អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​យល់ព្រម​ឲ្យ​កូរ៉េខាងត្បូង​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​ការពារ​មីស៊ីល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ នៅ​ថ្ងៃ​សុក្រ​ទី ១ កញ្ញា ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​យល់ព្រម​តាម​សំណើ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន ដែល​បាន​ស្នើសុំ​ឲ្យ​មាន​ការសើរើ​ឡើងវិញ កិច្ចព្រមព្រៀង​ទ្វេភាគី អាមេរិក​កូរ៉េខាងត្បូង ស្តីពី​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​កូរ៉េខាងត្បូង។ តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ យល់ព្រម​ឲ្យ​គេ​ពង្រឹង​សមត្ថភាព​មីស៊ីល​របស់​កូរ៉េខាងត្បូង នៅ​ក្នុង​កាលៈទេសៈ​ដែល​កូរ៉េខាងជើង​កំពុង​ប្រកាន់​ឥរិយាបទ ដ៏​គ្រោះថ្នាក់ នៅក្នុង​តំបន់។

ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅ​ទស្សនកិច្ច​នៅ​អាមេរិក ជួប​លោកដូណាល់ ត្រាំ នៅថ្ងៃទី ៣០​មិថុនា ២០១៧
ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅ​ទស្សនកិច្ច​នៅ​អាមេរិក ជួប​លោកដូណាល់ ត្រាំ នៅថ្ងៃទី ៣០​មិថុនា ២០១៧ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

៥​ថ្ងៃ​ក្រោយ កូរ៉េខាងជើង (ថ្ងៃ​អង្គារ​ទី ២៩​សីហា) បាន​បាញ់​មីស៊ីល​បាលីស្ទីក​មួយដើម ហោះ​រំលង​ពីលើ​ប្រទេស​ជប៉ុន មុន​នឹង​ទៅ​ធ្លាក់​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ព្រមព្រៀងគ្នា​ដើម្បី​ជំរុញ ពង្រឹង​វិស័យ​ការពារ​ជាតិ​កូរ៉េខាងត្បូង។

កិច្ចព្រមព្រៀង​ថ្មី រវាង​អាមេរិក និង​កូរ៉េខាងត្បូង ផ្តោត​សំខាន់​ទៅ​លើ​មធ្យោបាយ ដែល​អាមេរិក​នឹង​ផ្តល់​បន្ថែម ទៅ​ឲ្យ​កូរ៉េខាងត្បូង គឺ​សម្រាប់​យក​ទៅ​ទប់ទល់​កូរ៉េខាងជើង។ ទី១ ប្រធានាធិបតី​អាមេរិក​ បាន​យល់ព្រម​ឲ្យ​កូរ៉េខាងត្បូង ទិញ​សព្វាវុធ និង​សម្ភារៈ​យោធា អាមេរិក ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។

ទី២ ប្រធានាធិបតី​អាមេរិក​បាន​យល់ព្រម​តាម​សំណើ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ចង់​ឲ្យ​សើរើ​ឡើងវិញ កិច្ចព្រមព្រៀង យោធា ទ្វេភាគី ដែល​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ចុះ​ហត្ថលេខា ដំបូង នៅ​ឆ្នាំ ១៩៧៤។ សូមបញ្ជាក់ថា នៅក្នុង​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៧៤ កូរ៉េខាងត្បូង ត្រូវ​បាន​អាមេរិក​អនុញ្ញាត​ឲ្យ​ផលិត និង​មាន​មីស៊ីល​ការពារ​ខ្លួន ដែល​អាច​បាញ់​បាន​ត្រឹម​ចម្ងាយ ១៨០​គីឡូម៉ែត្រ និង​មានផ្ទុកក្បាលគ្រាប់​ទម្ងន់ ៥០០​គីឡូក្រាម។ កិច្ចព្រមព្រៀង ស្តីពី​សមត្ថភាព​មីស៊ីល​ការពារ​កូរ៉េខាងត្បូង ត្រូវ​បាន​សើរើ និង​កែ​ជាបន្តបន្ទាប់។ ចុងក្រោយ គឺ​ធ្វើ​នៅ​ឆ្នាំ ២០១២ ដែល​កាលណោះ អាមេរិក​បាន​សម្រេច​បើកភ្លើងខៀវ ឲ្យ​កូរ៉េខាងត្បូង អាច​អភិវឌ្ឍ និង​មាន​មីស៊ីល​បាលីស្ទីក អាច​បាញ់​បាន​ចម្ងាយ ៨០០​គីឡូម៉ែត្រ និង​អាច​ផ្ទុក​ក្បាលគ្រាប់ ទម្ងន់ ៥០០គីឡូក្រាម។

នៅ​ថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ទាមទារ​ជាថ្មី​ម្តងទៀត ឲ្យ​អាមេរិក​កែសម្រួល​កិច្ចព្រមព្រៀង ព្រោះ​កូរ៉េខាងត្បូង ចង់​ឲ្យ​មីស៊ីល​បាលីស្ទីក របស់ខ្លួន អាច​ផ្ទុកក្បាល​គ្រាប់​ដល់ទៅ ១ពាន់​គីឡូក្រាម គឺ ធ្ងន់​ជាង​២ដង ក្បាលគ្រាប់​ដែល​កូរ៉េខាងត្បូង​​កំពុង​មាន​បច្ចុប្បន្ន។ សេអ៊ូល​ចង់​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​មីស៊ីល​ការពារ​របស់ខ្លួន ព្រោះ​តែ​សេអ៊ូល​បាន​មើល​ឃើញ​ពី​សមត្ថភាព​កាន់តែ​ជឿនលឿន​របស់​កូរ៉េខាងជើង។

អាមេរិក មាន​កងទ័ព​របស់​ខ្លួន ប្រមាណ ២ម៉ឺន ៨ពាន់​នាក់ នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង ដើម្បី​ជួយ​ការពារ​កូរ៉េខាងត្បូង។ អាមេរិក​នៅ​កំពុង​ពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីល THAAD ដើម្បី​បាញ់​ស្ទាក់​មីស៊ីល ដែល​កូរ៉េខាងជើង​ព្រមាន​ថា នឹង​បាញ់​សម្រាប់​កម្ទេច​ក្រុង​សេអ៊ូល។ កូរ៉េខាងត្បូង​នៅបាន​ទទួល​សិទ្ធិ​ការពារ​ពី​ឆ័ត្រ​នុយក្លេអ៊ែរ​របស់​អាមេរិក។

កូរ៉េខាងជើង​អាច​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ នៅថ្ងៃ​ទី ៩​កញ្ញា ដែល​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​កូរ៉េខាងជើង

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល ដើម្បី​កំញើញ​រាល់លើក​ដែល​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា ដែល​កូរ៉េខាងជើង​ចាត់ទុក​ថា យុទ្ធសាស្រ្ត​របស់​អាមេរិក ដើម្បី​ត្រៀម​ចូល​ឈ្លានពាន ដើម្បី​ផ្តួល​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។

ការយល់ព្រមព្រៀង​ឲ្យ​កូរ៉េខាងត្បូង​ទិញសព្វាវុធ និង​បន្ថែម​សមត្ថភាព​មីស៊ីល​របស់​កូរ៉េខាងត្បូង គឺ​ប្រៀប​ជា​យក​សាំង​ទៅចាក់​បន្ថែម​ឲ្យភ្លើង​កំហឹង​កូរ៉េខាងជើង​កាន់តែ​ឆេះ​ខ្លាំងឡើង។ ការពង្រឹង​សហប្រតិបត្តិការ​យោធា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក នឹង​អាច​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មាន​ហេតុផល​កាន់តែ​ច្រើន ដើម្បី​អភិវឌ្ឍ​មីស៊ីល​បាលីស្ទីក ហើយនិង​ផលិត​អាវុធ​នុយក្លេអ៊ែរ។

អ្នកជំនាញ​ជឿថា កូរ៉េខាងជើង​នឹង​អាច​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​លើក​ទី ៦​នាពេល​ឆាប់ៗ គឺ​ប្រហែល​នៅ​ថ្ងៃ​ទី ៩​កញ្ញា​ខាងមុខ នៅក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​កូរ៉េខាងជើង។ ការបាញ់សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរនេះ ត្រូវ​បាន​គ្រោងទុក​យូរ​មក​ហើយ នៅ​មុន​កិច្ចព្រមព្រៀង​កូរ៉េខាងត្បូង និង​អាមេរិក ទៅទៀត។ គេ​ជឿថា កូរ៉េខាងត្បូង​​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ ជាច្រើន​លើក ក៏ព្រោះ​តែ​កូរ៉េខាងជើង​ចង់​ពង្រួញ​គ្រាប់បែក​នុយក្លេអ៊ែរ ឲ្យ​នៅ​តូច សម្រាប់​ធ្វើ​ជា​ក្បាលគ្រាប់​នុយក្លេអ៊ែរ បំពាក់​នៅ​លើ​មីស៊ីល។

លោក​មូន ចៃអ៊ីន ដុតចោល​ស្ពាន ចរចា​ជាមួយ​កូរ៉េខាងជើង

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន មក​ពី​ក្រុមសេរីនិយម មិន​ចង់​ប្រឈម ដំឡើង​មុខយក្ស​ដាក់​កូរ៉េខាងជើង​នោះទេ។ នៅ​ក្នុង​ជំនាន់ ដែល​លោកគីម ជុងអ៊ីល ធ្វើ​ជា​អគ្គមគ្គទេសក៍ កូរ៉េខាងជើង លោក​មូន ចៃអ៊ីន​ធ្លាប់​បាន​ចូលរួម​នៅក្នុង​គណៈប្រតិភូ​ចរចា​ដើម្បី​ផ្សះផ្សា​កូរ៉េ​ទាំងពីរ រហូត​ដល់ទៅ​បើក​តំបន់​សេដ្ឋកិច្ច នៅ​ព្រំដែន​កូរ៉េ​ទាំងពីរ។

នៅពេល​ចូល​កាន់តំណែង ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន​ចង់​បន្ធូរ​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដោយ​បាន​ចាប់ផ្តើម​ដំបូង បោះដៃ សុំ​ឲ្យ​មាន​ការចរចា​យោធា និង​សេដ្ឋកិច្ច​ជាមួយ​ក្រុង​ព្យុងយ៉ាង។ ប៉ុន្តែ រហូតមក​ដល់​ពេលនេះ​ ក្រុង​ព្យុងយ៉ាង​មិន​បាន​ឆ្លើយតប​មកវិញទេ។ មួយវិញទៀត ដើម្បី​បន្ទន់​ចិត្ត​មេដឹកនាំ​កូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​បាន​ដកខ្លួន ឲ្យ​ឆ្ងាយ​បន្តិច​ពី​អាមេរិក។ លោក​ធ្លាប់​បាន​រិះគន់ ការតាំង ពង្រាយ​ខែល​មីស៊ីល​THAAD ដែល​អាមេរិក​បានធ្វើឡើង ដោយ​មិនបាន​ជូនដំណឹង​ជាមុន ដល់ រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​ជា​ម្ចាស់ផ្ទះ។

នៅក្នុង​ដំណាក់កាល​ដែល​កូរ៉េខាងជើង​ជឿនលឿន​ទៅមុខ​ខាងផលិត​មីស៊ីល លោក​មូន ចៃអ៊ីនត្រូវ​តែ​ធ្វើអ្វី ដើម្បី​ធានា​ដល់​ប្រជាជន​កូរ៉េខាងត្បូង ដែល​អន្ទះសា ខ្លាច​បារម្ភ​ពីការវាយប្រហារ​មីស៊ីល​របស់​កូរ៉េខាងជើង។ គេ​អាច​និយាយ​ថា ដោយសារ​តែ​កូរ៉េខាងជើង គ្មាន​ឆ្លើយតប​អ្វី​ដើម្បី​ចរចា លោកមូន ចៃអ៊ីន មាន​តែ​សម្រេចចិត្ត​ត្រលប់​ទៅ​ពឹង​ជំនួយ​យោធា​បន្ថែម​ពី​អាមេរិក។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ លោក​មូន ចៃអ៊ីន ដែល រិះគន់​ការតាំង​ពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីល​THAAD​របស់​អាមេរិក នៅ​ទីបំផុត បាន​សុំ​ឲ្យ​អាមេរិក​បញ្ជូន ពង្រាយ​បន្ថែម​មីស៊ីល​THAAD ​នៅក្នុង​ទឹកដី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ