អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​បាន​ប្រកាស​ពី​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ប្រកប​ដោយ​ជោគជ័យ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី៣ កញ្ញា​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​គ្រាប់បែក​អ៊ីដ្រូសែន។ ការ​សាកល្បង​គ្រាប់បែក​ប្រភេទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ដី និង​ដែល​ឥទ្ធិពល​របស់​វា​ប្រៀប​ដូច​នឹង​គ្រោះរញ្ជួយដី​ក្នុង​កម្រិត​ដល់​ទៅ ៦,៣រ៉ិចទ័រ។ នេះ​ជា​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី៦ ពី​សំណាក់​កូរ៉េខាងជើង គិត​តាំង​ពី​ឆ្នាំ ២០០៦។ សហគមន៍​អន្តរជាតិ មាន​ទាំង​ចិន និង​រស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​របប​ក្រុង​ព្យុងយ៉ាង​បាន​ថ្កោលទោស​លើ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ពេល​នេះ។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ស្នើ​ឲ្យ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​ចាស់ដៃ​លើ​កូរ៉េខាងជើង។

កូរ៉េខាងជើង​បាន​ប្រកាស​ពី​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ប្រកប​ដោយ​ជោគជ័យ !
កូរ៉េខាងជើង​បាន​ប្រកាស​ពី​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ប្រកប​ដោយ​ជោគជ័យ ! KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ការ​ប្រកាស​ទទួល​ស្គាល់​ដោយ​​កូរ៉េខាងជើង​ផ្ទាល់ គេ​ពិត​ជា​ពិបាក​ស្វែង​រក​ព័ត៌មាន​ផ្សេង​ដើម្បី​អាច​ផ្ទៀងផ្ទាត់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រឹត្តិការណ៍​ផ្ទុះ​យ៉ាង​កក្រើក​ដី​ដូច​គ្រោះរញ្ជួយដី​ដែល​មាន​កម្រិត​ដល់​ទៅ ៦,៣រ៉ិចទ័រ ជា​ភស្តុតាង​មួយ​គ្រប់គ្រាន់​ដែល​ស បញ្ជាក់​ពី​ការ​សាកល្បង​គ្រាប់បែក​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​របស់​កូរ៉េខាងជើង។ អគ្គបញ្ជាការដ្ឋាន​កូរ៉េខាងត្បូង​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ពី​ការ​ចាប់​បាន​រលក​រញ្ជួយដី​មួយ​នៅ​ក្បែរ​មជ្ឈមណ្ឌល​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឈ្មោះ Punggye-ri។ បន្ទាប់​មក ព័ត៌មាន​មួយ​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថានភូគព្ភសាស្ត្រ​អាមេរិកាំង​ដែល​ថា កម្រិត ៦,៣រ៉ិចទ័រ​ពិត​ជា​កម្រិត​មួយ​ខ្លាំង​ជាង​ការ​សាកល្បង​លើក​មុនៗ និង​ថា កម្រិត​មួយ​នេះ​កើត​ចេញ​ពី​ការ​បំផ្ទុះ​គ្រាប់​ជាង​រញ្ជួយដី។

ចំណែក​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងត្បូង​ឈ្មោះ Yonhap បាន​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ការិយាល័យ​ឧតុនិយម​នៅ​កូរ៉េខាងត្បូង​ដែល​ថា កម្រិត​រញ្ជួយដី​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​លើក​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​បំផ្ទុះ​លើក​មុន​ដល់​ទៅ​ជិត ១០ដង។ នៅ​ទីបំផុត ទូរទស្សន៍ជាតិ​នៅ​កូរ៉េខាងជើង​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ប្រកប​ដោយ​ជោគជ័យ។ តាម​ពិត​ទៅ​នៅ​មុន​ការ​សាកល្បង​នេះ កូរ៉េខាងជើង​ក៏​បាន​បញ្ជាក់​ពី​ការ​ផលិត​បាន​គ្រាប់បែក​អ៊ីដ្រូសែន​ដែល​អាច​យក​ទៅ​បំពាក់​លើ​គ្រាប់មីស៊ីលបាលី។ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​ឈ្មោះ CKNA មនុស្ស​ខ្លាំង​កូរ៉េខាងជើង​គីម ជុងអ៊ុន​បាន​ថ្លែង​អួតអាង​ថា គ្រាប់បែក​អ៊ីដ្រូសែន​នេះ​ជា​ប្រភេទ​គ្រាប់បែក​មាន​ឥទ្ធិពល​ខ្លាំងក្លា​ផលិត​ដោយ​ក្រុមអ្នកជំនាញ​កូរ៉េខាងជើង និង​ប្រើ​បច្ចេកវិទ្យា​កូរ៉េខាងជើង ១០០%។

ភាព​ខុស​គ្នា​រវាង​គ្រាប់បែក​នុយក្លេអ៊ែរ​ប្រភេទ A និង H

មាន​គ្រាប់បែក ២ប្រភេទ​ដែល​គេ​ចាត់​ទុក​ជា​គ្រាប់បែក​ដ៏​មាន​ឥទ្ធិពល និង​គ្រោះថ្នាក់ គឺ​គ្រាប់បែក A និង​គ្រាប់បែក​អ៊ីដ្រូសែន​ហៅកាត់​ថា គ្រាប់បែក H។

គ្រាប់បែក A និង​គ្រាប់បែក H ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រាប់បែក​នុយក្លេអ៊ែរ​ដូច​គ្នា តែ​មាន​ឥទ្ធិពល​ខុស​គ្នា​ឆ្ងាយ​ណាស់។ គ្រាប់បែក A ជា​គ្រាប់បែក​ផលិត​ដោយ​អាមេរិកាំង​នៅ​ក្នុង​សម័យ​សង្រ្គាមលោក​លើក​ទី២។ គ្រឿងបញ្ឆេះ​នៅ​ក្នុង​គ្រាប់បែក A ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជាតិអាតូម​ធ្ងន់ ដូច​យ៉ាង​ជាតិ​អ៊ុយរ៉ាញ៉ូម​ប្រភេទ ២៣៥ ឬ​ជាតិ​ភ្លុយតូញ៉ូម​ប្រភេទ ២៣៩​ដាក់​នៅ​ក្នុង​ស្នូល​មួយ។

នៅ​ពេល​ដែល​មាន​បរិមាណ​អាតូម​គ្រប់គ្រាន់ ការ​បំផ្ទុះ​គ្រាប់បែក​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះឆេះ​បំបែក​អាតូម​បន្តៗ​គ្នា​រហូត​បង្ក​ឲ្យ​មាន​កំដៅក្តៅ​រាប់ម៉ឺន​អង្សារ​យ៉ាង​ឆាប់​រហ័ស និង​ក្នុង​រយៈពេល​ខ្លី។ គ្រាប់បែក​នុយក្លេអ៊ែរ​ប្រភេទ A នេះ​ត្រូវ​បាន​ទ័ពអាមេរិក​ប្រើ​ទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ទីក្រុង​ណាហ្កាស្ហាគី​របស់​ជប៉ុន​កាល​ពី​ខែ​សីហា ឆ្នាំ ១៩៤៥ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២០ម៉ឺននាក់។ ចំណែក​គ្រាប់បែក​នុយក្លេអ៊ែរ​ប្រភេទ H គឺ​មាន​ឥទ្ធិពល​ខ្លាំង​ឆ្ងាយ​ណាស់ ឬ​គេ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ជា​ការ​យក​គ្រាប់បែក A ទៅ​ធ្វើ​ឲ្យ​ចម្រើន និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្រោម​បច្ចេកវិទ្យា​ថ្មី។

គ្រាប់បែក H មាន​ពីរ​ជាន់ ទី១ មាន​ដាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ផ្ទុក​ដោយ​ជាតិ​អ៊ុយរ៉ាញ៉ូម​ប្រភេទ ២៣៥ ឬ​ជាតិ​ភ្លុយតូញ៉ូម​ប្រភេទ ២៣៩ និង​នៅ​ជាន់ទី២ ជា​ក្បាល​ចំហេះ​ដើរ​ដោយ​ចំហាយទឹក​ក្តៅ។ គ្រាប់បែក H អាច​បង្ក​ឲ្យ​មាន​ភាព​មហន្តរាយ​ក្រោម​ទ្រង់ទ្រាយ​ធំ​ជាង​គ្រាប់បែក A និង​អាច​បញ្ចេញ​កំដៅ​លើស​គ្រាប់បែក A ច្រើន​ណាស់។ ក្រុម​អ្នកវិភាគ​យល់​ថា បើ​កូរ៉េខាងជើង​ពិត​ជា​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​មែន នោះ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ពិត​កំពុង​បោះ​ជំហាន​ទៅ​មុខ​គួរ​ឲ្យ​បារម្ភ​ខ្លាំងណាស់។

សហគមន៍​អន្តរជាតិ​ថ្កោលទោស​ទង្វើ​របស់​កូរ៉េខាងជើង

ក៏​ដូច​ជា​សព្វមួយ​ដង ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​ដោយ​បាន​ថ្កោលទោស​ខ្លាំងៗ​លើ​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៦ របស់​កូរ៉េខាជើង​ពេល​នេះ។ ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិន​លេច​របស់​កូរ៉េខាងជើង​បាន​ជំរុញ​របប​ក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ឈប់​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ដែល​ចិន​យល់​ថា កាន់​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ធ្លាក់​ដុនដាប និង​មិន​បាន​ហុច​ប្រយោជន៍​អ្វី​សម្រាប់​កូរ៉េខាងជើង​ខ្លួន​ឯង​ឡើយ។ រីឯ​រុស្ស៊ី​ដែល​ជា​មិត្ត​ស្និទ្ធ​នឹង​កូរ៉េខាងជើង​ក៏​បាន​ថ្កោលទោស​ដែរ តែ​ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​មាន​ការ​អត់ធ្មត់ និង​ចៀសវាង​ប្រើ​កម្លាំងបាយ​ដើម្បី​ដោះស្រាយ​បញ្ហា។

នៅ​ជប៉ុន លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ចាត់​ទុក​ទង្វើ​របស់​កូរ៉េខាងជើង​ថា ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ ចំណែក​បងប្អូន​បង្កើត​គូសត្រូវ​កូរ៉េខាងជើង គឺ​កូរ៉េខាងត្បូង​តាម​រយៈ​លោក​ប្រធានាធិបតី​មូន ចៃអ៊ីន​បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​ចាស់ដៃ​ដោយ​ប្រើ​យន្តការណ៍​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ធ្វើ​ឲ្យ​កូរ៉េខាងជើង​រឹត​តែឯកោ​នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​បារាំង លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ម៉ឹងម៉ាត់​ដាក់​កូរ៉េខាងជើង​ដោយ​លោក​យល់​ថា ទង្វើ​របស់​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​លោក។

នៅ​សហភាព​អឺរ៉ុប លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប Federica Mogherini បាន​បរិហារ​លើ​ទង្វើ​របស់​កូរ៉េខាងជើង និង​អំពាវនាវ​របប​ព្យុងយ៉ាង​ឲ្យ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ទាំង​អស់ រួច​វិល​ត្រឡប់​ទៅ​កាន់​តុចរចា​ជា​ថ្មី​ដោយ​ស្មោះត្រង់។ ប្រតិកម្ម​ក៏​មាន​ដែរ​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA ដែល​បរិហារ​លើ​ទង្វើ​គួរ​ឲ្យ​សោកស្តាយ និង​ការ​មើលងាយ​សហគមន៍​អន្តរជាតិ​របស់​កូរ៉េខាងជើង។ រីឯ​អង្គការ​អូតង់​តាម​រយៈ​លោក​អគ្គនាយក Jens Stoltenberg ក៏​បាន​សម្តែង​ការ​សោកស្តាយ​លើ​កាយវិការ​បង្ក​អស្ថិរភាព​របស់​ក្រុង​ព្យុងយ៉ាង​ដែល​កំពុង​គំរាម​សន្តិសុខ​តំបន់ និង​អន្តរជាតិ។

ពីសហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​មិន​ញញើត​នឹង​ចាត់​ទុកកូរ៉េខាងជើង​ជា​រដ្ឋ​យូកូម និង​ថា គេ​មិ​ន​អាច​ប្រើ​នយោបាយ​បន្ធូរបន្ថយ​ដាក់​កូរ៉េខាងជើងបាន​ទៀត​ឡើយ។ ទន្ទឹម​គ្នា​នេះ សេតវិមាន​ប្រកាស​ឲ្យ​ដឹងថា លោកត្រាំ​កោះប្រជុំ​ក្រុមសន្តិសុខ​ជាតិដើម្បី​សិក្សាពីបញ្ហា​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ