អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រតិកម្ម​ស្តួចស្តើង​របស់​ក្រុមប្រឹក្សាសន្តិសុខ​ចំពោះ​ជោគវាសនា​របស់​ពួក​រ៉ូហ៊ីងយ៉ា​នៅ​ភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី១៣ កញ្ញា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​ដើម្បី​និយាយ​ពី​អំពើហិង្សា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​នៃ​ប្រទេស​ភូមា​ដែល​បាន​បង្ក​ឲ្យ​មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​ពាន់នាក់​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស។ តាម​អង្គការ​សហប្រជាជាតិ គិត​ក្នុង​រយៈពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជិត ៤សែននាក់​បាន​រត់​ចេញ​ពី​ភូមា​ទៅ​កាន់​បង់ក្លាដែស​ជិតខាង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមប្រឹក្សាសន្តិសុខ​បាន​ត្រឹម​អំពាវនាវ​របបដឹកនាំ​ភូមា​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​រ៉ូហ៊ីងយ៉ា​ជា​បន្ទាន់ និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ផ្តល់​ជំនួយមនុស្សធម៌​ទៅ​ឲ្យ​ពលរដ្ឋ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ដោយ​គ្មាន​ការ​រើសអើង។ ចំណែក​ចិន​បាន​គាំទ្រ​ចំណាត់ការ​របស់​ភូមា​លើ​ពួក​រ៉ូហ៊ីងយ៉ា។

ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​កំពុង​ភៀសខ្លួន​​ទៅ​បង់ក្លាដែស​ដើម្បី​គេច​ពី​ការ​ធ្វើបាប​របស់​ទាហាន​ភូមា​ក្នុង​រដ្ឋ​រ៉ាក់ឃីន
ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​កំពុង​ភៀសខ្លួន​​ទៅ​បង់ក្លាដែស​ដើម្បី​គេច​ពី​ការ​ធ្វើបាប​របស់​ទាហាន​ភូមា​ក្នុង​រដ្ឋ​រ៉ាក់ឃីន REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

គឺ​ជំហរ​របស់​ចិន​ដែល​បាន​ធ្វើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មិន​អាច​ចេញ​ទណ្ឌកម្ម​ណា​មួយ​ប្រឆាំង​ភូមា​នៅ​ក្នុង​វិបត្តិ​រ៉ូហ៊ីងយ៉ា នោះ​បើ​ទោះ​បី​ជា​អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ថា ទង្វើ​របស់​កងទ័ព​ភូមា​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​អ្នកាន់សាសនា​អ៊ីស្លាម​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ជា​ទង្វើ​បោសសំអាត​ជនជាតិ​ពិន្ធុ​ក៏​ដោយ។ នៅ​ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​នា​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខ​មិន​បាន​ចេញ​សេចក្តីសម្រេចចិត្ត​អ្វី​ទាំង​អស់ ពោល​បាន​ត្រឹម​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​អំពើហិង្សា​របស់​កម្លាំងទ័ព​ភូមា​លើ​ពួក​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ​រ៉ាក់ឃីន និង​បាន​អំពាវនាវ​របប​ដឹកនាំ​ភូមា​ឲ្យ​ចាត់​វិធានការ​បិទបញ្ចប់​អំពើហិង្សា​ជា​បន្ទាន់។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល សមាជិក​ទាំង ១៥ប្រទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​រយៈពេល​វែង​ឲ្យ​វិបត្តិ​ដ៏​ចម្រូងចម្រាស និង​ស្មុគស្មាញ​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ ក្រុមប្រឹក្សាសន្តិសុខ​ក៏​បាន​អំពាវនាវ​រដ្ឋាភិបាល​ភូមា​ឲ្យ​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល និង​ធានា​សន្តិសុខ​ដល់​ភ្នាក់ងារ​មនុស្សធម៌​អន្តរជាតិ​ក្នុង​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ពលរដ្ឋ​រស់​ក្នុង​រដ្ឋរ៉ាក់ឃីន​ដោយ​គ្មាន​ការ​រើសអើង​ផ្នែក​សាសនា។ គួរ​ជម្រាប​ជូន​ថា​មក​ដល់​ពេល​នេះ បុគ្គល​អង្គការ​សហប្រជាជាតិ និង​អង្គការ​ក្រៅរដ្ឋាភិបាល​អាច​ចុះ​ទៅ​មើល​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា និង​យក​ជំនួយ​ឲ្យ​ពួក​គេ​តែ​នៅ​ក្នុង​ជំរំ​ស្ថិត​ក្នុង​ប្រទេស​បង់ក្លាដែស​ប៉ុណ្ណោះ។ ការ​អំពាវនាវ​ដូច​នេះ​ក៏​មាន​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ផង​ដែរ។

ឃើញ​ថា មិន​មែន​ក្រុមប្រឹក្សាសន្តិសុខ​មិន​ចង់​ចេញ​សេចក្តីសម្រេចចិត្ត​ណា​មួយ​ដាក់​ទ័ណ្ឌកម្ម​លើ​ទង្វើ​របស់​រដ្ឋាភិបាល​ភូមា​ទេ តែ​ដោយសារ​តែ​មាន​ការ​រារាំង​ពី​ចិន​ដែល​ជា​បង្អែក​សេដ្ឋកិច្ច​ទី១ របស់​ភូមា។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ កញ្ញា​នេះ កាសែត​ផ្លូវការ​ភូមា​បាន​ស្រង់​សម្តី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ភូមា​ដែល​ថា ចិន​បាន​ស្វាគមន៍ និង​គាំទ្រ​លើ​ប្រតិបត្តិការ​សឹក​របស់​កងទ័ព​ភូមា​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋរ៉ាក់ឃីន។ តាម​កាសែត​ផ្លូវការ​ភូមា​ដដែល ចិន​បាន​ចាត់​ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​ភូមា​ថា​ជា​រឿងផ្ទៃក្នុង​របស់​ភូមា​សុទ្ធសាធ។

ចិន​ឆក់​ឱកាស​ដើម្បី​កុំ​ឲ្យ​ភូមា​របូត​ពី​ដៃ​ខ្លួន

ជំហរ​របស់​ចិន​គាំទ្រ​រដ្ឋាភិបាល​ភូមា​របៀប​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ចំណេញ​ទាំង​សេដ្ឋកិច្ច និង​នយោបាយ។ ចូរ​កុំ​ភ្លេច​ថា ពិត​មែន​តែ​ភូមា​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ីអាគ្នេយ៍ តែ​ភូមា​ជា​ទីតាំង​ភូមិសាស្រ្ត​នយោបាយ និង​ក៏​ជា​សក្តានុពល​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​របស់​ចិន។ ចិន​ជា​ប្រទេស​វិនិយោគ​ទី១ របស់​ភូមា ហើយ​ដង្ហើម​សេដ្ឋកិច្ច​ភូមា​បាន​ពឹង​សឹង​ទាំង​ស្រុង​លើ​មហាយក្ស​ចិន។ មែនទែន​ទៅ តាំង​ពី​ភូមា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របបសឹក​រហូត​មក​ដល់​របប​ដឹកនាំ​ស៊ីវិល​សព្វថ្ងៃ ក៏​ចិន​បាន​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ភូមា​ជានិច្ច។ នៅ​ក្នុង​សម័យ​បោះឆ្នោត​ភូមា​ដែល​ជោគជ័យ​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី ចិន​បាន​បារម្ភ​ខ្លាច​បាត់បង់​ភូមា​ធ្លាក់​ទៅ​ក្រោម​ឥទ្ធិពល​អ្នក​ផ្សេង ពិសេស​អាមេរិក។

អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក ចិន​តែង​បញ្ចេញ​ប្រតិកម្ម​ដោយ​មាន​ការ​ប្រយ័ត្នប្រយែង និង​ថ្លឹងថ្លែង​ជា​មុន​នៅ​ក្នុង​វិបត្តិ​រ៉ូហ៊ីងយ៉ា​នេះ។ រូប​លោកស្រី​អ៊ុង សានស៊ូជី​ដែល​ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត និង​តាំង​ខ្លួន​ជា​អ្នក​គោរព​សិទ្ធិមនុស្ស ការពារ​សិទ្ធិ​របស់​ក្រុមជនជាតិ​ពិន្ធុ​គ្រប់​ប្រភេទ​ដែល​កំពុង​រស់​លើ​ទឹកដី​ភូមា រាប់​ទាំង​ពួក​រ៉ូហ៊ីងយ៉ា​ផង តែ​បែរ​ជា​បិទមាត់ មិន​និយាយ​ស្តី និង​ថែម​ទាំង​គេច​ខ្លួន​មិន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាង​មុខ​ទៀត​ផង។ គឺ​ឆ្លៀត​ឱកាស​ពេល​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​មិន​និយាយ​ស្តី​នេះ​ហើយ​បាន​ចិន​ចេញ​មុខ​គាំទ្រ​ពេញ​មុខ ពេញ​មាត់​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ភូមា​ប្រឆាំង​ពួក​រ៉ូហ៊ីងយ៉ា។

គោលដៅ​របស់​ចិន គឺ​បន្ត​រក្សា​ទុក​ភូមា​ឲ្យ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ខ្លួន​ដោយ​ប្រើ​អំណាច​សេដ្ឋកិច្ច។ តែ​អ្វី​ដែល​មាន​បង្កប់​នៅ​ក្នុង​ជំហរ​របស់​ខ្លួន​ដែរ​នោះ ចិន​ក៏​ចង់​ភ្ជាប់​ទង្វើ​របស់​ភូមា​ក្នុង​ការ​បោសសំអាត​ពួក​រ៉ូហ៊ីងយ៉ា​នេះ​ទៅ​នឹង​ចំណាត់ការ​របស់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​បោសសំអាត​ពួក​ឧទ្ទាម​អ៊ុយហ្គួរ​ក្នុង​ខេត្ត​ស៊ីនជាំង​ដើម្បី​សុវត្ថិភាព និង​សន្តិសុខជាតិ។

ចុះ​ទឹកក្រពើ ឡើង​លើ​ខ្លា

នៅ​ក្នុង​វិបត្តិ​រ៉ូហ៊ីងយ៉ា​នេះ ពិតមែន​តែ​លោកស្រី​អ៊ុង សានស៊ូជី​បាន​បិទមាត់ មិន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​លោកស្រី​កំពុង​ឈឺក្បាល​ខ្លាំង និង​ដេក​មិន​លក់​ទេ។ តាំង​ពី​វិបត្តិ​មួយ​នេះ​ហាក់​កាន់​តែ​ខ្ចរខ្ចាយ​នា​ ២សប្តាហ៍​កន្លង​មក លោកស្រី​ស៊ូជី​បាន​បញ្ចេញ​ប្រតិកម្ម​ដែរ តែ​បែរ​ជា​ក្រឡៃ​ការ​ពិត​ដោយ​អះអាង​ថា ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ជា​ព័ត៌មាន​មិន​ពិត​ច្នៃប្រឌិត​ដោយ​បណ្តាញ​សារព័ត៌មាន។ បន្ទាប់​មក និង​ដោយ​មាន​គំនាប និង​ការ​រិះគន់​ខ្លាំង​ពេល លោកស្រី​បាន​សម្រេចចិត្ត​មិន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាង​មុខ និង​សន្យា​លើក​យក​រឿង​នេះ​ទៅ​ពន្យល់​បកស្រាយ​ឲ្យ​បាន​ក្បោះក្បាយ​នា​ថ្ងៃទី១៩ កញ្ញា​ខាង​មុខ។

ពិត​ណាស់​ថា លោកស្រី​អ៊ុង សានស៊ូជី​ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត និង​តាំង​ខ្លួន​ជា​អ្នក​គោរព​សិទ្ធិមនុស្ស និង​ជា​អ្នក​ការពារ​សិទ្ធិ​របស់​ក្រុមជនជាតិ​ពិន្ធុ​គ្រប់​ប្រភេទ​ដែល​កំពុង​រស់​លើ​ទឹកដី​ភូមា រាប់​ទាំង​ពួក​រ៉ូហ៊ីងយ៉ា​ផង។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​នៅ​ភូមា​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ពួក​រ៉ូហ៊ីនយ៉ា​អ្នកកាន់សាសនា​អ៊ីស្លាម​ជិត ១លាននាក់​នៅ​ភូមា​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជនជាតិ​ភាគតិច​ក្នុង​ចំណោម​ជនជាតិ​ភាគតិច​ទាំង ១៣៥ ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ភូមា​ទេ តែ​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។ ការ​ដែល​ពលរដ្ឋ​ភូមា​ស្អប់ខ្ពើម​ពួក​រ៉ូហ៊ីងយ៉ា​ខ្លាំង​មក​ពី​គេ​ចោទ​ពួក​នេះ​ពី​បទ​បាន​ជួយ​គាំទ្រ​ទាហាន​អង់គ្លេស​ក្នុង​ការ​វាយ​យក​ប្រទេស​ភូមា​ធ្វើ​ជា​ប្រទេស​ចំណុះ​នៅ​សតវត្សរ៍​ទី១៩។

ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​ត្រូវ​​ជនជាតិ​ភូមា​ចាត់​ទុក​ជាជនក្បត់ និង​បាន​ធ្វើ​បាប​ពួក​គេ​ជា​ប្រចាំ។ លោកស្រី​ស៊ូជី​ដែល​កំពុង​កាន់​អំណាច​ពិត​ជា​ចង់​ដោះស្រាយ តែ​មិន​អាច​ប្រឈម​នឹង​គំនាប​របស់​ពលរដ្ឋ​ភូមា​បាន។ ម្យ៉ាង​ទៀត​នៅ​ភូមា កងទ័ព​នៅ​តែ​ដើរ​តួនាទី​សំខាន់​ក្នុង​ឆាកនយោបាយ​ដោយ​បន្ត​ក្តាប់​ក្រសួង​សំខាន់ ៣ គឺ​ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ