ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT

កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​អន្តរទ្វីប​ ក៏ដោយសារ​តែ​អាមេរិក

កូរ៉េខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​អន្តរទ្វីប​ ក៏ដោយសារ​តែ​អាមេរិក
 
រូបភាព​របស់ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​បង្ហាញ​ឡើង​នៅក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​ដោយ​ជោគជ័យ​មីស៊ីល​អន្តរទ្វីប នៅខែ​កក្កដា ២០១៧ KCNA/via REUTERS

គ្រាប់​មីស៊ីល​ដែល​កូរ៉េខាងជើង​បាន​បាញ់​​ហោះ​រំលងពីលើ​​ប្រទេស​ជប៉ុន នៅ​ថ្ងៃអង្គារ​បាន​បង្ហាញ​ថា មេដឹកនាំ​កូរ៉េខាងជើង​មិន​បាន​ខ្លាច គោរព​អាមេរិក ដូច​ដែល​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ធ្លាប់​បាន​ប្រកាស​ក្តែងៗ ​​អួត​ប្រាប់​អ្នកគាំទ្រ​របស់​លោក​នៅ​ទីក្រុង​Phnoenix ក្នុង​រដ្ឋ​អារីហ្សូណា​នោះទេ។ ដោយ​បាញ់​មីស៊ីល​រំលង​ពី​លើ​ជប៉ុន ទៅធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្រុង​ព្យុងយ៉ាង​មិន​បាន​រំលោភ​ខ្សែបន្ទាត់ក្រហម​របស់​អាមេរិក​ ប៉ុន្តែ​ចង់​រំលឹក​បញ្ជាក់​ទៅ​អាមេរិក​ជាថ្មី​ថា ខ្លួន​មិន​បាន​ចុះញ៉ម​ ​អាមេរិកនោះទេ។ ហេតុអ្វី​បាន​ជា​កូរ៉េខាងជើង​មិន​ខ្លាច​​​អាមេរិក ដែល​ជា​​​មហាអំណាច​យោធា និង​នុយក្លេអ៊ែរ​លើលោក?

 

កូរ៉េខាងជើង​លែង​ខ្លាច អាមេរិក ព្រោះថា កូរ៉េខាងជើង​នៅ​តែ​មាន​ខ្នង​បង្អែក​ដ៏​ក្រាស​របស់​ចិន ហើយ​កូរ៉េខាងជើង នៅពេលនេះទៀត ​ក៏​មាន​អាវុធ​នុយក្លេអ៊ែរ​​ ដូច​អាមេរិក។ ទោះជា​គេ​ដឹង​ មិនច្បាស់​ពី​ចំនួន​គ្រាប់​នុយក្លេអ៊ែរ​ដែល​កូរ៉េខាងជើង​អាច​ផលិត​បាន ប៉ុន្តែ ​គេ​ដឹង​​ថា មីស៊ីល​របស់​កូរ៉េខាងជើង​អាច​រត់​ទៅ​ដល់​ទឹកដី​អាមេរិក។ ជាមួយ​នឹង​ការបោះជំហាន​ដ៏លឿន​ខាង​ផ្នែក​​បច្ចេកវិទ្យា​ គេ​ជឿថា កូរ៉េខាងជើង​នឹង​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ សម្រាប់​បំពាក់​លើ​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប យ៉ាង​យូរ​បំផុត​ នៅ​ឆ្នាំ ២០១៨។

មីស៊ីល និង​នុយក្លេអ៊ែរ​ជា​ប័ណ្ណ​ធានារ៉ាប់រ៉ង​ជីវិត​របស់​កូរ៉េខាងជើង

កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មិនមែន​ទើប​ចាប់​មាន​នៅ​ប៉ុន្មាន​ទសវត្សរ៍​នេះទេ។ កូរ៉េខាងជើង​ចាប់​មាន​គំនិត​ចង់​ផលិត មាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង នៅក្រោយ​​សង្រ្គាម​កូរ៉េបាន​បិទបញ្ចប់។ កូរ៉េខាងជើង​នៅ​ចាំមិនភ្លេច ពាក្យ​គំរាម​ពីរលើក​របស់​អាមេរិកដែល​ចង់​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ វាយប្រហារ​កូរ៉េខាងជើង នៅក្នុង​សម័យ​សង្រ្គាម​កូរ៉េ ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។ សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​ប័ណ្ណ​ធានារ៉ាប់រ៉ង​ជីវិត​​ ជា​មធ្យោបាយ​សម្រាប់​ការពារ​ខ្លួន ហើយ​និង​ការរស់រាន​មានជីវិត រដ្ឋ​កូរ៉េខាងជើង។​

កូរ៉េខាងជើង​មិនមែន​ជាប្រទេស​ដែល​គ្មាន​ហេតុផល

នៅ​រាល់​ពេល​កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល ​សហគមន៍​អន្តរជាតិ​បាន​ស្តីបន្ទោស កូរ៉េខាងជើងថា ​បានផ្គើន​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ឆ្លើយតប​នឹង​សកម្មភាព​ល្មើស​របស់​កូរ៉េខាងជើង ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាច្រើនលើក​លើ​ប្រទេស​កុម្មុយនិស្ត​មួយនេះ។ ប៉ុន្តែ ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ក៏​ដូចជា​ទណ្ឌកម្ម​ផ្ទាល់​ខ្លួន​របស់​អាមេរិក និង​ជប៉ុន មិនបាន​កាត់បន្ថយ​មហិច្ឆតា និង​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​នោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើង​នៅ​តែ​បន្ត​អភិវឌ្ឍន៍ និង​នៅទីបំផុត អាច​ផលិត​មីស៊ីល និង​កា្លយ​ជា​ប្រទេស​នុយក្លេអ៊ែរមួយ​ទាល់​តែបាន។

កូរ៉េខាងជើង​មិនមែន​ជា​ប្រទេស​គ្មាន​ហេតុផល​នោះទេ។ កូរ៉េខាងជើង​ប៉ង​ខ្លាំង​ចង់​ក្លាយ​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ ព្រោះ​តែ​កូរ៉េខាងជើង​ចង់​ទាមទារឲ្យ​មាន​ការទទួល​ស្គាល់​ខ្លួន​នៅ​ក្នុង​ឆាក​អន្តរជាតិ។ រហូត​មកដល់​ពេលនេះ នៅ​ក្នុង​លោក​មាន​តែ​ប្រទេស​៨​ប៉ុណ្ណោះ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ដែលនៅក្នុង​នោះ​ ៥​ប្រទេស​ដូចជា​អាមេរិក រុស្ស៊ី ចិន បារាំង ហើយ​និង​អង់គ្លេស ត្រូវ​គេ​ចាត់ទុក​ជា​មហាអំណាច​នុយក្លេអ៊ែរ។ ទោះមិនទាន់​មាន​លទ្ធផល​ក្លាយ​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ ប៉ុន្តែ កូរ៉េខាងជើង​ក៏​ចង់​មាន​អាវុធ​នុយក្លេអ៊ែរ ដូច ​អ៊ីស្រាអែល ឥណ្ឌា និង​ប៉ាគីស្ថានដែរ។

មាន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ដៃ គឺ​កូរ៉េខាងជើង​មិនងាយ​នឹង​ត្រូវ​គេ​សម្លុត​វាយប្រហារ​នោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើង​នឹង​មាន​ទឹកមាត់​ច្រើន​សម្រាប់​ចរចា ប្រឆាំង​នឹង​​អាមេរិក ដែល​កូរ៉េខាងជើង​នៅ​តែ​ចាត់ទុក​ជា​ប្រទេស​គំរាមកំហែង ចង់​ឈ្លានពាន​ ទៅ​ផ្តួល​អំណាច​បក្ស​កុម្មុយនិស្ត​កូរ៉េខាងជើង។

តាំង​ពី​ណាពីណី​មក កូរ៉េខាងជើង​បាន​និយាយ​ហើយថា មីស៊ីល និងអាវុធ​នុយក្លេអ៊ែរ​ដែល​ខ្លួន​ខំផលិត ដោយ​ផ្គើន​នឹង​បម្រាម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​ដើម្បី​សម្រាប់​ទប់ទល់​នឹង​ការវាយប្រហារ​ណាមួយ​ពី​ប្រទេស​ក្រៅ​ណាមួយ​តែ​ប៉ុណ្ណោះ។ កូរ៉េខាងជើង​​​មិនដែល​លាក់លៀម​ទេ​ថា ប្រទេស​ក្រៅ​នោះ​ជា​អាមេរិក​នោះទេ។ ប៉ុន្តែ ដោយ​អះអាង​នៅ​ខែ​កក្កដា​ថា មីស៊ីល​របស់ខ្លួន​អាច​បាញ់​ទៅដល់​ទឹកដី​គ្រប់កន្លែង​របស់អាមេរិក កូរ៉េខាងជើង ​ចង់​ប្រើ​ពាក្យ​សំឡុត​​ឲ្យ​អាមេរិក​ប្រញាប់​មក​ចរចា​ជាមួយ​ខ្លួន។ ក្នុង​នាម​ជាប្រទេស​មានអាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង​ចង់​ចរចាដោយ​ផ្ទាល់ មួយទល់​មួយ ជាមួយ​អាមេរិក ដោយ​គ្មានចិន ឬ​កូរ៉េខាងត្បូង ចូល​មក​ពាក់ព័ន្ធ។ តាំង​ពី​មិនទាន់​មាន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ ឬ​មីស៊ីល​ម្ល៉េះ ការទាមទារ​របស់​កូរ៉េខាងជើង គឺ​ច្បាស់ និង​មិន​ប្រែប្រួល។ ទី១ កូរ៉េខាងជើង​ចង់​បាន​សន្ធិសញ្ញា​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ព្រោះថា តាំង​ពី​ចប់​សង្រ្គាម​កូរ៉េ ប្រទេស​បងប្អូន​កូរ៉េ​ទាំងពីរ​នៅ​តែអាច​ផ្ទុះ​សង្រ្គាម​ដាក់គ្នា ដោយសារ​តែ​គ្មាន​សន្ធិសញ្ញា​សន្តិភាព។ ទី២ កូរ៉េខាងជើង​ចង់​បាន​ការសន្យា​ជា​លាយល័ក្ខអក្សរ​ពី​អាមេរិក​ថា អាមេរិក​នឹង​​មិន​ឈ្លានពាន ចូលទៅ​ផ្តួល​របប​កុម្មុយនិស្ត​កូរ៉េខាងជើង។ កូរ៉េខាងជើង​ទាមទារ​ឲ្យ​គេ​ធានា​ឯករាជ្យភាព​ឲ្យ​ខ្លួន ព្រោះថា សម្រាប់​កូរ៉េខាងជើង វត្តមាន​ទ័ព​របស់​អាមេរិក​ប្រមាណ ៣ម៉ឺននាក់​នៅ​ជាប់​ព្រំដែន​កូរ៉េទាំងពីរ ហើយ​និង​នាវា​ដឹកយន្តហោះ​ចម្បាំង​អាមេរិក​ ប្រចាំ​ការនៅ​ឧបទ្វីប​កូរ៉េ គឺ​ជា​គ្រោះថ្នាក់ គំរាមកំហែង​ជាប់ជានិច្ច​សម្រាប់​កូរ៉េខាងជើង។ ទី៣ កូរ៉េខាងជើង​ចង់​ឲ្យ​គេ​ទទួល​ស្គាល់​ឡើង​វិញនៅ​លើ​ឆាក​អន្តរជាតិ។ ​ចុងក្រោយ របប​ព្យុងយ៉ាង​ចង់​បើកការចរចា ទ្វេភាគី ជាមួយ កូរ៉េខាងត្បូង ឬ​ជាមួយ​អាមេរិក។

ហេតុអ្វី​បាន​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅ​ជាប់គាំង ដោះស្រាយ​មិនរួច?

ការទាមទារ​របស់​កូរ៉េខាងជើង គឺ​សាមញ្ញ មិន​ពិបាក​នឹង​ឆ្លើយតប​វិញ​នោះទេ។ ប៉ុន្តែ រហូតមក គ្មាន​ប្រទេស​ដែល​ពាក់ព័ន្ធ​ណាមួយ​ធ្វើដឹង ធ្វើលឺ ចង់​ដោះស្រាយ​តាម​ការទាមទារ​របស់​កូរ៉េខាងជើង​នោះទេ។ ផ្ទុយទៅវិញ អាមេរិក​គិត​តែ​ពី​ទាមទារ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ដោយ​គ្មាន​លក្ខខណ្ឌ។ លើសពីនោះ អាមេរិក​រឹត​តែ​បង្កើន​ការធ្វើ​សមយុទ្ធ ដែល​ចិន​បាន​ចាត់ទុក​ថា ជា​ការយក​សាំង​ទៅចាក់​បន្ថែមលើ​ភ្លើង។ ចាក់សាំង​លើ​ភ្លើង ព្រោះ​ក្នុង​កែវភ្នែក​កូរ៉េខាងជើង សមយុទ្ធ​អាមេរិក ជាមួយ​កូរ៉េខាងត្បូង គឺ​ជា​លំហាត់​សឹករបស់​អាមេរិក ដើម្បី​ត្រៀម​វាយ​ឈ្លានពានចូល​កូរ៉េខាងជើង។

នៅ​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គ្មាន​ប្រទេស ភាគី​ណាមួយ​ចង់​ចូល​ដោះស្រាយ​ពិតប្រាកដ​នោះទេ​។ អាមេរិក​ចិន ជប៉ុន កូរ៉េខាងត្បូង​បាន​ត្រឹម​តែ​ស្រែក​នៅរាល់​ពេល​កូរ៉េខាងជើង បាញ់​សាកល្បង​មីស៊ីល ដែល​គេ​ចាត់ទុក​ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់។ ប៉ុន្តែ ការពិត នៅពីក្រោយ​ការស្រែកបារម្ភ គឺ​មាន​លាក់​ដោយ​គំនួច​ដើម្បី​ប្រយោជន៍​រៀងៗ​ខ្លួន។ ចិន​ដំបូង​គេ មិន​ចង់​ឲ្យ​កូរ៉េខាងជើង​ដួល​រលំ រងការវាយប្រហារ​ពី​ប្រទេស​ទី៣ ដោយសារ​តែ​ចិន​មិន​ចង់​ទទួល​ថ្មបាក់ផ្នែក​សេដ្ឋកិច្ច ទទួល​ជនជាតិ​កូរ៉េខាងជើង​រាប់លាន​នាក់​ដែល​នឹង​រត់​ទៅ​ជ្រកកោន​​នៅក្នុង​ទឹកដី​ខ្លួន បើសិន​របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ដួលរលំ។ អាមេរិក​ឯណោះ​វិញ ក៏​មិន​ចង់​ដោះស្រាយ បិទបញ្ចប់​បញ្ហា​កូរ៉េខាងជើង​នៅពេលនេះ​ដែរ ព្រោះ​ថា បើ​កូរ៉េខាងជើង​មានអាវុធ​នុយក្លេអ៊ែរ ដែល​អាច​គ្រោះថ្នាក់​ដល់​សម្ព័ន្ធមិត្ត ឬ​សន្តិសុខ​របស់​អាមេរិក អាមេរិក​នៅ​តែ​មាន​លេស ដាក់​ប្រចាំ​ការ​ទ័ព​របស់​ខ្លួន នៅ​ក្បែរ​មាត់ច្រមុះ​របស់​ចិន ​នៅ​តំបន់​អាស៊ី។

ងាកមក​មើល​កូរ៉េខាងត្បូង​វិញ ក៏​មិន​ចង់​ឲ្យ​របប​កុម្មុយនិស្ត​កូរ៉េខាងជើង​ដួលរលំ។ កូរ៉េខាងត្បូង​​មិន​ចង់​ឲ្យមាន​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរឡើងវិញ ព្រោះថា ធ្វើដូច្នេះ សេអ៊ូល​នឹង​ជួប​បញ្ហា​សេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ។ នៅក្នុង​ករណី​ជប៉ុន កាលបើ​កូរ៉េខាងជើងមាន​អាវុធ នុយក្លេអ៊ែរ​ និង​មីស៊ីល​ដែល​អាច​វាយប្រហារ​ទឹកដី​ជប៉ុន នោះ​រដ្ឋាភិបាល​ជាតិ​និយម​របស់​លោកនាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ នឹង​រឹត​តែ​បាន​លេស ដើម្បី​ផ្លាស់ប្តូរ រដ្ឋធម្មនុញ្ញ​សន្តិនិយម ដែល​តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី ២ បាន​ចងដៃ​កងទ័ព​ជប៉ុន មិន​ឲ្យ​​ចេញ​ទៅ​ធ្វើសង្រ្គាម​នៅ​ក្រៅប្រទេស។​ ​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    គ្រាប់មីស៊ីលបាលីស្ទិក​កូរ៉េខាងជើង​ហោះ​រំលង​ប្រទេស​ជប៉ុន មុន​នឹង​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ប្រឈម​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ជប៉ុន​លែង​អាច​ពឹង​លើ​អាមេរិក ​ដូចមុន

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក-គ្រោះធម្មជាតិ

    លោកដូណាល់ ​ត្រាំ​ នឹង​ទៅ​ដល់​តំបន់​រងគ្រោះ​ ដោយ​ខ្យល់ព្យុះ​អ៊ូរ៉ាហ្កង់​ Harvey

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ការព្យាយាម​​​ទប់ស្កាត់​​មិនអោយ​​ផ្ទុះ​សង្គ្រាម​​នុយក្លេអ៊ែរ​ មាន​តាំង​ពី​​សម័យ​​សង្គ្រាម​​ត្រជាក់​​

    ស្វែងយល់បន្ថែម

  • ឧបទ្ធីបកូរ៉េ

    អាមេរិកគម្រាមថាកូរ៉េ​ខាងជើង ​នឹង​​​ស្គាល់ថ្នាំ​ខ្លាំង​ ​ខណៈ​អ្នក​វិភាគ ​រិះគន់​ការ​កំញើញ​ទៅវិញ​ទៅ​មក

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក-កូរ៉េខាងជើង

    លោក​ដូណាល់ ត្រាំ ត្រលប់​មក​សរសើរ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង

    កូរ៉េខាង​​ជើង​​ថ្កោល​ទោស​​សមយុទ្ធ​​យោធា​ ​អាមេរិក-​កូរ៉េខាង​ត្បូង​ ថា​​ជា​​ការ​​យក​​សាំង​​មក​​ជះ​​លើ​​ភ្លើង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ