ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អាស៊ី

បារាំង​អរិភាព​នឹង​ការវិនិយោគ​របស់​ចិន នៅ​អឺរ៉ុប

media រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​ (ឆ្វេង) និង​នាយករដ្ឋមន្រ្តី​ក្រិក​នៅ​អាថែន នៅថ្ងៃទី ៨​កញ្ញា ២០១៧ REUTERS/Louisa Gouliamaki/Pool

ប្រធាន​ក្រុមហ៊ុន​ប្រេង​តូតាល់​របស់​បារាំង នៅថ្ងៃ​សុក្រ​ម្សិលមិញ បានប្រកាស​គាំទ្រ ជំហររបស់​ប្រធានាធិបតី​បារាំង ដែល​ចង់​ឲ្យ​គេ​ប្រុងប្រយ័ត្ន​ច្រើន​ពី​ការវិនិយោគ​របស់​ចិន នៅក្នុង​ដែន​សហភាព​អឺរ៉ុប។ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង​ត្រូវ​បិទបញ្ចប់​ទស្សនកិច្ច ២​ថ្ងៃ នៅ​ប្រទេស​ក្រិក សមាជិក​មួយ​របស់​សហភាព​អឺរ៉ុប ដែល​សំបូរ​ដោយ​វត្តមាន​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន។

នៅក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​ក្រិក ប្រធានាធិបតី​បារាំង អំពាវនាវ​ជាថ្មី​ឲ្យ​អឺរ៉ុប​ការពារ ការវិនិយោគ​ជា​យុទ្ធសាស្រ្ត​របស់​ប្រទេស​សមាជិក។ លោកអេម៉ានុយអែល ម៉ាក្រុង ចង់​ផងដែរ​ឲ្យ​ក្រិក​បើកទ្វារ​ទទួល​ការវិនិយោគ​អន្តរជាតិ ហើយ​អឺរ៉ុប​ត្រូវ​ជួយ​ឲ្យក្រិក​ឲ្យ​ពេញដៃជើង។ តើ​ប្រធានាធិបតី​បារាំង​កំពុង​ចង់​មាន​ន័យ​ថា ក្រុមហ៊ុន​អឺរ៉ុប ត្រូវ​មាន​អាទិភាព​ក្នុង​ការវិនិយោគ​នៅ​ក្រិក? តើ​បារាំង​កំពុង​ច្រណែន​ចិន?

ក្រិក ដែល​បាន​ស្គាល់​វិបត្តិ​បំណុលរដ្ឋ អស់​ជាច្រើន​ឆ្នាំ បាន​បើកទ្វារ ទទួល​ឲ្យ​ក្រុមហ៊ុន​ចិនចូល​ទៅ​ដាក់​ទុន​វិនិយោគ រាប់ពាន់​លាន​ដុល្លារ ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រដ្ឋក្រិក​ត្រូវ​បង្ខំចិត្ត​ធ្វើ​ឯកជនភាវូបនីយកម្ម ដើម្បី សងប្រាក់​បំណុលរដ្ឋ។ នៅ​ឆ្នាំ ២០១៦ ក្រុមហ៊ុន​ចិនCosco ទើប​បាន​ចូលគ្រប់គ្រង​វិនិយោគ កំពង់ផែ​ក្រិក។

ថ្នាក់ដឹកនាំ​បារាំង មិនថា នៅផ្នែក​នយោបាយ ឬសេដ្ឋកិច្ច មិន​ចង់ឃើញ ​សេដ្ឋកិច្ច​ក្រិក ធ្លាក់​ក្នុង​ដៃ របស់​ចិន​នោះទេ។“ក្រុមហ៊ុន​ចិន​កំពុង​លុកលុយ​អឺរ៉ុប ដូច​ដែល​ពួកគេ​បាន​ធ្វើ​នៅ​អាហ្រ្វិក។ ចិន​បាន​ឃើញ​យ៉ាងច្បាស់​ពី​ចំណុចខ្សោយ​ដូចជា​ក្រិក ម៉ាសេដ្វាន់ និង​ប្រទេស​តូចៗ​ផ្សេងទៀត​របស់​អឺរ៉ុប” នេះ​ជា​ប្រសាសន៍​របស់​លោក​Patrick Pouyanné ប្រធាន​ក្រុមហ៊ុន​ប្រេង​តូតាល់ ដែល​ចេញមុខ​គាំទ្រ​ជំហរ​របស់​ប្រធានាធិបតី បារាំង ដែលអរិភាព មិនទុកចិត្ត ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ទឹកដី​អឺរ៉ុប។

នៅ​ខែ​មិថុនា​កន្លងទៅ លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង ធ្លាប់​បាន​អំពាវនាវ​សុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​បង្កើត​យន្តការ​ពិសេស​មួយ ដើម្បី ត្រួតពិនិត្យ រាល់​ការវិនិយោគ ដែល​ធ្វើឡើង​ដោយ​ប្រទេស ក្រៅសហភាព​អឺរ៉ុប ជាពិសេស នៅក្នុង​វិស័យ​វិនិយោគ​ជា​យុទ្ធសាស្រ្ត។ ប្រទេស​នៅ​អឺរ៉ុប​ខាងលិច គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី បារាំង ប៉ុន្តែ បណ្តា​ប្រទេស​នៅ​ភាគខាងកើត និង​ខាងត្បូង​អឺរ៉ុប ដូចជា​ក្រិក​ជាដើម បដិសេធ​មិន​ឲ្យ​មាន​វិធានការ ដែល​ប្រឆាំង​ចិន។

សម្រាប់​ប្រធាន​ក្រុមហ៊ុន​តូតាល់ ផ្ទុយពី​ក្រុមហ៊ុន​នៅ​អឺរ៉ុប ក្រុមហ៊ុន​ចិន ជាសម្បត្តិ​របស់​រដ្ឋចិន ដែល​អាចចាក់​លុយ គ្មាន​កំណត់ ដើម្បី​ការពារ​ផលប្រយោជន៍​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន។ ប្រធាន​ក្រុមហ៊ុន​តូតាល់​បាន​រិះគន់​ផងដែរ ពី​ភាពមិនស្មោះត្រង់​របស់​ក្រុមហ៊ុន​ចិន នៅក្នុង​ការវិនិយោគ​លើ​ឧស្សាកម្ម​ផលិត​កញ្ចក់ស្រូប​ពន្លឺ​ព្រះអាទិត្យ ដែលជា​ដើម​ហេតុ ធ្វើ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប ចាញ់ប្រៀប ខាត រហូត​ត្រូវ​បិទទ្វារ។

នៅ​ក្រិក ប្រធានក្រុមហ៊ុន​តូតាល់ ស្ថិត​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បារាំង ដែល​អមដំណើរ​ប្រធានាធិបតី​បារាំង នៅ​ប្រទេស​ក្រិក។ នៅ​ក្រិក ក្រុមហ៊ុន​តូតាល់​កំពុង​រង់ចាំ​ភ្លើងខៀវ​របស់​សភា​ក្រិក ដែលនឹង​សម្រេច​ថា តើ​នឹង​អនុញ្ញាត​ឲ្យ​តូតាល់ វិនិយោគ លើ​ការរុករក​ប្រេង​នៅ​ក្នុង​សមុទ្រ​ភាគខាងលិច​ក្រិក​ដែរឬទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ