កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីប ក៏ដោយសារតែអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៩
គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ហោះរំលងពីលើប្រទេសជប៉ុន នៅថ្ងៃអង្គារបានបង្ហាញថា មេដឹកនាំកូរ៉េខាងជើងមិនបានខ្លាច គោរពអាមេរិក ដូចដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសក្តែងៗ អួតប្រាប់អ្នកគាំទ្ររបស់លោកនៅទីក្រុងPhnoenix ក្នុងរដ្ឋអារីហ្សូណានោះទេ។ ដោយបាញ់មីស៊ីលរំលងពីលើជប៉ុន ទៅធ្លាក់ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រុងព្យុងយ៉ាងមិនបានរំលោភខ្សែបន្ទាត់ក្រហមរបស់អាមេរិក ប៉ុន្តែចង់រំលឹកបញ្ជាក់ទៅអាមេរិកជាថ្មីថា ខ្លួនមិនបានចុះញ៉ម អាមេរិកនោះទេ។ ហេតុអ្វីបានជាកូរ៉េខាងជើងមិនខ្លាចអាមេរិក ដែលជាមហាអំណាចយោធា និងនុយក្លេអ៊ែរលើលោក?
កូរ៉េខាងជើងលែងខ្លាច អាមេរិក ព្រោះថា កូរ៉េខាងជើងនៅតែមានខ្នងបង្អែកដ៏ក្រាសរបស់ចិន ហើយកូរ៉េខាងជើង នៅពេលនេះទៀត ក៏មានអាវុធនុយក្លេអ៊ែរ ដូចអាមេរិក។ ទោះជាគេដឹង មិនច្បាស់ពីចំនួនគ្រាប់នុយក្លេអ៊ែរដែលកូរ៉េខាងជើងអាចផលិតបាន ប៉ុន្តែ គេដឹងថា មីស៊ីលរបស់កូរ៉េខាងជើងអាចរត់ទៅដល់ទឹកដីអាមេរិក។ ជាមួយនឹងការបោះជំហានដ៏លឿនខាងផ្នែកបច្ចេកវិទ្យា គេជឿថា កូរ៉េខាងជើងនឹងផលិតក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់បំពាក់លើមីស៊ីលបាលីស្ទីកអន្តរទ្វីប យ៉ាងយូរបំផុត នៅឆ្នាំ ២០១៨។
មីស៊ីល និងនុយក្លេអ៊ែរជាប័ណ្ណធានារ៉ាប់រ៉ងជីវិតរបស់កូរ៉េខាងជើង
កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនមែនទើបចាប់មាននៅប៉ុន្មានទសវត្សរ៍នេះទេ។ កូរ៉េខាងជើងចាប់មានគំនិតចង់ផលិត មានអាវុធនុយក្លេអ៊ែរដោយខ្លួនឯង នៅក្រោយសង្រ្គាមកូរ៉េបានបិទបញ្ចប់។ កូរ៉េខាងជើងនៅចាំមិនភ្លេច ពាក្យគំរាមពីរលើករបស់អាមេរិកដែលចង់ប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារកូរ៉េខាងជើង នៅក្នុងសម័យសង្រ្គាមកូរ៉េ ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣។ សម្រាប់មេដឹកនាំកូរ៉េខាងជើង អាវុធនុយក្លេអ៊ែរគឺជាប័ណ្ណធានារ៉ាប់រ៉ងជីវិត ជាមធ្យោបាយសម្រាប់ការពារខ្លួន ហើយនិងការរស់រានមានជីវិត រដ្ឋកូរ៉េខាងជើង។
កូរ៉េខាងជើងមិនមែនជាប្រទេសដែលគ្មានហេតុផល
នៅរាល់ពេលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល សហគមន៍អន្តរជាតិបានស្តីបន្ទោស កូរ៉េខាងជើងថា បានផ្គើននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ឆ្លើយតបនឹងសកម្មភាពល្មើសរបស់កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនលើកលើប្រទេសកុម្មុយនិស្តមួយនេះ។ ប៉ុន្តែ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាទណ្ឌកម្មផ្ទាល់ខ្លួនរបស់អាមេរិក និងជប៉ុន មិនបានកាត់បន្ថយមហិច្ឆតា និងការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងនោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍ និងនៅទីបំផុត អាចផលិតមីស៊ីល និងកា្លយជាប្រទេសនុយក្លេអ៊ែរមួយទាល់តែបាន។
កូរ៉េខាងជើងមិនមែនជាប្រទេសគ្មានហេតុផលនោះទេ។ កូរ៉េខាងជើងប៉ងខ្លាំងចង់ក្លាយខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ព្រោះតែកូរ៉េខាងជើងចង់ទាមទារឲ្យមានការទទួលស្គាល់ខ្លួននៅក្នុងឆាកអន្តរជាតិ។ រហូតមកដល់ពេលនេះ នៅក្នុងលោកមានតែប្រទេស៨ប៉ុណ្ណោះ ដែលមានអាវុធនុយក្លេអ៊ែរ ដែលនៅក្នុងនោះ ៥ប្រទេសដូចជាអាមេរិក រុស្ស៊ី ចិន បារាំង ហើយនិងអង់គ្លេស ត្រូវគេចាត់ទុកជាមហាអំណាចនុយក្លេអ៊ែរ។ ទោះមិនទាន់មានលទ្ធផលក្លាយខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ប៉ុន្តែ កូរ៉េខាងជើងក៏ចង់មានអាវុធនុយក្លេអ៊ែរ ដូច អ៊ីស្រាអែល ឥណ្ឌា និងប៉ាគីស្ថានដែរ។
មានអាវុធនុយក្លេអ៊ែរក្នុងដៃ គឺកូរ៉េខាងជើងមិនងាយនឹងត្រូវគេសម្លុតវាយប្រហារនោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើងនឹងមានទឹកមាត់ច្រើនសម្រាប់ចរចា ប្រឆាំងនឹងអាមេរិក ដែលកូរ៉េខាងជើងនៅតែចាត់ទុកជាប្រទេសគំរាមកំហែង ចង់ឈ្លានពាន ទៅផ្តួលអំណាចបក្សកុម្មុយនិស្តកូរ៉េខាងជើង។
តាំងពីណាពីណីមក កូរ៉េខាងជើងបាននិយាយហើយថា មីស៊ីល និងអាវុធនុយក្លេអ៊ែរដែលខ្លួនខំផលិត ដោយផ្គើននឹងបម្រាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺដើម្បីសម្រាប់ទប់ទល់នឹងការវាយប្រហារណាមួយពីប្រទេសក្រៅណាមួយតែប៉ុណ្ណោះ។ កូរ៉េខាងជើងមិនដែលលាក់លៀមទេថា ប្រទេសក្រៅនោះជាអាមេរិកនោះទេ។ ប៉ុន្តែ ដោយអះអាងនៅខែកក្កដាថា មីស៊ីលរបស់ខ្លួនអាចបាញ់ទៅដល់ទឹកដីគ្រប់កន្លែងរបស់អាមេរិក កូរ៉េខាងជើង ចង់ប្រើពាក្យសំឡុតឲ្យអាមេរិកប្រញាប់មកចរចាជាមួយខ្លួន។ ក្នុងនាមជាប្រទេសមានអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងចង់ចរចាដោយផ្ទាល់ មួយទល់មួយ ជាមួយអាមេរិក ដោយគ្មានចិន ឬកូរ៉េខាងត្បូង ចូលមកពាក់ព័ន្ធ។ តាំងពីមិនទាន់មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ឬមីស៊ីលម្ល៉េះ ការទាមទាររបស់កូរ៉េខាងជើង គឺច្បាស់ និងមិនប្រែប្រួល។ ទី១ កូរ៉េខាងជើងចង់បានសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ ព្រោះថា តាំងពីចប់សង្រ្គាមកូរ៉េ ប្រទេសបងប្អូនកូរ៉េទាំងពីរនៅតែអាចផ្ទុះសង្រ្គាមដាក់គ្នា ដោយសារតែគ្មានសន្ធិសញ្ញាសន្តិភាព។ ទី២ កូរ៉េខាងជើងចង់បានការសន្យាជាលាយល័ក្ខអក្សរពីអាមេរិកថា អាមេរិកនឹងមិនឈ្លានពាន ចូលទៅផ្តួលរបបកុម្មុយនិស្តកូរ៉េខាងជើង។ កូរ៉េខាងជើងទាមទារឲ្យគេធានាឯករាជ្យភាពឲ្យខ្លួន ព្រោះថា សម្រាប់កូរ៉េខាងជើង វត្តមានទ័ពរបស់អាមេរិកប្រមាណ ៣ម៉ឺននាក់នៅជាប់ព្រំដែនកូរ៉េទាំងពីរ ហើយនិងនាវាដឹកយន្តហោះចម្បាំងអាមេរិក ប្រចាំការនៅឧបទ្វីបកូរ៉េ គឺជាគ្រោះថ្នាក់ គំរាមកំហែងជាប់ជានិច្ចសម្រាប់កូរ៉េខាងជើង។ ទី៣ កូរ៉េខាងជើងចង់ឲ្យគេទទួលស្គាល់ឡើងវិញនៅលើឆាកអន្តរជាតិ។ ចុងក្រោយ របបព្យុងយ៉ាងចង់បើកការចរចា ទ្វេភាគី ជាមួយ កូរ៉េខាងត្បូង ឬជាមួយអាមេរិក។
ហេតុអ្វីបានវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងនៅជាប់គាំង ដោះស្រាយមិនរួច?
ការទាមទាររបស់កូរ៉េខាងជើង គឺសាមញ្ញ មិនពិបាកនឹងឆ្លើយតបវិញនោះទេ។ ប៉ុន្តែ រហូតមក គ្មានប្រទេសដែលពាក់ព័ន្ធណាមួយធ្វើដឹង ធ្វើលឺ ចង់ដោះស្រាយតាមការទាមទាររបស់កូរ៉េខាងជើងនោះទេ។ ផ្ទុយទៅវិញ អាមេរិកគិតតែពីទាមទារឲ្យកូរ៉េខាងជើងលះបង់ចោលកម្មវិធីនុយក្លេអ៊ែរយោធាដោយគ្មានលក្ខខណ្ឌ។ លើសពីនោះ អាមេរិករឹតតែបង្កើនការធ្វើសមយុទ្ធ ដែលចិនបានចាត់ទុកថា ជាការយកសាំងទៅចាក់បន្ថែមលើភ្លើង។ ចាក់សាំងលើភ្លើង ព្រោះក្នុងកែវភ្នែកកូរ៉េខាងជើង សមយុទ្ធអាមេរិក ជាមួយកូរ៉េខាងត្បូង គឺជាលំហាត់សឹករបស់អាមេរិក ដើម្បីត្រៀមវាយឈ្លានពានចូលកូរ៉េខាងជើង។
នៅក្នុងវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង គ្មានប្រទេស ភាគីណាមួយចង់ចូលដោះស្រាយពិតប្រាកដនោះទេ។ អាមេរិកចិន ជប៉ុន កូរ៉េខាងត្បូងបានត្រឹមតែស្រែកនៅរាល់ពេលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ដែលគេចាត់ទុកជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ ប៉ុន្តែ ការពិត នៅពីក្រោយការស្រែកបារម្ភ គឺមានលាក់ដោយគំនួចដើម្បីប្រយោជន៍រៀងៗខ្លួន។ ចិនដំបូងគេ មិនចង់ឲ្យកូរ៉េខាងជើងដួលរលំ រងការវាយប្រហារពីប្រទេសទី៣ ដោយសារតែចិនមិនចង់ទទួលថ្មបាក់ផ្នែកសេដ្ឋកិច្ច ទទួលជនជាតិកូរ៉េខាងជើងរាប់លាននាក់ដែលនឹងរត់ទៅជ្រកកោននៅក្នុងទឹកដីខ្លួន បើសិនរបបកុម្មុយនិស្តព្យុងយ៉ាងដួលរលំ។ អាមេរិកឯណោះវិញ ក៏មិនចង់ដោះស្រាយ បិទបញ្ចប់បញ្ហាកូរ៉េខាងជើងនៅពេលនេះដែរ ព្រោះថា បើកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ដែលអាចគ្រោះថ្នាក់ដល់សម្ព័ន្ធមិត្ត ឬសន្តិសុខរបស់អាមេរិក អាមេរិកនៅតែមានលេស ដាក់ប្រចាំការទ័ពរបស់ខ្លួន នៅក្បែរមាត់ច្រមុះរបស់ចិន នៅតំបន់អាស៊ី។
ងាកមកមើលកូរ៉េខាងត្បូងវិញ ក៏មិនចង់ឲ្យរបបកុម្មុយនិស្តកូរ៉េខាងជើងដួលរលំ។ កូរ៉េខាងត្បូងមិនចង់ឲ្យមានការបង្រួបបង្រួមកូរ៉េទាំងពីរឡើងវិញ ព្រោះថា ធ្វើដូច្នេះ សេអ៊ូលនឹងជួបបញ្ហាសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ។ នៅក្នុងករណីជប៉ុន កាលបើកូរ៉េខាងជើងមានអាវុធ នុយក្លេអ៊ែរ និងមីស៊ីលដែលអាចវាយប្រហារទឹកដីជប៉ុន នោះរដ្ឋាភិបាលជាតិនិយមរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន ស្ហ៊ីនហ្សូ អាបេ នឹងរឹតតែបានលេស ដើម្បីផ្លាស់ប្តូរ រដ្ឋធម្មនុញ្ញសន្តិនិយម ដែលតាំងពីចប់សង្រ្គាមលោកលើកទី ២ បានចងដៃកងទ័ពជប៉ុន មិនឲ្យចេញទៅធ្វើសង្រ្គាមនៅក្រៅប្រទេស។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ