អានតួអត្ថបទ
ឥណ្ឌា

អាជ្ញាធរ​ឥណ្ឌា​​ពង្រឹង​សន្តិសុខ​ខ្លាំង​នៅ​ថ្ងៃ​ប្រកាស​សាលក្រម កាត់ទោស​មេដឹកនាំ​និកាយ​សាសនា

អាជ្ញាធរ​ឥណ្ឌាបាន​ចាប់​ពង្រាយ​ នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ូលិស​ប្រឆាំង​កុប្បកម្ម​រាប់ម៉ឺននាក់ នៅ​រដ្ឋ​Haryana ភាគខាងជើង​ឥណ្ឌា ជាទី​ដែល​តុលាការ​ត្រូវ​ប្រ​​​កាស​សាលក្រម​ផ្តន្ទាទោស​ គ្រូ មេនិកាយ​សាសនា​ដ៏​ល្បី​ឈ្មោះម្នាក់ ពី​បទ​រំលោភ​ផ្លូវភេទ។ វិធានការ​ពង្រឹង​សន្តិសុខ​ធ្វើឡើង ដើម្បីជៀសវាង​កុំ​ឲ្យ​កើតមាន​អំពើហិង្សា​ជាថ្មី ដែល​អាច​បង្ក​ឡើង​ដោយ​សមាជិក​ ដែល​ជឿ​ ងប់ងុល​ទៅលើ​ភាពស្អាតស្អំ​របស់​មេដឹកនាំ​និកាយ​សាសនា​របស់ខ្លួន គឺ Gurmeet Ram Rahim Singh។ នៅ​ថ្ងៃ​សុក្រ ការប៉ះទង្គិចដ៏​ហិង្សា​រវាង​ប៉ូលិស ហើយ​និង​សមាជិករបស់​ Gurmeet Ram Rahim Singh​ បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៣៦​នាក់។

មេនិកាយ​សាសនា​នៅ​ឥណ្ឌា ឈ្មោះ Gurmeet Ram Rahim Singh មុន​ពេល​ត្រូវ​តុលាការ​ចាប់ និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ ពី​បទ​រំលោភផ្លុវភេទ
មេនិកាយ​សាសនា​នៅ​ឥណ្ឌា ឈ្មោះ Gurmeet Ram Rahim Singh មុន​ពេល​ត្រូវ​តុលាការ​ចាប់ និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ ពី​បទ​រំលោភផ្លុវភេទ PUNIT PARANJPE / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ ៥០​ឆ្នាំ Gurmeet Ram Rahim Singh​ ជា​មេដឹកនាំ​និកាយ​សាសនា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ នៅ​រដ្ឋ​Haryana។ ក្រុម​និកាយនេះ​បាន​អះអាង​ថា មាន​សមាជិក​ជាង​៥០​លាន​នាក់ នៅទូទាំង​ពិភពលោក។ នៅ​​ឥណ្ឌា Gurmeet Ram Rahim Singh​ បាន​ទាក់ទាញ​មនុស្ស​រាប់លាន​​នាក់​ឲ្យ​ជឿ​ដើរ​តាម​និកាយ​សាសនា​របស់ខ្លួន (និកាយDera Sacha Sauda)​។ សមាជិក​របស់​និកាយ​​ភាគច្រើន​ មាន​ប្រភព​មក​ពី​វណ្ណៈ​ជាន់ទាប ដែល​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​បាន​សង្គម​បោះបង់​ចោល មិន​ឲ្យ​តម្លៃ។ ក្រៅពីនោះ ក៏មាន​ផងដែរ គ្រូពេទ្យ មន្រ្តីរដ្ឋការ ដែលចូល​ខ្លួន​ទៅ​ជឿ​គោរព​មេនិកាយ​សាសនា Gurmeet Ram Rahim Singh​ បន្ទាប់ពី​ពួកគេ ​លែង​មាន​​ជំនឿ​ តទៅទៀត​​ទៅ​លើ​​សាសនា ហើយ​និង​ការដឹកនាំ​របស់​រដ្ឋអំណាច។

ដាក់​ខ្លួន​ជាអ្នកនាំពាក្យ​របស់​ព្រះ Gurmeet Ram Rahim Singh​ បាន​អប់រំ​សមាជិក​របស់ខ្លួន ឲ្យ​រស់នៅ​ក្នុង​ភាព​សាមញ្ញ និង​ចេះចែករំលែក​ ប៉ុន្តែ Gurmeet Ram Rahim Singhវិញ ត្រូវ​គេស្គាល់​ថា ជា​មេនិកាយ​សាសនា​​​ដ៏​ហ៊ឺហា ពាក់ស្រោច​ដោយ​គ្រឿង​មាស និង​ជិះ​ម៉ូតូ​ធំ​ទាន់សម័យ ដែល​គេ​ជឿថា ជា​វិភាគទាន​ពី​សមាជិក ដែល​អាច​មាន​ផងដែរ​​អ្នកនយោបាយ។

​ដោយសារ​តែ​ឥទ្ធិពល​ ប៉ះពាល់ Gurmeet Ram Rahim Singh​​​​បាន​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​អស់​រយៈពេល ១៥​ឆ្នាំ។ ចាប់តាំង​ពី​ឆ្នាំ ២០០២ លោក​ត្រូវ​បាន​គេ​ចោទប្រកាន់​ពីសម្លាប់​អ្នកកាសែត និង​រំលោភ​ផ្លូវភេទ។ ប៉ុន្តែ ទើប​តែ​នៅ​ថ្ងៃ​សុក្រ​កន្លងទៅ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ពី​ស្រ្តីជនរងគ្រោះ​ពីរនាក់ តុលាការ​ក្នុង​ស្រុក បាន​សម្រេច​ថា Gurmeet Ram Rahim Singh​​ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស និង​ប្រឈមទោស​ជាប់ពន្ធនាគារ ៧ឆ្នាំ។ ការសម្រេច​របស់​តុលាការ​បាន​បណ្តាល​ឲ្យ​សមាជិក​គាំទ្រ មេនិកាយ Gurmeet Ram Rahim Singh​ផ្ទុះកំហឹង ធ្វើ​កុបកម្ម ដុត​រថយន្ត​ប៉ូលិស និង​បំផ្លាញ អគារ​ ស្ថានីយ៍​រថភ្លើង​ពីរកន្លែង នៅ​រដ្ឋ​Haryana។ នៅ​ថ្ងៃ​ចន្ទ ចៅក្រម​ត្រូវ​ប្រកាស​សាលក្រម ផ្តន្ទាទោស​មេនិកាយ​សាសនា។ ដើម្បី​ជៀសវាង កុំ​ឲ្យ សមាជិក​អ្នកគាំទ្រ​​​ Singh ​ចូលលុកលុយ​រំខាន ​​សវនការ​ត្រូវ​គេ​រៀបចំ​ជាពិសេស​នៅក្នុង​ពន្ធនាគារ ជាទី​ដែល​ មេនិកាយ​សាសនា​ត្រូវ​ចាប់ឃុំខ្លួន​តាំងពី​ថ្ងៃសុក្រ។ យ៉ាងណាក៏ដោយ ប៉ូលិស​ឥណ្ឌា​រាប់ម៉ឺន​នាក់​ត្រូវ​បាន​ពង្រាយ​នៅ​ជុំវិញ ពន្ធនាគារ ព្រោះ​គេ​បារម្ភ​ថា សមាជិក​រាប់​ម៉ឺននាក់​របស់​ មេនិកាយ​Singh​នឹង​លើក​គ្នា​ជាថ្មី មក​តវ៉ា​ ប្រព្រឹត្ត​អំពើហិង្សា​ដើម្បី​ប្រឆាំង​នឹង​ការផ្តន្ទាទោស​ទៅលើ​មេដឹកនាំ​របស់គេ។ សវនការ​ជំនុំជម្រះ​មេដឹកនាំ​និកាយ​Singh​ ហើយ​និង​អំពើហិង្សា​នៅ​ថ្ងៃ​សុក្រ មិនត្រឹម​តែ​ឆ្លុះបញ្ចាំង​ពី​ជំនឿងប់ងុល​​របស់​ប្រជាជន​ទៅ​លើ​បុគ្គល​ម្នាក់តែប៉ុណ្ណោះ​ទេ វាបង្ហាញ​ផងដែរ​ពី​ចំណុច​ខ្សោយ​របស់​អាជ្ញាធរ​ដែល​មិនអាច​ដឹកនាំ​ក្នុង​តំបន់​គ្រប់គ្រង​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ