អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គីម ជុងអ៊ុន៖ ​​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជិត​បាន​​សម្រេច

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅ​ថ្ងៃ​សៅរ៍នេះ​បាន​អះអាង​ថា កូរ៉េខាងជើង​ជិត​សម្រេច​បាន​គោលដៅ មាន​អាវុធ​នុយក្លេអ៊ែរ។ ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ KCNA លោកគីម ជុងអ៊ុន​ថ្លែងដែរ​ថា នឹង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល ដើម្បី​ឲ្យ​កូរ៉េខាងជើង​មាន​សមត្ថភាព​នុយក្លេអ៊ែរ​យោធា ស្មើ​នឹង​អាមេរិក។ នៅ​ថ្ងៃ​សុក្រ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង ដែល​ក្រុមប្រឹក្សា​បាន​ចាត់ទុក​ថា ជា​ការគំរាមកំហែង ដល់​តំបន់ និង​សមាជិក​ទាំង​អស់​របស់​អង្គការ​សហប្រជាជាតិ។

លោកគីម ជុងអ៊ុន​មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង តាមដាន​មើល​ដោយ​ផ្ទាល់​ការបាញ់​មីស៊ីល Hwasong-12 ដែល​ធ្វើឡើង​នៅ​ក្បែរ​ក្រុង​ព្យុងយ៉ាង​នៅថ្ងៃទី ១៥​កញ្ញា ២០១៧
លោកគីម ជុងអ៊ុន​មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង តាមដាន​មើល​ដោយ​ផ្ទាល់​ការបាញ់​មីស៊ីល Hwasong-12 ដែល​ធ្វើឡើង​នៅ​ក្បែរ​ក្រុង​ព្យុងយ៉ាង​នៅថ្ងៃទី ១៥​កញ្ញា ២០១៧ © KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

លោកគីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅថ្ងៃ​សៅរ៍នេះ បាន​ប្តេជ្ញា​ថា នឹង​បន្ត អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​យោធា ដើម្បី ឲ្យ​កូរ៉េខាងជើង មាន​សមត្ថភាព​យោធា​ស្មើ​នឹង​អាមេរិក។ តាម​មេដឹកនាំ​កូរ៉េខាងជើង កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់​កូរ៉េខាងជើង ជិត​ឈាន​បាន​សម្រេច ដល់​ចំណុច​ចុងបញ្ចប់។ “គោលដៅ​ចុងក្រោយ​របស់យើង គឺ បង្កើត​ឲ្យ​មាន​តុល្យភាព​កម្លាំង​យោធា ជាមួយ​អាមេរិក និង​ចង់​បង្ហាញ​ដល់​អាមេរិក កុំ​ឲ្យ​ចេះ​តែ​និយាយ​គំរាម​ប្រើជម្រើស​យោធា ដាក់​កូរ៉េខាងជើង” នេះ​ជា​ការអះអាង​របស់​លោកគីម ជុងអ៊ុន ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA។

អ្នកជំនាញ​មួយចំនួន​និយាយ​ថា កូរ៉េខាងជើង​នឹង​មិន​អាច​មាន​កម្លាំង​នុយក្លេអ៊ែរ​យោធា ស្មើ​នឹង​អាមេរិនោះ។ កូរ៉េខាងជើង​ជា​ប្រទេស​ថ្មីថ្មោង ដែល​គេ​នៅ​មិនទាន់​ច្បាស់ថា នឹង​អាច​មាន​សមត្ថភាព​ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដ៏តូច​មួយ​សម្រាប់​ដាក់ បំពាក់​លើ​មីស៊ីល​ផង។ អាមេរិក​ឯណោះ​វិញ កំពុង​មាន​រួចទៅហើយ ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដល់​ទៅ​ជាង ៤ពាន់​គ្រាប់។ ៤ពាន់​គ្រាប់ ក៏ដោយសារ​តែ​អាមេរិក​ធ្លាប់​បាន​បំផ្លាញ​ចោលអស់​ខ្លះផង។ នៅ​ ឆ្នាំ​១៩៩០ អាមេរិក​ធ្លាប់​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរដល់ទៅ ២២ ០០០ គ្រាប់​ឯណោះ។ ប៉ុន្តែ អាមេរិក នៅទីបំផុត បានធ្វើ​កិច្ចព្រមព្រៀង មួយ ជាមួយ មហាអំនាច​នុយក្លេអ៊ែរ​រុស្ស៊ី ដែល​បាន​យល់ព្រម​ផងដែរ កាត់បន្ថយ​ចំនួន​ក្បាល​នុយក្លេអ៊ែរ​របស់ខ្លួន ពី​ជាង ៣ម៉ឺន មកនៅ​ត្រឹម​តែ​ជាង ៧ពាន់​គ្រាប់វិញ។

ទោះបី​ជា​កូរ៉េខាងជើង មិនអាច​ឈាន​ទៅ​មាន​សមត្ថភាព​នុយក្លេអ៊ែរ​យោធា​ស្មើ​អាមេរិក ប៉ុន្តែ គេមិន​បដិសេធ​ទេថា នៅ​រវាង​តែ​បីឆ្នាំ​ចុង​ក្រោយនេះ កម្មវិធី​ផលិត​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​បាន​បោះជំហាន​ទៅ​មុខ លឿន គួរ​ឲ្យ​កត់សំគាល់។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ មីស៊ីល​ចម្ងាយ​មធ្យម របស់​កូរ៉េខាងជើង​បាន​បោះរំលង​ទឹកដី​ជប៉ុន មុន​នឹង​ទៅ​ធ្លាក់​នៅ​ភាគខាងត្បូង​កោះ​ហុកកៃដូ​របស់​ជប៉ុន។ នេះ​ជា​លើកទី១ ដែល​មីស៊ីល​របស់​កូរ៉េខាងជើង​ហោះ​បាន​ចម្ងាយ​ឆ្ងាយ ដល់​ទៅ ៣៧០០​គីឡូម៉ែត្រ។ មួយវិញទៀត មីស៊ីល​ត្រូវ​បាន​បាញ់​ពីជើងទ្រ នៅលើ​រថយន្ត។ មានន័យថា កូរ៉េខាងជើង​មាន​សមត្ថភាព​ចល័ត​កន្លែង​បាញ់​មីស៊ីល ទៅ​កន្លែង​ណាក៏បាន គឺ​មិននៅ​ជាប់ដី មួយកន្លែង​ដូចមុន​នោះទេ។

មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ថា កូរ៉េខាងជើង​បានជោគជ័យ ព្រោះថា មីស៊ីល​ដែល បាញ់ នៅ​ថ្ងៃ​សុក្រ ​បាន​ដល់​ទិសដៅ គ្រោងទុក។ អាច​និយាយ​បាន​ថា កូរ៉េខាងជើង​មានមីស៊ីល ដែល​ខ្លួន​កំណត់​ឲ្យ​ធ្លាក់​នៅ​កន្លែង​ណា​ក៏បាន។ កន្លែង​ដែល​មីស៊ីល​កូរ៉េខាងជើង​បាន​ធ្លាក់ គឺ​ស្ថិតនៅ​ចម្ងាយ​ប្រហាក់ប្រហែល​គ្នា នឹង​ចម្ងាយ​ពី​កូរ៉េខាងជើង​ទៅ​កោះ​ហ្គាំ​របស់​អាមេរិក​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិកដែរ។

ជម្រើស​យោធា​របស់​អាមេរិក គឺ​មាន​រូបរាង​ត្រឹម​ជា​សំដី ប៉ុន្តែ នឹង​មិនអាច​ក្លាយ​ជា​ការអនុវត្ត​ជាក់ស្តែង​នោះទេ។

នៅក្នុងសារ​Twitter លោកដូណាល់ ត្រាំ បាន​និយាយ​សា​ជា​ថ្មី​ថា លោក​កាន់តែ​ជឿជាក់ថា ជម្រើស​យោធា ត្រូវ​ប្រើ​ដើម្បី​ឆ្លើយតប​នឹង​ការញុះញង់​របស់​កូរ៉េខាងជើង។ ទីប្រឹក្សា​របស់​ប្រធានាធិបតី​ខាងផ្នែក​សន្តិសុខជាតិ​អាមេរិក លោក​McMaster ឯណោះវិញ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ជម្រើស​យោធា ត្រូវ​បាន​គេ​គិតគូរ​ត្រៀម​រួចស្រេចហើយ និង​ថា អំណត់ធ្មត់​របស់​អាមេរិក​បាន​ដល់​ដែន​ដែល​កំណត់ទុក បន្ទាប់​ពី​កូរ៉េខាងជើង បាញ់​មីស៊ីល នៅថ្ងៃ​សុក្រ។

សង្រ្គាម​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​កូរ៉េខាងជើង​នឹង​មិនអាច​ផ្ទុះឡើង​បានទេ​ដោយសារ​តែ​ហេតុផល​នយោបាយ ហើយ​និង​សេដ្ឋកិច្ច។ គិតទៅមើល បើសិន​អាមេរិក​វាយប្រហារ​យោធា​ទៅលើ​កូរ៉េខាងជើង តើ​នឹង​មាន​អ្វីកើតឡើង? កូរ៉េខាងត្បូង និង​ជប៉ុន​មុនគេ នឹង​អាច​រងការវាយប្រហារ​ពី​កូរ៉េខាងជើង។ រឿងនេះ គឺ​មិនអាច​ត្រូវកើតឡើង​បានទេ​ព្រោះ ថា ទីក្រុង​សេអ៊ូល និង​ជប៉ុន គឺ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​ជនបរទេស​រាប់លាន​នាក់​កំពុង​ធ្វើការ និង​រស់នៅ។

អាមេរិក​ខំប្រឹង​គំរាមកំហែង​ប្រើ​ជម្រើស​យោធា និង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្តែ នយោបាយ​នេះ គឺ​គ្មាន​ជោគជ័យ អាច​ដាក់គំនាប​ឲ្យកូរ៉េខាងជើង​លះបង់​កម្មវិធី​ផលិត​មីស៊ីល​នោះទេ។ ផ្ទុយទៅ វិញ ការគំរាម និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ក្រុមប្រឹក្សា​សន្តិសុខ​គឺ​មាន​តែ​ជំរុញ​ឲ្យ​កូរ៉េខាងជើង ខំប្រឹង​បង្កើន​ល្បឿន​ផលិត​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​ខ្លាំងឡើង​តែប៉ុណ្ណោះ។

កូរ៉េខាងជើង​សម្ងំ​កេងពេលវេលា ដើម្បី​បង្កើន​ថាមពល អំណាច​នុយក្លេអ៊ែរ សម្រាប់​ចរចា ស្មើភាព​ជាមួយ​អាមេរិក

គំរាម​ប្រើ​កម្លាំង​យោធា ហើយ​និង​ទណ្ឌកម្ម​គ្មានផ្តល់​ផល ដាក់គំនាប​ឲ្យ​កូរ៉េខាងជើង លះបង់​ចោល មហិច្ឆតា​ផលិត​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ។ នៅ​ថ្ងៃ​សុក្រ ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី ហើយ​និង​បារាំង បានរួម​គ្នា​ឲ្យ​មាន​ការចរចា​ដោយ​ផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កាន់​តែ​ស្មុគស្មាញ​មួយនេះ។

ភាគី​អាមេរិក​ឧស្សាហ៍​លើកនិយាយ​ពី​ការចរចា​ផ្លូវទូត ដើម្បី​បន្ថយ​ភាពតានតឹង ជាពិសេស​នៅក្រោយ​កូរ៉េខាងជើង បាញ់​សាកល្បង​មីស៊ីល។ ប៉ុន្តែ ភាគី​កូរ៉េខាងជើង​មិនដែល​ឆ្លើយតប​យ៉ាងណា​នោះទេ គឺ​គ្រាន់តែថា ​នៅ​ចាំមើល​ឥរិយាបទ​របស់​អាមេរិក​សិន។

នៅ​ក្នុង​អំឡុង​ពេល​គ្មានសញ្ញា​វិជ្ជមាន​ពី​ខាង​កូរ៉េខាងជើង យ៉ាង​ដូច្នេះ និង​ដោយសារ​តែ​កូរ៉េខាងជើង​នៅ​បន្ត​បាញ់​សាកល្បង​មីស៊ីល អាមេរិក​បាន​ប្រើ​នយោបាយ​ម្តងក្តៅ ម្តងត្រជាក់។ ត្រជាក់​គឺ​បើកដៃ​ស្វាគម​ឲ្យ​មានការ​ចរចា ចំណែក ក្តៅ គឺ​ប្រធានាធិបតី​អាមេរិក​ លោកដូណាល់ ត្រាំ បាន​គំរាម​ប្រើជម្រើស​យោធា​ដែល​នឹង​បង្ក​ឲ្យ​ភ្លើង ហើយ​និង​កំហឹង​នៅ​កូរ៉េខាងជើង។ នៅក្នុង​ពេល​ដែល​អាមេរិក ឆ្លេឆ្លា ខឹងសម្បារ កូរ៉េខាងជើង​ឯណោះវិញ នៅ​សម្ងំ​អភិវឌ្ឍ​សម្រួចសម្រាំង​កម្មវិធី​ផលិត​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន។ ការសម្ងំ​របស់​កូរ៉េខាងជើង មិនមែន​គ្មានន័យនោះទេ។ នៅ​ថ្ងៃ​សៅរ៍នេះ លោកគីម ជុងអ៊ុន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ កូរ៉េខាងជើង KCNA ថា កូរ៉េខាងជើង​កំពុង​ស្ថិតនៅ​ដំណាក់កាល​ចុងក្រោយ ជិត​សម្រេច​បាន​គោលដៅ ដើម្បី​មាន​អាវុធ​នុយក្លេអ៊ែរហើយ។ លោក​គីម ជុងអ៊ុន​អះអាង​ថា ចង់​ឲ្យ​កូរ៉េខាងជើង​មាន​នុយក្លេអ៊ែរ​យោធា ស្មើ​នឹង​អាមេរិក ពោល​គឺ​ដើម្បី​កុំ​ឲ្យ​អាមេរិក​ចេះ​តែ​គំរាម​ប្រើជម្រើស​យោធា ដាក់​កូរ៉េខាងជើង​តទៅទៀត។

កន្លងមក កូរ៉េខាងជើង​បានទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​សមយុទ្ធ​យោធា​ជាមួយ កូរ៉េខាងជើង ដើម្បី ជាថ្នូរ​នឹង​ការបើក​ការចរចា​ដើម្បី​ឲ្យ​កូរ៉េខាងជើង ផ្អាក​កម្មវិធី​ផលិត​មីស៊ីល និង​នុយក្លេអ៊ែរ។ ដំបូង​គេ​គិត​ថា កូរ៉េខាងជើង​មាន​ចេតនា​ចង់​ចរចា​ជាមួយ​អាមេរិក នៅក្នុង​លក្ខខណ្ឌ​ដ៏​សាមញ្ញ គឺ​អាមេរិក​ត្រូវ​ឈប់​ធ្វើ​សមយុទ្ធ ដែល​ក្រុង​ព្យុងយ៉ាង ចាត់ទុក​ជា​គម្រោង​ឈ្លានពាន​កូរ៉េខាងជើង។ ប៉ុន្តែ តាមការពិត ការទាមទារ​របស់​កូរ៉េខាងជើង គ្រាន់តែ​ជា​លេស​ដើម្បី​ពន្យារ​ពេល ធ្វើ​ឲ្យ​កូរ៉េខាងជើង អាច​ចំណេញពេល ដើម្បី ឆ្លៀត​បង្កើន​កម្លាំង​សមត្ថភាព​ផលិត​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​តែ​ប៉ុណ្ណោះ។ កូរ៉េខាងជើង នៅពេលនេះ គឺ​មិនដូច​ពេលមុនទេ។

កូរ៉េខាងជើង ពេលនេះ ​មាន​មីស៊ីល​បាញ់​ចំ​តាម​គោលដៅ​កំណត់ និង​អាច​ទៅ​ដល់​ទឹកដី​របស់​អាមេរិក។ ចង់ ឬ​មិនចង់ កូរ៉េខាងជើង​របស់​មេដឹកនាំ​វ័យតែ​ជាង ៣០​ឆ្នាំ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ក្នុង​ដៃ អាច​មាន​ទឹកមាត់ មានទម្ងន់ ចរចា ទាមទារ​លក្ខខណ្ឌ​បានច្រើនណាស់​ពី​អាមេរិក និង​ប្រទេស​ជិតខាង។ ដល់​ពេល​ដែល​កូរ៉េខាងជើង​សុខចិត្ត​ឲ្យ​មាន​ការចរចា​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង គឺ​អាមេរិក​ឯណោះ​វិញទេ ដែល​ត្រូវពិបាក សម្រេចចិត្ត ព្រោះថា អាមេរិក​នឹង​អាច​ខាតបង់ ត្រូវ​លះបង់ ច្រើន​ទៅតាមការទាមទារ​របស់​កូរ៉េខាងជើង ដែល​បាន​ក្លាយ​ពី​កូនទាហាន​ដ៏សាមញ្ញ មក​ក្លាយ​ជា​មេកន្រ្ទាញ​ដ៏មានអំណាច និង​គ្រោះថ្នាក់ម្នាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ