អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

លោក Trump ថា ចរចា​ជាមួយ​កូរ៉េខាងជើង គឺ​គ្មាន​ប្រយោជន៍ តែ​លោក Mattis មិន​យល់​ស្រប

សំណុំរឿង​កូរ៉េខាងជើង ពិសេស​តាំង​ពី​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​រំលង​ទឹកជប៉ុន​ក្នុង​ថ្ងៃទី២៩ សីហា​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ក្តៅ​ស្លឹកត្រចៀក​ជា​ថ្មី។ លោក​ត្រាំ​បាន​ថ្លែង​ដោយ​ប្រើ​ពាក្យ​ខ្លាំងៗ​ថា ការ​ចរចា​ជាមួយ​កូរ៉េខាងជើង​ជា​រឿង​ឥតប្រយោជន៍ និង​មិន​មែន​ជា​ដំណោះស្រាយ​ទេ។ អ្វី​ដែល​លោក​ត្រាំ​បាន​ថ្លែង​នេះ​ហាក់​បាន​ផ្ទុយ​នឹង​ការ​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការពារជាតិ James Mattis ដែល​ថា ទ្វារ​ចរចា​ជាមួយ​កូរ៉េខាងជើង​មិន​ទាន់​បិទ​នៅ​ឡើយ​ទេ។

លោក​ដូណាល់ ត្រាំ និង​រដ្ឋមន្រ្តី​ការពារជាតិ​របស់​លោក គឺ​លោក James Mattis
លោក​ដូណាល់ ត្រាំ និង​រដ្ឋមន្រ្តី​ការពារជាតិ​របស់​លោក គឺ​លោក James Mattis REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

តើ​ជា​រឿង​មិន​ចុះ​សម្រុង​គ្នា ឬ​មួយ​ក៏​ជា​យុទ្ធសាស្រ្ត​ផ្សេង​គ្នា​រវាង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​រដ្ឋមន្រ្តី​ការពារជាតិ​របស់​លោក គឺ​លោក James Mattis?។ គេ​នៅ​មិន​ទាន់​អាច​និយាយ​អ្វី​បាន​នៅ​ឡើយ​ទេ អ្វី​ដែល​គេ​ដឹង លោក​ត្រាំ និង​លោក Mattis កំពុង​យល់​ឃើញ​ខុស​គ្នា​នៅ​ក្នុង​សំណុំរឿង​តែ​មួយ។ ពិត​ណាស់​ថា ភ្លាមៗ​ក្រោយ​ពី​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​រំលង​ប្រទេស​ជប៉ុន លោក​ដូណាល់ ត្រាំ​ហាក់​មិន​បាន​បញ្ចេញ​កំហឹង និង​គំរាម​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយ​ជា​ពំនូកភ្លើង​ដូច​មុន​ទៀត​ឡើយ ពោល​បាន​ត្រឹម​បញ្ជាក់​យ៉ាង​សាមញ្ញ​ថា មាន​វិធីសាស្រ្ត​ច្រើន​យ៉ាង​ដែល​លោក​អាច​ប្រើ​ចំពោះ​របប​ក្រុង​ព្យុងយ៉ាង។

តែ​នៅ​ថ្ងៃ​ពុធ ទី៣០ សីហា លោក​ត្រាំ​ហាក់​បាន​វិល​មក​ដំឡើង​សរសៃ ក ដោយ​ដំឡើង​សម្លេង​ខ្លាំងៗ​ដាក់​កូរ៉េខាងជើង​ថា តាំង​ពី ២៥ឆ្នាំ​មក​ហើយ​ដែល​អាមេរិក​ជជែក​ជាមួយ​កូរ៉េខាងជើង និង​ដែល​លទ្ធផល​ទទួល​បាន អាមេរិក​បែរ​ជា​រងគ្រោះ​ដោយ​ការ​គំរាមកំហែង​ទៅ​វិញ។ នៅ​ក្នុង​ន័យ​នេះ លោក​ត្រាំ​បាន​និយាយ​ត្រង់ៗ​ដោយ​មិន​បញ្ឈិតបញ្ឈៀង​ថា ចរចា​ជាមួយ​កូរ៉េខាងជើង គឺ​គ្មាន​ន័យ ហើយ​ក៏​មិន​មែន​ជា​ដំណោះស្រាយ​ដែរ។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​ថ្លែង​របស់​លោក​ត្រាំ​ដូច​នេះ​បាន​ផ្ទុយ​នឹង​ការ​ថ្លែង​របស់​លោក​រដ្ឋមន្រ្តីការពារជាតិ​អាមេរិក James Mattis។

នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​កូរ៉េខាងត្បូង​នា​ពេល​ថ្មីៗ​នេះ លោក Mattis បាន​ថ្លែង​ថា ទ្វារ​នៃ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​នៅ​បើក​ចំហ ហើយ​ដំណោះស្រាយ​តាម​ផ្លូវទូត​នៅ​តែ​មាន​ជានិច្ច។ ចំណែក​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tilleson ក៏​យល់​ឃើញ​ដូច​លោក Mattis តែ​លោក Tilleson បាន​បន្ថែម​ថា ទន្ទឹម​នឹង​ការ​ព្យាយាម​ដោះស្រាយ​តាម​ផ្លូវទូត អាមេរិក​ក៏​មិន​ភ្លេច​ត្រៀមខ្លួន​ប្រើ​កម្លាំងបាយ​ទេ​នៅ​ក្នុង​ករណី​ណា​ដែល​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​គីម ជុងអ៊ុន​ឡើង​ចាង​ហួសហេតុ​ខ្លាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ