អានតួអត្ថបទ
អ៊ីរ៉ង់-ចិន

អ៊ីរ៉ង់​ទទួល​បាន​ឥណទាន​រាប់ពាន់​លាន​ដុល្លារ​ពី​ចិន

ចិន និង​អ៊ីរ៉ង់​បាន​ចុះកិច្ចព្រមព្រៀង​ផ្តល់​ប្រាក់កំចី​រាប់លាន​ដុល្លារ​សម្រាប់​វិនិយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ីរ៉ង់។ យោងតាម​កិច្ចព្រមព្រៀង​ចុះនៅ​ទីក្រុង​ប៉េកាំង ក្រុមហ៊ុន​រដ្ឋ គ្រប់គ្រង​ការវិនិយោគ​ចិន បាន​ចុះ​ហត្ថលេខា​ផ្តល់​ប្រាក់កម្ចី ១០​ពាន់​លាន​ដុល្លារ សម្រាប់​ឲ្យ​ធនាគារ​អ៊ីរ៉ង់​យក​ទៅ​វិនិយោគ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីរ៉ង់។ នេះ​បើតាម​ប្រធាន​ធនាគារ​កណ្តាល​អ៊ីរ៉ង់ ដកស្រង់​សំដី​ដោយ​កាសែត​ប្រចាំ​ថ្ងៃ​អ៊ីរ៉ង់ Iran daily នៅ​ថ្ងៃ​សៅរ៍ទី ១៦​កញ្ញា។

រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif (ឆ្វេង) ចាប់ដៃ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​ចិន លោកWang Yi afterនៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ៥​ធ្នូ ២០១៦
រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif (ឆ្វេង) ចាប់ដៃ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​ចិន លោកWang Yi afterនៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ៥​ធ្នូ ២០១៦ Greg Baker / POOL / AFP
ផ្សាយពាណិជ្ជកម្ម

តាម​ប្រធាន​ធនាគារ​កណ្តាល​អ៊ីរ៉ង់​ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ ធ្វើ​ទស្សនកិច្ច នៅ​ទីក្រុង​ប៉េកាំង ក្រុមហ៊ុន​រដ្ឋចិន​ដែល​គ្រប់គ្រង​លើ​មូលនិធិ​វិនិយោគ CITIC (China International Trust and investment Corporation) បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​នឹង​ផ្តល់​ប្រាក់កម្ចី ១០​ពាន់​លាន​ដុល្លារ ដល់​ធនាគារ​អ៊ីរ៉ង់។ ប្រាក់កម្ចី​របស់​ចិន នឹង​ត្រូវ​គេ​ប្រើ​ទៅលើ​គម្រោង​អភិវឌ្ឍ​ផ្នែក​ដឹកជញ្ជូន ថាមពល និង​ទឹកប្រើប្រាស់ នៅ​អ៊ីរ៉ង់។

ក្រៅតែ​ពី​មូលនិធិ​វិនិយោគ​របស់​ក្រុមហ៊ុន​រដ្ឋចិន ធនាគារ​អ៊ីរ៉ង់​ក៏​បាន​ចុះ​ហត្ថលេខា​ជា​គោលការណ៍​ផងដែរ ជាមួយ ធនាគារ​អភិវឌ្ឍន៍​ចិន ដែល​នឹង​ផ្តល់​ប្រាក់កម្ចី​១៥​ពាន់​លាន​ដុល្លារ​ផ្សេងទៀត សម្រាប់​គម្រោង​ផ្សេងៗទៀត​នៅ​អ៊ីរ៉ង់។ តាម​ប្រធាន​ធនាគារ​កណ្តាល អ៊ីរ៉ង់ ធនាគារ​Exim របស់​ចិន បាន​សន្យា​ដែរថា នឹង​ផ្តល់​ប្រាក់ឥណទាន​១០ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ីរ៉ង់។ ជាសរុប ចិន​គ្រោង​ផ្តល់​ប្រាក់​កម្ចី​ ចំនួន ៣៥ពាន់​លាន​ដុល្លារ សម្រាប់​ជំរុញ​សេដ្ឋកិច្ច​អ៊ីរ៉ង់។ “ជំនួយ​ប្រាក់កម្ចី​របស់​ចិន បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ពី​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ” នេះ​ជាប្រសាសន៍​របស់​ប្រធាន​ធនាគារ​កណ្តាល​អ៊ីរ៉ង់ លោក​Valiollah Seif។

ចិន​ជា​ប្រទស​ដៃគូ​សេដ្ឋកិច្ច សំខាន់​របស់​អ៊ីរ៉ង់ ព្រោះថា ចិន​ជា​ប្រទេស​ដែល​ទិញប្រង​ច្រើន​ជាងគេ​ពី​អ៊ីរ៉ង់។ ការដោះដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ ដែល​មាន​ប្រមាណ ៣១​ពាន់លាន​ដុល្លារ នៅ​ឆ្នាំ ២០១៦ បាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​នៅ​ឆមាស​ទី១ នៅ​ឆ្នាំ ២០១៧។ ប្រធានាធិបតី​ចិន ដែល​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​តេហេរ៉ង់ នៅ​មួយសប្តាហ៍​ក្រោយ​ចុះហត្ថលេខា​អន្តរជាតិ​លើ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ធ្លាប់​បាន​សន្យា​ជំរុញ​ឲ្យ​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​ចិន អ៊ីរ៉ង់ កើនឡើង​ដល់​៦០០​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១០​ឆ្នាំទៅមុខ។

ប្រាក់កម្ចី​របស់​ចិន ទៅ​ឲ្យ​ធនាគារ​អ៊ីរ៉ង់​លើកនេះ នឹង​ធ្វើឡើង​ជា​ប្រាក់​អ៊ឺរ៉ូ ហើយ​និង​យ័ន ដើម្បី​ជៀស ​កុំ​ឲ្យជាប់​នៅក្នុង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។ ទោះ​មាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែលនៅក្នុង​នោះ អ៊ីរ៉ង់​សន្យា​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ ក្នុង​រយៈពេល​ជាង​១០ឆ្នាំ ជាថ្នូរ​នឹង​ការលុបចោល​ទណ្ឌកម្ម​ពី​សហគម​អន្តរជាតិ អាមេរិក​ឯណោះវិញ នៅតែ​មិនទុកចិត្ត និង​បាន​ដាក់​ទណ្ឌកម្ម ថ្មីបន្ថែម នៅក្រោយអ៊ីរ៉ង់​បាញ់​សាកល្បង​មីស៊ីល នៅ​ឆ្នាំនេះ។ ដោយសារ​តែ​អរិភាព​របស់​អាមេរិក អ៊ីរ៉ង់ ដែល​កំពុង​ត្រូវ​ការហិរញ្ញប្បទាន សម្រាប់​​ជំរុញ​កំណើន​សេដ្ឋកិច្ច បាន​ងាក​ទៅ​ចាប់ដៃ​វិនិយោគ​ជាមួយ​ប្រទេស​នៅ​អាស៊ី និង​អ៊ីរ៉ុប។ នៅ​ខែ​សីហា​មុន អ៊ីរ៉ង់​ទើប​តែ​ចុះ​ហត្ថលេខា​ទទួល​ប្រាក់កម្ចី ៨ពាន់​លាន​ដុល្លារ​ពី​ធនាគារ​Exim របស់​កូរ៉េខាងត្បូង។ អ៊ីរ៉ង់​កំពុង​ចរចា​ផងដែរ​ដើម្បី​ទទួល​ប្រាក់កម្ចី ២០០​ពាន់​លាន​ដុល្លារ ពី​ធនាគារ​អូទ្រីស អាល្លឺម៉ង់ ហើយ​និង​ដាណឺម៉ាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ