អានតួអត្ថបទ
ភូមា

ភូមា៖​រដ្ឋាភិបាល​បាន​បញ្ជូន​កម្លាំងទ័ព​ទៅ​កាន់​រដ្ឋ​រ៉ាក់ឃីន​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា

នៅ​ក្នុង​ប្រទេស​ភូមា ក្រុម​អ្នកទទួល​ខុសត្រូវ​យោធា​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី១២ សីហា​នេះ​ថា មាន​កម្លាំងទ័ព​ជា​ច្រើន​រយនាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​រ៉ាក់ឃីន​ដែល​មាន​ពួក​រ៉ូហ៊ីងយ៉ា​អ្នកកាន់​សាសនា​អ៊ីស្លាម​ជិត ១លាននាក់​កំពុង​រស់នៅ។ ទីក្រុង​រ៉ង់ហ្គូន​បាន​លើក​ឡើង​ពី​វិធានការ​បង្ការ​ទប់ស្កាត់​ទង្វើ​ប្រឆាំង​នឹង​ពួក​រ៉ូហ៊ីងយ៉ា តែ​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ក្តីបារម្ភ​ពី​ទង្វើ​បោសសំអាត​ពួក​ជនជាតិ​ភាគតិច​អ្នក​កាន់សាសនា​អ៊ីស្លាម​មួយ​នេះ។

ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ភូមា
ក្រុម​ជនជាតិ​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ភូមា REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

មាន​ព័ត៌មាន​ខុសៗ​គ្នា​ស្តីពី​ការ​ចល័ត​ទ័ព​នៅ​ថ្ងៃ​សៅរ៍ ទី១២ សីហា​នេះ។ មន្រ្តី​យោធា​ភូមា​ម្នាក់​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់ AFP ថា មាន​កងវរសេនាតូច​ជា​ច្រើន​ដែល​មាន​ទាហាន​រាប់រយ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ែក​កណ្តាល​ប្រទេស​ក្បែរ​តំបន់​ភ្នំ​ម៉ាយូ។ ចំណែក​អ្នក​ទទួល​ខុសត្រូវ​យោធា​ផ្សេង​ទៀត​បាន​អះអាង​ដោយ​ត្រង់ៗ​ថា ការ​ដែល​រដ្ឋាភិបាល​បាន​សម្រេច​បញ្ជូន​ទ័ព​ទៅ​កាន់​រដ្ឋ​រ៉ាក់ឃីន​ពេល​នេះ គឺ​បន្ទាប់​ពី​មាន​ផ្ទុះ​ទង្វើ​ឃាតកម្ម​ជា​ច្រើន​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ ឆ្មាំការពារ​ព្រំដែន​ម្នាក់​បាន​បញ្ជាក់​ដោយ​លំអិត​ថា តំបន់​ដែល​ទ័ពរដ្ឋាភិបាល​ទៅ​ឈរ​ជើង​នោះ គឺ​ជា​តំបន់​របស់​ក្រុម​សកម្មជន​អ៊ីស្លាម​ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​ពី​បទ​បាន​សម្លាប់​អ្នកស្រុក ពិសេស​អ្នកស្រុក​ដែល​បាន​រួម​សហការណ៍​ជាមួយ​រដ្ឋាភិបាលកណ្តាល។

បើ​យោង​តាម​មធ្យោបាយ​ឃោសនាមហាជន​របស់​រដ្ឋ រដ្ឋាភិបាល​ថែម​ទាំង​បាន​ដាក់​បំរាមគោចរ​ថ្មី​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​ចាំ​បាច់​ដើម្បី​ប្រឆាំង​នឹង​ពួក​​សកម្មជន​អ៊ីស្លាម។ យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រុក​ម្នាក់​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​សម្តែង​ក្តីបារម្ភ​ខ្លាច​កើត​មាន​ទង្វើ​បោសសំអាត​ពួក​រ៉ូហ៊ីងយ៉ា​ពី​សំណាក់​ទ័ព​រដ្ឋាភិបាល​ដូច​កាល​ពី​ឆ្នាំ ២០១៦។ តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៦ នៅ​ពេល​ដែល​ក្រុម​សកម្មជន​អ៊ីស្លាម​វាយប្រហារ​ប៉ូស្តិ៍​ប៉ូលិស រដ្ឋ​រ៉ាក់ឃីន​បាន​ក្លាយ​ជា​ឆាក​នៃ​អំពើ​ហិង្សា និង​ដែល​អន្តរាគមន៍​របស់​ទ័ព​រដ្ឋាភិបាល​បាន​ក្លាយ​ទៅ​ជា​យុទ្ធនាការ​បោសសំអាត​ជនជាតិ​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម។

សូម​ជម្រាប​ជូន​ថា ពិត​មែន​តែ​យុទ្ធនាការ​របស់​ទ័ព​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​បាន​បិទបញ្ចប់​អស់​ជា​ច្រើន​ខែ​ក៏​ដោយ ក៏​ភាព​តានតឹង និង​អំពើ​ហិង្សា​នៅ​បន្ត​មាន​ជា​អចិន្រ្តែយ៍។ អង្គការ​សហប្រជាជាតិ​មិន​ញញើត​នឹង​ចាត់​ទុក​ទង្វើ​របស់​រដ្ឋាភិបាល​ភូមា​ថា ជា​យុទ្ធនាការ​បោសសំអាត​ពួក​រ៉ូហ៊ីងយ៉ា​ដែល​ជា​ជនជាតិ​ភាគតិច​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង​ជាង​គេ​ក្នុង​លោក។ ឧត្តមស្នងការ​សិទ្ធមនុស្ស​អន្តរជាតិ​បាន​ប្រដូច​ទង្វើ​បោសសំអាត​លើ​ពួក​រ៉ូហ៊ីងយ៉ា​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ តែ​ភូមា​បាន​ច្រើន​ចោល​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សហប្រជាជាតិ និង​បដិសេធ​លើ​សំណើ​ដែល​ចង់​បញ្ជូន​បេសកកម្ម​ស៊ើបអង្កេត​អន្តរជាតិ​មួយ​ទៅ​កាន់​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ