អានតួអត្ថបទ
ជប៉ុន-ឥណ្ឌា

ជប៉ុន​បើក​ការដ្ឋានសង់​បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដំបូង​នៅ​ឥណ្ឌា

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ កំពុង​​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៤៨​ម៉ោង ចាប់​ពី​ថ្ងៃ​​ពុធ​ទី​១៣​ នៅ​ប្រទេស​ឥណ្ឌា ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​ដ៏​ល្អូកល្អើន​​រវាងប្រទេស​ទាំងពីរ។​ ដើម្បី​ជា​និម្មិត្តរូប នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​នាយក​រដ្ឋមន្ត្រី​ទាំ​ងពីរ​រូប ត្រូវធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់បណ្តាញ​​ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿនដំបូង​របស់​ឥណ្ឌា។​

លោកនាយករដ្ឋមន្ត្រីឥណ្ឌានិងជប៉ុន នៅកូបេប្រទេស​ជប៉ុន ឆ្នាំ២០១៦
លោកនាយករដ្ឋមន្ត្រីឥណ្ឌានិងជប៉ុន នៅកូបេប្រទេស​ជប៉ុន ឆ្នាំ២០១៦ ©AFP
ផ្សាយពាណិជ្ជកម្ម

បណ្តាញ​​ផ្លូវដែក​ឥណ្ឌា ជាប់​ចំណាត់​ថ្នាក់​លេខ​បួន​នៅ​លើ​ពិភពលោក បើគិត​ពី​ប្រវែង​ និង​ជា​តំណាងមធ្យោបាយធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​​សំខាន់​ជាងគេ​បំផុត​របស់​ប្រទេស។ លោក​នាយក​រដ្ឋមន្ត្រីឥណ្ឌា​បាន​សន្យាផ្តល់​ថវិកា​វិនិយោគរាប់​ពាន់​លាន​ដុល្លារ​​ សម្រាប់​អភិវឌ្ឍន៍​បណ្តាញ​គមនាគមន៍​ផ្លូវ​ដែក​ ដ៏​ចាស់​ទ្រុឌទ្រោម​របស់​ខ្លួន។

នៅ​ថ្ងៃព្រហស្បតិ៍​ គម្រោង​អភិវឌ្ឍន៍​​បាន​ក្លាយ​ជា​ការ​ពិត លោក ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា​​អម​ដោយ​សមភាគី​ជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ ត្រូវ​ធ្វើ​ជា​អធិបតី​បើក​សម្ពោធ​ការដ្ឋាន​សាង​សង់​ផ្លូវ​ដែក​ ចម្ងាយ​៥០០​គីឡូម៉ែត្រ​ ភ្ជាប់​ពី​ទីក្រុង​ពាណិជ្ជកម្ម​​ប៊ុមបេ ទៅ​ក្រុង​ឧស្សាហកម្ម​ អាមេដាបាដ ក្នុង​រដ្ឋ ហ្គូជារាត ក្នុង​រយៈ​ពេល​តែ​បី​ម៉ោង​កន្លះ ទល់​នឹង​៨​ម៉ោង​សព្វថ្ងៃ។

គម្រោង​សាងសង់​ផ្លូវ​ដែក​ និងរថភ្លើង​ល្បឿន​លឿន​ដំបូង​ ដែល​អាចផ្ទុក​អ្នក​ដំណើរ​បាន​៧៥០​នាក់ ​ត្រូវ​រួច​ចប់​សព្វ​គ្រប់​នៅ​ខែ​សីហា​២០២២ ឬ​យ៉ាងយូរ​នៅ​ចុង​ឆ្នាំ​២០២៣។ គម្រោង​នេះ​ មាន​ទំហំ​ ១៩ពាន់​លានដុល្លារ ក្នុង​នោះ​៨៥%​ជា​ប្រាក់កម្ចី​​វិនិយោគ​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន។ ជប៉ុន​ជា​ប្រទេស​ជើង​ឯក​ ​ ក្នុង​វិស័យ​អយស្ម័យយានល្បឿន​លឿន​ហើយ ផ្តល់​​ប្រាក់​កម្ចីជាមួយ​នឹង​ការប្រាក់ទាប​ប្រកប​ដោយ​ការ​​ប្រកួត​ប្រជែង​បំផុតទៀត។

ក្នុង​ឱកាស​ទស្សនកិច្ច​ពីរ​ថ្ងៃ​នេះ លោក​ អាបេ និង​លោក ម៉ូឌី ក៏​ត្រូវ​អញ្ជើញទៅ​​បើក​សម្ពោធរោង​ចក្រ​ឧស្សាហកម្ម​ និង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​​ផ្សេង​ទៀត​ផង។ ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ជប៉ុន បាន​រីក​ថ្កុំថ្កើន​ខ្លាំង​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ។ នាយករដ្ឋមន្ត្រី​ទាំ​ងពីរ កំពុង​ត្រូវ​ការ​​គ្នា​​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រឈម​នឹង​មហាយក្ស​ចិន។ វិនិយោគជប៉ុន​នៅ​ឥណ្ឌា​បាន​ស្ទុះ​ឡើង​ខ្លាំង ក្នុង​ស្ទើរ​គ្រប់​វិស័យ​ ពិសេស​វិស័យ​​ឧស្សាហកម្ម​រថយន្ត ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ផ្លូវ​ដែក​ ... រហូត​ក្លាយ​ជា​​វិនិយោគិន​បរទេស​ដោយ​​ផ្ទាល់​លំដាប់​ទី​បី​នៅ​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ