កុមារឥណ្ឌាអាចមានជោគវាសនារួចផុតពីការបំពានភេទ ការជួញដូរ និងការធ្វើការដោយបង្ខំទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥១
យោងតាមរដ្ឋាភិបាលឥណ្ឌា កុមារឥណ្ឌាជាង៩ពាន់នាក់ បានរងគ្រោះដោយការជួញដូរផ្សេងៗ ក្នុងឆ្នាំ២០១៦កន្លងទៅ គឺកើនឡើង២៥ភាគរយ ប្រៀបនឹងឆ្នាំ២០១៥។ ប៉ុន្តែ ក្រុមជំនាញលើកឡើងថា តួលេខនេះទាបជាងការពិតឆ្ងាយណាស់។ ជ័យលាភីណូបែលសន្តិភាពឥណ្ឌា លោកកៃឡាស សត្យាធី Kailash Satyarthi បានរៀបចំអោយមានក្បួនដំណើរធំមួយ នៅទូទាំងប្រទេសឥណ្ឌា ជាយុទ្ធនាការប្រឆាំងការបំពានភេទលើកុមារ។ លោកសង្ឃឹមថា អាចមានមនុស្សចូលរួម១លាននាក់។
កុមារឥណ្ឌាប៉ុន្មាននាក់ពិតប្រាកដទៅ ដែលមួយឆ្នាំៗ បានរងការបំពានភេទ ត្រូវគេយកទៅលក់ជាទាសករ ត្រូវគេបង្ខំអោយធ្វើការតាមរោងចក្រ? កុមារឥណ្ឌាប៉ុន្មាននាក់ទៅ ដែលមានជោគវាសនាគេចផុតពីនរកនៃការជួញដូរ? យោងតាមរដ្ឋាភិបាលឥណ្ឌា កុមារឥណ្ឌាជាង៩ពាន់នាក់ក្លាយជាជនរងគ្រោះក្នុងការជួញដូរ ក្នុងឆ្នាំ២០១៦ គឺកើន២៥ភាគរយ ប្រៀបនឹងឆ្នាំ២០១៥។ កុមារប្រហែល១ម៉ឺន៤ពាន់នាក់ រងការបំពានភេទ រងការចាប់រំលោភ ក្នុងឆ្នាំ២០១៥។ ប៉ុន្តែ ក្រុមជំនាញលើកឡើងថា តួលេខនេះមិនឆ្លុះបញ្ចាំងពីការពិតក្នុងស្រុកទេ។ មានន័យថា ចំនួនកុមារពិតប្រាកដដែលរងគ្រោះដោយការបំពានភេទ រឺការជួញដូរផ្សេងៗ មានច្រើនជាងនេះឆ្ងាយណាស់។
បើនិយាយពីសង្គមឥណ្ឌាវិញ គ្រប់គ្នាហាក់ដូចជាកំពុងជួយលាក់បទឧក្រិដ្ឋធ្វើបាបកុមារ ទើបបានជាធ្វើដូចជាមិនសូវដឹងលឺរឿងនេះ ! ដើម្បីដាស់សតិជនជាតិឥណ្ឌា ដាស់សម្បជញ្ញៈប្រជាជនឥណ្ឌាគ្រប់រូប អោយហ៊ានប្រឈមមើលស្ថានភាពទាំងនេះ ជ័យលាភីណូបែលសន្តិភាពឥណ្ឌា លោកកៃឡាស សត្យាធី បានបើកក្បួនដំណើរដ៏ធំមួយ កាលពីថ្ងៃចន្ទ នៅទូទាំងប្រទេសឥណ្ឌា ជាយុទ្ធនាការប្រឆាំងការបំពានភេទ ប្រឆាំងការធ្វើបាបកុមារ។ ក្បួនដំណើរដើម្បីការពារកុមារនេះ ហែចេញពីក្រុងកាន់យ៉ាគុមារិ នៅភាគខាងត្បូង ហើយត្រូវបញ្ចប់នៅក្រុងញូវដេល្លី នៅថ្ងៃ១៦តុលាខាងមុខ។
លោកសត្យាធី ជាជ័យលាភីណូបែលសន្តិភាព ឆ្នាំ២០១៤។ លោកមានអាយុ៦៣ឆ្នាំ លោកបានតស៊ូរាប់សិបឆ្នាំមកហើយ ដើម្បីសង្គ្រោះកុមារឥណ្ឌា។ លោកប្រថុយជីវិត ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង។ លោកបានបង្កើតចលនាការពារកុមារ មានទាំងចលនាប្រឆាំងការបង្ខំកុមារអោយធ្វើពលកម្ម ដែលមានបណ្តាញនៅតាមជាង១០០ប្រទេស ហើយបានសង្គ្រោះក្មេងៗ៨ម៉ឺន៦ពាន់នាក់ ពីទាសភាពការងារទៀតផង។
យោងតាមជ័យលាភីណូបែលឥណ្ឌារូបនេះ រៀងរាល់ម៉ោង មានកុមារ២នាក់ រងគ្រោះដោយការបំពានភេទ។ ក្រុមឈ្មួញបានលក់ក្មេងៗទាំងនេះ ដូចសត្វធាតុ ជួនកាល លក់ក្នុងតម្លៃទាបជាងសត្វទៀតផង។ ឈ្មួញជួញដូរកុមារបានលួងលោមកុមារមកពីតំបន់ដាច់ស្រយាលថា នឹងអោយពួកគេមានការងារធ្វើ បន្ទាប់មក ជនពាលទាំងនេះបានយកក្មេងៗទៅលក់អោយបនពេស្យា រោងចក្រ រឺក៏លក់បន្តអោយក្រុមជនពាល។ ក្រុមជនឧក្រិដ្ឋបានបង្ខំកុមារអោយទៅសុំទានគេ។ នៅតាមរោងចក្រ កុមារត្រូវគេបង្ខំអោយធ្វើការ ក្រោមការយាមកាមតឹងតែងពីអ្នកយាមប្រដាប់អាវុធ។
ប៉ុន្តែ សង្គមឥណ្ឌាដូចជាស្ងាត់មាត់ចុកទៅវិញ ពេលឃើញមានករណីធ្វើបាបបំពានភេទលើកុមារដែលគ្មានដឹងខ្យល់អីដូច្នេះ។ គេប្រហែលជាចាត់ទុករឿងនេះជាឆាកសំដែងទេដឹង បានជានៅទ្រឹង មិនសង្គ្រោះកុមារតូចៗអោយផុតពីកណ្តាប់ដៃជនពាល? ហេតុអ្វីក៏ម្នាក់ៗចេះតែស្ងាត់មាត់ដូចគេចុកទៅកើត ពេលមានករណីរំលោភបំពានភេទ បង្ខំកុមារធ្វើការកើតឡើង? រឺក៏ខ្លាចជនពាលសម្លាប់ សងសឹក ទើបបានជានៅស្ងៀម?
ជ័យលាភីណូបែលឥណ្ឌា លោកកៃឡាស សត្យាធី ប្រាប់ថា ក្នុងការតស៊ូសង្គ្រោះកុមារ ពីកណ្តាប់ដៃជនពាល លោកបានរងការគំរាមអាយុជីវិត លោករងរបួសរាងកាយ បាក់ឆ្អឺងក៏មាន។ មិត្តរួមការងាររបស់លោក២នាក់ត្រូវបានគេសម្លាប់។ យោងតាមលោកសត្យាធី បញ្ហាសព្វថ្ងៃនេះគឺដោយសារតែមានចន្លោះប្រហោងក្នុងប្រព័ន្ធយុត្តិធម៌ និងក្នុងការងាររបស់កងកម្លាំងអាជ្ញាធរ។
ច្បាប់ចន្លោះប្រហោងយ៉ាងណាក៏ដោយចុះ ប្រសិនបើការតស៊ូសង្គ្រោះកុមារ ត្រូវប្រឈមការគំរាមអាយុជីវិតពីជនពាល ទើបបានជាគេនាំគ្នានៅស្ងៀម មានន័យថា គេកំពុងបណ្តោយអោយសកម្មភាពឧក្រិដ្ឋលើកុមារ ក្លាយជាសកម្មភាពស្របច្បាប់ហើយ។ ក្នុងនាមជាចាស់ជាទុំក្នុងស្រុក ម្នាក់ៗមិនព្រមរួបរួមគ្នា មិនអាចសង្គ្រោះក្មេងតូចៗបានផង ដោយសារតែកំសាកខ្លាចជនពាលសងសឺក តើថ្ងៃក្រោយទៅ ស្ថិរភាពសន្តិសុខអាចមានឡើងដូចម្តេចបាន? តើធ្វើជាឪពុកម្តាយគេម្តេចបានទៅ?
មិនពិបាកឆ្ងល់ទេ បើរដ្ឋាភិបាលឥណ្ឌាលើកឡើងពីការកើនឡើងតួលេខកុមារដែល រងគ្រោះដោយការជួញដូរគ្រប់បែបយ៉ាងនោះ នេះគឹដោយសារតែភាពកំសាក ការបាត់បង់សតិ របស់គ្រប់គ្នានេះហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ