អានតួអត្ថបទ
ភូមា

ជនជាតិ​​រ៉ូហ៊ីងយ៉ា​​ភៀសខ្លួន​​​ទៅ​​បង់ក្លាដែស​​កើន​​​៣សែននាក់​ អ.ស.ប.​លើកឡើង​ពី​ការបោសសម្អាត​ជនជាតិ​ភាគតិច

យោងតាម​អង្គការ​សហប្រជាជាតិ ជនជាតិ​រ៉ូហ៊ីងយ៉ានៅភូមា ​​ដែលបាន​​ភៀសខ្លួនពី​ហិង្សាទៅ​បង់ក្លាដែស​ ពេលនេះ​ ឡើង​ដល់​ខ្ទង់សែន​ហើយ គឺកើន​ដល់​៣សែន​នាក់​ហើយ។ ពេល​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ហ្សឺណែវ ​ថ្ងៃចន្ទនេះ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើកឡើង​ថា​ “ភូមា​បដិសេធ​មិនអោយ​ក្រុមស៊ើបអង្កេត​ចុះទៅវាយតម្លៃ​ស្ថានការណ៍​ក្នុ​ងស្រុក​ ហើយ​​ស្ថានភាព​បច្ចុប្បន្ន​នេះ​គឺជា​ឧទាហរណ៍​​​​​​បញ្ជាក់​ពី​ការ​បោសសម្អាត​ជនជាតិ​ភាគតិច”។

ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ជំរំ​ភៀសខ្លួន ក្នុង​ទឹកដី​បង់ក្លាដែស
ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ជំរំ​ភៀសខ្លួន ក្នុង​ទឹកដី​បង់ក្លាដែស Munir UZ ZAMAN / AFP
ផ្សាយពាណិជ្ជកម្ម

គិតតាំង​ពី​ថ្ងៃ​២៥សីហាមក ​ប្រជាជន​​​រ៉ូហ៊ីងយ៉ាដែល​គេចពីហិង្សា​នៅភូមា ភៀសខ្លួន​ទៅដល់​បង់ក្លាដែស បាន​កើន​ដល់​៣សែន១ម៉ឺន៣ពាន់នាក់។ ​នេះ​បើ​យោងតាម​ឧត្តមស្នងការ​​​​ទទួល​បន្ទុក​ជនភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ ​ប្រាប់​សារព័ត៌មា​នបារាំង AFP។ កាលពីថ្ងៃ​អាទិត្យ តួលេខ​នេះ​មិនទាន់​ឡើង​ដល់​ខ្ទង់៣សែនទេ គឺនៅ​ត្រឹម​២សែន​៩ម៉ឺន៤ពាន់នាក់​។

ថ្ងៃចន្ទ​នេះ​ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ​លោក​Zeid Ra’ad Al Hussein បាន​ចោទ​ភូមា​ថា មិនព្រម​អោយ​ក្រុមស៊ើបអង្កេត​បាន​ចុះទៅ​មើល​ស្ថានការណ៍​ក្នុងស្រុក ធ្វើអោយ​ពិបាក​វាយតម្លៃ​ស្ថានការណ៍បានពេញលេញ។ លោក​អាល់ ហ៊ូសេន ​លើកឡើងទៀត​​ថា អង្គការ​សហប្រជាជាតិ​ទទួលបាន​របាយការណ៍​និង​រូបភាព​ផ្កាយរណប​​​ជាច្រើន ​បង្ហាញ​​ថា​ កងកម្លាំង​សន្តិសុខ​ភូមា​បាន​នាំគ្នា​ដុតផ្ទះសម្បែង​ជនជាតិ​រ៉ូហ៊ីងយ៉ា មានទាំង​ព័ត៌មា​ន​បញ្ជាក់​ពី​​ការ​បាញ់​រះទៅលើជនស៊ីវិល​ ​ដែល​កំពុង​រត់គេចខ្លួន​ទៀតផង។ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ បាន​ទាមទារ​អោយ​រដ្ឋាភិបាល​ភូមា​បិទបញ្ចប់​ប្រតិបត្តិការ​យោធា​បែប​​​​​ព្រៃផ្សៃ​ ​បិទបញ្ចប់​ការរើសអើង​ទូទៅ ប្រឆាំង​ជនជាតិ​រ៉ូហ៊ីងយ៉ា។ សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ដែល​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ដូច​លោកស្រី​អ៊ុងសាន ស៊ូជី ដែរ បាន​អំពាវនាវ​អោយ​លោកស្រី​ស៊ូជី ​ស្វែង​ករ​ដំណោះស្រាយ​សម្រាប់​ប្រជាជន​រ៉ូហ៊ីងយ៉ា។ ​

បញ្ហាចំណាកស្រុក​ជនជាតិ​រ៉ូហ៊ីងយ៉ា ពេលនេះ ​​កើតឡើង​​ក្រោយ​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា បាន​​​​​វាយប្រហារ​លើ​ប៉ូលិសភូមា ​កាលពីចុងខែ​សីហា។ ​ហិង្សាបង្ក្រាប​របស់​កងទ័ព​​​បានធ្វើអោយ​​មាន​មនុស្ស​ស្លាប់​យ៉ាងហោច៥០០នាក់ ភាគច្រើន​ជាជនជាតិ​រ៉ូហ៊ីងយ៉ា។​ ​កាលពី​ថ្ងៃអាទិត្យ​ ក្រុមឧទ្ទាម​បាន​ប្រកាស​បទឈប់បាញ់​ឯកតោភាគី​សម្រាប់​រយៈពេល​មួយខែ ប៉ុន្តែ ​រដ្ឋាភិបា​ល​លោកស្រី​ស៊ូជី ​បាន​ឆ្លើយតប​ទៅ​ក្រុមឧទ្ទាម​ថា រដ្ឋាភិបាល​មិនចរចា​ជាមួយ​ក្រុមភេរវជន​ទេ។

​ពេលនេះ ​​សហគមន៍​អន្តរជាតិ​កំពុង​រិះគន់​ថា លោកស្រី​ស៊ូជី សំងំ​ស្ងៀ​ម​មិនដោះស្រាយ​បញ្ហា​ជនជាតិរ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាល​លោកស្រី​ស៊ូជី ​​បានត្រឹមតែ ប្រាប់ថា កាលពី​ល្ងាច​ថ្ងៃអាទិត្យ​កន្លងទៅ រដ្ឋាភិបាល​បានបញ្ជូន​​ប៉ូលិស​ទៅ​អន្តរាគមន៍​បំបែក​ក្រុមមនុស្ស​៤០០នាក់ ដែល​នាំគ្នា​ចោលដុំថ្ម​ទៅលើ​ហាងលក់សាច់​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា៕ ​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ