អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​បាញ់​មីស៊ីល​ក្នុង​រយៈចម្ងាយ​ដ៏​ឆ្ងាយ មិនធ្លាប់មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងជើង នៅថ្ងៃ​សុក្រនេះ​បាន​បាញ់​មីស៊ីល​ចម្ងាយ​មធ្យម​មួយ រំលង​ទឹកដី មុន​នឹង​ធ្លាក់​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នៅ​មិនទាន់​ប្រតិកម្ម​ទៅលើ​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ថ្ងៃ​នេះ​នៅឡើយទេ ប៉ុន្តែ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​ទាមទារ​ជាថ្មី ឲ្យ​ចិន និង​រុស្ស៊ី សម្ព័ន្ធ​មិត្ត​របស់ក្រុង​ព្យុងយ៉ាង ចាត់វិធានការ​ដាក់សម្ពាធ​ផ្ទាល់​ទៅ​លើ​កូរ៉េខាងជើង។

អ្នកដំណើរ​ជប៉ុន នៅទីក្រុង​តូក្យូ មើលទូរទស្សន៍​ដែល​បង្ហាញ​មីស៊ីល​របស់​កូរ៉េខាងជើង​ហោះ​រំលង​ជប៉ុន នៅថ្ងៃ​សុក្រទី ១៥​កញ្ញា ២០១៧
អ្នកដំណើរ​ជប៉ុន នៅទីក្រុង​តូក្យូ មើលទូរទស្សន៍​ដែល​បង្ហាញ​មីស៊ីល​របស់​កូរ៉េខាងជើង​ហោះ​រំលង​ជប៉ុន នៅថ្ងៃ​សុក្រទី ១៥​កញ្ញា ២០១៧ ©REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​របស់​កូរ៉េខាងជើង​នៅថ្ងៃ​នេះ បាន​ហោះបោះពួយ​រំលង​ទឹកដី ជប៉ុន មុន​នឹង​ទៅធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ កូរ៉េខាងជើង ដោយ​បាញ់​មីស៊ីល នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ជា​លើកទី​៨ លើ​កូរ៉េខាងជើង កូរ៉េខាងជើង។ ការនេះ​បង្ហាញ​ថា កូរ៉េខាងជើង​គ្មាន​ខ្លាច​ញញើត​នឹង​ការដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ហើយ​ទណ្ឌកម្ម​នោះទៀតសោត ក៏​នឹង​មិន​ជះ​ឥទ្ធិពល ប៉ះពាល់ ដល់​កម្មវិធី​ផលិត​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែរ។

រុស្ស៊ី ចិន​បាន​ប្រកាស​ថ្កោលទោស​ការបាញ់​មីស៊ីល​បាលីស្ទីក​របស់​កូរ៉េខាងជើង។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បានអំពាវនាវ​ឲ្យ​ភាគី​ជម្លោះ អត់ធ្មត់។ នៅថ្ងៃ​សុក្រ រដ្ឋមន្រ្តីការបរទេស​អាមេរិក បាន​ទាមទារ​ឲ្យ​រុស្ស៊ី និង​អាមេរិក​ដាក់សម្ពាធ​ផ្ទាល់​ទៅលើ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង។ រដ្ឋមន្រ្តី​បារាំង វិញ​បាន​និយាយ​ថ្កោលទោស​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង ក្នុងពេល​ដែល​ប្រមុខ​របស់​អង្គការ​អូតង់​បាន​ចាត់ទុក​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង ថា ជាការគំរាមកំហែង​ដល់​សន្តិភាព​ក្នុង​លោក ហើយ​និង​បានទាមទារ​ឲ្យ​មាន​ចំណាត់ការ​ថ្នាក់​ពិភពលោក ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​មីស៊ីល​របស់កូរ៉េខាងជើង។

សូមចុចអាន៖ គីម ជុងអ៊ុន ពី​មេដឹកនាំ​ក្មេង​ខ្ចី​ខ្វះ​បទ​ពិសោធន៍ ទៅ​ជា​អ្នក​មាន​ប្រៀប ?

នៅ​ថ្ងៃ​សុក្រ កូរ៉េខាងត្បូង​បាន​បាញ់​មីស៊ីល​ចម្ងាយ​ខ្លី ប្រមាណ ២៥០​គីឡូម៉ែត្រ ទៅក្នុង​សមុទ្រ។ ២៥០​គីឡូម៉ែត្រ​ជា​ចម្ងាយ​ដែល​មីស៊ីល​អាច​រត់ទៅដល់​ទីតាំង​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង នៅក្បែរ​ក្រុង​ព្យុងយ៉ាង។

មីស៊ីល​បាលីស្ទីក​ដែល​រត់បាន​ចម្ងាយ​ឆ្ងាយ មិនធ្លាប់មាន

ដោយ​បាញ់​មីស៊ីល នៅ​ថ្ងៃ​នេះ កូរ៉េខាងជើង​អាច​ផ្គើន​នឹង​វិធានការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ ជាមួយ​គ្នានេះ ក៏​ត្រូវ​ដឹង​ដែរថា វា​ជា​រឿង​ធម្មតា ទេ ដែល​ប្រទេស​ផលិត​មីស៊ីល ដូចជា កូរ៉េខាងជើង​ត្រូវ​បាញ់​មីស៊ីល ដើម្បី​ធ្វើ​តេស្ត​សាកល្បង សមត្ថភាព​មីស៊ីល​របស់ខ្លួន។ មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​នៅថ្ងៃនេះ គឺ​ដូច​គ្នា​នឹង​មីស៊ីល​ដែល​កូរ៉េខាងជើង​ធ្លាប់​បាន​បាញ់​រំលង​ជប៉ុន កាលពី​ថ្ងៃទី ២៩​សីហា​កន្លងទៅ។ ប៉ុន្តែ ការបាញ់​មីស៊ីល លើកនេះ សំខាន់​ជាង​ពេលមុន ព្រោះថា មីស៊ីល​ជា​ប្រភេទ មីស៊ីល​បាលីស្ទីក ចម្ងាយ​មធ្យម​ពិតមែន ប៉ុន្តែ វា​អាច​ហោះ​បាន​ក្នុង​កំពស់​ដ៏​ខ្ពស់ ៧៧០​គីឡូម៉ែត្រ ហើយ​និង​ក្នុង​ចម្ងាយ ៣៧០០​គីឡូម៉ែត្រ។

មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​រំលង​ជប៉ុន​លើកមុន ហោះ​បាន​ចម្ងាយ​តិចជាងនេះ គឺ ត្រឹមតែ ២៧០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ការនេះ​បញ្ជាក់​ថា កូរ៉េខាងជើង​កំពុង​បោះមួយជំហាន​ទៅមុខ ក្នុង​ការអភិវឌ្ឍ​មីស៊ីល​របស់ខ្លួន។

មេបញ្ជាការ​ទ័ព​អាមេរិក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក បាន​អះអាងថា មីស៊ីល​របស់​កូរ៉េខាងជើង​បាញ់​រំលង​ជប៉ុន​នៅ​ថ្ងៃ សុក្រ មិន​បាន​សំដៅ គំរាមកំហែង ​ទឹកដី​អាមេរិក ដូចជា​ហ្គាំ​នោះទេ។ កូរ៉េខាងជើង​មិន​បាន​បាញ់​មីស៊ីល គំរាមកំហែង​ទឹកដី​អាមេរិក ដូច​មេបញ្ជាការ​ទ័ព​អាមេរិក​បញ្ជាក់​មែន ប៉ុន្តែ ពេលនេះ កូរ៉េខាងជើង កំពុង​តែ​ធ្វើការ សម្រិតសម្រាំង គន់គូរ ឲ្យ​បាន​ជាក់លាក់​ពី ដំណើរ​គោលចរ ហើយ​និង​កម្លាំង មីស៊ីល របស់ខ្លួន ដែល​កូរ៉េខាងជើង​ធ្លាប់​បាន​គំរាម​កន្លងមក​ថា នឹង​ប្រើ​បាញ់​សំដៅ​កោះហ្គាំ​របស់​អាមេរិក នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

រដ្ឋមន្រ្តី​ការពារ​ជប៉ុន៖ កោះហ្គាំ​របស់​អាមេរិក​មាន​នៅក្នុង​គំនិត​វាយប្រហារ​របស់​កូរ៉េខាងជើង

ទោះ​មានបំពាក់​ដោយ​ប្រព័ន្ធ​ខែល​មីស៊ីល ទំនើប ជប៉ុន​គ្មាន​ចេតនា​បាញ់​ទម្លាក់​មីស៊ីល​បាលីស្ទីក​របស់​កូរ៉េខាងជើង​នោះទេ។ ជំហរ​អះអាង​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន នៅថ្ងៃ​សុក្រនេះ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា ជប៉ុន​នឹង​មិន​ចំណាយ​មីស៊ីល​សូម្បី​មួយគ្រាប់ ដើម្បី​បាញ់​ទម្លាក់​មីស៊ីល​របស់​កូរ៉េខាងជើង។ មិន​ចំណាយ​មីស៊ីល​បាញ់​ទម្លាក់​មីស៊ីល​របស់​កូរ៉េខាងជើង ព្រោះថា ជប៉ុន​មិនមែន​ជា​គោលដៅ​គំរាមកំហែង​របស់​មីស៊ីល​កូរ៉េខាងជើង។

នៅពេល​កូរ៉េខាងជើង​បាញ់មីស៊ីល​បាលីស្ទីក​រំលង​ទឹកដី​ជប៉ុន នៅ​ចុងខែ​សីហា រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​បានលើកឡើង​ថា ជប៉ុន​មិន​បាញ់​ទម្លាក់​មីស៊ីល​របស់​កូរ៉េខាងជើង ព្រោះថា មីស៊ីល​ហោះ​កាត់​ជប៉ុន ក្នុង​រយៈពេល​ខ្លី តែ​ជាង ២នាទី។

តាម​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន ដែល​បាន​ធ្វើ​សន្និសីទ​កាសែត​នៅថ្ងៃនេះ នៅទីក្រុង​តូក្យូ មីស៊ីល​បាលីស្ទីក​របស់កូរ៉េខាងជើង ហោះ​បាន​ចម្ងាយ ៣៧០០​គីឡូម៉ែត្រ មុន​នឹង​ទៅ​ផ្ទុះធ្លាក់​នៅ​ចម្ងាយ ២ពាន់​គីឡូម៉ែត្រ ភាគខាងកើត​កោះ​ហុកកៃដូ​របស់​ជប៉ុន។ សម្រាប់​ប្រមុខ​ការពារជាតិ​ជប៉ុន បើមើល​ទៅលើ​ចម្ងាយ​រត់បាន​របស់​មីស៊ីល ៣៧០០​គីឡូម៉ែត្រ កូរ៉េខាងជើង​ពិត​ជាមាន​សមត្ថភាព អាច​បាញ់​មីស៊ីល ដល់​កោះ​ហ្គាំ ដែលជា​មូលដ្ឋាន​យោធា​ដ៏សំខាន់​របស់​អាមេរិក នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ស្ថិតនៅ ចម្ងាយ តែ ៣៤០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ទីក្រុង​ព្យុងយ៉ាង។

យ៉ាងណាក៏ដោយ ទោះជា​ជប៉ុន មិន​ត្រូវ​គំរាមដោយ​ផ្ទាល់​ដោយ​មីស៊ីល​លើកនេះ​របស់​កូរ៉េខាងជើង ប៉ុន្តែ ជប៉ុន​ក៏​មិន​បាន​ព្រងើយកន្តើយ ដែរ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ កូរ៉េខាងជើង​ទើប​តែ​បាន​គំរាម​បាញ់​គ្រាប់​នុយក្លេអ៊ែរ ដើម្បី​ពន្លិច​ជប៉ុន​ចូលទៅក្នុង​មហាសាគរ។ គឺ​ដោយសារ​ហេតុផលនេះ​ហើយ ដែល​ជប៉ុន សត្រូវ​សំខាន់ទី ២ របស់ កូរ៉េខាងជើង បន្ទាប់ពី​អាមេរិក បានអំពាវនាវ​ឲ្យ​មានកោះប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅថ្ងៃនេះ។

ក្រុមប្រឹក្សា​សន្តិសុខ​កោះប្រជុំបន្ទាន់ នៅថ្ងៃ​សុក្រ

នៅក្រោយ​កូរ៉េខាងជើង បាញ់​មីស៊ីល​រំលង​ជប៉ុន ដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន បាន​ទាមទារ​ឲ្យ​ចិន និង​រុស្ស៊ី​ដាក់​សម្ពាធ​ដោយ​ផ្ទាល់ ទៅលើ​កូរ៉េខាងជើង។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទើប​តែ​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើកទី ៨​លើ​កូរ៉េខាងជើង នៅក្រោយ​ប្រទេស​នេះ​បាញ់​សាកល្បង​អាវុធនុយក្លេអ៊ែរ​អ៊ីដ្រូសែន នៅ​ដើម​ខែ​នេះ។ ដូច្នេះ គេ​មិន​រំពឹងថា ក្រុមប្រឹក្សា​សន្តិសុខ នឹង​បោះឆ្នោត ឲ្យ​មាន​ការដាក់ទណ្ឌកម្ម​ថ្មី​មួយទៀត​នោះទេ។ ជប៉ុន និង​អាមេរិក បាន​ទាមទារ​ឲ្យ​មាន​ការកោះប្រជុំ​បន្ទាន់ នៅ​ក្រុមប្រឹក្សា​សន្តិសុខ នៅ​ថ្ងៃ​សុក្រនេះ គឺ​ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដូចជា​ចិន និង​រុស្ស៊ី ជាដើម ពង្រឹង​ការដាក់​ទណ្ឌកម្ម​ទៅលើ​ ​សម្ព័ន្ធមិត្ត​របស់ពួកគេ គឺ​កូរ៉េខាងជើង។

គេ​ដឹង​ហើយ​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច គ្មាន​បាន​ហុចផល រារាំង​កុំ​ឲ្យ​កូរ៉េខាងជើង​អភិវឌ្ឍ ផលិត​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​នោះទេ។ គេ​វាយតម្លៃថា កូរ៉េខាងជើង​នៅ​តែ​បន្ត​បាញ់​សាកល្បង​មីស៊ីល​របស់ខ្លួន ដើម្បី​សម្រួចសម្រាំង​សមត្ថភាព​មីស៊ីល ដូចដែល​ប្រទេស​មាន​មីស៊ីល​ដទៃ​ទៀត​បាន​ធ្វើ​កន្លងមក។ កូរ៉េខាងជើង​មាន​មីស៊ីល ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ប្រទេស​ដែល​ជា​គូសត្រូវ​របស់​កូរ៉េខាងជើង។ នេះ​គឺ​ជា​ការពិត​មួយ​ដែល​គេមិន​អាច​ប្រកែកបាន។ ផ្ទុយពី​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ យន្តការ​អន្តរជាតិ​មិនអាច​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ដូច​ដែល​គេ​បានធ្វើ​ទៅលើ​អ៊ីរ៉ង់​នោះទេ។

ស្ថិត​នៅក្នុង​ដំណាក់កាល​នេះ មិនមែន​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ទេ ដែល​គេ​អាច​រកឃើញ​ដំណោះស្រាយ វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង។ គឺ​មាន​តែ​ការចុះសម្រុង រវាង​ភាគី​ជម្លោះផ្ទាល់ ដូចជា​អាមេរិក ជប៉ុន ហើយ​និង​កូរ៉េខាងជើង ដែល​អាច​បន្ថយភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ។ បញ្ហា​នៅ​ត្រង់ថា រហូតមកដល់​ពេលនេះ គ្មាន​ភាគី​ណាមួយ បង្ហាញ​សញ្ញា ដកថយ ដើម្បី​ត្រលប់​ចូល​មក​ចូល​តុ​ចរចា រក​កិច្ចព្រមព្រៀង​សន្តិភាព​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ