អានតួអត្ថបទ
ភូមា

ឧទ្ទាម​ដើម្បី​រ៉ូហ៊ីងយ៉ា ប្រកាស​បទឈប់បាញ់ ដោយ​ឯកតោភាគី

ក្រុមប្រដាប់​អាវុធ ទ័ពព្រៃ រ៉ូហ៊ីងយ៉ា នៅថ្ងៃ​អាទិត្យ​នេះ​បាន​ប្រកាស​ជាឯកតោភាគី បទឈប់បាញ់ នៅ​រដ្ឋ​រ៉ាឃីន ដើម្បី​បើកផ្លូវ​ឲ្យ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​រ៉ូហ៊ីងយ៉ា រាប់ម៉ឺន​នាក់ ដែល​កំពុង​រត់​គេច ​ចេញពី​អំពើហិង្សា តាំង​ពី​ចុងខែ​សីហា។ តាម​អង្គការ​សហប្រជាជាតិ គេ​ត្រូវការ​ជាបន្ទាន់ ថវិកា​ជំនួយ​ប្រមាណ ៧៧​លាន​ដុល្លារ សម្រាប់​ផ្តល់​ជំរក និង​អាហារ ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​មាន​ចំនួន ជិត​៣សែន​នាក់ កំពុង​រត់ភៀសខ្លួន ទៅទឹកដី​បង់ក្លាដែស។

Rohingya refugees climb up a hill after crossing the Bangladesh-Myanmar border in Cox's Bazar, Bangladesh September 8, 2017.
Rohingya refugees climb up a hill after crossing the Bangladesh-Myanmar border in Cox's Bazar, Bangladesh September 8, 2017. ©REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា បាន​ប្រកាស បទឈប់បាញ់ រយៈពេល​មួយខែ នៅ​រដ្ឋរ៉ាឃីន។ ជា​ការប្រកាស​ធ្វើ​ដោយ​ឯកតោភាគី ប៉ុន្តែ ក្រុមទ័ពព្រៃ រ៉ូហ៊ីងយ៉ា ដែល​ជាអ្នកចាប់ផ្តើម​វាយប្រហារ​ទៅលើ​ទីស្នាក់ការ​ប៉ូលិស​ភូមា នៅ​ខែ​សីហា បានអំពាវនាវ ឲ្យ​កងទ័ព​ភូមា អនុវត្ត​បទឈប់បាញ់​ដូចគ្នា​ផងដែរ។ នៅក្នុង​សេចក្តីថ្លែងការណ៍ ផ្សាយ​នៅក្នុងសារ បណ្តាញសង្គម Twitter ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា បាន​អះអាងថា ពួកគេ​នឹង​ផ្អាក​ការប្រយុទ្ធ មួយរយៈ ដើម្បី សម្រួល​បើកផ្លូវ​ឲ្យ​មាន​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។

កងទ័ព​ភូមា​វិញ នៅ​មិនទាន់​បាន​ប្រតិកម្ម ឆ្លើយតប យ៉ាងណា​ទៅនឹង​ការអំពាវនាវ ឲ្យ​មាន​បទឈប់បាញ់​នោះទេ។ ប៉ុន្តែ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ កាសែត​ភូមា​បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ភូមា​នឹង​បង្កើតជំរំ​បីកន្លែង សម្រាប់​ទទួលជនភៀសខ្លួន ដែល​គេចចេញ ពី​ការប្រយុទ្ធគ្នា​ដ៏ហិង្សា នៅ​រដ្ឋរ៉ាឃីន។

ដំណឹង​ស្តីពី​ការផ្អាក ឈប់​ប្រយុទ្ធ​របស់​ពួកឧទ្ទាម រ៉ូហ៊ីងយ៉ា ត្រូវ​បាន​ទទួល​ស្វាគម​ដោយ​ក្រុមកាកបាទ​ក្រហម បង់ក្លាដែស ដែល​បាន​ទាញ​សញ្ញា អាសន្ន​ពី​ការខ្វះជំនួយ​បឋម សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែលបាន​ធ្វើដំណើរ​រាប់ម៉ឺននាក់ ចូលទឹកដី​បង់ក្លាដែស។ ប៉ុន្តែ សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាង​ផ្ទាល់ ពួកគេ​មិនជឿជាក់ និងសង្ឃឹមទេ ថា បទឈប់បាញ់ របស់​ពួកឧទ្ទាម​លើកនេះ នឹង​អាច​ធ្វើ​ឲ្យ​ពួកគេ​ត្រលប់​ទៅ​ភូមិ​កំណើត វិញ នៅ​ក្នុង​រដ្ឋរ៉ាឃីន ប្រទេស​ភូមា ព្រោះថា ផ្ទះ ដីភូមិ​របស់ពួកគេ​ត្រូវ​បាន​ដុតបំផ្លាញ គ្មានសល់​អ្វីទេ។ នៅក្រោយ​រត់ផុត​ពី​ទឹកដី​ភូមា ប្រជាជន​រ៉ូហ៊ីងយ៉ា​ជាច្រើន​បាន​និយាយ​ថា អ្នកភូមិ​ភូមា កាន់​ពុទ្ធសាសនា ដែល​មាន​ការសហការ​ពី​ពួក​ទាហាន​ភូមា បាន​ដុតផ្ទះ និង​គំរាម​ដុតសម្លាប់ ប្រសិន​បើ​ពួកគេ​មិន​ចាកចេញ​ពី​ទឹកដី​ភូមា​នោះទេ។

មាន​ឈ្មោះ​ថា កងទ័ព​រំដោះ​រ៉ូហ៊ីងយ៉ា​រដ្ឋ​អារ៉ាខាន់ ​ (ASRA) ពួកឧទ្ទាម​រ៉ូហ៊ីងយ៉ា អះអាងថា ពួកគេ​តស៊ូ​ប្រយុទ្ធ​ដើម្បីប្រឆាំង​នឹង​ការធ្វើទុក្ខបុកម្នេញ​របស់ទាហាន​ភូមា លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ក្រុមនេះ ធ្លាប់​បាន​វាយប្រហារ​ម្តង​ទៅលើ​ប៉ុស្តប៉ូលិស នៅ​ខែ​តុលា​ឆ្នាំមុន។ ប៉ុន្តែ ការវាយប្រហារ​ជាលើកទី២ ទៅលើ​ប៉ូលិស​ភូមា នៅ​ចុងខែ​សីហា​មុននេះ បាន​ក្លាយ​ជាដើមហេតុ ផ្ទុះអំពើហិង្សា ឈាន​ទៅដល់​ទៅ​ការរត់ចំណាកស្រុក​ដ៏​ធំមួយ របស់​ប្រជាជន រ៉ូហ៊ីងយ៉ា ចេញ​ពីទឹកដី​ភូមា។ តាម​អង្គការ​សហប្រជាជាតិ អំពើហិង្សា នៅ​ពីរសប្តាហ៍​ចុងក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ប្រមាណ ២សែន ៧ម៉ឺននាក់ រត់ចេញពី​ទឹកដី​ភូមា សំដៅ​ប្រទេស​ជិតខាង បង់ក្លាដែស។ បង់ក្លាដែស ដែល​ធ្លាប់​ទទួល​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ប្រមាណ ៤សែននាក់ រួចហើយ ដោយសារ​តែ​ជម្លោះ​សាសនា នៅភូមា (ចាប់ផ្តើម​ឡើង​ដំបូង នៅ​ឆ្នាំ ២០១២) ហាក់​លែង​អាច​ទប់ជាប់​នឹង​វិបត្តិ ហូរចូល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​តទៅទៀតហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ