ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
អាស៊ី

វិបត្តិរ៉ូហ៊ីងយ៉ា ៖ អាល់កៃដា​ព្រមាន​ភូមា​ លោកស្រីស៊ូជី លុប​គម្រោង​ទៅមហាសន្និបាត​អ.ស.ប.

media  
លោកស្រី អ៊ុង សានស៊ូជី លុប​គម្រោងទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ក្រោមផ្ទៃ​នៃ​វិបត្តិ​រ៉ូហ៊ីងយ៉ា Reuters/路透社

​វិបត្តិ​រ៉ូហ៊ីងយ៉ាកំពុង​ក្លាយ​ជា​ជំងឺ​មហារីកផ្អើល​​​ពិភពលោក​ហើយ​​ឬ​? លោកស្រី​អ៊ុងសានស៊ូជី បានប្រកាស​លុប​ចោល​គម្រោង​ទៅ​ចូល​រួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ខណៈ​ដែល​​​អង្គការសហប្រជាជាតិ​យល់​ថា​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា ជា​ការ​បោស​សម្អាត​ជាតិ​ពិន្ធុ និង​ត្រូវ​បើក​ប្រជុំ​ដោយ​បិទ​ទ្វារ​នៅ​ថ្ងៃពុធ​នេះ។ ហើយ​​​​នៅ​ថ្ងៃ​នេះដែរ បណ្តាញ​អាល់កៃដា បាន​​ធ្វើ​ការ​ព្រមាន​ភូមាថា​នឹង​ទទួល​សំណង​ជា​ទណ្ឌកម្មតប​នឹង​​ទង្វើ​​​រើសអើង​បង្ក្រាប​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​នេះ។

បើ​តាម​ប្រភព​វិបសៃត៍​SITE ឯកទេស​ខាង​តាមដាន​សកម្មភាព​របស់ពួក​អ៊ីស្លាម​ជ្រុលនិយម​ អង្គការ​អាល់កៃដា បាន​ចេញ​សេចក្តី​អំពាវនាវ​ឱ្យ​យុទ្ធជនជីហាត​​អ៊ីស្លាមបង់ក្លាដែស ឥណ្ឌា​​ ប៉ាគីស្ថាន និង​ហ្វីលីពីន នាំ​គ្នាធ្វើ​ដំណើរ​ទៅ​ភូមា​ ដើម្បី​ជួយ​​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រត់​ភៀស​ខ្លួន​ទៅ​បង់ក្លាដែស ជា​ជំនួយ​កម្លាំង និង​អាវុធ ព្រម​ទាំង​ការ​​​រៀបចំ​ផែនការ​ទប់ទល់​នឹង​ការ​បង្ក្រាប​​របស់​រដ្ឋាភិបាល​ភូមា​ទៀត។ អាល់កៃដា ​បានធ្វើការ​ព្រមាន​រដ្ឋាភិបាល​ភូមា​ ដោយ​ចំៗ ថា​នឹង​បានទទួល​សំណង​យ៉ាង​សក្តិសម ចំពោះ​អ្វី​ដែល​ភូមា​បាន​ធ្វើ​បាប​ក្រុម​ជនជាតិភាគ​តិច​​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម។

​សម្រាប់​រដ្ឋាភិបាល​ភូមា សេចក្តី​ប្រកាស​នេះ​ជា​ការ​បញ្ជាក់​​អំពីហេតុផលត្រឹម​ត្រូវ​​​នៃ​ការ​​ក្តីព្រួយ​បារម្ភ និង​ចំណាត់ការ​របស់​ខ្លួន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម។ រដ្ឋាភិបាល​ភូមា​ក៏​បាន​ព្រមាន​អំពីគ្រោះ​ជួប​​ការ​វាយប្រហារ​ភេរវកម្ម​ថ្មីៗ​ទៀត ប្រឆាំង​នឹង​ផលប្រយោជន៍​យោធា​និង​ប៉ូលិស។

សូម​បញ្ជាក់​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជិត​៤០ម៉ឺន​នាក់​ នាំ​គ្នា​រត់​ភៀស​ខ្លួន​ទៅ​បង់ក្លាដែស​ ទាំង​ត្រដាបត្រដួស ​ផ្អើល​សហគមន៍​អន្តរជាតិ គឺ​ដើម្បី​គេច​ពី​ប្រតិបត្តិការ​​យោធា​របស់​កងកម្លាំង​រដ្ឋាភិបាល​ភូមា តប​ទៅ​នឹង​ការ​វាយប្រហារ​លើ​ទីស្នាក់ការ​និង​បន្ទាយ​ប៉ូលិស​ព្រំដែន កាលពី​ថ្ងៃទី​២៥​សីហា ពី​សំណាក់​ពួក​ឧទ្ទាម​អ៊ីស្លាម​ប្រដាប់អាវុធ​ដើម្បី​រ៉ូហ៊ីងយ៉ា។

ប៉ុន្តែទំហំ​​នៃអំពើ​ហិង្សា និង​​ការ​រត់ភៀសខ្លួន​របស់​ជនស៊ីវិល​រ៉ូហ៊ីងយ៉ា មាន​សណ្ឋាន​ដូច​ជា​ការ​បោស​សម្អាត​ជាតិពិន្ធុ។ នេះ​បើ​ពាក្យ​ព្រលយ​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ ឯ​ចំណែក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ត្រូវ​បើក​ប្រជុំ ដោយ​បិទទ្វារ​ នៅ​ថ្ងៃ​ពុធ​នេះ ​ជា​លើក​ទីពីរ ក្នុង​ចន្លោះ​ពេល​តែ​មួយ​សប្តាហ៍។

ភូមា​-វិបត្តិ​រ៉ូហ៊ីងយ៉ា បាន​ក្លាយជា​ប្រធានបទ​​កាន់​ផុស​ផុល​ឡើង ព្រោះ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​ដល់​ពេល​បើក​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ប៉ុន្តែ​លោកស្រីគំរូ​ប្រជាធិបតេយ្យ​ អ៊ុងសានស៊ូជី ​ ដែល​រង​ការ​រិះគន់​ខ្លាំងចំពោះ​ចំណាត់ការ​វិបត្តិ​រ៉ូហ៊ីងយ៉ា បន្ត​គាំទ្រ​នយោបាយ​របស់​ពួក​យោធា ​ដោយ​សុខ​ចិត្ត​រក្សាភាព​ស្ងប់ស្ងាត់ទៀត និងដើម្បី​គេច​ពី​សម្ពាធ​អន្តរជាតិ លោកស្រី​​សុខ​ចិត្តលុបចោល​គម្រោង​​ទៅ​អង្គការ​សហប្រជាជាតិ ដោយ​​បញ្ជូនអនុប្រធានាធិបតី​ទីពីរ​ទៅ​ជំនួស​វិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ