អានតួអត្ថបទ
ចិន-រុស្ស៊ី-កូរ៉េខាងជើង

ចិន​​និង​​រុស្ស៊ី​​បើក​សមយុទ្ធ​​យោធា​​រួមគ្នា​ ក្បែរព្រំប្រទល់​​​​​កូរ៉េខាងជើង​​

កងទ័ព​ចិន​និង​រុស្ស៊ី​បានបើក​ធ្វើសមយុទ្ធ​រួមគ្នា នៅថ្ងៃចន្ទនេះ ក្នុង​ដែនទឹក​ដែល​នៅ​មិនឆ្ងាយ​ពី​ប្រទេស​កូរ៉េខាងជើង។ សមយុទ្ធ​យោធា​ចិននិង​រុស្ស៊ី​រួមគ្នា តែង​បើកធ្វើ​ជា​ប្រចាំ។ ប៉ុន្តែ លំហាត់​យោធា​​ពេលនេះ គិតទៅ​មិនដល់​មួយខែទេ ក្រោយ​កូរ៉េខាងជើង​សាកល្បង នុយក្លេអ៊ែរ​លើកទី៦ និង​បាញ់​មីស៊ីល​រំលង​ទឹកដី​ជប៉ុន​២លើក​កន្លងមក។ ​​

ទាហាន​ជើងទឹក​រុស្ស៊ី ក្នុង​សមយុទ្ធ ​​នៅ​ក្រុងកំពង់ផែ​ Vladivostok (រូបភាព​ឆ្នាំ២០១០)
ទាហាន​ជើងទឹក​រុស្ស៊ី ក្នុង​សមយុទ្ធ ​​នៅ​ក្រុងកំពង់ផែ​ Vladivostok (រូបភាព​ឆ្នាំ២០១០) @wikipedia
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិ​ចិន មិនបាន​គូសបញ្ជាក់ថា តើ​សមយុទ្ធ​រួមគ្នារវាង​កងទ័ព​ចិន​និង​រុស្ស៊ី ដែល​នៅ​មិនឆ្ងាយ​ពី​កូរ៉េខាងជើង​ពេលនេះ នឹង​បើកធ្វើប៉ុន្មានថ្ងៃ ប៉ុន្មានសប្តាហ៍​ទេ។ ប៉ុន្តែ ​ឃើញថា សមយុទ្ធ​ពេលនេះ គឺ​កើតមាន​​មិនដល់មួយខែទេ ក្រោយ​កូរ៉េខាងជើង​បាញ់​មីស៊ីល​រំលង​ទឹកដី​ជប៉ុន​២លើក និង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​កន្លងមក។

ទោះយ៉ាងនេះក្តី សមយុទ្ធ​យោធា​ចិន​និង​រុស្ស៊ីរួមគ្នា ជា​អ្វីដែល​ប្រទេស​ទាំង២ធ្វើឡើង​ជាប្រចាំ​ទៅហើយ។ សមយុទ្ធ​លើកក្រោយ​គេ គឺធ្វើឡើង​កាលពីខែកក្កដា នៅសមុទ្រ​បាល់ទិក។ ថ្ងៃចន្ទ​នេះ ទាហាន​ជើងទឹក​​​​ចិន​បាន​ធ្វើដំណើរមកដល់​ក្រុងកំពង់​ផែ​រុស្ស៊ី វ្លាឌីវ៉ូស្តុក។ ក្រុងរុស្ស៊ី​មួយនេះ​ស្ថិត​នៅ​ក្បែរ​ព្រំប្រទល់​​ជាមួ​យ​កូរ៉េខាងជើង។ ​ ​

ចិន​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង តែនៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស ចិន​បាន​បោះឆ្នោត​លើសំណើ​អាមេរិក​បន្ថែមទណ្ឌកម្ម​លើកទី៧ និង​លើកទី៨ ប្រឆាំង​នឹង​កូរ៉េខាងជើង ដោយសារ​តែចិន​មិនពេញចិត្ត​​​មហិច្ឆតា​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​លោក​គឹម ជុងអ៊ុន។ កន្លងមក ចិន​ព្យាយាម​ជួយ​សម្រុះសម្រួល​ក្នុង​ដំណោះស្រាយ​វិបត្តិ​កូរ៉េខាងជើង​ច្រើនដែរ។ ដូចជា​បានស្នើ​អោយ​អាមេរិក​និង​កូរ៉េខាងត្បូង​ព្យួរ​សមយុទ្ធយោធា​ប្រចាំឆ្នាំ។ ហើយជាថ្នូរ កូរ៉េខាងជើង​ផ្អាក​កម្មវិធី​​មីស៊ីល​និង​នុយក្លេអ៊ែរ។ សំណើ​ចិន​មួយនេះ ជា​អ្វី​ដែល​កូរ៉េខាងជើង​ចង់បា​នយូរមកហើយដែរ ដោយសារ​កូរ៉េខាងជើង​ចាត់ទុកថា​ កម្មវិធី​នុយក្លេអ៊ែរ​ខ្លួន​ គឺ​ដើម្បី​ការពារ​ទឹកដី​ ​ពីការឈ្លានពាន​យថាហេតុ​ណាមួយ​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​។ ​ ប៉ុន្តែ សហរដ្ឋ​អាមេរិក​បានទាត់ចោល​សំណើ​នេះ ព្រោះ​អាមេរិក​យល់ថា ទាល់តែ​បន្ថែមទណ្ឌកម្ម​លើ​ក្រុងព្យុងយ៉ាង​​អោយ​កាន់តែ​ធ្ងន់ ទើបមានប្រសិទ្ធភាព​រុញអោយ​មានដំណោះស្រាយ​បែបការទូតបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ