អានតួអត្ថបទ

ILO៖​មាន​មនុស្ស​ស្លាប់​ដោយ​ការងារ​ចំនួន ២លាន ៧សែន ៨ម៉ឺននាក់​ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​លោក

អង្គការ​ពលកម្ម​អន្តរជាតិ (The International Labor Organization) ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ILO បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​នៃ​ជីវិត​ការងារ​ក្នុង​លោក។ តាម​របាយការណ៍ មាន​មនុស្ស​ស្លាប់​ដោយ​ការងារ​ចំនួន ២លាន ៧សែន ៨ម៉ឺននាក់​ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​លោក។ របាយការណ៍​មួយ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នា​ថ្ងៃ​ចន្ទ ទី៤ កញ្ញា​ក្នុង​សមាជ​អន្តរជាតិ​លើកទី២១ ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ។

កម្មករ​សំណង់
កម្មករ​សំណង់ LOIC VENANCE / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​រៀងរាល់ ១៥វិនាទី​ម្តង មាន​ស្លាប់​អ្នក​ធ្វើ​ការងារ​ម្នាក់​ដោយ​គ្រោះថ្នាក់ ឬ​មួយ​ដោយ​ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ ហើយ​បើ​គិត​ជា​សរុប​ក្នុង​១ឆ្នាំៗ គឺ​មាន​ស្លាប់​ចំនួន ២លាន ៧សែន ៨ម៉ឺននាក់​នៅ​ទូទាំងពិភពលោក នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី៤ កញ្ញា។ សូម​ជម្រាប​ជូន​ថា​រៀងរាល់ ៣ឆ្នាំ​ម្តង អង្គការ​ពលកម្ម​អន្តរជាតិ​តែងតែ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បញ្ជី​ចំនួន​មនុស្ស​ស្លាប់​ដោយ​ការងារ ហើយ​គេ​សង្កេត​ឃើញ​ថា ចំនួន​នេះ​តែង​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ក្នុង​ឆ្នាំ ២០០០ ចំនួន​មនុស្ស​ស្លាប់​ដោយ​ការងារ​មាន ២លាននាក់ ហើយ​កាល​ពី ៣ឆ្នាំ​មុន ចំនួន​នេះ​បាន​កើន​ដល់​ទៅ ២លាន ៣សែន​នាក់។ បច្ចុបន្ន នៅ​ក្នុង​ចំនួន​មនុស្ស​ស្លាប់​ដោយ​ការងារ មាន​ជាង​ពាក់កណ្តាល​ស្លាប់​ដោយ​ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ ហើយ​មហារីក​ជា​ជម្ងឺ​ស្ថិត​លំដាប់ទី១ ក្នុង​ចំណោម​ជម្ងឺ​ទាំង​អស់។ ជម្ងឺមហារីក​នេះ​បាន​កើត​ចេញ​ជា​ពិសេស​ពី​ការ​ស្រូប​ល្អងធូលីជាតិគីមី​បង្កប់​នៅ​ក្នុង​គ្រឿងសំណង់​អាគារ​ដែល​ក្រុមហ៊ុន​សាងសង់​ប្រើ ដូច​យ៉ាង​ដំបូលផ្ទះ​ធ្វើ​ពី​ស៊ីម៉ង់​ជា​ដើម។

តាម​របាយការណ៍ វិស័យ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ដោយ​គ្រោះថ្នាក់​ការងារ ឬ​ដោយ​ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ​មាន​វិស័យ​កសិកម្ម និង​វិស័យ​សាងសង់។ យ៉ាង​ណា​ក៏​ដោយ ទិន្នន័យ​នៃ​ការ​ស្លាប់​មនុស្ស​ដោយ​ការងារ​មាន​ការ​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ជាក់ស្តែង​នៅ​អឺរ៉ុប ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ការងារ ឬ​ដោយ​ជម្ងឺ​ពាក់ព័ន្ធ​នឹង​ការងារ​មាន​ជាង ២០០ ០០០នាក់​ក្នុង​មួយ​ឆ្នាំៗ ចំណែក​នៅ​អាស៊ី​មាន ១លាន ៥សែននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ