ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
អាស៊ី

ស៊ុតមាន់​​​ផ្ទុក​​ថ្នាំគីមី​​រាលដាល​​ពី​​អឺរ៉ុប​​​​ដល់​​​ហុងកុង​​ សហភាព​​អឺរ៉ុប​​កោះ​ប្រជុំ​​ប្រទេស​​ដែល​មាន​បញ្ហា​

media កសិដ្ឋានចិញ្ចឹមមាន់​​នៅ​បែលហ្ស៊ិក REUTERS/Francois Lenoir

រឿងអាស្រូវ​ស៊ុតមាន់រងប៉ះពាល់​ដោយ​​សារធាតុ​គីមី​​fipronil ​នៅ​អឺរ៉ុប ​​​បានបន្ត​រាលដាល​​រហូត​ដល់​អាស៊ី។ ​ហុងកុង​​បាន​រកឃើញ​ស៊ុត​មានសារធាតុ​​​​ fipronil ជា​ស៊ុតមាន់​​​​នាំចូល​ពី​ហូឡង់។ ​រហូតពេលនេះ ​មាន​ប្រទេស​អឺរ៉ុប​ចំនួន​១៥​ ដែល​រកឃើញ​​​ស៊ុតមាន់​ផ្ទុក​ថ្នាំគីមី។ គណៈកម្មការ​អឺរ៉ុប​​កោះប្រជុំ​ស្ថាប័ន​ចំណីអាហារ និង​រដ្ឋមន្ត្រី​​តាម​​ប្រទេស​អឺរ៉ុប​ទាំងអស់នេះ នៅថ្ងៃ​២៦កញ្ញា​ខាងមុខ។ ប្រទេស​អឺរ៉ុប​កំពុងបន្ត​​​ឆែកឆេរ​និង​ស៊ើបអង្កេត​រឿងអាស្រូវ​នេះ។

ប្រឈម​រឿងអាស្រូវ​ស៊ុតមាន់​ផ្ទុក​ថ្នាំសម្លាប់សត្វល្អិត fipronil ដែល​រាលដាល​រហូត​ដល់​ហុងកុង ​ ​គណៈកម្មការ​​អឺរ៉ុបបាន​​​អំពាវនាវ​អោយប្រទេស​​​ដែល​ជួបបញ្ហា​ទាំងនេះ រួមគ្នា​​​ដោះស្រាយ​បញ្ហា​​ ជាជាង​តាមរកមុខ​​​ប្រទេស​​ដែលជា​ប្រភព​នៃ​រឿងអាស្រូវ។​ សារធាតុ​គីមី fipronil​ ជាសារធាតុ​ប្រើ​សម្លាប់សត្វល្អិត ដូចជា​ចៃឆ្កែ។ ប្រើវា​ក្នុង​បរិមាណ​ច្រើនពេក​អាច​នាំអោយ​ក្អួត រឺមាន​បញ្ហា​ខួរក្បាល។ សហភាព​អឺរ៉ុប​ហាមប្រើសារធាតុ​នេះ​ ទៅ​លើ​សត្វដែល​គេចិញ្ចឹម​យកសាច់​បរិភោគ។ ប្រភព​បញ្ហា​គឺមកពី​​ផលិតផល​​​រឺ​ថ្នាំ​​​​បោស​សម្អាត​​មេរោគ ដែល​ប្រើ​តាមកសិដ្ឋាន​នៅ​បែលហ្ស៊ិក ហូឡង់ និង​អាល្លឺម៉ង់​ មាន​លាយ​​​សារធាតុ​​សម្លាប់​សត្វល្អិត​ fipronil។ ​សូម្បីស៊ុតមាន់​បែបធម្មជាតិ ក៏​រង​ការប៉ះពាល់​ដែរ។ ​​ ​​

ថ្ងៃសុក្រ​នេះ ប៉ូឡូញ​ប្រាប់ថា បានរកឃើញ​ស៊ុត៤ម៉ឺនគ្រាប់​​ផ្ទុកធាតុ​គីមី​នេះ ជាស៊ុត​នាំចូល​ពី​អាល្លឺម៉ង់ តែ​មិនត្រូវបាន​យកទៅ​លក់ក្នុង​ទីផ្សារ​ទេ។ ​អាល្លឺម៉ង់ និង​បារាំង បាន​ស្តីបន្ទោស​​​បែលហ្ស៊ិក និង​ហូឡង់។ នៅបែលហ្ស៊ិក និង​ហូឡង់ ​មានកសិដ្ឋានចិញ្ចឹមមាន់​យកស៊ុត ​​ជាង​២០០កន្លែងដែល​គេរកឃើញ​​ ថ្នាំគីមី​​​ ​fipronil​ ក្រោយ​​មាន​ការបោសម្អាត​កំចាត់​មេរោគ​តាមកសិដ្ឋាន។ បែលហ្ស៊ិក​វិញ បាន​ចោទ​ហូឡង់​ថា មើលស្រាល​ព័ត៌មាន​ដែលទទួលបាន​ ក្នុង​​ឆ្នាំ​២០១៦​មុននេះ ជាព័ត៌មា​នប្រាប់ថា មាន​ការលួចប្រើ​ថ្នាំគីមី​នេះ តាម​កសិដ្ឋាន​ក្នុងស្រុក​ហូឡង់។ ​អាជ្ញាធ​រហូឡង់​ទទួលស្គាល់​កំហុស​នេះ ប៉ុន្តែ​បញ្ជាក់ថា ​កាលនោះ ​មិនបាន​រកឃើញ​សារធាតុ​គីមី fipronil​ ក្នុង​ស៊ុតមាន់​ទេ។

យោងតាម​បារាំង រឿងអាស្រូវ​ស៊ុតមាន់​នេះ​មានតាំងពី​ដើមខែ​មេសា​ម្ល៉េះ ព្រោះបារាំង​បានរកឃើញ​ស៊ុត​មាន់ជាង​២សែនគ្រាប់ផ្ទុកសារធាតុ​ fipronil​ នៅ​លើទីផ្សារ​ក្នុងស្រុក​បារាំង។ បែលហ្ស៊ិក​វិញ​លើកឡើង​ថា ​​​បញ្ហា​នេះ​​មាន​តាំងតែ​ពីខែមករា​ដើមឆ្នាំមក។ ដោយឡែក ​​អ្នកដែលបាន​ហូបស៊ុត​​មាន់​ដែល​មានផ្ទុក​សារធាតុ​ fipronil​ មានការ​ប្រឈម​បញ្ហា​សុខភាព​កម្រិត​ទាប​​ ដោយសារ​បរិមាណ​​​ fipronil​ ក្នុង​ស៊ុតមាន់ ​​មានទាប​​ជាង​កម្រិត​បរិមាណ​ ដែល​អាច​បង្កគ្រោះថ្នាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ