អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្ត្រី​​ជប៉ុន​​គ្រោងរំលាយ​សភា និង​​​រៀបចំ​​ការបោះឆ្នោត​​​មុនអាណត្តិ​ ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន​ចុះផ្សាយ​នៅថ្ងៃអាទិត្យ​នេះ ថា​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ី​នហ្សូ អាបេ ​គ្រោង​នឹង​រំលាយ​សភា​ជាន់ទាបចោល និង​រៀបចំ​អោយជប៉ុនបោះឆ្នោត​មុនអាណត្តិ ក្រោយ​មា​នអង្គប្រជុំ​ថ្ងៃ២៨កញ្ញា​ខាងមុខនេះ។ ដូច្នេះ ជប៉ុន​នឹង​ធ្វើការ​បោះឆ្នោត​មុនកាលកំនត់ ដល់​ទៅជាង​មួយឆ្នាំ។ គេមើលឃើញថា លោក​អាបេ ចង់​​​ឆ្លៀត​​​​ចំណេញ​ពីស្ថានការណ៍នយោបាយ​ក្នុងស្រុក ចំពេល​បក្ស​ប្រឆាំង​កំពុង​ជួប​បញ្ហា ពិសេស​ពេលនេះ​ ​​​ប្រជាប្រិយភាព​របស់​លោក​​បាន​ឡើងខ្ពស់​មកវិញ។ ​​

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ
នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​មុនអាណត្តិ​ធ្វើមុនកាល​កំណត់​ដល់ទៅ​ជាងមួយឆ្នាំ

តាមធម្មតា ការបោះឆ្នោត​សភា​នៅជប៉ុន ត្រូវ​ធ្វើនៅ​ចុងឆ្នាំ​២០១៨​។​ តាមព័ត៌មាន​មួយចំនួន ការបោះឆ្នោត​មុនអាណត្តិដែល​លោកអាបេ លើកឡើង ​អាច​ប្រព្រឹត្ត​ទៅ​​ នៅ​ថ្ងៃ​២២តុលា​ខាងមុខ។ តែ​ក៏​មានការលើកឡើង​ដែរថា ​អាច​នឹងធ្វើនៅ​ខែវិច្ឆិកា​វិញ គឺក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ នៅ​​ជប៉ុន​ចប់សព្វគ្រប់។ ​ពេលនេះ ការស្ទាបស្ទង់​មតិ​មួយចំនួន​បង្ហាញថា ​ប្រជាប្រិយភាព​លោកអាបេ កំពុង​លោត​ឡើង​ខ្ពស់មកវិញ គឺឡើង​ដល់ទៅ​៥០ភាគរយ។ ​លោកអាបេ​មិនបណ្តោយ​អោយ​​ឱកាស​នេះ​​​រំលង​ផុតទេ។ ​ត្រូវ​រៀបចំការបោះឆ្នោត​អោយឆាប់ ដើម្បី​ទទួលបាន​ជោគជ័យ​​​​ជាថ្មីម្តង​ទៀត។ ​​នាយករដ្ឋមន្ត្រី​ជប៉ុន​មាន​បទពិសោធនន៍​ជូរចត់​ក្រោយ​​​បរាជ័យ​​ បោះឆ្នោត​​ក្រុមប្រឹក្សា​ក្រុងតូក្យូ ខែកក្កដារួចហើយ។ ខែកក្កដា បក្ស​អភិរក្ស​របស់​លោក​បាន​ចាញ់ឆ្នោត​នេះ បាត់បង់​អាសនៈ​ដល់ទៅ​ជិតពាក់កណ្តាល​ឯណោះ។ ខែកក្កដា ​បក្សថ្មីស្រឡាង​របស់ ឈ្មោះថា Tokyo First របស់​​​លោកស្រីយូរីកូ កូកេ ជា​​អភិបាល​ក្រុងតូក្យូ ​ជាអ្នក​ឈ្នះឆ្នោត។ ពេលនេះ លោកអាបេ​ប្រាប់​បក្ស​កូមេតុ ជាបក្ស​ដៃគូ​នឹង​បក្ស​កាន់អំណាច​រួចហើយថា ​លោក​គ្រោង​​​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​មុនអាណត្តិ ក្រោយអង្គប្រជុំ​ចុងខែកញ្ញា​នេះ។​

ការវិវត្ត​ស្ថានការណ៍​នយោបាយ​​​ចុងក្រោយ​នេះ​ ជាប្រយោជន៍​​​​ដល់​លោក​អាបេ​​ក្នុង​​​ការ​បោះឆ្នោត​មុន​អាណត្តិ​​​​

ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាប្រិយភាព​លោកអាបេ​ដូចជា​នៅគ្រាន់បើ​ដែរ គឺ​​មាន​​៤៥ភាគរយ ប៉ុន្តែ ​ចូលខែ​កក្កដា ​​ប្រជាប្រិយភាពលោកបាន​​ធ្លាក់ចុះ​ខ្លាំង​ ដល់​​​២៩,៩ភាគរយ ​​មិនដល់​៣០ភាគរយទេ។ បញ្ហា​គឺដោយសាររឿងអាស្រូវ ចោទ​នាយករដ្ឋមន្ត្រី​​ជប៉ុ​ន​ថាប្រកាន់​​បក្ស​ពួកនិយម រឺ​ក៏​ចង់​រំលោភ​រដ្ឋធម្មនុញ្ញ​​បង្កើនតួនាទី​កងទ័ពនៅបរទេសជាដើម។

រឿង​បក្សពួក​និយមនេះ ជាឧទាហរណ៍​ជាក់ស្តែង​ គឺពាក់ព័ន្ធ​នឹង​​​សាលារៀន​ឯកជនមួយ នៅជិត​ក្រុង​អូសាកា ​ភាគ​ខាងលិច​ប្រទេស។ ​​ម្ចាស់សាលារៀន​មួយនេះ ទិញដី​​ ​​ពីរដ្ឋ​ដើម្បីសង់សាលារៀន ក្នុង​តម្លៃ​ថោក គឺថោក​ជាងតម្លៃ​ដីតំបន់ ដល់ទៅជាង​៨រយ​លានយេន​ឯណោះ។ ពោលគឺ​រដ្ឋលក់​ដីអោយ​ម្ចាស់សាលា​នោះ តែ​១៣៤លានយេន ខណៈ​ថ្លៃដី​មួយដុំ​នោះ ត្រូវមានខ្ពស់​ដល់ទៅ​៩៥៦លានយេន។ រដ្ឋអះអាង​ថា លក់ថោក​ដូច្នេះ ជាថ្នូរ​អោយ​ម្ចាស់សាលា​ ​បោសសម្អាត​កំទេច​​​​​​​សំណ និង​អាសេនិក ចេញ​អោយ​អស់ពីដី​សិន។ ប៉ុន្តែ បក្ស​ប្រឆាំង​ចោទ​ថា ​​ ការបោសសម្អាត​កំទេចកំទី​ទាំងអស់នេះ ធ្វើបាន​តែ​មួយចំណែកទេ មិនគោរព​តាម​លក្ខខណ្ឌ​ទេ។ នាយករដ្ឋមន្ត្រី​ជប៉ុន​អាបេ និង​ភរិយា​ ជាប់ពាក់ព័ន្ធ​ជិតដិត​នឹងគម្រោង​មួយនេះ។ ​

នេះ​មួយរឿង នៅមានរឿង​មួយទៀត គឺរឿង​ពាក់ព័ន្ធ​នឹង​កងកម្លាំង​ស្វ័យការពារជប៉ុន នៅ​ស៊ូដង់​ខាងត្បូង។ រឿងអាស្រូវនេះ​ធ្វើអោយ​អតីត​រដ្ឋមន្ត្រី​ការពារជាតិ គឺលោកស្រី​​ ​តូម៉ូមី អ៊ីណាដា ជាជំនិត​នឹង​លោកអាប ​លាតំណែង កាលពី​ចុងខែកក្កដា។ ​រឿងនេះគឺពាក់ព័ន្ធ​នឹង​ការសង្ស័យថា ​មានការ​លួចលាក់​ព័ត៌មាន​ទាក់ទង​នឹងបសកកម្ម​​ទ័ព​ស្វ័យការពារ​ជប៉ុននៅ​ស៊ូដង់ខាងត្បូង។ ជប៉ុន​បានធ្វើការ​ស៊ើបអង្កេត​រឿងនេះ។ រឿងនេះគឺកើតឡើង កាលពី​ខែធ្នូ ឆ្នាំ​២០១៦ កាលនោះ ក្រសួងការពារជាតិ​ប្រកាសថា បាត់​ឯកសារ​​ស្តីពី​​សកម្មភាព​ ​ជាប្រចាំ​របស់​​កងទ័ពមួយនេះ នៅខែកក្កដា។ ប៉ុន្តែ​ខែកក្កដា ឆ្នាំ​មុននេះ ស៊ូដង់​ខាងត្បូង​កំពុង​មានជម្លោះ​ប្រយុទ្ធ​សម្លាប់​មនុស្ស​រាប់រយនាក់។ ​អញ្ចឹង ​គេសួរថា តើ​ជប៉ុន​មាន​ពង្រាយកងទ័ព​ស្វ័យទាំងនេះ នៅ​តំបន់​ជម្លោះនោះទេ។ បើមាន​ គឺថា វា​ប៉ះពាល់​​នយោបាយ​ជប៉ុនហើយ។​វារឹតតែធ្វើអោយប្រជាប្រិយភាព​លោកអាបេ​ធ្លាក់ចុះ ព្រោះថា ​​លោកអាបេ​​​​រងការរិះគន់​ខ្លាំងណាស់​ដោយសារ​តែ​លោក​​ចង់​ពង្រីក​តួនាទីកងទ័ពនៅក្រៅប្រទេស​។ ​

និយាយជារួម រឿងបក្សពួកនិយម បូករួម​នឹងមហិច្ឆតា​​យោធា​ជប៉ុន​នៅក្រៅប្រទេស​ធ្វើអោយ​ប្រជាប្រិយភាពលោកអាបេ ធ្លាក់ចុះ​ដុនដាប​ខ្លាំង ក្នុង​ខែកក្កដា។ ដោយសារ​ចង់ស្តារ​មុខមាត់​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច​ឡើងវិញ ស្តារប្រជាប្រិយភាព​ឡើងវិញ ​​លោកអាបេ​បាន​ផ្លាស់ប្តូរ​សមាជិក​ក្រុមការងាររដ្ឋាភិបាល។ លោក​អាបេ​ហ៊ានរហូត​តែងតាំង​​សមាជិកជា​គូប្រជែង​របស់​លោក​ក្នុង​បក្ស​កាន់អំណាច អោយចូលកាន់កាប់​មុខងារ​សំខាន់ៗ​។ ដូច្នេះ លោក​អាច​ក្តាប់ទាំងគូប្រជែង និង​ក្តាប់ទាំងនយោបាយ​រដ្ឋាភិបាល។ ​

ប៉ុន្តែ ​ប្រជាប្រិយភាព​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ឡើងខ្ពស់មកវិញពេលនេះ​ ​ដោយសារ​តែ​ប្រជាជនជប៉ុន​កំពុង​​បារម្ភ​ពី​ស្ថានការណ៍​តានតឹង​បង្កឡើង​ដោយ​កូរ៉េខាងជើង​។ កូរ៉េខាងជើង​បាញ់​មីស៊ីល​បន្តបន្ទាប់ ពិសេស​កាលពីចុងខែ​សីហា​ បានបាញ់មីស៊ីល​​រំលង​ទឹកដី​ជប៉ុ​ន ធ្វើអោយ​ជប៉ុន​ប្រកាស​សញ្ញា​អាសន្ន​ប្រាប់ប្រជាជន​អោយប្រុងប្រយ័ត្ន។ ក្រុងព្យុងយ៉ាង​ថែមទាំង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ​ហើយ​ពេលនេះ លោក​គឺម ជុងអ៊ុ​ន ប្រកាស​ថា​កម្មវិធី​នុយក្លេអ៊ែរជិតបាន​ជោគជ័យទៀត។ ជនជាតិ​ជប៉ុន​ចង់មិនចង់ ត្រូវ​ដើរតាម​គំនិតអភិរក្សា​​​ការពារជាតិ ពង្រីកតួនាទី​កងទ័ព​​​​​របស់​លោកអាបេ​ដែរ ទើបអាច​ប្រឈម​កូរ៉េខាងជើងកើត ព្រោះ​បើកូរ៉េខាងជើង​វាយប្រហារគឺ ជប៉ុន​នៅក្បែរកូរ៉េជាងគេ ច្បាស់ជា​រងគ្រោះ​ធ្ងន់ហើយ អាមេរិ​កជួយ​មិនទាន់ទេ។ ​​ស្ថានការណ៍​កូរ៉េខាងជើង ធ្វើអោយ​​លោកអាបេ​ទាញចំណេញ​ច្រើន នេះ​នៅ​មិននិយាយពី​បក្ស​​ប្រឆាំង​ ដែលកំពុង​ច្របូកច្របល់ ដោយសារ​​​ផ្លាស់ប្តូរការ​​មេដឺកនាំថ្មីៗនេះ​​ផង។

ដូច្នេះ ការរៀបចំ​ការបោះឆ្នោត​មុនអាណត្តិ​ពេលនេះ អាច​​​ជួយ​បក្ស​អភិរក្ស​កាន់អំណាច​អោយ​ជោគជ័យបាន។ បទពិសោធន៍​បោះឆ្នោត​មុនអាណត្តិ​នេះ លោកអាបេ​ធ្លាប់ធ្វើ​ម្តងហើយ គឺកាលពី​ចុងឆ្នាំ២០១៤។ កាលនោះ លោកអាបេ​ក៏ឆ្លៀត​ចំណេញនយោបាយ​ ​ដោយសារ​​​ការបែកបាក់​​​ក្នុង​បក្ស​ប្រឆាំង​ដូចគ្នា​ដែរ៕ ​ ​​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ