ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អាស៊ី

អក្ខរកម្ម​នៅក្នុង​សម័យ​ឌីជីថល ឬ​សម័យ​អ៊ីនធ័រនែត

media  
រូប​យុទ្ធនាការ​ជំរុញ​ការអាន និង​សរសេរ នៅក្នុង​សម័យ​អ៊ីនធ័រនែត​របស់​អង្គការ​យូណេស្កូ នៅ​ទិវា​អក្ខរកម្ម​ពិភពលោក​ថ្ងៃទី ៨​កញ្ញា ២០១៧ ©Unesco

អង្គការ​យូណេស្កូ​បាន​ប្រារព្ធ​ទិវា​អក្ខរកម្ម​ពិភពលោក នៅ​ថ្ងៃ​ទី ៨​កញ្ញា។ នៅក្នុង​ពិភពលោក មនុស្ស​៧៥០​លាននាក់​ជា​អនក្ខរជន មិន​ចេះអាន និង​សរសេរ​អក្សរ។ ក្នុង​ចំណោមនោះ ១០២​លាន​នាក់​ជា​យុវជន​ដែល​អាយុ​ចន្លោះ​ពី​១៥ ទៅ ២៤​ឆ្នាំ។ វិទ្យាស្ថាន​ស្ថិតិ​របស់​អង្គការ​យូណេស្កូ​បាន​បង្ហាញ​ថា​៥៧ភាគរយ​នៃ​យុវជន ក្នុង​ពិភពលោក ដែល​មិនចេះ​អាន និង​សរសេរ​អក្សរ គឺ​ជា​ស្រ្តី។ នៅ​ក្នុង​សម័យ​អ៊ីនធ័រនែត​សព្វថ្ងៃ ដែល​លុកលុយ​ដោយ​ទូរស័ព្ទ កុំព្យូទ័រ តាប្លែត បណ្តាញ​សង្គម ដូចជា​ហ្វេសប៊ុក តើ​បច្ចេកវិទ្យា​អាច​ចូលរួម​អ្វីខ្លះ ដើម្បី​ជួយ​លុបបំបាត់​អវិជ្ជា​របស់​មនុស្ស​ក្នុង​លោក?

តួនាទី​របស់​បច្ចេកវិទ្យា អ៊ីនធ័រនែត ក្នុង​យុទ្ធនាការ​លុបបំបាត់​អនក្ខរកម្ម

នៅ​ឆ្នាំ២០១៦ នៅ​ខួប​ទី ៥០​នៃ​ទិវា​អក្ខរកម្ម​ពិភពលោក អង្គការ​យូណេស្កូ​បាន​រៀបចំ​សន្និសីទ​មួយ​ដែល​មាន​ឈ្មោះថា ការអភិវឌ្ឍ បង្កើត​ថ្មី។ នៅឆ្នាំនេះ នៅក្នុង​ឱកាសអបអរ​ទិវា​អក្ខរកម្ម​ពិភពលោក ដែល​ជា​ផ្នែក​មួយ នៃ​ការអប់រំ​ទាំងអស់គ្នា នៅ​ឆ្នាំ ២០៣០ អង្គការ​យូណេស្កូ បាន​ជ្រើសរើស​យក​ប្រធានបទ ដែល​ទាក់ទង​ទាំងស្រុង ទៅ​នឹង​ស្ថានការណ៍ វិវឌ្ឍ​ក្នុង​ពិភពលោក​បច្ចុប្បន្ន។ នោះ​គឺ បច្ចេកវិទ្យា​ទំនើប និង​អ៊ីនធ័រនែត ដែល​មនុស្ស​កំពុង​រស់នៅ​ជាមួយ និង​ប្រើ​កាន់តែ​ច្រើន នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ។

នៅក្នុង​ផ្នែក​អក្ខរកម្ម អប់រំ​មនុស្ស បច្ចេកវិទ្យា អ៊ីនធ័រនែត​អាច​ផ្តល់​ផល​អវិជ្ជមាន។ វា​អាចបង្កើត​ឲ្យ​មាន​គម្លាត កាន់តែ​ធំ រវាង​អ្នកដែល​ក្រីក្រ មិនចេះ អក្សរ ហើយ​និង​អ្នកដែល​ចេះអក្សរ អ្នកមាន​មធ្យោបាយ ទិញ​ទូរស័ព្ទ និង​ប្រើប្រាស់​អ៊ីនធ័រនែត។ ប៉ុន្តែ គ្រប់គ្នា​ទទួល​ស្គាល់​ថា អ៊ីនធ័រនែត ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប បាន​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ របៀប​រស់នៅ របៀបធ្វើការ និង​ការសិក្សា រៀនសូត្រ​របស់​មនុស្ស។ អីចឹង ហេតុអ្វី​បាន​ជាគេ​មិន​គិតច្នៃ ទាញ​យក​ប្រយោជន៍​របស់​វា ដើម្បី​ទៅ​ជំរុញ លុបបំបាត់ អនក្ខរកម្ម​របស់​មនុស្ស​ទៅ។ គឺ​នៅ​ត្រង់​ចំណុច​នេះហើយ ដែល​អង្គការ​យូណេស្កូ ចង់​អំពាវនាវ​លើក​ទឹកចិត្ត​ឲ្យ​គ្រប់​អ្នកជំនាញ អ្នកសម្រេចចិត្ត​រដ្ឋាភិបាល ក្នុង​ពិភពលោក គិត​ផ្តោត​ពិចារណា ដើម្បី​អាច​លុបបំបាត់ ភាពអវិជ្ជា​របស់​ប្រជាជន​ខ្លួន។

ចេះអាន និង​សរសេរ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មានទំនុកចិត្ត​លើ​ខ្លួនឯង

ការចេះ​អាន និង​សរសេរ​អក្សរ​មិនត្រឹម​តែ​បំបាត់​ភាពល្ងិតល្ងង់ខ្លៅ​របស់​មនុស្ស​តែប៉ុណ្ណោះទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ដែល​ចំណុច​នេះ​សំខាន់ណាស់ សម្រាប់​ការរស់រាន​មាន​ជីវិត​របស់​មនុស្ស។ ដើម្បី​ដឹង​ថា តើ​អ៊ីនធ័រនែត​អាច​ដើរតួនាទី​អ្វីខ្លះ ដើម្បី ចូលរួម បណ្តុះបណ្តាល​ការអាន និង​ការសរសេរ ខ្ញុំ​លើក​យក​គម្រោងការ​ចំនួន ៣ ដែល​គេ​បាន​អនុវត្ត​ដោយ​ជោគជ័យ​កន្លងមក ដែល​នៅក្នុងនោះ ​មាន​ផងដែរ​នៅ​កម្ពុជា។

គម្រោងការ​ទី១ ធ្វើឡើង មូលនិធិ​ពលរដ្ឋ នៅ​ប្រទេស​ប៉ាគីស្ថាន ជាទី ដែល​មនុស្ស​មិនចេះ​អាន និង​សរសេរ​អក្សរ ភាគច្រើន ជា​ស្រ្តី និង​កុមារី។ នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​ការអាន និង​សរសេរ របស់ខ្លួន មូលនិធិ​ពលរដ្ឋ​ប៉ាគីស្ថាន​បាន​បង្កើត​កម្មវិធី​សិក្សា ដែល​គេ​អាច​ដកស្រង់​ចេញពី​អ៊ីនធ័រនែត។ យុវតី​នៅ​តាម​ភូមិ ដែល​អាច​ចេះអាន និង​សរសេរ​បានខ្លះ អាច​ដកស្រង់ គ្រប់ពេលវេលា​នូវ មេរៀន​តាម​អ៊ីនធ័រនែត ដើម្បី យក​មក​បង្រៀន​បន្ត មនុស្ស​ស្រី នៅ​ក្នុង​ថ្នាក់​អនក្ខរកម្ម ក្នុង​ភូមិ។ តាម​មូលនិធិ​ពលរដ្ឋ ប៉ាគីស្ថាន ដោយសារ​តែ​ការចែកចាយ​ទូលំទូលាយ និង​រហ័ស​ទាន់ចិត្ត មនុស្ស​ស្រី​ក្រីក្រ នៅ​ប៉ាគីស្ថាន គឺ​អាច​ចេះអាន និង​សរសេរ នៅក្រោយ​ពួកគេ​បាន​ចូលរៀន ក្នុង​រយៈពេល​មួយឆ្នាំ។ គម្រោងការ​នេះ មាន​ប្រសិទ្ធិភាព និង​ទទួល​ជោគជ័យ រហូត​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​អង្គការ​យូណេស្កូ នៅ​ឆ្នាំនេះ។

គម្រោង​មួយ​ទៀត គឺ​ផ្តោតទៅលើ​ការបណ្តុះបណ្តាល ផ្ទេរ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទៅ​ឲ្យ​មនុស្ស​ចាស់ នៅ​ប្រទេស​កូឡុំប៊ី។ គេ​ដឹងហើយថា នៅកូឡុំប៊ី ក៏​ដូច​ជា​នៅ​ប្រទេស​ដទៃ​ទៀតដែរ មនុស្ស​ចាស់ គឺ​ត្រូវ​គេ​ទុក​ចោល​នៅ​គន្លៀតជញ្ជាំង ត្រូវកាត់ផ្តាច់​ទាំងស្រុង ពីបច្ចុប្បន្នភាព ព័ត៌មាន ខាងក្រៅ ដោយសារ​តែ​មិន​ចេះ​ប្រើ​ម៉ាស៊ីន ឧបករណ៍​ទំនើបៗ។ ដូច្នេះ ទិសដៅ​របស់​គម្រោងការ​នេះ គឺ​លុបបំបាត់​ចោល ទាំងស្រុង គំនិត​ដែល​ថា បច្ចេកវិទ្យា​ទំនើប អ៊ីនធ័រនែត គឺ​មាន​ប្រើ​សម្រាប់​តែ​មនុស្ស​វ័យក្មេង។ មនុស្ស​ចាស់ គឺ​ហួសសម័យ ដើរមិនទាន់​គេ​នោះទេ។ នៅ​ឆ្នាំ​២០១៦ មនុស្ស​ចាស់​កូឡុំប៊ី អាយុ​ចាប់ពី​៥៤ ទៅ ៨០​ឆ្នាំ បាន​ចូលរួម នៅក្នុង​គម្រោងការ​បណ្តុះបណ្តាល ឲ្យ​ចេះ​ប្រើ​កុំព្យូទ័រ ទូរស័ព្ទ ស្មាតហ្វូន និង​តាប្លែត ដូចជា​Ipad ជាដើម។ ជាលទ្ធផល មនុស្ស​ចាស់ ទាំងនោះ អាច​ចេះ​ប្រើ​យ៉ាង​ទូលំទូលាយ ម៉ាស៊ីន និង​អ៊ីនធ័រនែត ដើម្បី​ទទួល​ព័ត៌មាន ប្រើ​បណ្តាញ​សង្គម ហ្វេសប៊ុក ឬតាមដាន​គ្រប់គ្រង​គណនី​របស់​ខ្លួន ពី​ចំងាយ ដោយ​មិន​ចាំបាច់ ធ្វើដំណើរ​ផ្ទាល់​ទៅ​ធនាគារ។ ជារួម គឺមនុស្ស​ចាស់កូឡុំប៊ី ចេះ​ទុកចិត្ត​ខ្លួនឯងឡើងវិញ លែងគិតថា ខ្លួន លែងមាន​ប្រយោជន៍ គ្មាន​សមត្ថភាព និង​ចាស់ហួសអាយុ ដូច​គេ​គិត​នោះ​ទេ។

ប្រជាជន​កម្ពុជា​៦,៣លាន​នាក់​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន ដែលមានភ្ជាប់អ៊ីនធ័រនែត

គេ​នឹង​មិនចេះ សរសេរ ឬ​អាន​អក្សរ​ទេ បើសិន​គ្មាន​ឆន្ទៈ​ចេញ​ពីក្នុង​ចិត្ត។ បើមាន​ឆន្ទៈ ហើយ​និង​បូកផ្សំ មធ្យោបាយ ដ៏ទូលំទូលាយ ដោយសារ​បច្ចេកវិទ្យា អ៊ីនធ័រនែត​អំណោយផល ទៀត នោះ គេនឹង​អាច​រៀន សរសរ និង​អាន​អក្សរ​បាន​យ៉ាង​ងាយស្រួល។ នៅក្នុង​របាយការណ៍​របស់​អង្គការ​យូណេស្កូ បោះពុម្ពផ្សាយ​នៅក្នុង​ឱកាស​ទិវា​អក្ខរកម្ម​ពិភពលោក​ឆ្នាំនេះ គេ​បាន​លើក​យក​ឧទាហរណ៍​មួយ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ប្រទេស​កម្ពុជា អង្គការWomen for posperity​បាន​ធ្វើ​គម្រោង​មួយ ឈ្មោះ ទូរស័ព្ទ ពណ៌​ផ្កាឈូក ដែល​នៅក្នុង​នោះ គេ​បាន​ផ្តល់​ទូរស័ព្ទ ទៅ​ឲ្យ​ស្រ្តី ដែល​មានដើរតួនាទី​សំខាន់ នៅ​ក្នុង​សហគម ដូចជា​សមាជិក​របស់​ក្រុមប្រឹក្សា​ឃុំ ជាដើម។ ដំបូង​ពួកគេ​អាច​ប្រើ​ទូរស័ព្ទ ដើម្បី​និយាយ​ទាក់ទង​គ្នា ប៉ុន្តែ បន្តិចម្តងៗ ស្រ្តី​ទាំង​នោះ ដែល​ចេះ​អក្សរ​បាន​ខ្លះហើយនោះ ​ចាប់សរសេរ​អក្សរ​កាន់តែច្រើន ព្រោះ​ពួកគេ ត្រូវការ​ផ្ញើសា ដែល​មួយចំនួន គឺ​គេ​មិនអាច​ធ្វើ​បានតាម​ទូរស័ព្ទ។ អ្នកខ្លះ ដែល​មិនសូវ​ចេះ​សរសេរ​អក្សរ​សោះ ពីមុនមក ប៉ុន្តែ នៅពេល​ដឹង​ពី​របៀប ផ្គុំ​តួអក្សរ នៅ​លើ​អេក្រង់​ទូរស័ព្ទ គឺ​កាន់តែ​មាន​ទំនោរចិត្ត ចង់​សរសេរ អក្សរ​ជាងមុន។

នៅក្នុង​របាយការណ៍​របស់​ក្រសួង​ទូរគមនាគមន៍​កម្ពុជា គេ​បាន​បង្ហាញថា នៅ​ឆ្នាំ ២០១៦ ប្រជាជន​កម្ពុជា ៦លាន ៣សែននាក់ មាន​ទូរស័ព្ទ ដែល​អាច​ភ្ជាប់​អ៊ីនធ័រនែត។ ចង់ ឬ​មិន​ចង់ អ្នកដែល​បាន​ចូល​ប្រើប្រាស់​អ៊ីនធ័រនែត ទោះបី​ជា​ល្ងិតល្ងង់​មិន​ចេះ​អក្សរ ក៏​រមែង​មាន​ចិត្ត ចង់​ចេះ​អានឲ្យ​យល់​នឹង​គេ​ដែរ។ ដើម្បី​អាច​អាច ហើយ​និង​ចង់​ធ្វើ​អត្ថាធិប្បាយ​លើ​រូបភាព​អ្វីមួយ លើ​បណ្តាញសង្គម​ហ្វេសប៊ុក​ដែល​កំពុង​លុកលុយ​ក្នុងសង្គម បច្ចុប្បន្ន ពួកគេ​ត្រូវហ៊ាន​បង្ខំ​ចិត្ត ចាប់រៀន​ប្រកប​អក្សរ ជាពិសេស​យុវជន ដែល​កំពុង​មាន​កម្លាំង​ថាមពល​ទាំងកាយ និង​បញ្ញា៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ