អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូរ៉េខាងជើង

លោក​ដូណាល់ ត្រាំ ត្រលប់​មក​សរសើរ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

បន្ទាប់​ពី​រិះគន់ ផង និង​ប្រើ​សំដី ខ្លាំងៗ គំរាម​ប្រើ​កម្លាំង​យោធា ដាក់​កូរ៉េខាងជើង ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ងាកមក​សរសើរ បញ្ជោរ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ថា បាន​សម្រេចចិត្ត ដោយ​ប្រាជ្ញា​ឆ្លាតវៃ។

មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង លោកគីម ជុងអ៊ុន និង​លោកដូណាល់ ត្រាំ
មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង លោកគីម ជុងអ៊ុន និង​លោកដូណាល់ ត្រាំ ©SAUL LOEB, Ed JONES / AFP
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ស្វាគម សរសើរ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ព្រោះ​លោក​គីម ជុងបាន​បាន​ធ្វើការ​សម្រេច​ចិត្ត មួយ ដ៏​ឆ្លាតវៃ និង​សមហេតុ​បំផុត។ នៅ​ក្នុង​ សារ Twitters នៅ​ថ្ងៃ​ពុធ ម្ចាស់​សេតវិមាន​អាមេរិក បាន​បញ្ជាក់ថា ការសម្រេច​ចិត្ត ផ្ទុយពីនេះ នឹង​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ ហើយ​និង​មិនអាច​ទទួល​យក​បានទេ។

នៅ​ថ្ងៃ​អង្គារ កូរ៉េខាងជើង​បាន​ប្រកាស​ផ្អាក​វិញ គម្រោង​បាញ់​មីស៊ីល ៤​គ្រាប់​សំដៅ​ទៅ​កោះ ហ្គាំ របស់​អាមេរិក នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ តាម ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ កូរ៉េខាងជើង KNCA មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​និយាយ​ថា មុន​នឹង​បាញ់​មីស៊ីល លោក​នៅ​រង់ចាំ​មើល​ឥរិយាបទ​របស់​អាមេរិក​ជាមុន​សិន។ បើសិន​អាមេរិក​ធ្វើ​សកម្មភាព​មិន​ប្រុងប្រយ័ត្ន​ណាមួយ ដែល​គ្រោះថ្នាក់​ដល់​ឧបទ្វីប​កូរ៉េ នោះ​ក្រុងព្យុងយ៉ាង​នឹង​ចាត់​វិធានការ​ដូច​ដែល​បាន​ប្រកាស​ពីខាងដើម។ ព្យុងយ៉ាង​បាន​ទាមទារ​ឲ្យ​អាមេរិក​សម្រេច​ចិត្ត​ឲ្យ​ត្រឹមត្រូវ ដើម្បី​បន្ថយ​ភាពតានតឹង និង​ជៀសវាង​ការប្រឈមមុខ​ដាក់គ្នា​ដ៏គ្រោះថ្នាក់។

កូរ៉េខាងជើង ចង់​សំដៅ​ទៅលើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ រវាង​អាមេរិកនិង​ កូរ៉េខាងត្បូង​ ដែល​នឹង​ត្រូវ​បើកធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ សម្រាប់​កូរ៉េខាងជើង សមយុទ្ធ​នេះ ប្រៀបបាន​នឹង​ការត្រៀម​វាយលុក ឈ្លានពាន​កូរ៉េខាងជើង។

តាម​អ្នកជំនាញ មេដឹកនាំ​កូរ៉េខាងជើង​បាន​បន្ទន់ជំហរ លែង​បាញ់​មីស៊ីល​ទៅក្បែរ​កោះ​ហ្គាំ ដោយសារ​តែ​មាន​ការដាក់គំនាប​ពី​ទីក្រុង​ប៉េកាំង ដែល​បាន​និយាយ​ឲ្យ ​ក្រុង​ព្យុងយ៉ាង​យល់​ថា ចិននឹង​មិន​អន្តរាគមន៍​ជួយ​កូរ៉េខាងជើងទេ បើសិន​កូរ៉េខាងជើង ធ្វើ​សកម្មភាព​ណាមួយ ដែល​អាមេរិក​ចាត់ទុកថា ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​របស់​អាមេរិក​នោះ។

នៅ​ថ្ងៃ​ពុធ នៅក្នុង​ជំនួប​ជាមួយ មេបញ្ជាការ​កងទ័ព​ចិន នៅទីក្រុង​ប៉េកាំង មេបញ្ជាការ​កងទ័ព​អាមេរិក លោក Joseph Dunford បាន​ទាមទារ​ឲ្យ​ចិន ដាក់​សម្ពាធ​បន្ថែម ដើម្បី​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​ផលិត​មីស៊ីល​បាលីស្ទីក និង​អាវុធ​នុយក្លេអ៊ែរ។ តាម​បញ្ជាការ​អាមេរិក កម្មវិធី​មីស៊ីល​របស់​កូរ៉េខាងជើង គ្រោះថ្នាក់​សម្រាប់​សហគមន៍​អន្តរជាតិ ដែល​នៅក្នុង​នោះ មាន​ផងដែរ ប្រទេស​ចិន ​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ