អានតួអត្ថបទ
សិង្ហបុរី

សិង្ហបុ​រី​​​​មាន​​​​ប្រធានាធិបតី​​​ជា​​ស្រ្តីភេទ​​ជា​​លើក​​ទី​​មួយ​​​

នៅ​​ថ្ងៃ​​ពុធ​​ទី​​១៣​​កញ្ញា​​នេះ​ គឺ​​ជា​លើក​​ទី​​មួយ​​ហើយ​​នៅ​​ក្នុង​​ប្រវត្តិសាស្ត្រ​នៃ​សាធារណៈរដ្ឋ​​​​​សិង្ហបុរី​​ដែល​​​មាន​ស្រ្តី​​ភេទ​មួយរូប​​​កាន់​សាសនា​អ៊ីស្លាម​​ មក​ពី​​សហគមន៍​​ជន​ជាតិ​​ភាគ​​តិច​​ម៉ាឡេស៊ី ​ឡើង​​​​កាន់​មុខ​​​តំណែង​​ជា​​ប្រធានាធិបតី​​និមិត្តរូប​របស់​សិង្ហបុរី​ ​​ដោយ​​ពុំ​​មាន​​ឆ្លង​​កាត់​​ការ​​បោះ​ឆ្នោត​​។​ ​ព្រឹត្តិការណ៍​​នេះ​ ​ត្រូវ​បាន​អាប់​រស្មី​​ដោយសារ​ តែ​​​​មតិ​សាធារណៈ​ បាន​​ធ្វើ​ការ​​រិះគន់​​ ​និង​បរិហារ​​យ៉ាង​ក្លាំងក្លា​​​ ។​​

លោកស្រី ​Halimah ​​Yacob​ ស្ត្រី​ភេទ​​ទី​មួយ​​​ដែល​​ក្លាយ​​​​ជា​​​ប្រធានាធិបតី​​​សាធារណៈរដ្ឋ​​​សិង្ហបុរី​ ​​​
លោកស្រី ​Halimah ​​Yacob​ ស្ត្រី​ភេទ​​ទី​មួយ​​​ដែល​​ក្លាយ​​​​ជា​​​ប្រធានាធិបតី​​​សាធារណៈរដ្ឋ​​​សិង្ហបុរី​ ​​​ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ Halimah Yacob ដែល​មាន​អាយុ ៦៣​ឆ្នាំ មុន​នឹង​​ក្លាយ​ជា​ប្រមុខ​រដ្ឋ​​សិង្ហបុរី ធ្លាប់​ជា​ប្រធាន​សភា​នៅ​ឆ្នាំ ២០១៣ ​រហូត​ដល់​ឆ្នាំ ២០១៧។

ហើយ​ជា​ថ្មី​ម្តង​ទៀត លោកស្រី​ Yacob ​ក៏​ជា​ស្ត្រី​លើក​​ទី​មួយ​ដែរ​ដែល​បាន​ចូល​ឡើង​កាន់​មុខតំណែងជា​ប្រធានាធិបតី​និមិត្តរូប​នៃ​សាធារណៈរដ្ឋ​សិង្ហបុរី​។

មាន​វិជ្ជាជីវៈ​ជា​មេធាវី ​លោកស្រី Halimah Yacob បាន​ចូល​ធ្វើការ​បំរើនៅ​ក្នុង​សភា​នៅ​ឆ្នាំ​២០០១​និងបាន​ស្គាល់​ជីវភាព​​នយោបាយនៅ​ឱកាស​នោះ​ដែរ។​

នា​អំឡុង​១០​ឆ្នាំ​ក្រោយ​មក ​លោកស្រី Yacob បានក្លាយ​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ខាង​ខាង​យុវជន​និង​កីឡា​និង​ក្រោយ​មក​ ​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ខាង​គ្រួសារ។

ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​​និង​មាន​ដើម​កំណើត​ជា​ជន​ជាតិ​ម៉ាឡេស៊ី​ លោកស្រី​ Yacob ពាក់​កន្សែង​រុំ​សក់​ក្បាល​ជានិច្ច​ដូច​ជា​ប្រជាជន​ម៊ូស្លីម​ទូទៅ​ដែរ។ នៅ​ក្នុង​អំឡុង​មុខ​អាជីព​នយោបាយ​របស់​គាត់ លោកស្រី​ Yacob ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​សកម្ម​ទល់​នឹង​អ៊ីស្លាម​ជ្រុល​និយម​។​

ក៏ប៉ុន្តែ​ប្រភព​ដើម​​របស់​គាត់​ បាន​ជំរុញ​ឲ្យ​មាន​ការ​ជជែក​គ្នា​យ៉ាង​ផុសផុល​នៅ​ក្នុង​មតិ​សាធារណៈ ដោយសារតែលោកស្រី​ Yacob មាន​ឪពុក​ជា​អ្នក​យាម​សន្តិសុខ​នា​ពេល​យប់​និង​​សញ្ជាតិ​ឥណ្ឌា។ ​បញ្ហានេះ​ហើយ​ដែល​ជំរុញ​ឲ្យ​អតីត​ប្រធាន​សភា​នេះ ត្រូវតែ​ខិតខំ​រក​វិធី​ដោះស្រាយ​យ៉ាងណា​ដើម្បី​ឲ្យ​គេ​ជឿ​ជាក់​​ថា លោកស្រី​ពិត​ជា​ប្រជាជននៅ​​ក្នុង​សហគមន៍​​​​ម៉ាឡេស៊ី​​​​រស់​នៅ​ក្នុង​ប្រទេស​​សិង្ហបុរី​ពិត​។

ម្យ៉ាងទៀត ការ​ជូន​ដំណឹងលើ​ការតែងតាំង​លោកស្រី  Yacob ​ដោយគ្មានឆ្លងកាត់នូវ​ការបោះឆ្នោតនេះ​ បាន​បង្ក​ឲ្យ​មាន​ការរិះគន់​ទិតៀន​និង​ការ​ចោទ​ប្រកាន់​​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​​មហាជន​នៅ​ក្នុង​ប្រទេស​ជាអាទិ៍​នៅ​តាម​បណ្តាញ​សង្គម​ដោយ​ពួកគេ​បាន​ចោទ​ថា​ជា​រឿង​កំប្លុក​កំប្លែង។ ក៏ប៉ុន្តែ​លោកស្រី​ Halimah Yacob​ បាន​ថ្លែង​ធានា​អះអាង​ប្រាប់​ថា បើទោះបី​ជា​ពុំ​មាន​ការ​បោះឆ្នោត​ក្តី ក៏​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​នៅ​ក្នុង​ការ​បំរើ​ប្រទេស​ជាតិ​នៅតែ​មាន​ឥទ្ធិពល​​ដូច​​ពី​មុន​ដដែល។​

ជាការពិត​ នៅ​ឆ្នាំ ​២០១៧​ នេះ គឺ​ជា​លើក​ទី​មួយ​ដែរ​ ដែល​សិង្ហបុរី បាន​ជ្រើស​យក​បេក្ខជន​ប្រធានាធិបតី​​មក​ពី​​សហគមន៍​​ម៉ាឡេស៊ី​និង​បន្ទាប់​ពី​ប្រទេស​នេះ បាន​ធ្វើ​កំណែ​ទម្រង់​នៅ​ឆ្នាំ​២០១៦ ដើម្បី​អនុញ្ញាត​អោយ​ដល់​អ្នកតំណាង​សហគមន៍​ជនជាតិ​នានា អាច​មាន​​សិទ្ធ​ចូលកាន់មុខតំណែង​ជាប្រមុខរដ្ឋសិង្ហបុរីបាន។​​​​​​​

គួរ​រំលឹកថា ប្រធានាធិបតី​សិង្ហបុរី​ដែល​មាន​សញ្ជាតិ​ម៉ាឡេស៊ី​ចុង​ក្រោយ​គេ បាន​ជាប់​ឆ្នោត​​​​នៅ​ឆ្នាំ​១៩៦៥ ។ ​ចំណែក​លោកស្រី​ Halimah Yacob ​ដែល​មាន​កូនចំនួន​៥​នាក់ នៅ​ថ្ងៃ​​នេះ បាន​ក្លាយ​ជា​ប្រធានាធិបតី​​សិង្ហបុរី​លើក​ទី​មួយ​ដែល​មាន​ដើមកំណើត​ម៉ាឡេស៊ី៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ