ជប៉ុនបើកការដ្ឋានសង់បណ្តាញខ្សែរថភ្លើងល្បឿនលឿនដំបូងនៅឥណ្ឌា
លោកនាយករដ្ឋមន្ត្រីជប៉ុន ស្ហ៊ីនហ្សូ អាបេ កំពុងបំពេញទស្សនកិច្ចរយៈពេល៤៨ម៉ោង ចាប់ពីថ្ងៃពុធទី១៣ នៅប្រទេសឥណ្ឌា ដើម្បីរឹតចំណងទំនាក់ទំនងដ៏ល្អូកល្អើនរវាងប្រទេសទាំងពីរ។ ដើម្បីជានិម្មិត្តរូប នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីទាំងពីររូប ត្រូវធ្វើជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់បណ្តាញផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿនដំបូងរបស់ឥណ្ឌា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៧
បណ្តាញផ្លូវដែកឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខបួននៅលើពិភពលោក បើគិតពីប្រវែង និងជាតំណាងមធ្យោបាយធ្វើដំណើរផ្លូវឆ្ងាយសំខាន់ជាងគេបំផុតរបស់ប្រទេស។ លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានសន្យាផ្តល់ថវិកាវិនិយោគរាប់ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍បណ្តាញគមនាគមន៍ផ្លូវដែក ដ៏ចាស់ទ្រុឌទ្រោមរបស់ខ្លួន។
នៅថ្ងៃព្រហស្បតិ៍ គម្រោងអភិវឌ្ឍន៍បានក្លាយជាការពិត លោក ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាអមដោយសមភាគីជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ ត្រូវធ្វើជាអធិបតីបើកសម្ពោធការដ្ឋានសាងសង់ផ្លូវដែក ចម្ងាយ៥០០គីឡូម៉ែត្រ ភ្ជាប់ពីទីក្រុងពាណិជ្ជកម្មប៊ុមបេ ទៅក្រុងឧស្សាហកម្ម អាមេដាបាដ ក្នុងរដ្ឋ ហ្គូជារាត ក្នុងរយៈពេលតែបីម៉ោងកន្លះ ទល់នឹង៨ម៉ោងសព្វថ្ងៃ។
គម្រោងសាងសង់ផ្លូវដែក និងរថភ្លើងល្បឿនលឿនដំបូង ដែលអាចផ្ទុកអ្នកដំណើរបាន៧៥០នាក់ ត្រូវរួចចប់សព្វគ្រប់នៅខែសីហា២០២២ ឬយ៉ាងយូរនៅចុងឆ្នាំ២០២៣។ គម្រោងនេះ មានទំហំ ១៩ពាន់លានដុល្លារ ក្នុងនោះ៨៥%ជាប្រាក់កម្ចីវិនិយោគផ្តល់ដោយរដ្ឋាភិបាលជប៉ុន។ ជប៉ុនជាប្រទេសជើងឯក ក្នុងវិស័យអយស្ម័យយានល្បឿនលឿនហើយ ផ្តល់ប្រាក់កម្ចីជាមួយនឹងការប្រាក់ទាបប្រកបដោយការប្រកួតប្រជែងបំផុតទៀត។
ក្នុងឱកាសទស្សនកិច្ចពីរថ្ងៃនេះ លោក អាបេ និងលោក ម៉ូឌី ក៏ត្រូវអញ្ជើញទៅបើកសម្ពោធរោងចក្រឧស្សាហកម្ម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងឧស្សាហកម្មផ្សេងទៀតផង។ ទំនាក់ទំនងរវាងឥណ្ឌានិងជប៉ុន បានរីកថ្កុំថ្កើនខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ នាយករដ្ឋមន្ត្រីទាំងពីរ កំពុងត្រូវការគ្នាទៅវិញទៅមក ដើម្បីប្រឈមនឹងមហាយក្សចិន។ វិនិយោគជប៉ុននៅឥណ្ឌាបានស្ទុះឡើងខ្លាំង ក្នុងស្ទើរគ្រប់វិស័យ ពិសេសវិស័យឧស្សាហកម្មរថយន្ត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ... រហូតក្លាយជាវិនិយោគិនបរទេសដោយផ្ទាល់លំដាប់ទីបីនៅឥណ្ឌា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ