អានតួអត្ថបទ
ភូមា

ស៊ុយអែត​​និង​​អង់គ្លេស​​សុំអោយ​​ក្រុមប្រឹក្សា​​សន្តិសុខ​​អ.ស.ប​បើកកិច្ចប្រជុំ​បន្ទាន់​​ពី​​​បញ្ហា​​ជនជាតិ​​រ៉ូហ៊ីងយ៉ា​

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​​បើក​កិច្ចប្រជុំបន្ទាន់ ​ថ្ងៃពុធ​ស្អែកនេះ ​​ ​ពិភាក្សា​ពី​បញ្ហា​​ជនជាតិ​រ៉ូហ៊ីងយ៉ា​​ ​ ពីស្ថានការណ៍​ដុនដាប​នៅ​រដ្ឋរ៉ាក់ឃីនប្រទេស​ភូមា។ កិច្ចប្រជុំ​នេះបិទទ្វារ ធ្វើឡើង​តា​មសំណូមពរ​ស៊ុយអែត​និង​អង់គ្លេស។ ​ម្សិលមិញ ​ឧត្តមស្នង​ការ សិទ្ធិមនុស្ស​​​អង្គការ​សហប្រជាជាតិ​បាន​ប្រដូច​ស្ថានការណ៍​ហិង្សា​ភូមា ទៅនឹង​ការ​​បោសសម្អាត​ជនជាតិ​ភាគតិច​។ ​ចិន​គូសបញ្ជាក់ឡើងវិញ ថា​ចិន​គាំទ្រ​ភូមា ក្នុង​កិច្ចប្រឹងប្រែង​​​ការពារ​ស្ថិរភាព​ ដើម្បី​ការអភិវឌ្ឍ​ជាតិភូមា។ ​​

ជនភៀសខ្លួន​រ៉ីហ៊ីងយ៉ា​
ជនភៀសខ្លួន​រ៉ីហ៊ីងយ៉ា​ 路透社。
ផ្សាយពាណិជ្ជកម្ម

ប្រឈមនឹង​ស្ថានការណ៍​ដុនដាប​នៅរដ្ឋរ៉ាក់ឃីន​ក្នុង​ទឹកដី​ភូមា ​ស៊ុយអែត​និង​អង់គ្លេស​បាន​សុំអោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើកកិច្ចប្រជុំបន្ទាន់ ​បិទទ្វារ​ជិត មិនអោយ​អ្នកកាសែត​បាន​ចូលទៅ។ អង់គ្លេស​ប្រាប់ថា​ ​​ត្បិតថា វា​ជា​កិច្ចប្រជុំ​បែប​ឯកជន​​ ប៉ុន្តែ នឹង​ផ្តល់​លទ្ធផល​បែប​សាធារណៈ ហើយ​កិច្ចប្រជុំ​នេះ​​នឹង​ធ្វើនៅថ្ងៃពុធ​ស្អែកនេះ។ ក្រុមប្រឹក្សា​សន្តិសុខ​ធ្លាប់​បើក​កិច្ចប្រជុំ​ពី​បញ្ហាភូមា​ម្តងហើយ កាលពី​ថ្ងៃ៣០សីហា ​ថែមទាំងបាន​បារម្ភ​ពី​ផលវិបាក​នៃគ្រោះ​មហន្តរាយ​មនុស្សធម៌។ ​

ស្ថានការណ៍​ហិង្សា​ភូមា ផ្ទុះឡើង​កាលពី​ចុងខែសីហា ក្រោយ​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​វាយប្រហារ​ទៅលើ​ប៉ូលិសភូមា។ កងទ័ព​បានបង្ក្រាប​ហិង្សា​ ធ្វើអោយ​មានមនុស្សស្លាប់​យ៉ាងហោច​៥០០នាក់ ភាគច្រើន​ជាជនជាតិរ៉ូហ៊ីងយ៉ា។​ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅបង់ក្លាដែស ​ពេលនេះ ​បាន​កើន​ដល់​ខ្ទង់​៣សែន​នាក់ហើយ។ អង្គការ​អន្តរជាតិ​ទទួលបន្ទុក​អន្តោប្រវេសន៍ OIM វាយតម្លៃ​ថា មាន​រហូត​ដល់​៣សែន៧ម៉ឺននាក់​​ឯណោះ។ ម្សិលមិញនេះ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​បរិហារ​ការបង្ក្រាប​បែបព្រៃផ្សៃ​របស់​កងទ័ព​ភូមា និង​បាន​ប្រដូច​ស្ថានការណ៍​ទៅនឹង​ការ​បោសសម្អាត ជនជាតិ​ភាគតិច​ទៀតផង។

ថ្ងៃ​សុក្រ​សប្តាហ៍​មុននេះ មន្ត្រី​ការទូតក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សាកសួរ​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្សេងៗ ពី​ស្ថានការណ៍​ភូមា។ ប៉ុន្តែ ចិន​និងរុស្ស៊ី​មិនបាន​បញ្ជូន​តំណាងខ្លួន​ចូលរួម​កិច្ចប្រជុំ​នេះទេ។ ថ្ងៃអង្គារ​នេះ រដ្ឋាភិបាល​​​ចិន​បានចេញមុខ គូស​​បញ្ជាក់​ម្តងទៀត ថា​ចិន​គាំទ្រ​រដ្ឋាភិបាល​ភូមា​ក្នុង​ការ​ប្រឹងប្រែង​ថែរក្សា​ស្ថិរភាព តំបន់​ភាគខាងលិច​ភូមា។ ចិន​សង្ឃឹមថា សហគមន៍​អន្តរជាតិ​ក៏គាំទ្រ​ភូមា​ដូចចិន​ដែរ​។ ពេលនេះ ភូមា​សង្ឃឹមថា បើ​​​អង្គការ​សហប្រជាជាតិ​ចង់​ចេញ​ទណ្ឌកម្ម​ប្រឆាំងភូមា ទាក់ទង​នឹង​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា នោះ​ចិន​និង​រុស្ស៊ី​អាច​ការពារ​ភូមា​​ពី​ទណ្ឌកម្ម​ទាំងនេះបាន៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ