ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
អាស៊ី

កុមារ​ឥណ្ឌា​ស្លាប់ គរ​ជើង នៅ​មន្ទីរពេទ្យ​ដែល​ខ្វះខាត​អុកស៊ីសែន

media  
ស្រ្តី​សាច់ញាតិ​របស់​កុមារដែល​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​រដ្ឋ​អុតា ប្រាដេស នៅថ្ងៃទី ១២​សីហា ២០១៧។ តាមកាសែត​ក្នុង​ស្រុក កុមារ​ស្លាប់​ដោយសារ​តែ​ខ្វះ​ខ្យល់​ដក​អុកស៊ីសែន ©AFP

កុមារ​ឥណ្ឌា យ៉ាងតិច ៦០​នាក់ ស្លាប់ នៅ​ក្នុង​រយៈពេល ៥ ថ្ងៃ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​ឥណ្ឌា។ នេះ​បើតាម​តួលេខ​ផ្តល់​ដោយ​មន្រ្តី​សុខាភិបាល​ឥណ្ឌា នៅ​រដ្ឋ អុតា ប្រាដេស នៅ​ថ្ងៃ​សៅរ៍ទី​១២ សីហា ២០១៧។ កាសែត​ក្នុង​ស្រុក​ឥណ្ឌា បាន​ចុះ​ផ្សាយ​ថា គឺកង្វះ​ខ្យល់​ដក​អុកស៊ីសែន នៅ មន្ទីរពេទ្យ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នកជម្ងឺ​ជា​កុមារ ស្លាប់ ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ។

មន្រ្តី​ទទួល​ខុសត្រូវ​សុខាភិបាល​ឥណ្ឌា នៅ​រដ្ឋ អុតា ប្រាដេស បាន​បញ្ជាក់​ថា អ្នកជម្ងឺ​ជា​កុមារ យ៉ាងតិច ៦០​នាក់ បាន​ស្លាប់​នៅ​ក្នុង​រយៈពេល ៥​ថ្ងៃ នៅ​ដើម​សប្តាហ៍​នេះ។ តាម​កាសែត​ក្នុង​ស្រុក​ឥណ្ឌា ​កុមា​ប្រមាណ​៣០​ស្លាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ សុក្រ ដោយសារ​តែ​គ្មាន​ខ្យល់​ដកអុកស៊ីសែន។ តាម​កាសែត​ដដែល មន្ទីរពេទ្យ​កុមារ ជួប​ការខ្វះខាត គ្មាន​បំពង់​អុកស៊ីសែន​គ្រប់គ្រាន់ សម្រាប់​អ្នកជម្អឺ បន្ទាប់​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​អុកស៊ីសែន បាន​ផ្អាក លែងដឹក​ដាក់​មន្ទីរពេទ្យ ដោយសារ​តែ មន្ទីរពេទ្យ​រដ្ឋ ជំពាក់ មិនបង់​លុយ ដែល​មាន​ចំនួន រាប់លាន​រូពី។

នៅក្នុង​សេចក្តីថ្លែងការណ៍ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ការិយាល័យ រដ្ឋមន្ត្រី ប្រចាំ​រដ្ឋ អុតា ប្រាដេស បាន​បដិសេធ ការចុះផ្សាយ​របស់​កាសែត ប៉ុន្តែ ទទួលស្គាល់​ថា កុមារ ២៣​នាក់ បាន​ស្លាប់​នៅពេល ខ្យល់​អុកស៊ីសែន សម្រាប់​កុមារ​ដកដង្ហើម បាន​ថយ​មកនៅ​កម្រិត ទាប។ រដ្ឋមន្រ្តី​សុខាភិបាល​របស់​រដ្ឋ អុតា ប្រាដេស​ លោក​Sidharth Nath Singh បាន​ទទួល​ស្គាល់​ដែរ​ថា មន្ទីរពេទ្យ​ឧស្សាហ៍​ជួប​បញ្ហា​ខ្វះខាត​បំពង់​អុកស៊ីសែន និង​ថា ប្រធាន​មន្ទីរពេទ្យ​ត្រូវ​បាន​ព្យួរ ពីតំណែង នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តី​ខាងលើ​បាន​អះអាងថា ការអង្កេត បឋម​បាន​បង្ហាញ​ថា កុមារ​រងគ្រោះ​មិន​បាន​ស្លាប់ ដោយសារ​តែ​បញ្ហា​ខ្វះ​បំពង់​ខ្យល់​អុកស៊ីសែន​នោះទេ។

Gorakhpur ជាស្រុក​ដ៏​ក្រីក្រ​មួយ របស់​ឥណ្ឌា ក្នុង​រដ្ឋ​អុតា ប្រាដេស ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច​របស់​លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី។ មរណភាព​របស់​កុមារ នៅ​ក្នុង​តំបន់​នេះ​មាន​អត្រាខ្ពស់ ដោយសារ​តែ​ការរាតត្បាត​ដោយ​ជម្ងឺ​ម្យ៉ាង​Japanese Encephalitis និង Acute Encephalitis ដែល​បង្ក​ឡើង​ដោយ មេរោគ ចម្លង​ដោយ​សត្វមូស។ ដោយសារ​តែ​ភាពក្រីក្រ គ្មាន​លទ្ធភាព​ទៅ​គ្លីនិក​ឯកជន ប្រជាជន​ឥណ្ឌា សុខចិត្ត ឈរចាំ​រាប់ម៉ោង ឬ​ត្រូវ ចែករំលែក​គ្រែ​ជាមួយ អ្នកជម្ងឺ ផ្សេងទៀត នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ។ តាម​មន្រ្តីឥណ្ឌា មន្ទីរពេទ្យ​បាន​ទទួល​ច្រើន​កុមារ​ដែល​មាន​ជម្ងឺ ដោយសារ​​មូសខាំ។ គេ​ជឿដែរថា កុមារ​ដែល​ស្លាប់​នៅ​ដើម​សប្តាហ៍នេះ អាច​ស្លាប់​ដោយសារ​ធម្មជាតិ ព្រោះថា ពួកគេ​ភាគច្រើន ត្រូវ​បាន​នាំមក​មន្ទីរពេទ្យ នៅពេល​ស្ថានភាព​ជម្ងឺ បាន​ធ្ងន់ធ្ងរ ដាប​ខ្លាំង​រួចទៅហើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ