អានតួអត្ថបទ
ភូមា-រ៉ូហ៊ីងយ៉ា

អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​សេណារីយ៉ូ​ដ៏​អាក្រក់​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា

វិបត្តិ​រ៉ូហ៊ីងយ៉ា​បាន និង​កំពុង​ក្លាយ​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក ហើយ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​បារម្ភ​ខ្លាំង​ជាង​គេ​នោះ គឺ​ស្ថានភាព​មនុស្សធម៌​ដុនដាប​ខ្លាំង​នៅ​ក្នុង​ជំរំ​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ស្ថិត​ក្នុង​ទឹកដី​បង់ក្លាដែស។ ចំណែក​អង្គការ​សហប្រជាជាតិ​មិន​ញញើត​នឹង​និយាយ​ពី​សេណារីយ៉ូ​ដ៏​អាក្រក់​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា ពោល​គឺ​ការ​រត់​ភៀសខ្លួន​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ទាំង​អស់​ចេញ​ពី​ទឹកដី​ភូមា​នា​ពេល​ខាង​មុខ។ ខណៈ​នេះ ក្រុមប្រឹក្សា​សន្តិសុខ និង​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ដូច​គ្នា​ឲ្យ​រដ្ឋាភិបាល​ភូមា​បញ្ឈប់​ការ​ប្រើ​អំពើហិង្សា​ប្រឆាំង​សហគមន៍​រ៉ូហ៊ីងយ៉ា។

អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​សេណារីយ៉ូ​ដ៏​អាក្រក់​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា
អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​សេណារីយ៉ូ​ដ៏​អាក្រក់​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា Munir UZ ZAMAN / AFP
ផ្សាយពាណិជ្ជកម្ម

ជា​រៀងរាល់​ថ្ងៃ​គិត​តាំង​ពី ២សប្តាហ៍​កន្លង​ទៅ គេ​សង្កេត​ឃើញ​មាន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ពី ១០ ទៅ ២០ ០០០នាក់​បាន​រត់​ភៀសខ្លួន​ឆ្លង​ដែន​ចេញ​ពី​រដ្ឋរ៉ាក់ឃីន​ប្រទេស​ភូមា​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ប្រទេស​បង់ក្លាដែស​ក្បែរ​ខាង។ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​អ្នក​ទទួល​ខុសត្រូវ​អង្គការ​សហប្រជាជាតិ​មិន​ញញើត​នឹង​និយាយ​ពី​សេណារីយ៉ូ​ដ៏​អាក្រក់​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នា​ពេល​ខាង​មុខ ពោល​គឺ​ការ​រត់ភៀសខ្លួន​ទាំង​អស់​របស់​ពួក​គេ​ពី​រដ្ឋ​រ៉ាក់ឃីន​ដើម្បី​គេច​ចេញ​ពី​យុទ្ធនាការ​វាយបង្រ្កាប​របស់​កម្លាំង​យោធា​ភូមា។ តាម​ស្ថិតិ​ឲ្យ​ដឹង​ថា​សព្វថ្ងៃ​នេះ មាន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ជិត ១លាននាក់​រស់នៅ​ប្រមូលផ្តុំ​គ្នា​ក្នុង​រដ្ឋ​រ៉ាក់ឃីន ហើយ​គ្រាន់​តែ​ក្នុង​រយៈពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ មាន​ជិត ៤០០ ០០០នាក់​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស។

បង់ក្លាដែស​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​លោក​កំពុង​ប្រឈម​មុខ​នឹង​លំហូរ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា ហើយ​ក្រុម​អង្គការ​អន្តរជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​កំពុង​ក្រពុលមុខ​ក្នុង​ការ​គ្រប់គ្រង​ដោយ​មាន​ការ​ខ្វះខាត​សព្វគ្រប់ តាំង​ពី​ស្បៀងអាហារ​រហូត​ដល់​ទីជម្រក ពិសេស​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​សម្រាប់​កុមារ​ព្រោះ​នៅ​ក្នុង​ចំណោម​ជនភៀសខ្លួន​ទាំង​អស់ មាន​កុមារ​ដល់​ទៅ ៦០%។ ប្រឈម​នឹង​វិបត្តិ​មួយ​នេះ សហគមន៍​អន្តរជាតិ​តាម​រយៈក្រុមប្រឹក្សា​សន្តិសុខ​បាន​ត្រឹម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ភូមា​ឲ្យ​បញ្ឈប់​ប្រើ​អំពើ​ហិង្សា​លើ​សហគមន៍​រ៉ូហ៊ីងយ៉ា។

ចំណែក​សហភាព​អឺរ៉ុប​បាន​អនុម័ត​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ កញ្ញា​នូវ​សេចក្តីសម្រេចចិត្ត​មួយ​ដោយ​បាន​អំពាវនាវ​ឲ្យ​កងទ័ព​ភូមា​បញ្ឈប់​ការ​វាយប្រហារ​លើ​ពួក​រ៉ូហ៊ីង​ជា​បន្ទាន់។ ទន្ទឹម​គ្នា​នេះ គ្រប់​គ្នា​កំពុង​ផ្តោត​ចក្ខុ​លើ​លោកស្រី​អ៊ុង សានស៊ូជី រដ្ឋមន្រ្តី​ការបរទេស​ភូមា និង​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ដែល​ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត​ការពារ​សិទ្ធិ​របស់​ក្រុមជនជាតិ​ពិន្ធុ​គ្រប់​ប្រភេទ​ដែល​កំពុង​រស់​លើ​ទឹកដី​ភូមា រាប់​ទាំង​ពួក​រ៉ូហ៊ីងយ៉ា​ផង។ បន្ទាប់​ពី​បាន​បិទមាត់ មិន​និយាយ​ស្តី​អ្វី​មក លោកស្រី​សន្យា​នឹង​ចេញ​មុខ​ពន្យល់​បកស្រាយ​លើ​រឿង​រ៉ូហ៊ីងយ៉ា​នេះ​នៅ​ថ្ងៃទី១៩ កញ្ញា​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ