អានតួអត្ថបទ

លោកថាក់ស៊ីន ចេញ​សារ​បរិហារ​របប​សឹកថៃកាន់​អំណាច

បន្ទាប់​ពី​ស្ងាត់​មាត់​ស្ងាត់​ក​អស់​មួយ​រយៈ នៅ​ថ្ងៃពុធ​នេះ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​និរទេស​ខ្លួន​ចេញ​ប្រទេស​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​ហើយ បាន​សរសេរ​សារ​​រិះគន់​​បរិហារ​​របប​សឹក​ថៃ​ ថាប្រើ​អំណាច​ផ្តាច់ការ​ដ៏​អាក្រក់​បំផុត​ ក្រោម​ផ្លាក​តុលាការ។ ជា​បង​ប្រុស​បង្កើតរបស់​​លោកស្រីអតីត​នាយករដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត់ ​លោកថាក់ស៊ីន ក៏​មាន​ប្រវត្តិ​ជាប់​ក្តី​ក្តាប់​នៅ​តុលាការ​ដូច​គ្នា។

លោកថាក់ស៊ីន​ អតីត​នាយក​រដ្ឋមន្ត្រី​និរទេស​ខ្លួន​ទៅ​បរទេស​បរិហារ​របប​សឹកនិង​តុលាការ
លោកថាក់ស៊ីន​ អតីត​នាយក​រដ្ឋមន្ត្រី​និរទេស​ខ្លួន​ទៅ​បរទេស​បរិហារ​របប​សឹកនិង​តុលាការ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

“គ្មាន​ការ​គាប​សង្គត់​ផ្តាច់ការ​ណា​សាហាវ​ជាងទង្វើ​ដោយ​​​ការ​ប្រើ​ស្រមោល​ច្បាប់​និង​តុលាការ​​ទេ” ! នេះ​ជា​សារ​Twitter​របស់​លោក ថាក់ស៊ីន ដែល​បាន​ទាំង​ប្រើ​ពាក្យ​ពេជន៍​​របស់​ទស្សនវិទូ​បារាំង​​ដ៏​ល្បីល្បាញ​ តែ​បណ្តា​ជន​ថៃ​ស្ទើរ​គ្រប់​រូប​សុទ្ធ​តែ​អាច​យល់​បាន​ថា​ពាក្យ​រិះគន់ និង​បរិហារដោយ​ផ្ទាល់​ក្រុម​ឧត្តមសេនីយ៍​ជា​មេដឹកនាំ​សឹក​ថៃ។

មេដឹកនាំ​សឹក​ដែល​បាន​ឆក់​អំណាច​ ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដឹក​នាំ​ដោយ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់តាម​រយៈ​រដ្ឋ​ប្រហារ​​កាលពី​ខែ​ឧសភា ២០១៤ និង​ក្តាប់​អំណាច​រហូត​មក​ទល់​នឹង​ពេល​នេះ

នេះ​ជា​លើក​ទី​មួយ​ហើយដែល​ក្រុមបក្ស​ភឿន​ត្រកូល​ស៊ីណាវ៉ាត់ បាន​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការយ៉ាង​ គិត​ចាប់​តាំង​ពី​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានបាត់​​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​មក ហើយ​នេះ​ជា​ក៏​ជា​លើក​ទី​មួយ​ដែរ គិត​ចាប់​តាំង​ពី​ជាង​ពីរ​ឆ្នាំ​មក​ដែល​លោក​ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​ដើម្បី​គេច​ពី​សំណាញ់​តុលាការ បាន​ប្រើ និង​បង្ហោះ​​សារ​តាម​ប្រព័ន្ធ​សង្គម Twitter​ របស់​លោក យ៉ាង​ដូច្នេះ។

សម្រាប់​អ្នក​វិភាគនយោបាយ​ដែលមាន​និន្នាការ​​ប្រឆាំង​នឹង​របប​សឹក​​ សារ​របស់​លោកថាក់ស៊ីន​នេះ​ ជា​ការ​សម្តែង​កំហឹង​ផង និង​សារ​រំលឹក​ប្រាប់​ថា ត្រកូលស៊ីណាវ៉ាត់ ទាំង​លោក​​ថាក់​ស៊ីន និង​លោក​ស្រី​យីងឡាក់​ ចង់​បន្ត​មាន​ទំនួល​ខុស​ត្រូវ​​លើក​ឆាក​នយោបាយ​ជា​និច្ច បើ​ទោះ​បី​ជា​ពួក​គាត់​និរទេស​ខ្លួន​​ទៅ​បរទេស​ក៏​ដោយ។

បើ​តាម​ប្រភព​ស្និទ្ធ​នឹង​បក្ស​ស៊ីណាវ៉ាត់ ក៏​ដូច​ជា​របប​សឹក លោកស្រី​យីងឡាក់ បាន​រត់​ភៀស​ខ្លួន​ ទៅ​​ឌូប៉ៃ ក្រុង​ដែល​បង​ប្រុស​ថាក់ស៊ីន​សំងំ​ស្នាក់​​នៅ​។ សូម​បញ្ជាក់​ថា លោក ថាក់ស៊ីន បាន​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​ កាលពី​ឆ្នាំ​​២០០៨ ដើម្បី​គេច​ពី​ការ​កាត់​ក្តី​នៅ​តុលាការ ដែល​លោកបាន​​បរិហារ​ ដូច​ក្នុង​ករណី​ប្អូន​ស្រី ជា​តុលាការ​នយោបាយ។

ចាក​ចេញ​អស់​រយៈ​ពេល​យូរ​ឆ្នាំ​ និង​មាន​ជាប់​ក្តី​មែន ប៉ុន្តែ​លោក​ថាក់ស៊ីន​នៅតែ​ដើរ​តួ​សំខាន់​​ក្នុង​ជីវិត​នយោបាយ​ថៃ និង​មាន​ការ​គាំទ្រខ្លាំង​​ពី​សំណាក់​ប្រជាពលរដ្ឋថៃ​ដដែល រហូត​មាន​ការ​បែង​​ចែង​សង្គមយ៉ាង​ដាច់​ស្រលះ។ ម្ខាង​ជា​​ក្រុម​សកម្មជន​គាំទ្រត្រកូល​ស៊ីណាវ៉ាត់ ដែល​ភាគ​ច្រើន​ជា​កសិករ​​-ជា​អ្នក​ក្រីក្រ​ និង​ក្រុម​ប្រជាភិថុត​ជា​អ្នក​មាន​អ្នក​ក្រុង​ និង​ជា​ក្រុម​ឧត្តមសេនីយ៍​កំពុង​កាន់​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ