នៅរៀងរាល់ ១៥វិនាទីម្តង មានស្លាប់អ្នកធ្វើការងារម្នាក់ដោយគ្រោះថ្នាក់ ឬមួយដោយជម្ងឺពាក់ព័ន្ធនឹងការងារ ហើយបើគិតជាសរុបក្នុង១ឆ្នាំៗ គឺមានស្លាប់ចំនួន ២លាន ៧សែន ៨ម៉ឺននាក់នៅទូទាំងពិភពលោក នេះបើតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិចេញផ្សាយក្នុងថ្ងៃទី៤ កញ្ញា។ សូមជម្រាបជូនថារៀងរាល់ ៣ឆ្នាំម្តង អង្គការពលកម្មអន្តរជាតិតែងតែធ្វើបច្ចុប្បន្នភាពនៃបញ្ជីចំនួនមនុស្សស្លាប់ដោយការងារ ហើយគេសង្កេតឃើញថា ចំនួននេះតែងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឆ្នាំ ២០០០ ចំនួនមនុស្សស្លាប់ដោយការងារមាន ២លាននាក់ ហើយកាលពី ៣ឆ្នាំមុន ចំនួននេះបានកើនដល់ទៅ ២លាន ៣សែននាក់។ បច្ចុបន្ន នៅក្នុងចំនួនមនុស្សស្លាប់ដោយការងារ មានជាងពាក់កណ្តាលស្លាប់ដោយជម្ងឺពាក់ព័ន្ធនឹងការងារ ហើយមហារីកជាជម្ងឺស្ថិតលំដាប់ទី១ ក្នុងចំណោមជម្ងឺទាំងអស់។ ជម្ងឺមហារីកនេះបានកើតចេញជាពិសេសពីការស្រូបល្អងធូលីជាតិគីមីបង្កប់នៅក្នុងគ្រឿងសំណង់អាគារដែលក្រុមហ៊ុនសាងសង់ប្រើ ដូចយ៉ាងដំបូលផ្ទះធ្វើពីស៊ីម៉ង់ជាដើម។
តាមរបាយការណ៍ វិស័យដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនដោយគ្រោះថ្នាក់ការងារ ឬដោយជម្ងឺពាក់ព័ន្ធនឹងការងារមានវិស័យកសិកម្ម និងវិស័យសាងសង់។ យ៉ាងណាក៏ដោយ ទិន្នន័យនៃការស្លាប់មនុស្សដោយការងារមានការខុសគ្នាពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយ។ ជាក់ស្តែងនៅអឺរ៉ុប ចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ការងារ ឬដោយជម្ងឺពាក់ព័ន្ធនឹងការងារមានជាង ២០០ ០០០នាក់ក្នុងមួយឆ្នាំៗ ចំណែកនៅអាស៊ីមាន ១លាន ៥សែននាក់៕