អានតួអត្ថបទ
ភូមា-Amnesty International-រ៉ូហ៊ីងយ៉ា

វិបត្តិរ៉ូហ៊ីងយ៉ា៖​Amnesty International ចោទ​កងទ័ព​ភូមា​ពី​បទ​អនុវត្តន៍​​យោបាយ​ដុត​កម្ទេច

នៅ​ថ្ងៃ​សុក្រ ទី១៥ កញ្ញា​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​ចេញ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។ ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​កងទ័ព​ភូមា និង​កំពុង​បន្ត​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ក្បែរ​ខាង។ នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន Amnesty International បាន​ចោទ​កងទ័ព​ភូមា​ពី​បទ​កំពុង​អនុវត្ត​នយោបាយ​ដុតកម្ទេច និង​បោសសំអាត​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ទាំង​អស់​ចេញ​ពី​ទឹកដី​ភូមា។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International)
អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International)
ផ្សាយពាណិជ្ជកម្ម

គិត​តាំង​ពី​ថ្ងៃទី២៥ សីហា​មក មាន​ទីតាំង​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង ៨០កន្លែង​ក្នុង​រដ្ឋរ៉ាក់ឃីន​ត្រូវ​បាន​កងទ័ព​ភូមា​ដុតកម្ទេច​ចោល​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​រៀបចំ​ទុក​មុន និង​ដោយ​ចេតនា នេះ​ជា​ការ​បញ្ជាក់​របស់ Amnesty International។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ Amnesty International ផ្អែក​លើ​ភស្តុតាង​ចំនួន​ពីរ ទី១ គឺ​រូបភាព​ទទួល​បាន​ពី​ផ្កាយរណប​ដែល​បង្ហាញ​ភូមិ ស្រុក​របស់​ពួក​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋ​រ៉ាក់ឃីន​នៅ​មុន និង​ក្រោយ​ការ​វាយប្រហារ​របស់​កងទ័ព​ភូមា និង​ភស្តុតាង​ទី២ គឺ​ការ​ប្រមូល​បាន​សាក្សី​ពី​ខាង​ភូមា និង​ខាង​បង់ក្លាដែស។ តាម Amnesty International អ្នកកាសែត​មិន​ត្រូវ​បាន​រដ្ឋអំណាច​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​តំបន់​ជម្លោះ​ទេ។

លោកស្រី ទីរ៉ាណា ហាសាន នាយក​កម្មវិធី​ដោះស្រាយ​វិបត្តិ​របស់​ Amnesty International បាន​អះអាង​ថា គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដោយ​មិន​អាច​ប្រកែក​បាន​ដែល​បញ្ជាក់​ពី​ទង្វើ​ចេតនា​របស់​កងទ័ព​ភូមា​ក្នុង​ការ​ដុតកម្ទេច​ផ្ទះសម្បែង និង​បង្ហូរ​ឈាម​ពួក​រ៉ូហ៊ីងយ៉ា​ដោយ​ធ្វើ​យ៉ាង​ណា​បង្ខំ​ពួក​នេះ​ឲ្យ​ចាកចេញ​ពី​ទឹកដី​ភូមា​ទាំង​អស់។ សម្រាប់​លោកស្រី​ទីរ៉ាណា ហាសាន នេះ​ពិត​ជា​ទង្វើ​បោសសំអាត​ជាតិពិន្ធុ។ លោកស្រី​ហាសាន​បាន​បន្ថែម​ថា ការ​ដែល​កម្លាំង​សន្តិសុខ​បាន​ធ្វើ​ការ​ឡោមព័ទ្ធ​ភូមិ​មួយ រួច​ធ្វើ​ការ​បាញ់​រះ​លើ​ប្រជាជន រួច​ហើយ​យក​ភ្លើង​ដុតកម្ទេច​ផ្ទះសម្បែង​ទៀត គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ដោយឡែក​ក្នុង​ថ្ងៃ​សុក្រ ទី១៥ កញ្ញា​នេះ​ដែរ រដ្ឋាភិបាល​ភូមា​តាម​រយៈ​អ្នក​នាំ​ពាក្យ​លោក Zaw Htay បាន​ចេញ​មុខ​ការពារ​ខ្លួន​ថា មិន​បាន​រារាំង​អង្គការ​មនុស្សធម៌ និង​ភ្នាក់ងារ​មនុស្សធម៌​ក្នុង​ការ​នាំ​ជំនួយ​ទៅ​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋរ៉ាក់ឃីន​ទេ។ ទន្ទឹម​គ្នា​នេះ លោក Htay បាន​ឆ្លៀត​បញ្ជាក់​ថា យុទ្ធនាការ​របស់​កងទ័ព​នៅ​រដ្ឋរ៉ាក់ឃីន​មិនមែន​ជា​យុទ្ធនាការ​ប្រឆាំង​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ទេ តែ​មាន​គោលដៅ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការ​វាយប្រហារ​ថ្មីៗ​ទៀត​លើ​កម្លាំងប៉ូលិស និង​ទាហាន​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​តាម​រយៈក្រុមប្រឹក្សា​សន្តិសុខ​បាន​បន្ត​​អំពាវនាវ​ដល់​រដ្ឋាភិបាល​ភូមា​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​សហគមន៍​រ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ