អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្រី​អ៊ុង សានស៊ូជី​សម្តែង​ក្តី​អាណិតអាសូរ​ចំពោះ​ពួក​រ៉ូហ៊ីងយ៉ា តែ​​គាំទ្រ​ចំណាត់ការ​របស់​កងទ័ព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ភូមា លោកស្រី​អ៊ុង សានស៊ូជី​បាន​ថ្លែង​សង្កថា​ជា​សាធារណៈ​មួយ​ក្នុង​ទីក្រុង​ណៃពីដ៏​ដោយ​ផ្តោតសំខាន់​លើ​ស្ថានការណ៍​របស់​ពួក​រ៉ូហ៊ីងយ៉ា អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​ក្នុង​រដ្ឋ​អារ៉ាខាន់។ ការ​ថ្លែង​របស់​លោកស្រី​ស៊ូជី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​បាន​បរិហារ​លោកស្រី​ពី​បទ​មិន​បាន​និយាយ​ស្តី​អ្វី​ទាំង​អស់​លើ​ការ​រត់ភៀសខ្លួន​របស់​ពួក​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច​ពី​ការ​វាយប្រហារ​របស់​ទ័ព​រដ្ឋាភិបាល។ តួលេខ​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​ជាង ៣សប្តាហ៍ មាន​ពួក​រ៉ូហ៊ីងយ៉ា​ជាង ៤១០ ០០០នាក់​បាន​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស។

លោកស្រី​អ៊ុង សានស៊ូជី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ភូមា
លោកស្រី​អ៊ុង សានស៊ូជី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ភូមា REUTERS/Soe Zeya
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សង្កថា លោកស្រី​អ៊ុង សានស៊ូជី​មិន​បាន​ប្រើ​ពាក្យ​រ៉ូហ៊ីងយ៉ា​ទេ សូម្បី​តែ​មួយ​ដង​ក៏​គ្មាន​ដែរ។ ចូរ​កុំ​ភ្លេច​ថា​នៅ​ភូមា​ដែល​ប្រជាជន​ជាង ៩០% ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ពួក​រ៉ូហ៊ីងយ៉ា​អ្នក​កាន់សាសនា​អ៊ីស្លាម​មិន​ត្រឹមតែ​មិន​បាន​ទទួល​ស្វាគមន៍​ជា​ជនជាតិ​ភាគតិច​ទេ តែ​ថែម​ទាំង​ទទួល​ការ​ស្អប់​យ៉ាង​ខ្លាំង​ទៀត​ផង។ អ៊ីចឹង​ហើយ​បាន​ជា​លោកស្រី​អ៊ុង សានស៊ូជី​បាន​ចៀសវាង​ប្រើ​ពាក្យ​រ៉ូហ៊ីងយ៉ា​ដោយ​និយាយ​ត្រឹម​តែ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទៅ​វិញ។ កំណត់​សម្គាល់​មួយ​ទៀត សង្កថា​ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ លោកស្រី​បាន​និយាយ​ជា​ភាសា​អង់គ្លេស និង​គ្មាន​សរសេរ​អក្សរ​ភូមា​នៅ​ពី​ក្រោម​ទេ។

ម្យ៉ាង​ទៀត លោកស្រី​អ៊ុង សានស៊ូជី​មិន​បាន​និយាយ​តែ​ចំពោះ​ការ​រត់​ភៀសខ្លួន​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​ប៉ុណ្ណោះ​ទេ តែ​ក៏​និយាយ​ចំពោះ​ការ​រត់ភៀសខ្លួន​របស់​ក្រុមជនជាតិ​ភាគតិច​ផ្សេង​ទៀត រួម​ទាំង​អ្នកកាន់​ព្រះពុទ្ធសាសនា​ផង​ដែរ​ដើម្បី​គេច​ពី​ការ​វាយប្រហារ​របស់​កងទ័ព​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម។ លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បាន​បន្ថែម​ថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ជនភៀខ្លួន​ម្នាក់ៗ និង​រៀបចំ​ទទួល​យក​ពួក​គេ​ត្រឡប់​វិញ បើ​ពួក​គេ​ចង់។ ទន្ទឹម​គ្នា​នេះ លោកស្រី​អ៊ុង សានស៊ូជី​បាន​ថ្កោលទោស​លើ​ការ​រំលោភ​សិទ្ធិមនុស្ស និង​សន្យា​ចាត់​វិធានការ​ចាស់ដៃ​លើ​ជនដៃ​ដល់​ណា​ដែល​មាន​ការ​រើសអើង​ផ្នែក​សាសនា ពូជសាសន៍ ឬ​មួយ​ក៏​និន្នាការ​នយោបាយ។

លោកស្រី​អ៊ុង សានស៊ូជី​បាន​បញ្ជាក់​ថា លោកស្រី​ចង់​បាន​ភូមា​ជា​ប្រជាជាតិមួយ​រស់នៅ​ដោយ​សុខសាន ពោល​មិន​ចង់​ឃើញ​ភូមា​ពុះចែក​ជា​ពីរ ឬ​ជា​បី​ដោយសារ​ជំនឿសាសនា ការ​ប្រកាន់​ជាតិពិន្ធុ ឬ​មួយ​និន្នាការ​នយោបាយ​ខុស​គ្នា​ឡើយ។ តែ​លោកស្រី​បាន​ឆ្លៀត​រម្លឹក​ថា ភូមា​ជា​ប្រទេស​មួយ​មាន​ជាតិពិន្ធុ​ច្រើន និង​មាន​ប្រជាធិបតេយ្យ​ក្មេងខ្ចី ហើយ​រដ្ឋាភិបាល​របស់​លោកស្រី​ទើប​បាន​កាន់​តំណែង​មិន​ដល់ ១៨ខែ​ផង។

សហគមន៍​អន្តរជាតិ​រង់ចាំ​ចំណាត់ការ​ជាក់ស្តែង​របស់​លោកស្រី​អ៊ុង សានស៊ូជី

សហគមន៍​អន្តរជាតិ​បាន​ស្តាប់​ដោយយក​ចិត្ត​ទុកដាក់​ចំពោះ​បទអន្តរាគមន៍​របស់​លោកស្រី​អ៊ុង សានស៊ូជី​នៅ​ក្នុង​វិបត្តិ​រ៉ូហ៊ីងយ៉ា។ តែ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​ខ្លាំង និង​កំពុង​ចោទ​សួរ​នោះ​គឺ​ថា តើ​លោកស្រី​អ៊ុង សានស៊ូជី​អាច​ដោះស្រាយ​វិបត្តិ​រ៉ុហ៊ីងយ៉ា​មួយ​នេះ​បាន ឬ​មិន​បាន?។ គួរ​រម្លឹក​ជូន​ថា នៅ​ក្រោយ​ការ​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​រដ្ឋ​អារ៉ាខាន់​ពី​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា កម្លាំងទ័ព​រដ្ឋាភិបាល​ក៏​បាន​យុទ្ធនាការ​ក្រោម​ទ្រង់ទ្រាយ​ធំ​ដើម្បី​សងសឹក​វិញ​តាំង​ពី​ថ្ងៃទី២៥ សីហា។ ឧប្បត្តិហេតុ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ពួក​រ៉ូហ៊ីងយ៉ា​ជាង ៤១០ ០០០នាក់​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស​ក្បែរ​ខាង។

ទីបំផុត បន្ទាប់​ពី​បាន​បិទមាត់ និង​គេច​ខ្លួន​មិន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​មក លោកស្រី​បាន​ជ្រើស​ថ្ងៃ​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថ្ងៃ​នេះ​ដើម្បី​និយាយ​ពី​បញ្ហា​រ៉ូហ៊ីងយ៉ា។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ឃ្លាឃ្លោង​ដែល​លោកស្រី​បាន​ប្រើ​នៅ​ក្នុង​សង្កថា​ថ្ងៃ​នេះ គឺ​មាន​ការ​ថ្លឹងថ្លែង និង​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់។ ទន្ទឹម​នឹង​ក្តី​អាណិតអាសូរ​ពេកក្រៃ​ចំពោះ​ការ​រត់​ជនភៀសខ្លួន​របស់​ពួក​រ៉ូហ៊ីងយ៉ា លោកស្រី​ស៊ូជី​ក៏​បាន​ការពារ​ចំណាត់ការ​របស់​កងទ័ព​ដែរ។ លោកស្រី​ស៊ូជី​បាន​បញ្ជាក់​ថា កងទ័ព​បាន​ទទួល​បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាជន​ដោយ​ប្រកាន់​ភាព​អត់ធ្មត់ និង​ចៀសវាង​ការ​ប៉ះពាល់​លើ​ជនស៊ីវិល និង​ចោទ​សួរ​ពី​មូលហេតុ​ពិត​នៃ​ការ​បន្ត​រត់ភៀសខ្លួន​របស់​ពួក​រ៉ូហ៊ីងយ៉ា។

តាម​លោកស្រី​ស៊ូជី កងទ័ព​បាន​ផ្អាក​ការ​វាយប្រហារ​តាំង​ពី ២សប្តាហ៍​មក​ហើយ ចុះ​ហេតុអ្វី​បាន​ជា​ពួក​រ៉ូហ៊ីងយ៉ា​នៅ​តែ​បន្ត​នាំ​គ្នា​រត់​ឆ្លង​ដែន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស​ទៀត?។ ដោយឡែក​ក្នុង​ថ្ងៃ​អង្គារ ទី១៩ កញ្ញា ក្រុម​អ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ភូមា​បាន​ទាមទារ​ជា​ថ្មី​ដល់​រដ្ឋាភិបាល​ភូមា​ឲ្យ​ពួក​គេ​អាច​ចុះ​ទៅ​មើល​ស្ថានការណ៍​ផ្ទាល់​ភ្នែក​នៅ​ក្នុង​រដ្ឋ​អារ៉ាខាន់​ដោយ​គ្មាន​ការ​រារាំង។ ការ​ទាមទារ​ដែល​រដ្ឋអំណាច​ភូមា​បន្ត​បដិសេធ​មក​ដល់​ពេល​នេះ។

តើ​លោកស្រី​អ៊ុង សានស៊ូជី​អាច​ធ្វើ​អ្វី​បាន​ខ្លះ​នៅ​ក្នុង​សំណុំរឿង​រ៉ូហ៊ីងយ៉ា?

ដើម្បី​អាច​ដោះស្រាយ​វិបត្តិ​រ៉ូហ៊ីងយ៉ា​ដ៏​ស្មុកស្មាញ និង​ចម្រូងចម្រាស​នេះ​បាន រដ្ឋាភិបាល​ភូមា​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ជា​មុន​ថា តើ​ពួក​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សសានា​អ៊ីស្លាម​ជិត ១លាននាក់​ដែល​កំពុង​រស់​លើ​ទឹកដី​ភូមា​បច្ចុប្បន្ន​ជា​នរណា?។ តើ​ជា​ជនជាតិ​ភាគតិច​ដូច​ជនជាតិ​ភាគតិច​ទាំង ១៣៥ ដែល​រដ្ឋអំណាច​ភូមា​បាន​ទទួល​ស្គាល់ ឬ​មួយ​ក៏​ជា​ជនបរទេស​ដែល​កំពុង​រស់ក្នុង​ទឹកដី​ភូមា​ដោយ​ខុសច្បាប់?។ បើ​រដ្ឋអំណាច​ភូមា​នៅ​មិន​ទាន់​អាច​កំណត់​ច្បាស់​ពី​អត្តសញ្ញាណ​របស់​ពួក​រ៉ូហ៊ីងយ៉ា​ទេ នោះ​ក៏​គ្មាន​ថ្ងៃ​នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ។ ចូរ​កុំ​ភ្លេច​ថា វត្តមាន​របស់​ពួក​រ៉ូហ៊ីងយ៉ា​ក្នុង​ទឹក​ភូមា​មិន​មែន​ទើប​មាន​ថ្ងៃ​នេះ ឬ​ថ្ងៃ​ម្សិលមិញ​ឯណា តែ​មាន​តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ គ្រាន់​តែ​ថា អ្នក​កាន់​សាសនា​អ៊ីស្លាម​មួយ​នេះ​កំពុង​រស់ក្នុង​ទឹកដី​មួយ​ដែល​មាន​ប្រជាជន​ជាង ៩០% កាន់​ព្រះពុទ្ធសាសនា។

សំណួរ​បាន​ចោទ​ឡើង​ថា មាន​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ផ្សេង​ទៀត​ក៏​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ​ដែរ ចុះ​ចម្លែក​អី​តែ​ភូមា​មួយ​ដែល​មិន​ចង់​ឃើញ​ពួក​រ៉ូហ៊ីងយ៉ា?។ មែនទែន​ទៅ គឺ​រឿងរ៉ាវ​ក្នុង​អតីតកាល​ដែល​បាន​ធ្វើ​ឲ្យ​សំណុំរឿង​មួយ​បន្ត​ប្រទាញប្រទង់​មក​ដល់​សព្វថ្ងៃ។ ក្រោម​ភ្នែក ច្រមុះ​របស់​ប្រជាជន​ភូមា​ទូទៅ ពួក​រ៉ូហ៊ីងយ៉ា​នេះ​ជា​ជនក្បត់​ដែល​បាន​ជួយ​គាំទ្រ​ទាហាន​អង់គ្លេស​ក្នុង​ការ​វាយ​យក​ប្រទេស​ភូមា​ធ្វើ​ជា​ប្រទេស​ចំណុះ​នៅ​សតវត្សរ៍​ទី១៩។ អ្វី​ដែល​ថ្មី និង​សំខាន់​នៅ​ក្នុង​សង្កថា​របស់​លោកស្រី​អ៊ុង សានស៊ូជី​ថ្ងៃ​នេះ លោកស្រី​បាន​លើកឡើង​ពី​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩២ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​វិល​ត្រឡប់​វិញ​របស់​ជនភៀសខ្លួន​ដោយ​សំអាង​ត្រឹម​ក្រដាស​ស្នាម​ដែល​ពួក​គេ​មាន​ច្បាប់​រស់​ក្នុង​ទឹកដី​ភូមា ពោល​មិន​ចាំ​បាច់​មាន​សញ្ជាតិ​ភូមា​ទេ។

អ្វី​ដែល​លោកស្រី​ស៊ូជី​គ្រោង​ធ្វើ​នេះ គឺ​ចង់​ដើរ​តាម​គន្លង​របស់​ឳពុក​លោកស្រី គឺ​លោក​អ៊ុង សាន​ដែល​ជា​បីតា​ឯករាជ្យជាតិ និង​ដែល​រដ្ឋធម្មនុញ្ញ​របស់​គាត់​ក្នុង​ឆ្នាំ ១៩៤៧ បាន​អនុញ្ញាត​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា​ភាគច្រើន​ទទួល​បាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ និង​មាន​សិទ្ធិ​បោះឆ្នោត។ តែ​គឺ​របប​យោធា​ផ្តាច់ការ​តាំង​ពី​ឆ្នាំ ១៩៦២ ដែល​បាន​បង្កើត​ច្បាប់​ថ្មី​ស្តីពី​សញ្ជាតិ​ក្នុង​ឆ្នាំ ១៩៨២ ដោយ​បាន​ធ្វើ​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា​ក្លាយ​ជា​អ្នក​គ្មាន​ទឹកដី។ ដូច្នេះ​លោកស្រី​ស៊ូជី​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ និង​ពោរពេញ​ដោយ​ហានិភ័យ។ ចប់​ហើយ​របប​ដឹកនាំ​យោធា តែ​កងទ័ព​នៅ​បន្ត​មាន​តួនាទី និង​ឥទ្ធិពល​នៅ​ក្នុង​ឆាកនយោបាយ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ