អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ព្យុះ​សង្ឃរា​កាន់​តែ​កំណាច បណ្តាល​មក​ពី​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​​ពីHarvey អៀម៉ា ... អៀម៉ា Irma ​ទៅ​មិន​ទាន់​ផុត​ផង ស្ហូហ្សេ Jose និង កាស្យ៉ា​ Katia ទៀត ... ពេល​​នេះ​ជា​រដូវ​ព្យុះ​សង្ឃរា ប៉ុន្តែភាព​កំណាច​របស់​វា បាន​ធ្វើ​ពិភពលោក​ព្រឺ​ខ្នង​​យ៉ាង​ខ្លាំង ប្រៀប​ដូច​កំពុង​ប្រឈម​នឹង​ការ​រលត់រលាយ​ផែន​ដី​យ៉ាង​ដូច្នោះ។ ការ​ព្រួយ​បារម្ភ​នេះ​ក៏​ព្រោះ​តែ​ អៀម៉ា ជាព្យុះ​កំណាច​ខ្លាំង​មិន​ធ្លាប់​មាន ស្ហូហ្សេ​ព្យុះ​ភ្លៀង​ធម្មតា​សោះ​ បែរ​ជា​ប្រែ​ខ្លួន​ទៅ​ព្យុះ​កំណាច​ដែរ។ បើ​តាម​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ ​ព្យុះ​កាន់​តែ​កំណាច​ខ្លាំងនេះ គឺ​ជា​ផលវិបាក​ផ្ទាល់​នៃ​ការ​ឡើង​កម្តៅ​​នៃ​ភព​ផែនដី។​

ព្យុះ​សង្ឃរា​ថត​ដោយ​ផ្កាយ​រណប ថ្ងៃទី ៦ កញ្ញា
ព្យុះ​សង្ឃរា​ថត​ដោយ​ផ្កាយ​រណប ថ្ងៃទី ៦ កញ្ញា REUTERS
ផ្សាយពាណិជ្ជកម្ម

Harvey បង្ក​ឱ្យ​មានទឹក​ជំនន់​ មិន​ដែល​ប្រទះ​ ជន់​លិច​តិចសាស់​ ! អៀម៉ា ព្យុះ​កំណាច​បំផុត​មិន​ធ្លាប់​មាន​នៅ​មហា​សមុទ្ទ​អាត្លង់ទិច បំផ្លាញ​កោះ​សាំងម៉ាតាំង​បារាំង​អស់​៩៥%។ តើ​នេះ​ជា​កំហុស​នៃ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភពផែនដី​ឬ ? អ្នក​នយោបាយ​មួយ​ចំនួន ដូច​យ៉ាង​អភិបាល​ក្រុង​ប៉ារីស ឬ​ប្រធានាធិបតី​បារាំង ម៉ាក្រុង ព្រម​ទាំង​អ្នក​វិទ្យាសាស្ត្រ​​យល់​ថា​ព្យុះ​និង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី​មាន​ចំណង​ហេតុ​និងផលច្បាស់ណាស់​។ ដូច្នេះ​នៅ​ថ្ងៃ​អនាគត​ នឹង​កាន់​តែមាន​ព្យុះ​កំណាច​កាន់​តែ​ច្រើន ? កាន់​តែ​កំណាច​ឡើងៗ​ឬ? មិន​ប្រាកដ​ទេ !

បើ​តាម​​ការ​ពន្យល់​របស់​អ្នក​វិទ្យាសាស្ត្រ ព្យុះ​ទីហ្វុង ព្យុះ​ស៊ីក្លូន​ ព្យុះ​អ៊ូរ៉ាហ្កង់ ព្យុះសង្ឃរា ​កំបុត​ត្បូង ឬ​ព្យុះ​ភ្លៀង វា​ដូច​គ្នា​ទាំង​អស់​ ! អ្វី​ដែល​ខុស​គ្នា​គឺ​កន្លែង​ដែល​ព្យុះ​នោះ​កកើត​​ប៉ុណ្ណោះ។ គ្រប់​ព្យុះ​​តែង​កើត​ឡើង​នៅ​ក្នុង​សមុទ្ទ​ក្តៅ និង​ដោយ​មាន​លក្ខខណ្ឌ​បី​រួម​គ្នា ៖ ទឹក​សមុទ្ទ​ក្តៅ​ចាប់​ពី​២៦​អង្សា​សេ​ឡើង​ទៅ​រហូត​ជម្រៅ​៦០​ម៉ែត្រ មាន​កំរិត​សំណើម​គ្រប់គ្រាន់​ក្នុង​បរិយាកាស និង​មាន​ការ​រំខាន​ដែល​ធ្វើ​ឱ្យ​ខ្យល់​វិល​គួច។ ​ក្លាយ​បន្សំ​ផ្សែង​ពពក​ វិល​មូល​ជា​គូថ​ខ្ចៅ ហើយ​នៅ​ពេល​ទៅប៉ះ​​មហា​សមុទ្ទ ខ្យល់​កាន់​តែ​ក្តៅ​ ព្យុះ​ក៏​អណ្តែ​ត​ឡើង​លើ​ផ្ទៃ​សមុទ្ទ បន្ត​វិល​គួច​ឡើង​នាំ​ខ្យល់​ត្រជាក់​ទៅ​ចំណុច​កណ្តាល​នៃ​សម្ពាធ ឬ​ភ្នែក​ព្យុះ បង្កើត​ជា​សកម្មភាព​ព្យុះ​ភ្លៀង​ឡើង។ សកម្មភាព​កើន​ឡើង​ខ្លាំង​ឬ​ខ្យោយ​ ទៅ​តាម​កំរិត​កម្តៅ​និង​សំណើម​។

កត្តា​កម្តៅ​ និង​សំណើម​ ជាផលវិបាក​ពីរ​យ៉ាង​ផ្ទាល់បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។ ​សម្រាប់​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​ កម្តៅ​និង​សំណើម​ កើន​ឡើងកាន់​តែ​​ខ្លាំង​ដោយ​សារឥទ្ធិពល​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ! បើ​អាកាសធាតុ​ឡើង​កម្តៅ​មួយ​អង្សា​ សំណើម​ក្នុង​បរិយាកាស​នឹង​កើន​ឡើង​៧%។ ដូច្នេះបើ​កត្តា​ពី​រ​នេះ​កើនឡើង នោះ​ជា​ការ​ធម្មតា​ទេ​ដែល​មាន​ព្យុះ​កាន់​តែ​ធំ និង​កាន់​តែ​កំណាច។

ប៉ុន្តែ​ដោយ​ហេតុ​ ​ពិភពលោក​គ្មាន​ទិន្នន័យ​គ្រប់​គ្រាន់​ គ្មានឯកសារ​រូបភាព​ផ្កាយ​រណប​​ មុន​ឆ្នាំ​១៩៧០ ដូច​ពេល​បច្ចុប្បន្ន គេ​មិន​អាច​និយាយ​បាន​សោះ​ឡើយ​ ថា​តើ​សកម្មភាព​ព្យុះ​សង្ឃរា​វិឌ្ឍន៍​យ៉ាង​ដូចម្តេច​ក្នុង​សតវត្សរ៍​ទី​២០។ ព្យុះ​សង្ឃរា​ទាំង​ឡាយ​ ទោះ​កំណាច​យ៉ាង​ណា ឬ​ញឹកញយ​​ក៏​ដោយ បើ​មិន​មក​ប៉ះ​ដី ប៉ះ​ដែន​ទ្វីប​ទេ នោះ​ពិភពលោក​ពិត​ជា​មិន​បាន​ដឹង​ឡើយ។

រាល់​កំណត់​សម្គាល់​ អាច​ចាប់​រាប់​បាន​ត្រឹម​តែ​ពី​ឆ្នាំ​១៩៧០​មក ឆ្នាំ​ដែល​ពិភពលោក​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​តាមដាន​ផ្កាយ​រណប។ ចាប់​ពី​ឆ្នាំ​នោះ​មក អ្នក​វិទ្យាសាស្ត្រ​បាន​សង្កេត​ឃើញ​មាន​កំណើន​ព្យុះ​រួច​ទៅ​ហើយ នៅ​ក្នុង​អត្តគោល​ខាង​ជើង។ សកម្មភាព​ព្យុះ​នៅ​ក្នុង​តំបន់​ ត្រូវ​បន្ត​វដ្ត​វា​រាប់​សិប​ឆ្នាំ។ ដូច្នេះ​គេ​ពិត​ជា​មិន​អាច​ទាន់​និយាយ​បាន​ឡើយ​ថា​កំរិត​ព្យុះ​សង្ឃរា​ប្រែប្រួល​ដោយ​ធម្មជាតិ ឬ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។

ផ្ទុយ​ទៅ​វិញ បើ​តាម​គំរូ​សិក្សា​ សម​បាតុភូត​​អាកាសធាតុ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​​ នៅ​សតវត្សរ៍​ទី​២១​នេះ ព្យុះ​សង្ឃរា​ភ្លៀង​ខ្យល់​ អាច​នឹង​មាន​កម្លាំងកំណាច​ និង​ធំ​​ខ្លាំង តែ​ចំនួន​ព្យុះ​អាច​នឹ​ងថយ​ចុះ​ បើ​គិត​ក្នុង​កំរិត​ភព​ផែន​ដី​ទាំង​មូល។ អ្នក​ស្រាវជ្រាវ​អាកាសធាតុ​បារាំង មិន​សូវ​ទុក​ចិត្ត​លើ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ប៉ុន្មាន​ទេ ព្រោះ​អ្វីៗ​ត្រូវ​ប្រែប្រួល​ ដោយ​ធម្មតា​និង​ធម្មជាតិ ទៅ​នឹង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។ តែអ្វី​ដែល​ប្រាកដ​ខ្លាំង គឺ​ការ​ខូច​ខាត​​ ដោយ​សារ​តែ​ព្យុះ​ភ្លៀង​តែង​នាំ​ឱ្យ​មាន​ទឹក​ជំនន់ ទឹក​ជោរ និង​ព្យុះភ្លៀង​ ហើយ​ប្រជាជន​នាំ​គ្នា​រស់​នៅ​តាម​តំបន់​ឆ្នេរ​កាន់​តែ​ច្រើន។

ជា​ចុងក្រោយបើ​តាម​ឧតុនិយម​បារាំង​​ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៣៥​ឆ្នាំ​ចុងក្រោយ​នេះ ព្យុះ​បាន​​​ប្តូរ​ផ្លាស់​ទី​តាំង​។​ ភាព​កំណាច​របស់​ព្យុះ​សង្ឃរាបាន​ឡើង​ខ្លាំង​ដល់​កំរិត​អតិបរិមា ដោយ​​រំកិល​ខ្លួន​ទៅ​តំបន់​ប៉ូល (ប៉ូល​ខាង​ជើង និង​ខាង​ត្បូង)។ មាន​ន័យ​ថា​មេ​ព្យុះ​ខិត​កាន់​តែ​ឆ្ងាយ​ពី​តំបន់​អេក្វាទ័រ។ បាតុភូត​នេះ ទំនង​ជា​មាន​ពាក់​ព័ន្ធ​នឹងការ​រីក​ធំ​នៃតំបន់​ត្រូពិក ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ​សើម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ