អានតួអត្ថបទ

វិបត្តិរ៉ូហ៊ីងយ៉ា ៖ ហេតុអ្វី លោកស្រី អ៊ុងសានស៊ូជី មិន​ជំទាស់​ទង្វើ​របស់ពួកយោធា ?

នៅ​ ថ្ងៃនេះ លោកស្រី អ៊ុងសានស៊ូជី ប្រមុខ​ការទូត និង​ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋ​ភូមា បាន​បញ្ចេញ​ប្រតិកម្មជា​លើក​ទី​មួយ ​ជុំ​វិញ​វិបត្តិ​រ៉ូហ៊ីងយ៉ា​។ បើ​តាម​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ មាន​ការ​បំប៉ោង​ព័ត៌មាន​ក្លែងក្លាយ​​ នៅ​ក្នុង​វិបត្តិរ៉ូហ៊ីងយ៉ា​នេះ ពី​សំណាក់​ពួក​ភេរវជន ដែល​បាន​ធ្វើ​ឱ្យ​ខូច​រូបភាព​ប្រទេស​ភូមា​យ៉ាង​ខ្លាំង។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​ហេតុអ្វី​លោកស្រី​ស្ងាត់​មាត់​ឈឹង​មិន​ចេញ​ស្តី​ អ្វី​ទាំង​អស់ ហើយ​ទើប​ចេញ​មុខ​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​នេះ ?

លោកស្រី​អ៊ុងសានស៊ូជី បរិហារ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​វិបត្តិ​រ៉ូហ៊ីងយ៉ា
លោកស្រី​អ៊ុងសានស៊ូជី បរិហារ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​វិបត្តិ​រ៉ូហ៊ីងយ៉ា REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​រ៉ូហ៊ីងយ៉ា បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ តាំង​ពី​ចុង​ខែ​សីហា​មក នៅ​ភូមា។ ជា​វិបត្តិ​មនុស្សធម៌ និង​នយោបាយ​ដ៏​ធ្ងន់ធ្ងរបំផុត​ ក្រោម​ផ្លាក​ប្រតិបត្តិការ​កម្ចាត់​ពួក​ភេរវនិយម រហូត​ដល់មាន​ពាក្យ​ចោទ​ប្រកាន់​ថា​ភូមា​​កំពុង​បោស​សម្អាត​ប្រល័យ​ពូជសាសន៍​ រ៉ូហ៊ីងយ៉ាផង។

ប៉ុន្តែ​លើក​នេះ​ក៏​ដូច​ជា​លើក​មុនៗ លោកស្រី អ៊ុង សានស៊ូជី មិន​ចេញ​ស្តី​អ្វី​ទាំង​អស់ ! ​ជា​អតីត​និម្មិត្តរូបប្រជាធិបតេយ្យ និងដែល​ក្នុង​ស្ថានភាព​ជាក់​ស្តែង​ លោកស្រី​ជា​ប្រមុខ​រដ្ឋាភិបាល​ភូមា​ បាន​ជ្រើសរើស​ការ​ស្ងាត់​ស្ងៀម​រហូត​មក។ ស្ងៀម​ជាង​ស្រដី ជា​ជម្រើស​នយោបាយ ​​​ស្រុះស្រួល​ជាមួយ​ពួក​យោធា​ដែល​កំពុង​បើក​ប្រតិបត្តិការ​ប្រឆាំង​នឹង​ ​រ៉ូហ៊ីងយ៉ា ដែល​ភូមា​មិន​បាន​ទទួល​ស្គាល់​ជា​ជនជាតិ​ភាគ​តិចក្នុង​ប្រទេស​របស់​ខ្លួន​ ឡើយ បើ​ទោះ​បី​ជា​ជនជាតិ​នេះ​រស់​នៅ​លើ​ទឹក​ភូមា​រាប់​ជំនាន់​ក៏​ដោយ។

ទើប​តែ​នៅ​ថ្ងៃ​នេះ​ទេ ដែល​លោកស្រី​បាន​ចេញ​ស្តី។ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បង្ហោះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ូក​ លោកស្រី​មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​ការ​រត់​ភៀស​ ខ្លួន​​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រមាណ​១២ម៉ឺន​៥ពាន់​ទៅ​កាន់​បង់ក្លាដែស ដើម្បី​គេច​ពី​អំពើ​ហិង្សា​បង្ក្រាប​របស់​យោធា​នៅ​រដ្ឋ​រ៉ាឃីន​ទេ។ មាន​ត្រឹម​តែ​ការ​ធានាអះអាង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ការពារ​ពលរដ្ឋ​នៅ​រដ្ឋ​ភាគ​ខាង​លិច​ប្រទេស​ ឱ្យ​បាន​ប្រសើរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ពាក្យ​ព្រមាន​​បរិហារ​ ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។

បើ​តាម​លោកស្រី មាន​ព័ត៌មាន​ក្លែងក្លាយ​​ច្រើន​ណាស់​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយឡើង ដោយ​ពួក​ភេរវនិយម​ ​ក្នុង​វិបត្តិ​រ៉ូហ៊ីងយ៉ា​លើក​នេះ ដើម្បី​បំពុល​ទំនាក់ទំនង​របស់​ភូមា​ជាមួយ​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត។ ​

នៅ​ស្ងៀម​ព្រោះ​គ្មាន​ជម្រើស?

តាំ​ងពី​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ របស់​លោកស្រី​អ៊ុងសានស៊ូជី បាន​ជាប់​ឆ្នោត​នៅ​ខែ​វិច្ឆិកា​២០១៥ និង​បាន​ចូល​កាន់​តំណែង​ដឹកនាំ​ប្រទេស​នៅ​ខែ​មេសា​២០១៦​មក មាន​សំណួរ​ច្រើន​ណាស់​ត្រូវ​បាន​ចោទ​ឡើង​ជុំ​វិញ​ប្រសិទ្ធិភាព និង​ទស្សនវិស័យ​​នៃ​ការ​គ្រប់គ្រងរដ្ឋាភិបាល។

​ជា​ជ័យ​លាភី​ណូបែល​សន្តិភាព​និង​ជា​និម្មិត្តរូប​​អ្នកការពារ​ សិទ្ធិមនុស្ស​ តែ​លោកស្រី​អ៊ុង សានស៊ូជី មិនដែល​ចេញ​ស្តី​អ្វី​ក្នុងន័យ​​ការពារ​ជោគវាសនា​ជនជាតិ​ភាគ​តិច (៣០%​នៃ​ប្រជាជន​សរុប) ជាពិសេស​រ៉ូហ៊ីងយ៉ាទេ។ ​ស្ងៀម អាច​​ជា​ទង្វើ​រើ​សអើ​ងដ៏​សាហាវ​មួយ​ហើយ និង​​ជា​ជម្រើស​ដើម្បី​ប្រយោជន៍​នយោបាយ តែ​ការ​ស្ងៀម​ដ៏​សមហេតុផល​មួយ​ទៀត​ គឺ​អាច​មក​ពី​លោកស្រី​ គ្មាន​អំណាច​សោះ​លើ​ពួក​យោធា​។

លោកស្រី​មានឈ្មោះ​ និង​តួនាទី​ជា​ដឹកនាំ​រដ្ឋាភិបាល​មែន ប៉ុន្តែ​ពួក​យោធា នៅ​តែ​មាន​ ​សិទ្ធ​ប្រឆាំង​វ៉េតូ​នៅក្នុង​សភា និង​ព្រឹទ្ធ​សភា ! ​សមាជិក​មួយ​ភាគ​បួន​ ជា​យោធា ជាតំណាង​រាស្ត្រ​ស្វ័យប្រវត្តិ​ ជាប់​ដោយ​គ្មាន​ឆ្លង​កាត់​ការ​បោះឆ្នោត និង​ចុងក្រោយ​បង្អស់​គឺ​យោធា​ជា​អ្នក​កាន់​ក្រសួង​សំខាន់ៗ គឺ​ក្រសួងការពារជាតិ មហាផ្ទៃ និង​ព្រំដែន។

ដូច្នេះ​ចង់​ឬ​មិន​ចង់​ រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុង សានស៊ូជី ត្រូវ​​តែ​ត្រូវ​រ៉ូវ​ជា​មួយ​ស្ថាប័ន​យោធា​ដ៏មាន​អំណាច​នេះ។ គ្រាន់​តែ​ថា​ប្រសិន​បើ​រដ្ឋាភិបាល​របស់​លោកស្រី ដឹកនាំ​ប្រទេស​ប្រកប​ដោយ​លទ្ធផល​សេដ្ឋកិច្ច​និង​សង្គម​ នោះ​ប្រទេស​នឹង​អាច​មាន​ការ​ប្តូរ​ផ្លាស់ ហើយ​បក្ស​លោកស្រី​ក៏​ទំនង​ជាមាន​ទឹក​មាត់​ប្រៃ​ក្នុង​បញ្ចុះ​បញ្ចូល​ពួក​ យោធា​ដែរ។ តែ​លទ្ធផល​មាន​តិច​តួច​ពេក។

ក្រៅ​អំពី​បញ្ហា​នយោបាយ នៅ​មាន​បញ្ហា​បុគ្គល​​និង​សមត្ថភាព​មួយ​ទៀត ៖ លោកស្រី​មិន​បាន​ធ្វើ​អ្វី ដែល​ជា​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​ក្រុម​ជនជាតិ​ភាគ​តិច​នៃ​ប្រទេស​ទេ។ ប្រជាស្រទាប់នេះ​​មើល​ឃើញ​លោកស្រី​ជាមនុស្សវាយ​ឬក និងមិន​​ផ្តល់​តម្លៃ​ដល់​ពលរដ្ឋ​ក្រីក្រ។ ​សូម្បី​តែ អ្នក​នយោបាយ​ក្នុង​ជួរ​មួយ​ ក៏​ផ្តើម​រិះគន់​ដែរ​ ថា​ការ​ជាប់​ឃុំ​ឃាំងជាង​១០​ឆ្នាំក្នុង​គេហដ្ឋាន​បាន​ធ្វើ​ឱ្យ​លោកស្រី​បាត់ ​បង់អស់​កម្លាំង​និង​​សមត្ថភាព​។​ អ្នក​ធ្លាប់​គាំទ្រ​លោកស្រី​មួយ​ចំនួន កំពុ​ង​ផ្តើម​ចោទ​សួរ​ខ្លួន​ឯង​ថា បើ​​នយោបាយ​របស់​លោកស្រី​ស៊ូជីត្រូវ​បរាជ័យ​ ពួក​ឧត្តមសេនីយ៍​យោធានឹង​ក្លាយ​ជាអ្នក​កាន់​អំណាច​ដ៏​ត្រឹម​ត្រូវ​ហើយ​លើក​ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ