វិបត្តិរ៉ូហ៊ីងយ៉ា ៖ លោកស្រី អ៊ុងសានស៊ូជី នឹងថ្លែងសារជាតិជាលើកទីមួយនៅថ្ងៃអង្គារ
បន្ទាប់ពីប្រកាសលុបចោលដំណើរ ទៅទីក្រុងញូវយ៉ក មិនបង្ហាញខ្លួននៅលើវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រីអ៊ុង សានស៊ូជី បានសម្រេចចិត្តចេញស្តី ជាលើកទីមួយ ស្តីអំពីវិបត្តិរ៉ូហ៊ីងយ៉ា ពីទីក្រុងណៃពិដោ រដ្ឋធានីរបស់ភូមា ! នៅថ្ងៃអង្គារទី ១៩ កញ្ញា ២០១៧ ថ្ងៃបើកមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ជាសន្ទរកថាជាតិមែន តែមានតម្លៃជាសាររបស់ភូមាចង់ផ្ញើជូនទៅកាន់ពិភពលោកទាំងមូល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៦
បន្ទាប់ពីប្រកាសលុបចោលដំណើរ ទៅទីក្រុងញូវយ៉ក មិនបង្ហាញខ្លួននៅលើវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រីអ៊ុង សានស៊ូជី បានសម្រេចចិត្តចេញស្តី ជាលើកទីមួយ ពីទីក្រុងណៃពិដោ រដ្ឋធានីរបស់ភូមា ! លោកស្រីនឹងថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ជាតិ នៅវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ពោលគឺប៉ុន្មានម៉ោងមុនការបើកមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧២ នៅទីក្រុងញូវយ៉ក។
ជាជម្រើសប្រកបដោយនិម្មិត្តរូបណាស់ ព្រោះថាទឹកចិត្តជាតិនិយមរបស់លោកស្រីជ័យលាភីណូបែលសន្តិភាព មិនខ្វាយខ្វល់នឹងជោគវាសនាជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ា បានរងការរិះគន់ខ្លាំងណាស់ ពីសំណាក់សហគមន៍អន្តរជាតិ។ អង្គការសហប្រជាជាតិ បានធ្លោយមាត់ហៅថា “ជាបោសសម្អាតជាតិពន្ធុ” ផង។
ក្នុងរយៈពេលតែបីសប្តាហ៍ ប្រតិបត្តិការរបស់យោធាភូមា បានជំរុញឱ្យជនរ៉ូហ៊ីងយ៉ា ជាងបួនសែននាក់ រត់ភៀសខ្លួនចូលបង់ក្លាដែស។ លោកស្រីរដ្ឋមន្ត្រីការបរទេស អ៊ុងសានស៊ូជី ដែលធាតុពិតជាអ្នកកាច់ចង្កូតប្រទេស បានត្រឹមអំពាវនាវខ្សាវៗឱ្យក្រុមយោធាអត់ធ្មត់ និងគិតគូរដល់អាយុជីវិតជនស៊ីវិល ព្រមទាំងបានផ្តល់បទសម្ភាសន៍ខ្លីមួយឱ្យទូរទស្សន៍ជាតិឥណ្ឌាម្តង ចេញសារបរិហារការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងប្រព័ន្ធឃោសនាបរទេសស្តីពីវិបត្តិរ៉ូហ៊ីងយ៉ានេះម្តង។
ដូច្នេះនៅអង្គារខាងមុខ លោកស្រីនឹងថ្លែងសុន្ទរកថា ដើម្បីបង្ហាញការពិត ! គ្រប់គ្នារង់ចាំសុន្ទរកថារបស់លោកស្រីណាស់ តែសុន្ទរកថានេះ ទំនងជាគ្មានខ្លឹមសារទាក់ទាញដូចសុន្ទរកថារបស់លោកស្រី ពីវេទិកាអង្គមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំទៅទេ។ កាលណោះលោកស្រីបានសន្យាការពារសិទ្ធិមនុស្ស សិទ្ធិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលរងការធ្វើទុកម្នេញជាងគេមួយនៅលើពិភពលោក។ លោកស្រីក៏បានសន្យាដែរ ថានឹងប្រឆាំងដាច់ខាតនូវរាល់គំនិតរើសអើង និងគ្មានការអនុគ្រោះ។
ប៉ុន្តែឆ្នាំទៅខុសពីថ្ងៃនេះ ! លោកស្រីបានផ្តល់សញ្ញារួចហើយថា អាទិភាពរបស់រដ្ឋាភិបាលគឺការចុះសម្រុងស៊ីចង្វាក់ជាមួយក្រុមយោធា ឯបញ្ហាជនជាតិភាគតិចជារឿងបន្ទាប់បន្សំ។ របបយោធាផ្តាច់ការភូមាបានរំលាយខ្លួនចោលតាំងពីឆ្នាំ២០១១មែន តែនៅមានអំណាចខ្លាំង។ ជាងនេះទៅទៀត ដើម្បីតម្រង់ទិសសុន្ទរកថារបស់លោកស្រីអ៊ុងសានស៊ូជី ពួកយោធាបានសរសេរសារព្រមានជាស្រេចនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ូកថា “បញ្ហារ៉ូហ៊ីងយ៉ាជាវិបត្តិជាតិ ! យើងត្រូវរួបរួមគ្នានិយាយការពិត ! ការពិតដែលថាសហគមន៍អត់ជាតិអត់ទឹកដីមួយនេះ គ្មានអ្វីទាក់ទងនឹងភូមាទេ"៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ