ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

លោក Bernd Lange៖​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​អឺរ៉ុប និង​វៀតណាម​អាស្រ័យ​លើ​ស្ថានភាព​សិទ្ធិមនុស្ស

media  
ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក AFP

នៅ​ថ្ងៃ​សុក្រ ទី១៥ កញ្ញា សហភាព​អឺរ៉ុប​បាន​ព្រមាន​វៀតណាម​ត្រង់ៗ​ថា កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​អឺរ៉ុប និង​វៀតណាម​អាច​ទទួល​បាន​ជោគជ័យ ឬ​បរាជ័យ គឺ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម។ លោក Bernd Lange ប្រធាន​គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ថ្លែង​ច្បាស់ៗ​ថា បើ​របប​កុម្មុយនិស្ត​វៀតណាម​នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​បាន​ទេ នោះ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​អឺរ៉ុប និង​វៀតណាម​អាច​ទទួល​បរាជ័យ។

ការ​ថ្លែង​របស់​លោក Bernd Lange ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ហ្វូង​អ្នក​កាសែត​ក្នុង​ទីក្រុង​ហាណូយ។ ដោយ​និយាយ​មិន​លាក់លៀម ប្រធាន​គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​អន្តរជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម​ទាក់ទង​នឹង​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ គឺ​ជា​ប្រធានបទ​ស្នូល​នៃ​កិច្ចចរចា​បច្ចុប្បន្ន ហើយ​បើ​គ្មាន​លទ្ធផល​វិជ្ជមាន ឬ​ការ​រីក​ចម្រើន​ណា​មួយ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​ទេ ក៏​គ្មាន​ការ​ឲ្យ​សច្ចាប័ន្រ​លើ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​អឺរ៉ុប និង​វៀតណាម​ដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ វៀតណាម​បាន​ជាប់ចោទ​ពី​បទ​បាន​ចាប់​ដាក់​គុក និង​ដាក់​ទម្ងន់ទោស​ធ្ងន់​លើ​ក្រុមប្រឆាំង​ខ្លួន ហើយ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ អាល្លឺម៉ង់​បាន​ចោទ​វៀតណាម​ពី​បទ​បាន​ចាប់​ជនជាតិ​វៀតណាម​ម្នាក់​នៅ​​សួនឧទ្យាន​មួយ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ក្នុង​រឿង​ពុករលួយ។ ទង្វើ​របស់​រដ្ឋអំណាច​វៀតណាម​កាល​ណោះ​នាម​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​យ៉ាង​ផុសផុល​រវាង​ក្រុង​ហាណូយ និង​ក្រុង​ប៊ែរឡាំង។

សូម​ជម្រាប​ជូន​ថា សហភាព​អឺរ៉ុប និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​គ្នា​ក្នុង​ឆ្នាំ ២០១៥ និង​គ្រោង​ឲ្យ​សច្ចាប័ន្រ​នៅ​ឆ្នាំ ២០១៨ បន្ទាប់​ពី​បាន​សិក្សា ពិនិត្យ​ផ្លូវច្បាប់​រួច​រាល់។ បើ​អ្វីៗ​នឹង​មាន​ដំណើរការ​ទៅ​ដោយ​រលូន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ទំនិញ​វៀតណាម​ទៅ​កាន់​ទ្វីប​អឺរ៉ុប។ តែ​នៅ​ចំពោះ​មុខ បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម​អាច​បន្ត​ជា​ឆ្អឹង​ទទឹង​ករ​បង្អាក់​ដំណើរការ​ឲ្យ​សច្ចាប័ន្រ​លើ​កិច្ចព្រមព្រៀង​នោះ។

អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់​របស់​វៀតណាម និង​ក៏​ជា​អ្នក​បោះ​ទុន​វិនិយោគ​មួយ​ដ៏​ធំ​នៅ​វៀតណាម​ដែរ។ ដូច្នេះ កិច្ចព្រមព្រៀង​មួយ​នេះ​អាច​នឹង​ផ្តល់​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​សេដ្ឋកិច្ច​វៀតណាម​ដែល​ពឹង​លើ​ការ​នាំ​ចេញ ពិសេស​ក្រោយ​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក។ ជា​ទូទៅ អឺរ៉ុប​នាំ​ចូល​ពី​វៀតណាម​នូវ​ផលិផល​អេឡិចត្រូនិច ផលិផល​វាយនភណ្ឌ និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត ដូច​យ៉ាង​កាហ្វេ អង្ករ ឬ​មួយ​អាហារសមុទ្រ​ជា​ដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ