អានតួអត្ថបទ

អាស៊ាននឹងចុះកិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ហុងកុង

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេហ៍ ហៅ​កាត់​ថា​អាស៊ាន នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ហុងកុង នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។​ កិច្ចព្រមព្រៀង​នេះ​ជា​លទ្ធផល​នៃ​ការ​ចរចា​រយៈ​ពេល​បី​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រីហ្វីលីពីន។

ទង់ជាតិ​ប្រទេស​ជា​សមាជិក​អាស៊ាន
ទង់ជាតិ​ប្រទេស​ជា​សមាជិក​អាស៊ាន NOEL CELIS / AFP
ផ្សាយពាណិជ្ជកម្ម

ហុងកុង​បាន​ចាប់​ផ្តើម​ចរចា​ជាមួយ​អាស៊ាន​តាំ​ងពី​ឆ្នាំ​២០១៤​មក ពោលគឺ​បួន​ឆ្នាំ​ក្រោយ​ពេល​ដែល​សមាជិក​សមាគម​អាស៊ាន​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន។

ក្រៅ​អំពី​រក​ឃើញ​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នាដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ខែ​វិច្ឆិកា​ នា​ឱកាស​ជំនួប​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន ហុងកុង​ ក៏​សម្រេច​កិច្ច​ព្រមព្រៀង​ ស្តី​ពី​ការ​វិនិយោគជាមួយ​​អាស៊ានទៀត។ បើតាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ហ្វីលីពីន​ នេះ​ជា​សញ្ញា​ដ៏​វិជ្ជមាន​សម្រាប់​អាស៊ាននៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ហ្វីលីពីន មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​កិច្ចព្រមព្រៀង​ទាំង​ពីរ​ ដែល​មាន​ពាក់​ព័ន្ធ​នឹង​កា​រ​កាត់​បន្ថយ​សិទ្ធិ​នាំ​ចូល​និង​លុប​ពន្ធ​ឬ​ឧបសគ្គ​វិនិយោគ​ទេ។

កិច្ចព្រមព្រៀង​នេះ​ បាន​​សម្រេច​​ជា​លទ្ធផល ក្រោយ​ពី​មាន​ជំនួប​ពិភាក្សា​​នៅ​ក្រុង​ម៉ានីល រវាង​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​ពាណិជ្ជកម្ម​និង​តំណាង​រដ្ឋាភិបាល​ហុងកុង។

អាស៊ាន​ដែល​មាន​ប្រជាជន​សរុប​ចំនួន ជាង​៦០០​លាន​នាក់ គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទីពីរ​របស់​ហុងកុង​បន្ទាប់​ពី​ចិន។ ហុងកុង​ក៏​ត្រូ​វបាន​ចាត់​ទុក​ជា​ទី​ស្នាក់ ឬ​ទីស្តុក​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាស៊ាន ដែល​មាន​សមាជិក​១០​ប្រទេស ៖ ព្រុយណេ កម្ពុជា​ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ​និង​វៀតណាម។

ជា​ផ្លូវការ​ តាំង​ពី​១៩៩៧​មក ហុងកុងបាន​ត្រលប់​មក​​ជា​ដែន​ដីមួយ​ចិន តែ​មាន​​រដ្ឋបាល​​ពិសេស​ និង​បាន​រក្សា​ទុក​នូវ​ចំណាត់ការ​ពន្ធគយ​ដាច់​ដោយ​ឡែក​ពី​ប៉េកាំង​។ ចំណែក​សមាជិក​អាស៊ាន​ក៏​មានបង្កើត​តំបន់​ផ្តោះប្តូរ​សេដ្ឋកិច្ច​​សេរី​រវាង​គ្នាផង​ ដើម្បី​កាត់​បន្ថយ​ឱ្យ​ដល់​សូន្យនូវ​តម្លៃ​ទ្រព្យ​ខ្លះឬបន្ថយ​រនាំង​ពន្ធ ​ និង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ដៃ​គូ​សំខាន់ៗ​ផ្សេង​ទៀត​ដូច​ជា​ចិន និង​ជប៉ុន។ អាស៊ាន​ក៏​មាន​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ ឥណ្ឌា អូស្ត្រាលី​ នូវែលហ្សេឡង់ និង​កូរ៉េខាង​ត្បូង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ