាធិបតេយ្យ​ហុងកុង​ឈ្មោះ​ Howard Lam បានបង្ហាញ​មុខស្នាម​របស់លោកនៅក្នុងសន្និសីទសាព័ត៌មាន​មួយ​នៅ​ហុងកុង​ថ្ងៃទី​១១សីហា២០១៧​ REUTERS
ផ្សាយពាណិជ្ជកម្ម

លោក Howard Lam ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​​នៅ​ហុងកុង បាន​ចាប់​ផ្តើម​ធ្វើការ​ចោទប្រកាន់​នៅ​ក្នុង​អំឡុង​សន្និសីទ​កាសែត​មួយ​​ដែល​នៅ​ពេល​នោះ លោក​បាន​បង្ហាញ​អោយគេ​ឃើញ​​កន្លាស់​ដែក​ដែល​ជាប់​នៅ​លើ​ជើង​របស់​គាត់​ក៏​ព្រម​ទាំង​ស្លាក​ស្នាម​ព័ណ៌​ក្រហម​ជាំ​នៅ​លើ​ពោះ​របស់​គាត់ដែរ។ បន្ទាប់មក គាត់​បាន​ធ្វើដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ។

តាមផ្លូវច្បាប់ ភ្នាក់ងារ​ចិន ​គ្មាន​សិទ្ធិ​​​មក​ធ្វើ​អន្តរាគមន៍​អ្វី​ទេ​នៅ​​ហុងកុង​។ ហុងកុង​ដែល​ជា​អតីត​អាណានិគម​របស់​អង់គ្លេស ​បាន​ចូល​ជា​ទឹកដី​របស់​ចិន​ដី​គោគ​វិញ​នៅ​ឆ្នាំ​១៩៩៧។

ក៏ប៉ុន្តែ កន្លងមក ដោយ​មាន​ការ​ចាប់​ជម្រិត​ច្រើន​នៅ​ហុងកុង ដូចជា​ការ​ចាប់​ជម្រិត​មហាសេដ្ឋី​ចិន​មួយ​រូប​នៅ​ដើម​ឆ្នាំ​២០១៧​និង​អ្នក​លក់​សៀវភៅ​ហុងកុង​ម្នាក់​នៅ​ឆ្នាំ​២០១៥ បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈ​នៅ​ហុងកុង មាន​ការ​ព្រួយបារម្ភ​ជា​ពន់​ពេក ខ្លាច​​ចិន ប្រើ​អំណាចបំពាន​ស្រេច​តែ​អំពើ​ចិត្តខ្លួន​នៅ​ហុងកុង។

សកម្មជនហុងកុងរូបនេះ​ បាន​គូស​បញ្ចាក់​ទៀត​ថា “គាត់​ត្រូវ​បាន​ជន​មួយ​ក្រុម​​និយាយ​ភាសា​ចិន​កុកងឺ ធ្វើការ​ព័ទ្ធ​ចាប់​រូប​គាត់​នៅ​ថ្ងៃ​ព្រហស្សតិ៍​មុន​ នៅ​ខណៈ​ពេល​ដែល​គាត់​កំពុង​ដើរ​ទិញអីវ៉ាន់​។ គួរបញ្ជាក់ថា​​ប្រជាជន​ហុងកុង​និយាយ​ភាសា​កាតាំងមិនដូចចិនដីគោគដែលនិយាយភាសាកុកងឺនោះទេ។ បន្ទាប់មក​រូប​គាត់​ ត្រូវ​ពួក​ខ្មាំង​ បង្ខំ​ឲ្យ​ចូល​ក្នុង​រថយន្ត​កាមីញ៉ុង​តូច​មួយ​គ្រឿង​​និង​​វាយដំគាត់​រហូត​ដល់​សន្លប់​បាត់​ស្មារតី។ បន្ទាប់មកទៀត រូប​គាត់​ត្រូវ​បាន​គេ​យក​កន្លាស់​មក​កិប​នៅ​លើ​កាំភ្លៅ​​គាត់។ ក្រោយ​ពី​សន្លប់​ជា​សារ​ជា​ថ្មី​ម្តង​ទៀត​ គាត់​បាន​ភ្ញាក់​ដឹង​ខ្លួន​វិញ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​​នៅ​លើ​ឆ្នេរ​សមុទ្រ​មួយ​ដែល​ស្ថិត​នៅឆ្ងាយ​​ដាច់​ស្រយាល​ក្នុង​ស្រុក​ Sai Kung​​ភាគ​អគ្នេយ៍​​ហុងកុង។ សកម្មជន​ហុងកុង​នេះ បាន​ថ្លែង​សង្កត់​ទៀត​ថា កាលពី​ថ្ងៃ​អង្គារ​មុន គាត់​បាន​ទទួល​ទូរស័ព្ទ​ពី​បុរស​មួយ​រូប​ដែល​អះអាង​ថា គេ​និយាយ​ក្នុង​នាម​អាជ្ញាធរ​ចិន និង​ដើម្បី​សុំ​កុំ​ឲ្យ​លោក​Lam ​ធ្វើការ​ផ្ញើ​រូបថត​របស់​តារា​បាល់​ទាត់ Barcelonne ឈ្មោះ Lionel Messi​ទៅ​អោយ​ភរិយា​របស់​សព​លោក Liu Xiaobo ឲ្យ​សោះ។​

ស្របគ្នានេះ ​លោក Lam បាន​ធ្វើ​ការ​ប្តឹង​ទៅ​ដល់​នគរបាល​ហុងកុង និង​បាន​រៀបរាប់​នៅ​លើ​ទំព័រ​ Facebook​របស់​គាត់​ថា គាត់​បាន​ទទួល​រូបថត​មួយ​សន្លឹក​ដែល​ចុះហត្ថលេខា​ដោយ​តារា​បាល់ទាត់​Barcelone​​ រូបថត​ដែល​ត្រូវ​ផ្ញើ​ទៅ​អោយ​ជ័យ​លាភី​រង្វាន់ណូបែល​សន្តិភាព ឈ្មោះ​ Liu Xiabo ដែល​ទើប​នឹង​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​១៣​កក្កដា​នៅ​ក្នុង​ប្រទេស​ចិន៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ