អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

នុយក្លេអ៊ែរ កូរ៉េខាងជើង៖ លោក​ស៊ី ជីនពីង​រំលឹក​ជាថ្មី​ឲ្យ​លោក​ដូណាល់ ត្រាំ​តមសំដី

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង នៅ​ថ្ងៃ​សៅរ៍ទី ១២ សីហា បាន​ទូរស័ព្ទ សន្ទនា​ជាមួយ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ដោយ​បាន​សុំ​ឲ្យ​លោក​ជៀសវាង កុំប្រើ “ពាក្យ ​និង​សកម្មភាព”​ដែល​រឹងរឹត​តែ​ធ្វើ​ភាពតានតឹង​នៅ​ឧបទ្វីប កាន់​ធ្លាក់​ដុនដាប​ចុះខ្លាំង។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន ប្រមុខ​រដ្ឋ​ចិន​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ភាគី​ជម្លោះ​ទាំងពីរ អាមេរិក និង​កូរ៉េខាងជើង អត់ធ្មត់ និង​ត្រលប់​មក​ចូល​តុ ចរចា ឡើងវិញ។

ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន នៅ​ក្នុង​ជំនួប G២០ នៅ​ប្រទេស​អាល្លឺម៉ង់ នៅ​ខែ​កក្កដា ២០១៧
ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន នៅ​ក្នុង​ជំនួប G២០ នៅ​ប្រទេស​អាល្លឺម៉ង់ នៅ​ខែ​កក្កដា ២០១៧ ©REUTERS/Saul Loeb, Pool/File Photo
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​ពាក្យសំដី​រវាង​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំជាមួយ ទីក្រុង​ព្យុងយ៉ាង បាន ​កើតមាន​៤​ថ្ងៃ​មក ហើយ បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង គំរាម​បាញ់​មីស៊ីល នៅ​ពាក់កណ្តាល​ខែ​នេះ ទៅ​តំបន់​ទឹក​ក្បែរ​កោះ​Guam របស់​អាមេរិក​ក្បែរ​ប្រទេស​ជប៉ុន។

ប្រធានាធិបតី​ចិន នៅ​ថ្ងៃ​សៅរ៍ បាន​ទូរស័ព្ទ​ទៅ​លោក​ដូណាល់ ត្រាំ និង​សុំ​ឲ្យ​លោក​ដូណាល់ ត្រាំ ​ជៀសវាង​កុំ ប្រើ​ពាក្យសំដី ឬ​សកម្មភាព​ណា ដែលធ្វើ​ឲ្យ​ភាពតានតឹង​នៅ​ឧបទ្វីប កូរ៉េ​ដែល​កំពុង​តែ​អាក្រក់​រួចហើយនោះ រឹត​តែចុះ​អាក្រក់​ធ្ងន់ធ្ងរ​ថែម​ទៀត។

នៅ​ខែ​មេសា​កន្លងទៅ លោក​ស៊ី ជីនពីង​បាន​ទូរស័ព្ទ អំពាវនាវ​ឲ្យលោក​ដូណាល់ ត្រាំ អត់ធ្មត់​ពាក្យសំដី។ សម្រាប់​ចិន អាមេរិក​ត្រូវ​ឈប់​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ កូរ៉េខាងត្បូង ជាថ្នូរ​នឹង​ការលះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ប៉ុន្តែ លោក​ដូណាល់ ត្រាំហាក់​មិន​លឺ​ការអំពាវនាវ​របស់​ប្រធានាធិបតី​ចិន បាន​និយាយ​ព្រមាន​ដោយ​ផ្ទាល់​មេដឹកនាំ​កូរ៉េខាងជើង ដោយ​ថា អាមេរិក​បាន​ត្រៀមខ្លួន​នឹងធ្វើ​សកម្មភាព បើសិន​ជា​ចាំបាច់។

នៅ​ថ្ងៃ​សុក្រ នៅ​មុន​ពេល​ទទួល​ទូរស័ព្ទ​របស់​លោក​ប្រធានាធិបតី​ចិន លោក​ដូណាល់ ត្រាំ បានបន្ត​ដាក់​សំពាធ​លើ​កូរ៉េខាងជើង ដោយ​បាន​ប្រកាស​ថា អាមេរិក​ត្រៀម​នឹង​ប្រើ​អាវុធ ដែល​ដាក់បញ្ចូល​គ្រាប់​រួចរាល់ហើយ។

នៅក្រោយ​មាន​ព័ត៌មាន​ចុះផ្សាយ​ថា កូរ៉េខាងជើង​មាន​សមត្ថភាព​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដ៏តូច សម្រាប់​បំពាក់​លើ​គ្រាប់មីស៊ីល លោក​ដូណាល់ ត្រាំ ក៏​បាន​និយាយ​គំរាម​ថា នឹង​ប្រែក្លាយ​កូរ៉េខាងជើង ឲ្យ​ទៅ​ជា​ភ្លើង និង​កំហឹង ដែល​ពិភពលោក​មិនដែល​ជួបប្រទះ។

នៅ​មួយថ្ងៃ​ក្រោយ សារ​គំរាម​របស់​លោក​ដូណាល់ ត្រាំ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ កូរ៉េខាងជើង ក៏​បាន​ប្រកាស​ពី​គម្រោង​ផែនការ​លម្អិត ថា ខ្លួន នឹង​បាញ់​គ្រាប់​មីស៊ីល​ចូល​ទៅ​ក្បែរតំបន់​ទឹក​របស់​កោះ Guam របស់​អាមេរិក៕

លោកដូណាល់ ត្រាំ លែង​សង្ឃឹម​ឲ្យ​ចិន ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង

លោក​ដូណាល់ ត្រាំ ចាប់ផ្តើម​ដុតភ្លើង​សង្រ្គាម​ពាក្យ​សំដី​នេះឡើង ព្រោះតែ​លោក​បាន​សាល្បង​ប្រើ​គ្រប់​មធ្យោបាយ​រួចហើយ ទាំង​ការទូត ប៉ុន្តែ មិន​បាន​សម្រេច។ នៅក្នុង​ជំនួប​ជាមួយលោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង លោកដូណាល់ ត្រាំ បាន​ធ្វើ​នយោបាយ​សម្បទាន​ច្រើន ទៅ​ឲ្យ​ចិន ដោយ​សង្ឃឹមថា ចិន សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង ដាក់​សម្ពាធ​លើ​ប្រទេស​នេះ ឲ្យលះបង់​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ។

ប៉ុន្តែ មួយ លើក​ជា​ពីរលើក កូរ៉េខាងជើង បានបង្អួតបង្ហាញ សមត្ថភាព​មីស៊ីល រហូត​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ជឿថា លោក​ប្រធានាធិបតី​ចិន មិន​បាន​ធ្វើ​អ្វី សោះ ដើម្បី បន្ធូរ​កង្វល់​របស់​អាមេរិក​នោះទេ។ កូរ៉េខាងជើង កាន់តែ​រីកចំរើន និង​ទីបំផុត ផលិត​បាន​មីស៊ីល បាលីស្ទីកអន្តរទ្វីប មួយ ដែល​អាច​បាញ់​ទៅដល់​ដែនដី​គោក​របស់ អាមេរិក។

ដោយ​មិន​អាច​សង្ឃឹម​ឲ្យ​ចិន ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង លោក​ដូណាល់ ត្រាំ សុខចិត្ត បោះដៃ ចង់​ទៅ​រក​ចរចា​ដោយផ្ទាល់ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង។ លោក​ធ្លាប់​ទាំង​បាន​និយាយ​សរសើរ​លោក​គីម ជុងអ៊ុន​ថា ជាមេដឹកនាំ​វ័យក្មេង ដែល​ឆ្លាតទៀតផង។ ប៉ុន្តែ មេដឹកនាំ​របស់​កូរ៉េខាងជើង​ឯណោះវិញ មិន​បាន​ផ្តល់​ចម្លើយ តប​តាម​ការអញ្ជើញ​របស់​លោក​ដូណាល់ ត្រាំ​នោះទេ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ ប្រកាស​ពី​គម្រោងការ​បាញ់​មីស៊ីល​សំដៅ​កោះ​អាមេរិក ក្រុងព្យុងយ៉ាង​បាន​វាយតម្លៃ ថា លោក​ត្រាំ​ជាមនុស្ស​ដែល​លែង​ដឹងខុសត្រូវ ហើយ​ការចរចា​ជាមួយ​មនុស្ស​បែបនេះ គឺមិនអាច​ធ្វើទៅរួចទេ។

លោក​ដូណាល់ ត្រាំ​ជា​ខ្លាពិត ឬ​ខ្លា​ក្រដាស?

នៅថ្ងៃ​សុក្រ​ទី​១១ សីហា លោក​ដូណាល់ ត្រាំ បាន​និយាយគំរាមថា អាមេរិក​បាន​ត្រៀមរួចហើយ អាវុធ​សម្រាប់​វាយបក​កូរ៉េខាងជើង ក្នុង​ករណីកូរ៉េខាងជើង ភ្លាត់ស្នៀត វាយប្រហារទឹកដី​អាមេរិក។ ពាក្យ​គំរាម​របស់​លោក​ដូណាល់ ត្រាំ គឺ​អាច​គ្រាន់​តែ​កំញើញ​កូរ៉េខាងជើង និង​ធ្វើ​ឲ្យ​ប្រធានាធិបតី​ចិន ទូរស័ព្ទ​មក​រំលឹក​តែ​ប៉ុណ្ណោះ។ ពោល​គឺ​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ នឹង​មិន​អាច​ធ្វើ​សង្រ្គាម​ប្រឆាំង​តបត នឹង​កូរ៉េខាងជើង ដូច​សំដី​គំរាម​របស់​លោក​ដូណាល់ ត្រាំ​នោះទេ។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​និយាយ​ថា គ្មាន​អ្នកណា​ចង់​បាន​ដំណោះស្រាយ​សន្តិភាព ច្រើន​ជាង​លោក​ដូណាល់ ត្រាំនោះទេ។ លោកស្រី អង់ហ្គេឡា មែរកិល​វិញ នៅ​ថ្ងៃ​សៅរ៍ បាន​ព្រមាន​ពី​ការកើត​ផ្ទុះ ជម្លោះ ដោយសារ​តែ​សង្រ្គាម​ពាក្យ​សំដី។

លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ថា អាមេរិក​បាន​ត្រៀម​អាវុធ​នុយក្លេអ៊ែរ​សម្រាប់​ទប់ទល់​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង ឬ​ក៏​ថា អាមេរិក​បាន​ត្រៀម​អាវុធ​រួចហើយ ដើម្បី​វាយបក​កូរ៉េខាងជើង។ ប៉ុន្តែ ជាក់ស្តែង អាមេរិក​នៅមិនទាន់​ចាត់វិធានការ​ច្បាស់លាស់​ណាមួយ ដើម្បី ឆ្លើយតប​នឹង​ភាពតានតឹង​នៅឧបទ្វីប​កូរ៉េនោះទេ។ ក្រសួងការពារ​ជាតិ​អាមេរិក នៅ​មិន​ទាន់​បាន​ទទួល​បញ្ជារ ឲ្យ​ពង្រាយ​កម្លាំង និងសព្វាវុធ ដែល​កំពុង​ប្រចាំ​ការ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ​នៅ​កូរ៉េខាងត្បូង។ អាមេរិក​ក៏​នៅ​មិនទាន់បាន​បញ្ជា​ឲ្យ​ជនជាតិ​ខ្លួន​ចាកចេញ ពី​កូរ៉េខាងត្បូង ជប៉ុន ឬ​កោះ​Guam ដែល​តាម​ពិត ទៅ អាច​ជា​ផ្ទាំងស៊ីប​របស់​មីស៊ីល​កូរ៉េខាងជើង​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ