BRICS បើកជំនួបកំពូលប្រចាំឆ្នាំក្នុងបរិបទសេដ្ឋកិច្ចអាប់អួរ
កំណើនសេដ្ឋកិច្ចនឹងថ្កល់ គំនិតប្រឹងការពារតែប្រយោជន៍ជាតិឯងផុសឡើងខ្លាំង... គឺក្នុងបរិបទសេដ្ឋកិច្ចដ៏អាប់អួរនេះឯងដែលចិន ត្រូវធ្វើជាម្ចាស់ផ្ទះទទួលរៀបចំជំនួបកំពូល Brics ពីថ្ងៃអាទិត្យទី៣កញ្ញានេះសម្រាប់រយៈពេលបីថ្ងៃ នៅក្រុងកំពង់ផែ Xiamen។ ជាជំនួបកំពូលដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍មានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេចំនួន៥ ៖ ចិន ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ដោយមានចិនជាប្រធាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅសល់តែ៧សប្តាហ៍ទៀតប៉ុណ្ណោះ ចិនក៏ត្រូវរៀបចំសមាជបក្សដើម្បីជ្រើសតាំងលោកឱ្យបន្តតំណែងអាណត្តិទីពីរ ដូច្នេះប្រធានាធិបតីចិន លោក ស៊ី ជីនពីង មិនលាក់បាំងមោទនភាព និងភាពរីករាយក្នុងការដើរតួជាអ្នកដឹកនាំជំនួបកំពូលBrics ជាមេដឹកនាំចិនដ៏ខ្លាំងក្លា ជាមហាអំណាចសម័យសកលលោកភាវូបនីកម្មទេ។
មេដឹកនាំក្រុមប្រទេសទាំង៥ Brics ដែលមកជួបជុំគ្នានៅក្រុងXiamen ថ្ងៃនេះ តំណាងឱ្យ៤០%នៃភពផែនដី បើគិតអំពីចំនួនប្រជាជន និងមានចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចពិភពលោកក្នុងកំរិតដល់ទៅ៥០% ដោយមានចិននិងឥណ្ឌាជាក្បាលម៉ាស៊ីន។
ហើយគឺជំនួបរវាងប្រមុខដឹកនាំប្រទេសទាំងពីរ ចិននិងឥណ្ឌានេះឯងដែលពិភពលោកកំពុងផ្តោតអារម្មណ៍ខ្លាំង។ តើលោក មូឌី នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក ស៊ី ប្រធានាធិបតីចិន ត្រៀមខ្លួនបំភ្លេចជម្លោះព្រំដែនដែលបំពុលទំនាក់ទំនងរវាងគ្នាអស់រយៈពេលជាងពីរខែដែរឬទេ ?!
នេះគឺជាលើកទី៩ ហើយដែលBrics បានបើកជំនួបកំពូល ដើម្បីអាចបង្ខិតចូលគ្នាកាន់តែជិត និង ដើម្បីសម្រេចមហិច្ឆតារួម ច្របាច់ចងធ្លុងគ្នាបញ្ចេញសំឡេងតែមួយ នៅលើពិភពលោក។ ពិភពលោកដែលរាល់ច្បាប់វិធានសេដ្ឋកិច្ចត្រូវបានតាក់តែងនិងសរសេរដោយក្រុមបស្ចឹមលោក។ ប៉ុន្តែកម្មវត្ថុរបស់Brics ហាក់ដូចជានៅឆ្ងាយខ្លាំងណាស់។
ភាពមិនស៊ីចង្វាក់គ្នា បានលេចឡើងកាន់ខ្លាំងនារយៈពេលប៉ុន្មានខែក្រុងក្រោយនេះ ! ភាពប្រេះស្រាំ និងគម្លាតរវាងក្រុមប្រទេសទាំង៥ ត្រូវបានពុំចែកដោយប្រព័ន្ធនយោបាយ និងប្រព័ន្ធសេដ្ឋកិច្ចដ៏ខុសគ្នាស្រលះ។ គ្មានអ្វីជារួមគ្នាសោះ រវាងចិនរបស់បក្សកុម្មុយនិស្ត រុស្ស៊ីផ្តាច់ការរបស់លោកពូទីន និងប្រជាធិបតេយ្យជ្រួលច្រាលរបស់ប្រេស៊ីល ឥណ្ឌានិងអាហ្វ្រិកខាងត្បូង ?!
បញ្ហាសំខាន់មួយទៀតដែលជំនួបកំពូលលើកមកពិភាក្សាដែរ។ តើក្រុមប្រទេសទាំង៥ មានគម្រោងយ៉ាងណាខ្លះសម្រាប់ផ្តល់សន្ទុះដល់សេដ្ឋកិច្ចរបស់ខ្លួន ? ព្រោះថា ប្រេស៊ីលកំពុងស្វែងរកអ្នកវិនិយោគទាំងអស់សង្ឃឹម។ អាហ្វ្រិកខាងត្បូងកំពុងធ្លាក់ខ្លួនមានសេដ្ឋកិច្ចដើរថយក្រោយ។ រុស្ស៊ីរងទណ្ឌកម្មអន្តរជាតិ។ ឯឥណ្ឌានិងចិន គ្មានកំណើនសេដ្ឋកិច្ចចែងចាំងទេ។ ជំនួបកំពូល Xiamen ត្រូវបើកផ្លូវអភិវឌ្ឍន៍ថ្មី ប៉ុន្តែសម្រាប់ចិនក្រុមហ៊ុនចិនច្រើនជាង។
ប៉ុន្តែនយោបាយការពារតែសេដ្ឋកិច្ចជាតិឯងរបស់លោកដូណាល់ បានចងរឹតក្រុមប្រទេសBrics បានបន្តិចវិញដែរ។ ហើយចិនបានឆក់ឱកាសនេះ ក្នុងការតាំងខ្លួនជាក្បាលម៉ាស៊ីនសកលភាវូបនីយកម្មសេដ្ឋកិច្ច។ ដើម្បីផ្តល់ដង្ហើមថ្មី ចិនបានអញ្ជើញប្រទេសម៉ិចស៊ិក អេហ្ស៊ីប និងថៃ ដែលជាប្រទេសមានសក្តានុពលខ្លាំង ឱ្យមកចូលរួមក្នុងជំនួបកំពូលលើកនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ