អានតួអត្ថបទ
ជប៉ុន

ជប៉ុន​​ប្រារព្ធ​ខួប​​៧២ឆ្នាំ​​នៃ​​ការ​​បញ្ចប់​​សង្គ្រា​មលោក​​លើក​ទី​២​ក្នុង​​តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក​​​

នៅ​ក្រុងតូក្យូ​ថ្ងៃ​អង្គារ​នេះ ជប៉ុន​ប្រារព្ធ​ខួប​៧២ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​លោក​លើកទី២​ នៅប៉ាស៊ីហ្វិក។ ​ជប៉ុន​បរាជ័យ និង​ប្រកាស​ចុះចាញ់​​​សង្រ្គាម​​ ក្រោយ​អាមេរិក​ទំលាក់​គ្រាប់បែក​​នៅក្រុង​​​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី។ លោក​ស្ហ៊ីនហ្សូ អាបេ មិនទៅ​ទីសក្ការៈ​ចម្រូងចម្រាស​​យ៉ាស៊ូគូនី​ទេ តែ​លោក​​បាន​ផ្ញើជា​អំណោយ​បញ្ជូន​ទៅ​ទីនោះ ដើម្បី​ឧទ្ទិស​ដល់​ជនរងគ្រោះ​ក្នុង​សង្គ្រាម​លោក។

លោក​អាបេ នៅBudokan Hall តូក្យូ​ ក្នុង​ថ្ងៃ​ខួប​៧២ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមលោក​លើកទី២។ លោក​អាបេ ​ឧទ្ទិស​ដល់​ជនរងគ្រោះ​សង្គ្រាម​លោក​លើកទី២។
លោក​អាបេ នៅBudokan Hall តូក្យូ​ ក្នុង​ថ្ងៃ​ខួប​៧២ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមលោក​លើកទី២។ លោក​អាបេ ​ឧទ្ទិស​ដល់​ជនរងគ្រោះ​សង្គ្រាម​លោក​លើកទី២។ Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ការ​ប្រារព្ធ​ខួប​៧២ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាម​លោកលើកទី២ នៅ​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន ថ្ងៃអង្គារ​នេះ មាន​ម​នុស្ស​ជាង​៦០០០នាក់​បាន​ជួបជុំគ្នា នៅ​បន្ទប់ដ៏ធំមួយ នៃ​អគារ Nippon Budokan ​នីប៉ុន ប៊ូដូកង់ ​ដើម្បី​ស្តាប់​សន្ទរកថា​របស់​ព្រះចៅ​អាគីហ៊ីតុ។

សង្គ្រាមលោកលើកទី២ ពីឆ្នាំ​១៩៣៩ ដល់​ឆ្នាំ​១៩៤៥ បាន​បញ្ចប់​ទៅ​ដោយ​ការប្រកាស​ចុះចាញ់​របស់​ជប៉ុន ក្រោយអាមេរិក​ទំលាក់​គ្រាប់បែក​បរមាណូ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា ថ្ងៃ​៦សីហា និង​ណាហ្កាសាគី ថ្ងៃ​៩សីហា។ គ្រាប់បែក​អាមេរិក​បានសម្លាប់​​មនុស្ស​​​២សែន១ម៉ឺននាក់។ ​សង្គ្រាមលោក​លើកទី២បាន​សម្លាប់​ជនជាតិ​ជប៉ុន​​៣លាន១សែន​នាក់ ក្នុង​នោះ​មាន​ជនស៊ីវិល​៨សែននាក់។ ប្រទេសជីតខាងជប៉ុន​បាន​ទំលាក់​​កំហុស​លើ​​កងទ័ព​ជប៉ុន។ ​​​ព្រះចៅ​​អាគីហ៊ីតុ ដែល​ថ្លែងសន្ទរកថា​ថ្ងៃនេះ ត្រូវ​ជា​រាជបុត្រ​របស់​ព្រះចៅអធិរាជ​​ហ៊ីរ៉ុហ៊ីតុ ដែល​ជា​ក្សត្រ​គ្រប់គ្រង​ជប៉ុន សម័យ​​សង្គ្រាមលោក​លើកទី២។ ជាលើកដំបូង ក្នុង​ឆ្នាំ​២០១៥ ​ព្រះចៅ​អាគីហ៊ីតុ​បាន​ប្រើពាក្យ​ថា “សោកស្តាយ​យ៉ាងជ្រាលជ្រៅ” ចំពោះ​ហេតុការណ៍​សង្គ្រាមលោក​លើកទី២។ ឆ្នាំមុននេះ ​​ព្រះអង្គ​បានប្រើពាក្យសោកស្តាយ​នេះម្តងទៀតដែរ។

នាយករដ្ឋមន្ត្រី​ស្ហ៊ិនហ្សូ អាបេ បាន​លើកឡើង​ពីបំណង​មិនចង់​អោយ​ហេតុការណ៍​ជូរចត់​នៃ​សង្គ្រាម​កើតឡើង​ម្តងទៀតទេ។ លោក​សន្យា​ថា​ជប៉ុន​នឹង​ធ្វើកិច្ចការ​ដើម្បី​សន្តិភាព​និង​ភាព​រុងរឿង​ក្នុង​ពិភពលោក។ ប៉ុន្តែ គេនៅតែ​ពិបាកជឿ​ពាក្យ​ពេចន៍​របស់​លោក​អាបេ ព្រោះថា លោក​ធ្លាប់​បង្ហាញ​បំណង​ចង់សើរើឡើងវិញ នូវ​​រដ្ឋធម្មនុញ្ញ​ដែល​បានចូល​ជាធរមាន​កាលពី​៧០ឆ្នាំមុន។ មាត្រា​៩ នៃ​រដ្ឋធម្មនុញ្ញ​​ ដែលអាមេរិក​សរសេរ​អោយ​នោះ បាន​កំណត់​ថា ជប៉ុន​បដិសេធ​សង្គ្រាម​ ដើម្បី​ដោះស្រាយ​ជម្លោះ​អន្តរជាតិ។

ថ្ងៃអង្គារ​នេះ​ ​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​និង​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​បានទៅ​វិហារ​ចម្រូងចម្រាស​យ៉ាស៊ូគូនី។ ប៉ុន្តែ ​លោក​ស្ហ៊ីនហ្សូ អាបេ មិនទៅទីនោះទេ​​ ​ប្រហែល​​ដើម្បី​ចៀសវាង​​​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជិតខាង។ លោក​បានត្រឹម​ផ្ញើ​អំណោយទៅ​ទីនោះ​ប៉ុណ្ណោះ។ ​យ៉ាស៊ូគូនី​ជា​ទីសក្ការៈ​ដ៏ចម្រូងចម្រាស ​​កត់ត្រាឈ្មោះ​មនុស្ស​២លាន៥សែននាក់ ដែល​ស្លាប់​ក្នុង​សង្គ្រាម ក្នុងនោះ​​ក៏​មាន​​ឈ្មោះ​ឧក្រិដ្ឋជន​សង្គ្រាមលោកលើកទី២ ​ជា​ជនជាតិជប៉ុន​១៤នាក់ផងដែរ។ ​៥ឆ្នាំចុងក្រោយ​នេះ​​ ​​លោកអាបេបានត្រលប់​ទៅ​ទីសក្ការៈ​យ៉ាស៊ូគូនីម្តងគត់ គឺ​នៅចុងឆ្នាំ​២០១៣ ដើម្បី​អបអរ​ការ​ត្រលប់​មកកាន់​អំណាច​របស់​លោក។ វត្តមាន​លោកកាលនោះ​ធ្វើអោយ​ចិន និង​កូរ៉េខាងត្បូង​ខឹងសម្បារ​ ហើយ​អាមេរិក​វិញ​ក៏​បង្ហាញ​ការខកចិត្ត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ