អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គីម ជុងអ៊ុន ពី​មេដឹកនាំ​ក្មេង​ខ្ចី​ខ្វះ​បទ​ពិសោធន៍ ទៅ​ជា​អ្នក​មាន​ប្រៀប ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ ដឹកនាំ​ដោយ​ គីម ជុងអ៊ុន គ្មាន​ខ្វល់​ គ្មាន​ព្រឺរអារ​នឹង​ទណ្ឌកម្ម ឬ​ពាក្យ​សំឡុតរបស់​សហគមន៍​អន្តរជាតិ​ -អាមេរិក និង​ចិន​ឡើយ។ កូរ៉េខាង​ជើង​បន្ត​ធ្វើ​ការ​សាកល្បង​មីស៊ីល និង​នុយក្លេអ៊ែរ​អត់ដាច់។ កា​រសាកល្បង​នុយក្លេអ៊ែរប្រកប​ដោយ​ជោគជ័យ​ កូរ៉េខាង​ជើង​បាន​ធ្វើ​​ជា​លើក​ទី​៦ នៅ​ថ្ងៃអាទិត្យ​ទី ៣ កញ្ញា បាន​និង​កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ពិភពលោក​ទាំង​មូល។ ​ តើ​ទង្វើ​បែប​នេះ​ជា​សេចក្តី​​សម្រេច​របស់​មេដឹកនាំ​ក្មេង​ខ្ចី​ខ្វះ​បទ​ពិសោធន៍​ ឬ​ក៏​ជា​ជម្រើស​​ច្បាស់​លាស់ ជា​យុទ្ធសាស្ត្រ​ ?

ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង គីម ជុងអ៊ុន
ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង គីម ជុងអ៊ុន KCNA/via REUTERS
ផ្សាយពាណិជ្ជកម្ម

ឡប់​សតិ កន្ធាត់ ​ឆ្កួត ...ពាក្យ​បន្តុះ​បង្អាប់ហៅ​ គីម ជុនអ៊ុន ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​វ័យ​៣៣​ឆ្នាំ ​មាន​ច្រើន​ណាស់។ ​កន្លង​មក​នេះ​ គេ​ទំនង​មើល​ស្រាល​ គីម ជុងអ៊ុន​ ជ្រុល​បន្តិច ទើប​ផលវិបាក​ហាក់​ដូច​ជា​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ពេល​នេះ។

ដើរ​តាម​គន្លង​ឪពុក និង​ជីតា គីមជុងអ៊ុន កំពុង​នាំ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (ឈ្មោះ​ផ្លូវការ​របស់​កូរ៉េខាងជើង) ឱ្យ​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ថ្មី​ ! ​ ដោយ​​ផ្គើន​​​​​សហរដ្ឋ​អាមេរិក​ផង និង​ ចិន ​ជា​មហាមិត្តតែ​មួយ​គត់​របស់​ខ្លួន​ទៀត។ ​ ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​៦ ប្រព្រឹត្ត​​ទៅ​ចំ​ថ្ងៃ​ដែល​ចិន​បើក​ជំនួប​កំពូល​ក្រុម​៥​ប្រទេស​កំពុង​លូត​លាស់​ខ្លាំង Brics។ បើ​តាម​អ្នក​វិភាគ ​នេះ​មិនមែន​​ជា​ការ​ចៃដន្យទេ តែ​​ជា​សារ​របស់​ព្យុង យ៉ាង​ចំពោះ​ប៉េកាំង​ កុំ​ឱ្យ​យក​កូរ៉េខាង​ជើង​ទៅ​ធ្វើ​ជា​កូន​អុក​ក្នុង​ជម្លោះ​ជាមួយ​អាមេរិក​ ?

នៅ​ពេល​ឡើង​កាន់​អំណាច​​ភ្លាម នៅ​ឆ្នាំ​២០១១ គ្រប់​គ្នា​គិត​ថា​ គីមជុងអ៊ុន កូន​ប្រុស​ទីបី​របស់​អគ្គមគ្គុទេសក៍​គីម ជុងអ៊ីល គ្រាន់​តែ​ជាតំណាង​មេ​ដឹកនាំ​​​ដែល​ញាក់​ខ្សែ​ដោយមេកុម្មុយនិស្ត​គ្រាក់ៗ​សល់ពីសម័យ​ឪពុក​ទេ។ គ្មានបទ​ពិសោធន៍ បាន​ក្លាយ​ជា​មេ​ដឹកនាំ​ប្រទេស​ដោយ​សារ​ការ​តែង​តាំង​ពី​ឪពុក ដោយសារ​ការ​លើក​បន្តុប​របស់​​បក្ស​ ដូច្នេះ​គ្មាន​អំណាច​ពិត​ទេ ! ប៉ុន្តែភាព​ដាច់​ខាត​​របស់​គីមជុងអ៊ុន មាន​ខ្លាំង​​ជាង​ការ​គិត​របស់​ពិភពលោក​ទៅ​ទៀត។ គ្មាន​ត្រាប្រណី​ ដក​ បំបាត់​ រាល់​គ្រប់​បុគ្គល​ដែល​មិនចង់​​ឱន​គោរព​ខ្លួន សូម្បី​តែ​ឪពុកមា​ដែល​ជា​ទន្ទល់​អំណាច​ក៏​មិន​អនុគ្រោះ​ផង។

ភាពឆ្លាត​ ដាច់ខាត កាចហើយ​សាហាវ មិន​ស្ទាក់ស្ទើរ​នឹង​​កម្ចាត់​ជនសង្ស័យ​ បាន​ធ្វើ​អ្នក​ជុំវិញពិចារណា​ឡើងវិញ និងបាន​ផ្តល់​ឱកាស​ឱ្យ​គីមជុងអ៊ុន​​ប្រមូលអំណាច​​ក្តាប់​បាន​យ៉ាង​ពេញ​ដៃ។ បើ​តាម​សាស្ត្រាចារ្យ​ជំនាញ​នៅ​សាកលវិទ្យាល័យ Koomkim ​ក្រុង​សេអ៊ូល គីមជុងអ៊ុន ធ្វើការតែ​​ជាមួយ​ក្រុម​ជំនិត​ មួយ​ក្រុម​តូច សុទ្ធ​តែ​​​ក្មេងខ្ទង់ ​៤០​ឆ្នាំ ​មិន​សូវ​មាន​អ្នក​ស្គាល់ និងជា​​ឥស្សរជនចាស់ៗ​ពីរបី​នាក់​ប៉ុណ្ណោះ។ បែងចែក​ទំនួល​ខុស​ត្រូវ​ឱ្យ​ទីប្រឹក្សា​ច្រើន​ជាង​ឪពុក​ ប៉ុន្តែ​គីមជុងអ៊ុន​ជា​អ្នក​សម្រេច​ចុងក្រោយ​គ្រប់ការណ៍។

គ្រាន់​តែ​ឡើង​កាន់​​អំណាច​បាន​បន្តិច គីម ជុងអ៊ុន បាន​សើរើ​រៀប​ចំ​ផែនការ​បន្សល់​ទុក​ដោយ​ជីតា​ កាលពី​ឆ្នាំ​១៩៦២ ដោយបាន​យក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មកដាក់​ទន្ទឹម​​នឹង​ការ​ពង្រឹង​វិស័យការពារ​ជាតិ ហើយ​បន្ត​ការ​​ពង្រីកកម្មវិធី​នុយក្លេអ៊ែរ​ ដែល​ជា​តំណាង​អាយុ​ជីវិត​របស់​ប្រទេស។ បើ​កម្មវត្ថុនេះ​​សម្រេច​បាន នោះ​កូរ៉េខាង​ជើង​ពិត​ជា​មាន​ប្រៀប​ខ្លាំង​ ក្នុង​ការ​ចូល​ទៅ​ចរចា​ជាមួយ​អាមេរិក ឬ​ចរចា​សន្តិភាព​ឱ្យ​​​ឧបទ្វីប​កូរ៉េ ដែល​បើ​តាម​ភាសា​បច្ចេកទេស នៅ​មាន​សង្គ្រាម​នឹងគ្នា​នៅ​ឡើយ។

​​បដិសេធ​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរមែន តែ​ គីមជុងអ៊ុន​ បាន​បត់​បែន​មនោគមវិជ្ជា​ដឹកនាំ​ខ្លះ ដោយ​បាន​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​ពន្លឿន​​ការ​បើក​​ទូលាយ​សេដ្ឋកិច្ច​ ប្រកប​ដោយ​​ផ្លែផ្កា​ ៖ មានផ្លូវ​ថ្នល់​ស្អាត អាគារ​ខ្ពស់ៗ​កប់​ពពក ឧទ្យាន​កំសាន្ត ហាងទំនិញថ្មី ... ​សេដ្ឋកិច្ច​និង​សង្គម​ មានការ​ប្តូរ​ផ្លាស់​ច្រើន​នៅ​រដ្ឋធានី (ឯខេត្ត​និង​ជនបទ​នៅ​យ៉ាប់​យឺន​ខ្លាំងដដែល)​ និង​នាំ​​កំណើន​សេដ្ឋកិច្ចដល់​ទៅ​៣%​ដែរ នៅ​ឆ្នាំ​២០១៦។

កំណែទម្រង់​បាន​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកូនកាត់​ វិស័យ​ឯកជន​ផ្តើម​ចាប់​កំណើត​ ដែល​ធ្វើ​ឱ្យ​មាន​ស្រទាប់​សង្គម​ថ្មី​ជា​សហគ្រិន ជា​អ្នក​រកស៊ី​ អ្នក​កណ្តាល សម្រាប់​តភ្ជាប់​ទៅ​ក្រុម​ឧត្តមសេនីយ៍​ជាន់​ខ្ពស់។ ប៉ុន្តែផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ស្រប​នឹង​យោធានៅ​តែ​ផុយស្រួយ​ខ្លាំង ​កូរ៉េខាង​ជើង នៅ​តែ​​ជា​ប្រទេស​ផ្តាច់ការ​ គ្រោះ​ទុរ្ភិក្សនៅ​បន្ត​ញាំញី និង​ត្រូវការ​រំពឹង​តែ​លើ​ជំនួយ​មនុស្សធម៌​អន្តរជាតិ។ ភាព​រាំងស្ងួត​​នា​រដូវ​ក្តៅ​កន្លង​មក​នេះ​បាន​ជំរុញ​ឱ្យ​កូរ៉េខាង​ជើង​ជួប​គ្រោះ​ខ្វះ​ចំណី​អាហារ​ជា​ថ្មី បូក​ផ្សំ​នឹង​ការ​ពង្រឹង​ទណ្ឌកម្ម​អន្តរជាតិ​​ឥត​ឈប់​ទៀត សេដ្ឋកិច្ច​កូរ៉េខាង​ជើង​ពិត​ជា​ពិបាក​ស្ទុះ​ឡើង​ណាស់ ហើយ​ស្ថានភាព​ដែល​យាប់យឺន​ស្រាប់​អាច​នឹង​ធ្លាក់​កាន់​តែ​ដុនដាប​ជា​មិន​ខាន។

ប៉ុន្តែ​ក្រោយ​​ជោគជ័យ​នៃ​​ការ​សាកល្បង​នុយក្លេអ៊ែរ ដែល​ជា​អាវុធ​ដ៏​មាន​​មហិទ្ធិរិទ្ធ​ ទំនង​ដល់​ពេល​ដែល​គីម​ជុន​អ៊ុន​​ត្រូវ​ចាប់​ផ្តើមគិត​គូរ​​បើក​ប្រតិបត្តិការ​ចែចង់​​ម្តង ដើម្បី​សាកល្បង​រក​វិធី​បើក​កិច្ចចរចា​ជាមួយ​អាមេរិក។ នេះ​គឺ​ជា​ល្បែង​យុទ្ធសាស្ត្រ​​របស់​កូរ៉េខាង​ជើង។​ ហើយ​ព្យុងយ៉ាង​ ជា​អ្នក​មាន​ប្រៀប​ជាង​គេ ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​សង្គ្រាមទេ សូម្បី​តែ​អាមេរិក​ក៏​មិន​ចង់​ដែរ។ ចំណែក​ចិន​រឹត​តែ​មិន​ចង់ទៀត គ្រាន់តែថា​ចិន​​​​ស្ថិត​ក្រោម​សម្ពាធខ្លាំង​​ជាងគេ​ ៖ សម្ពាធ​ពី​ខាង​អាមេរិក​ឱ្យ​ដាក់​ទណ្ឌកម្ម​ព្យុងយ៉ាង​ជា​ថ្នូរ​នឹង​ការ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ សម្ពាធ​ពី​ខាង​កូរ៉េខាង​ជើង​ដែល​បាន​ការ​ចរចា​ជាមួយ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ