អានតួអត្ថបទ

ឥណ្ឌា-ចិន ព្រមព្រៀង​គ្នា​ដក​ទ័ព​ចេញ​ពី​តំបន់​ជួរភ្នំ​ហេមពាន្ត

ក្រេោយ​​ពី​មាន​ការ​ប៉ះទង្គិចគ្នា​មួយ​ប្រាវ​ធំ កាលពី​ពាក់​កណ្តាល​ខែ​មិថុនា ​និង​ការ​ប្រឈមមុខ​យោធា​ដាក់គ្នា​ដ៏​តាន​តឹង ​អស់​​រយៈ​ពេលពីរ​ខែ​​ នៅ​ថ្ងៃ​ចន្ទ​នេះ ឥណ្ឌា​និង​ចិន បាន​ប្រកាស​ព្រមព្រៀង​​ដកកង​​ទ័ព​ចេញ​ពី​តំបន់​ជួរ​ភ្នំហ៊ីម៉ាឡាយ៉ា ឬ​​ហេមពាន្ត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​ឥណ្ឌា។

បន្ទប់​ប្រជុំ​ដែល​មេដឹកនាំ​យោធា​ឥណ្ឌា​និង​ចិន​តែង​ជួប​ចរចា​គ្នា​ ដោះស្រាយ​វិបត្តិ​ព្រំដែន
បន្ទប់​ប្រជុំ​ដែល​មេដឹកនាំ​យោធា​ឥណ្ឌា​និង​ចិន​តែង​ជួប​ចរចា​គ្នា​ ដោះស្រាយ​វិបត្តិ​ព្រំដែន © Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​​​សេចក្តី​ថ្លែងការណ៍​របស់​​ក្រសួង​ការបរទេស​ឥណ្ឌា ការ​​​ចរចា​​តាម​ផ្លូវ​ទូត​ រវាង​ចិន​និង​ឥណ្ឌា​ ប៉ុន្មាន​​​សប្តាហ៍​ចុង​ក្រោយ​នេះ បានរក​ឃើញ​ការ​ព្រមព្រៀង​គ្នា និង​កំពុង​ដំណើរការ​​ចរចា​ទៀត ដើម្បី​ឈាន​​ទៅ​ដល់​ការ​ដក​កង​ទ័ព​​ឱ្យ​បាន​កាន់​តែ​ឆាប់​រហ័ស ពី​តំបន់Doklam។

ស្ថិត​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ហ៊ីម៉ាឡាយ៉ា ​​និងជា​​ព្រំដែនខណ្ឌ​ចែក​បី​ប្រទេស ចិន ឥណ្ឌា និងប៊ូតង់ ​​ដុក្លាម (​ដុងឡាន ជាភាសាចិន) ជា​តំបន់ខ្ពង់រាប ប្រកប​ដោយ​យុទ្ធសាស្ត្រ​បំផុត សម្រាប់​ឥណ្ឌា។ បី​ប្រទេស​នេះ បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង តាំង​ពី​​ពាក់​កណ្តាល​មិថុនាមក ដោយ​ហេតុ​តែ​​គម្រោង​សាង​សង់​ផ្លូវ​របស់​កង​វិស្វកម្ម​ចិន។ ប៉េកាំង​បាន​ធានាអះអាង​ ការ​សាង​សង់​ផ្លូវ​​ធ្វើឡើង​ក្នុងទឹក​ដី​ខ្លួន។

ប៉ុន្តែ​ឥណ្ឌា​និង​ប៊ូតង់​​ប្រឆាំង ​ដោយយល់​ថា​ចិន​ចូល​ឈ្លានពាន ព្រោះសំណង់ផ្លូវ​នោះ​ស្ថិត​ក្នុង​ទឹក​ដី​ប៊ូតង់ ទើបឥណ្ឌា​ដែល​ដើរ​តួនាទី​ជា​អាណាព្យាបាល​ប៊ូតង់​លើ​ឆាក​អន្តរជាតិ ​បញ្ជូន​ទ័ព​ទៅ​ធ្វើ​រនាំងរាំង​ស្ទះ​ការដា្ឋន​សាងសង់​ផ្លូវនោះ។ នៅ​ទី​បំផុត ក៏​មាន​ទាហាន​ឥណ្ឌា​និង​ចិន បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ បង្ក​ឱ្យ​មាន​ជន​របួស​ជាច្រើន​នាក់។

សូម​បញ្ជាក់​ថា​ ចិន​និង​ឥណ្ឌា​មាន​ព្រំ​ដែន​រួម​គ្នា​ប្រមាណ​៣៥០០​គីឡូម៉ែត្រ​ តាម​បណ្តោយ​ជួរ​ភ្នំ​ហ៊ីម៉ាឡាយ៉ា ប៉ុន្តែគ្មាន​ខ្សែ​គំនូស​​ខណ្ឌ​ចែក​​​​កំណត់​​ដោយ​ច្បាស់​លាស់​ឡើយ។ ដុក្លាម​ ជា​ដែន​ដី​ដាច់​ស្រយ៉ាល គ្មាន​មនុស្ស​រស់​នៅ​ ជា​ប្រភព​នៃ​ជម្លោះ​ទាមទារ​ពី​សំណាក់​ចិន​​និង​ប៊ូតង់​ដែល​សម្ព័ន្ធមិត្ត​របស់​ឥណ្ឌា។

ហើយ​ក្រៅ​អំពីជម្លោះ​បូរណភាព​ដែន​ដី​​​នៃ​តំបន់​ដុក្លាម ការ​បំពាក់​អាវុធ​និ​ងពង្រាយ​កម្លាំង​ទ័ព​​នៅ​តំបន់​ខ្ពង់រាបនេះ​ពី​សំណាក់​​​ចិន​ បាន​បង្ក​​​បញ្ហា​យុទ្ធសាស្ត្រ​យ៉ាង​ខ្លាំង​សម្រាប់​ឥណ្ឌា ព្រោះ​តំបន់​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​ប៉ុន្មាន​សិប​គីឡូម៉ែត្រ​ពី​ច្រក​ស៊ីលីហ្កូរី ឬ​ច្រក​កមាន់​ ដែល​ជា​ផ្លូវ​ចេញ​ចូល​តែ​មួយ​គត់​របស់​ឥណ្ឌា​ទៅ​កាន់​តំបន់​វាល​ទំនាប​ខាង​ជើង និង​ទៅ​កាន់​រដ្ឋ​ភាគ​ឦសាន​របស់​ឥណ្ឌា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ