ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ទៅ​អាមេរិក​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​ដែល​មាន​តាំង​ពី ៦០ឆ្នាំ

នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ទៅ​អាមេរិក​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​ដែល​មាន​តាំង​ពី ៦០ឆ្នាំ
 
លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី Najib Razak REUTERS/Olivia Harris

នៅ​ថ្ងៃ​អង្គារ ទី១២ កញ្ញា​នេះ លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ណាយីប រ៉ាហ្សាក់​ផ្តើម​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ដោយ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​សេតវិមាន។ វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក្នុង​ទឹកដី​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​រូប​លោក​រ៉ាហ្សាក់​កំពុង​ជាប់​អង្កេត​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ក្នុង​រឿងអាស្រូវ​ពុករលួយ​បង្វិល​លុយ​រដ្ឋ​ដ៏​ច្រើន​សម្បើម​តាម​រយៈ​មូលនិធិ​ម៉ាឡេស៊ី​ដើម្បី​ការអភិវឌ្ឍន៍​របស់​លោក​រ៉ាហ្សាក់​ហៅ​កាត់​ថា 1MDB និង​ចំ​ពេល​ដែល​លោក​រ៉ាហ្សាក់​បាន​ផ្តើម​ដោះដៃ​បន្តិច​ម្តងៗ​ពី​អាមេរិក​ទៅ​ឱបជើង​ចិន។

គោលដៅ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ណាយីប រ៉ាហ្សាក់​នៅ​អាមេរិក គឺ​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​រវាង​ម៉ាឡេស៊ី និង​អាមេរិក​ដែល​មាន​តាំង​ពី ៦០ឆ្នាំ​កន្លង​មក និង​ដែល​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ទ្វីប​ពីរ​ខុស​គ្នា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​រួម។ គួរ​រម្លឹក​ជូន​ថា នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក្នុង​ទឹកដី​អាមេរិក​ពេល​នេះ ក៏​ធ្លាប់​មាន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ទឹកដី​ម៉ាឡេស៊ី​នៃ​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​កាល​ពី​ឆ្នាំ ២០១៤។ ទស្សនកិច្ច​របស់​លោក​អូបាម៉ា​កាល​ណោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រវត្តិសាស្រ្ត ព្រោះ​ជា​ទស្សនកិច្ច​លើកទី១ របស់​ប្រធានាធិបតី​អាមេរិក​ម្នាក់​នៅ​ម៉ាឡេស៊ី​គិត​តាំង​ពី​ឆ្នាំ ១៩៦៦។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ប្រធានបទ​អាទិភាព​នៅ​ក្នុង​ជំនួប​រវាង​លោក​ណាយីប រ៉ាហ្សាក់ និង​លោក​ដូណាល់ ត្រាំ​នៅ​សេតវិមាន​ពេល​នេះ​ក៏​ប្រហែល​ជា​មិន​ខុស​អ្វី​ពី​ជំនួប​រវាង​លោក​រ៉ាហ្សាក់ និង​លោក​អតីត​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក្នុង​ទីក្រុង​គូឡាឡាំពួ​កាល​ពី ៣ឆ្នាំ​មុន​ដែរ គឺ​រក្សា ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង និង​ភាព​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ។ ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី លោក​រ៉ាហ្សាក់ និង​លោក​ដូណាល់ ត្រាំ​ក៏​លើក​ទៅ​និយាយ​ពី​ស្ថានការណ៍​រួម​នៅ​ក្នុង​តំបន់ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង បញ្ហា​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ម៉ាឡេស៊ី​ក៏​ជា​ប្រទេស​ពាក់ព័ន្ធ​មួយ និង​កំណើន​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់។

លោក​ដូណាល់ ត្រាំ​ចៀស​មិន​លើក​សំណុំរឿង​ក្តៅ និង​រសើប

វត្តមាន​របស់​លោក​រ៉ាហ្សាក់​ក្នុង​ទឹកដី​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​រ៉ាហ្សាក់​កំពុង​ជាប់​អង្កេត​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ក្នុង​រឿងអាស្រូវ​ពុករលួយ​បង្វិល​លុយ​រដ្ឋ​ដ៏​ច្រើន​សម្បើម​តាម​រយៈ​មូលនិធិ​ម៉ាឡេស៊ី​ដើម្បី​ការអភិវឌ្ឍន៍​ហៅ​កាត់​ថា 1MDB។ សំណុំរឿង​ក្តៅ និង​រសើប​មួយ​នេះ​មិន​ត្រឹម​តែ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ច្រើន​ទៀត ដូច​យ៉ាង​សិង្ហបុរី។ ដូច្នេះ​លោក​រ៉ាហ្សាក់​ដែល​ជា​សមីខ្លួន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ពិត​ជា​មិន​ចង់​ឮ មិន​ចង់​ឃើញ និង​មិន​ចង់​ឲ្យ​លោក​ដូណាល់ ត្រាំ​លើក​យក​ប្រធានបទ​មួយ​នេះ​ទៅ​ជជែក ហើយ​លោក​ត្រាំ​ក៏​បាន​ដឹង និង​យល់​ច្បាស់​ណាស់​ចំពោះ​បំណង​របស់​លោក​រ៉ាហ្សាក់។

តែ​គេ​ពិបាក​ទាយ​ទុក​ពី​ជំហរ​ពិត​របស់​លោក​ត្រាំ​ដែល​ផ្លាស់ប្តូរ​ស្រេច​តែ​ចិត្ត​ដែល​សូម្បី​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​សេនដឺ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ចំពោះ​រឿង​នេះ។ លោកស្រី​សេនដឺ​បាន​ព្យាយាម​លើក​ឡើង​ថា រឿងអាស្រូវ​ពុករលួយ​ពាក់ព័ន្ធ​នឹង​លោក​រ៉ាហ្សាក់​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ក្រសួង​យុត្តិធម៌​អាមេរិក និង​ដែល​លោក​ដូណាល់ ត្រាំ​ព្យាយាម​មិន​លូកដៃ​ក្នុង​រឿង​នេះ​ទេ។ តាម​រយៈសម្តី​របស់​លោកស្រី​សេនដឺ​ដូច​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ថា លោក​ត្រាំ​មិន​ចង់​យក​រឿងអាស្រូវ​មួយ​នេះ​ទៅ​បំពុល​ទំនាក់ទំនង​រវាង​អាមេរិក និង​ម៉ាឡេស៊ី​ដែល​កំពុង​មិន​សូវ​ល្អ​ស្រាប់។ គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា​កាល​ពី​ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រ៉ាហ្សាក់​បាន​ជួប​នឹង​រឿង​អាស្រូវ​ពុករលួយ​បង្វែរ​លុយ​រដ្ឋ​យ៉ាង​ច្រើន​សម្បើម​តាម​រយៈ​មូលនិធិ​ម៉ាឡេស៊ី​ដើម្បី​ការអភិវឌ្ឍន៍​ហៅ​កាត់​ថា ​1MDB។

មូលនិធិ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បក្សពួក​ជំនិត​នឹង​​លោក​រ៉ាហ្សាក់ និង​បាន​ធ្វើ​ឲ្យ​បាត់​ប្រាក់វិនិយោគ​របស់​រដ្ឋ​ដល់​ទៅ​១ពាន់​លាន​ដុល្លារ។ តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក ផែនការ​ទិញ​លក់​អចលនទ្រព្យ​ជា​ច្រើន​នៅ​អាមេរិក​ត្រូវ​បាន​ប្រើ​ដោយ​ប្រាក់​របស់​មូលនិធិ 1MDB។ នៅ​ក្នុង​ន័យ​នេះ ក្រសួង​យុត្តិធម៌​អាមេរិក​ក៏​បាន​សម្រេច​ផ្តាច់​ចរាចរណ៍​ហិរញ្ញវត្ថុ​ក្នុង​តំលៃ​ប្រមាណ​ជា​១ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ជាប់សង្ស័យ។ គឺ​ចំណាត់ការ​របស់​អាមេរិក​ដូច​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​អាមេរិក និង​ម៉ាឡេស៊ី​ពិបាក​មើល​មុខ​គ្នា​ចំ​នៅ​ពេល​នេះ។

ម៉ាឡេស៊ី​សុទ្ធចិត្ត​កាត់​កេរ្តិ៍ កាត់​ខ្មាស់​ដើម្បី​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច

រឿងរ៉ាវ​ពុករលួយ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ផ្តើម​ដក​ខ្លួន​បន្តិច​ម្តងៗ​ពី​អាមេរិ​ទៅ​រក​ចិន ទោះ​បី​ជា​ខ្លួន​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​ក្នុង​រឿង​ដែនដី​ក៏​ដោយ ហើយ​លោក​ដូណាល់ ត្រាំ​ពិត​ជា​បាន​យល់​ច្បាស់ណាស់​ចំពោះ​បញ្ហា​នេះ។ ក្រៅ​ពី​ម៉ាឡេស៊ី គេ​សង្កេត​ឃើញ​ហ្វីលីពីន​ដែល​ជា​ប្រទេស​មួយ​ទៀត​កំពុង​មាន​ជម្លោះ​ទឹកដី​យ៉ាង​ប្រទាញប្រទង់​ជាមួយ​ចិន​ក៏​បាន​រត់​ទៅ​អោបជើង​ចិន​ដែរ។ នរណា​ក៏​ដឹង​ដែរ​ថា​តាំង​ពី​ដើម​មក អាមេរិក​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ឲ្យ​ម៉ាឡេស៊ី និង​ហ្វីលីពីន​រហូត​ដល់​គេ​ហ៊ាន​និយាយ​ថា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហ្វីលីពីន ​និង​ម៉ាឡេស៊ី​ជា​កូនចៅ​របស់​អាមេរិក។

តែ​គេ​ហ៊ាន​ទទួល​ស្គាល់​ថា អ្វីៗ​ហាក់​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង​ជាមួយ​នឹង​រដ្ឋបាល​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ។ ខុស​ពី​លោក​អតីត​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ដែល​បាន​ឲ្យ​អាទិភាព និង​ចាប់​អារម្មណ៍​ខ្លាំង​ដល់​តំបន់​អាស៊ីប៉ាស៊ីហ្វិក លោក​ដូណាល់ ត្រាំ​ហាក់​មិនសូវ​ខ្វាយខ្វល់ និង​បែរ​ជា​យល់​ឃើញ​ថា អាមេរិក​បាន​ខាត​បង់​ប្រយោជន៍​ធំ​ណាស់​ជាមួយ​ប្រទេស​អាស៊ី​និយាយ​ជា​រួម និង​ជាមួយ​ហ្វីលីពីន និង​ម៉ាឡេស៊ី​និយាយ​ដោយឡែក។ តាម​រយៈ​សម្តី​លោក​ត្រាំ​របៀប​នេះ​នាំ​ឲ្យ​ហ្វីលីពីន និង​ម៉ាឡេស៊ី​យល់​ច្បាស់​ថា គេ​ពិត​ជា​មិន​អាច​ពឹងពាក់​លើ​អាមេរិក​ដូច​មុន​បាន​ទៀត​ឡើយ។ ទីក្រុង​គូឡាឡាំពួ និង​ម៉ាលីល​បាន​យល់​ឃើញ​ដូច​គ្នា​ថា មាន​តែ​ស្វែង​រក​ដៃគូ​ថ្មី​ទេ​ទើប​អាច​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​ថ្មី។

នៅ​ក្នុង​ន័យ​នេះ លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​រ៉ាហ្សាក់ និង​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​បាន​សុទ្ធចិត្ត​អោនមុខ កាត់កេរ្តិ៍​ខ្មាស់​រត់​ទៅ​រក​ចិន​ដែល​កំពុង​មាន​ជម្លោះ​ទឹកដី​ជាមួយ​ខ្លួន។ លោក​រ៉ាហ្សាក់ និង​លោក​ឌុយទែរតេ​សុទ្ធ​តែ​ទទួល​បាន​ជំនួយ និង​ការ​ធ្វើ​វិនិយោគ​របស់​ចិន​មាន​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ។ បើ​គេ​មើល​មួយ​ភ្លែត​ទៅ ទង្វើ​របស់​លោក​រ៉ាហ្សាក់​ជា​ការ​សងសឹក​ចំពោះ​អាមេរិក​ដោយ​អូស​ចិន​ធ្វើ​ជា​របាំង តែ​បើ​គេ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា គឺ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​សុទ្ធសាធ។ ចំណែក​ចិន​បាន​យល់​ច្បាស់​ណាស់​ចំពោះ​បញ្ហា​នេះ និង​បាន​ឆ្លៀត​ប្រើ​ឳកាស​ដ៏​កម្រ​មួយ​នេះ​ដើម្បី​បង្កើន​ឥទ្ធិពល​បន្ថែម​របស់​ខ្លួន​នៅ​ក្នុង​តំបន់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិន-ម៉ាឡេស៊ី

    ម៉ាឡេស៊ី​ទិញនាវា​ល្បាត​សមុទ្រ អាច​ផ្ទុក​គ្រាប់​មីស៊ីល​ពី​ចិន​៤គ្រឿង

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ងាក​ទៅរក​ចិន ដើម្បី​សងសឹក​អាមេរិក រឺក៏​ជា​តម្រូវការ​ជាក់ស្តែង?

    ស្វែងយល់បន្ថែម

  • ម៉ាឡេស៊ី-សហរដ្ឋអាមេរិក

    អូបាម៉ា ​គួរ​សរសើរ ​រឺ​រិះគន់ ​ពេល​ជួប​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី?

    ស្វែងយល់បន្ថែម

  • លោក​ចន​ឃែរី​ទៅ​អាស៊ី​ដើម្បី​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក និង​សមុទ្ទ​ចិន​ខាង​ត្បូង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ