លោកស្រីអ៊ុង សានស៊ូជីសម្តែងក្តីអាណិតអាសូរចំពោះពួករ៉ូហ៊ីងយ៉ា តែគាំទ្រចំណាត់ការរបស់កងទ័ព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៣
នៅក្នុងប្រទេសភូមា លោកស្រីអ៊ុង សានស៊ូជីបានថ្លែងសង្កថាជាសាធារណៈមួយក្នុងទីក្រុងណៃពីដ៏ដោយផ្តោតសំខាន់លើស្ថានការណ៍របស់ពួករ៉ូហ៊ីងយ៉ា អ្នកកាន់សាសនាអ៊ីស្លាមរស់ក្នុងរដ្ឋអារ៉ាខាន់។ ការថ្លែងរបស់លោកស្រីស៊ូជីពេលនេះបានធ្វើឡើង បន្ទាប់ពីសហគមន៍អន្តរជាតិបានបរិហារលោកស្រីពីបទមិនបាននិយាយស្តីអ្វីទាំងអស់លើការរត់ភៀសខ្លួនរបស់ពួករ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសបង់ក្លាដែសដើម្បីគេចពីការវាយប្រហាររបស់ទ័ពរដ្ឋាភិបាល។ តួលេខរបស់អង្គការសហប្រជាជាតិឲ្យដឹងថាក្នុងរយៈពេលជាង ៣សប្តាហ៍ មានពួករ៉ូហ៊ីងយ៉ាជាង ៤១០ ០០០នាក់បានរត់ភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែស។
នៅក្នុងសង្កថា លោកស្រីអ៊ុង សានស៊ូជីមិនបានប្រើពាក្យរ៉ូហ៊ីងយ៉ាទេ សូម្បីតែមួយដងក៏គ្មានដែរ។ ចូរកុំភ្លេចថានៅភូមាដែលប្រជាជនជាង ៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា ពួករ៉ូហ៊ីងយ៉ាអ្នកកាន់សាសនាអ៊ីស្លាមមិនត្រឹមតែមិនបានទទួលស្វាគមន៍ជាជនជាតិភាគតិចទេ តែថែមទាំងទទួលការស្អប់យ៉ាងខ្លាំងទៀតផង។ អ៊ីចឹងហើយបានជាលោកស្រីអ៊ុង សានស៊ូជីបានចៀសវាងប្រើពាក្យរ៉ូហ៊ីងយ៉ាដោយនិយាយត្រឹមតែជាអ្នកកាន់សាសនាអ៊ីស្លាមទៅវិញ។ កំណត់សម្គាល់មួយទៀត សង្កថាដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លោកស្រីបាននិយាយជាភាសាអង់គ្លេស និងគ្មានសរសេរអក្សរភូមានៅពីក្រោមទេ។
ម្យ៉ាងទៀត លោកស្រីអ៊ុង សានស៊ូជីមិនបាននិយាយតែចំពោះការរត់ភៀសខ្លួនរបស់អ្នកកាន់សាសនាអ៊ីស្លាមប៉ុណ្ណោះទេ តែក៏និយាយចំពោះការរត់ភៀសខ្លួនរបស់ក្រុមជនជាតិភាគតិចផ្សេងទៀត រួមទាំងអ្នកកាន់ព្រះពុទ្ធសាសនាផងដែរដើម្បីគេចពីការវាយប្រហាររបស់កងទ័ពនៅក្នុងយុទ្ធនាការប្រឆាំងភេរវនិយម។ លោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាពបានបន្ថែមថា រដ្ឋាភិបាលត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនភៀខ្លួនម្នាក់ៗ និងរៀបចំទទួលយកពួកគេត្រឡប់វិញ បើពួកគេចង់។ ទន្ទឹមគ្នានេះ លោកស្រីអ៊ុង សានស៊ូជីបានថ្កោលទោសលើការរំលោភសិទ្ធិមនុស្ស និងសន្យាចាត់វិធានការចាស់ដៃលើជនដៃដល់ណាដែលមានការរើសអើងផ្នែកសាសនា ពូជសាសន៍ ឬមួយក៏និន្នាការនយោបាយ។
លោកស្រីអ៊ុង សានស៊ូជីបានបញ្ជាក់ថា លោកស្រីចង់បានភូមាជាប្រជាជាតិមួយរស់នៅដោយសុខសាន ពោលមិនចង់ឃើញភូមាពុះចែកជាពីរ ឬជាបីដោយសារជំនឿសាសនា ការប្រកាន់ជាតិពិន្ធុ ឬមួយនិន្នាការនយោបាយខុសគ្នាឡើយ។ តែលោកស្រីបានឆ្លៀតរម្លឹកថា ភូមាជាប្រទេសមួយមានជាតិពិន្ធុច្រើន និងមានប្រជាធិបតេយ្យក្មេងខ្ចី ហើយរដ្ឋាភិបាលរបស់លោកស្រីទើបបានកាន់តំណែងមិនដល់ ១៨ខែផង។
សហគមន៍អន្តរជាតិរង់ចាំចំណាត់ការជាក់ស្តែងរបស់លោកស្រីអ៊ុង សានស៊ូជី
សហគមន៍អន្តរជាតិបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះបទអន្តរាគមន៍របស់លោកស្រីអ៊ុង សានស៊ូជីនៅក្នុងវិបត្តិរ៉ូហ៊ីងយ៉ា។ តែអ្វីដែលសហគមន៍អន្តរជាតិចង់បានខ្លាំង និងកំពុងចោទសួរនោះគឺថា តើលោកស្រីអ៊ុង សានស៊ូជីអាចដោះស្រាយវិបត្តិរ៉ុហ៊ីងយ៉ាមួយនេះបាន ឬមិនបាន?។ គួររម្លឹកជូនថា នៅក្រោយការវាយប្រហារលើប៉ុស្តិ៍ប៉ូលិសក្នុងរដ្ឋអារ៉ាខាន់ពីក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា កម្លាំងទ័ពរដ្ឋាភិបាលក៏បានយុទ្ធនាការក្រោមទ្រង់ទ្រាយធំដើម្បីសងសឹកវិញតាំងពីថ្ងៃទី២៥ សីហា។ ឧប្បត្តិហេតុមួយនេះបានបណ្តាលឲ្យមានពួករ៉ូហ៊ីងយ៉ាជាង ៤១០ ០០០នាក់រត់ភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែសក្បែរខាង។
ទីបំផុត បន្ទាប់ពីបានបិទមាត់ និងគេចខ្លួនមិនទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិមក លោកស្រីបានជ្រើសថ្ងៃបើកមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃនេះដើម្បីនិយាយពីបញ្ហារ៉ូហ៊ីងយ៉ា។ តែអ្វីជាការកត់សម្គាល់ ឃ្លាឃ្លោងដែលលោកស្រីបានប្រើនៅក្នុងសង្កថាថ្ងៃនេះ គឺមានការថ្លឹងថ្លែង និងប្រយ័ត្នប្រយែងខ្លាំងណាស់។ ទន្ទឹមនឹងក្តីអាណិតអាសូរពេកក្រៃចំពោះការរត់ជនភៀសខ្លួនរបស់ពួករ៉ូហ៊ីងយ៉ា លោកស្រីស៊ូជីក៏បានការពារចំណាត់ការរបស់កងទ័ពដែរ។ លោកស្រីស៊ូជីបានបញ្ជាក់ថា កងទ័ពបានទទួលបញ្ជាឲ្យបើកប្រតិបត្តិការដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាជនដោយប្រកាន់ភាពអត់ធ្មត់ និងចៀសវាងការប៉ះពាល់លើជនស៊ីវិល និងចោទសួរពីមូលហេតុពិតនៃការបន្តរត់ភៀសខ្លួនរបស់ពួករ៉ូហ៊ីងយ៉ា។
តាមលោកស្រីស៊ូជី កងទ័ពបានផ្អាកការវាយប្រហារតាំងពី ២សប្តាហ៍មកហើយ ចុះហេតុអ្វីបានជាពួករ៉ូហ៊ីងយ៉ានៅតែបន្តនាំគ្នារត់ឆ្លងដែនទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែសទៀត?។ ដោយឡែកក្នុងថ្ងៃអង្គារ ទី១៩ កញ្ញា ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅភូមាបានទាមទារជាថ្មីដល់រដ្ឋាភិបាលភូមាឲ្យពួកគេអាចចុះទៅមើលស្ថានការណ៍ផ្ទាល់ភ្នែកនៅក្នុងរដ្ឋអារ៉ាខាន់ដោយគ្មានការរារាំង។ ការទាមទារដែលរដ្ឋអំណាចភូមាបន្តបដិសេធមកដល់ពេលនេះ។
តើលោកស្រីអ៊ុង សានស៊ូជីអាចធ្វើអ្វីបានខ្លះនៅក្នុងសំណុំរឿងរ៉ូហ៊ីងយ៉ា?
ដើម្បីអាចដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាដ៏ស្មុកស្មាញ និងចម្រូងចម្រាសនេះបាន រដ្ឋាភិបាលភូមាត្រូវកំណត់ឲ្យបានច្បាស់ជាមុនថា តើពួករ៉ូហ៊ីងយ៉ាអ្នកកាន់សសានាអ៊ីស្លាមជិត ១លាននាក់ដែលកំពុងរស់លើទឹកដីភូមាបច្ចុប្បន្នជានរណា?។ តើជាជនជាតិភាគតិចដូចជនជាតិភាគតិចទាំង ១៣៥ ដែលរដ្ឋអំណាចភូមាបានទទួលស្គាល់ ឬមួយក៏ជាជនបរទេសដែលកំពុងរស់ក្នុងទឹកដីភូមាដោយខុសច្បាប់?។ បើរដ្ឋអំណាចភូមានៅមិនទាន់អាចកំណត់ច្បាស់ពីអត្តសញ្ញាណរបស់ពួករ៉ូហ៊ីងយ៉ាទេ នោះក៏គ្មានថ្ងៃនឹងដោះស្រាយបញ្ហានេះបានឡើយ។ ចូរកុំភ្លេចថា វត្តមានរបស់ពួករ៉ូហ៊ីងយ៉ាក្នុងទឹកភូមាមិនមែនទើបមានថ្ងៃនេះ ឬថ្ងៃម្សិលមិញឯណា តែមានតាំងពីច្រើនជំនាន់មកហើយ គ្រាន់តែថា អ្នកកាន់សាសនាអ៊ីស្លាមមួយនេះកំពុងរស់ក្នុងទឹកដីមួយដែលមានប្រជាជនជាង ៩០% កាន់ព្រះពុទ្ធសាសនា។
សំណួរបានចោទឡើងថា មានប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀតក៏មានអ្នកកាន់សាសនាអ៊ីស្លាមរស់នៅដែរ ចុះចម្លែកអីតែភូមាមួយដែលមិនចង់ឃើញពួករ៉ូហ៊ីងយ៉ា?។ មែនទែនទៅ គឺរឿងរ៉ាវក្នុងអតីតកាលដែលបានធ្វើឲ្យសំណុំរឿងមួយបន្តប្រទាញប្រទង់មកដល់សព្វថ្ងៃ។ ក្រោមភ្នែក ច្រមុះរបស់ប្រជាជនភូមាទូទៅ ពួករ៉ូហ៊ីងយ៉ានេះជាជនក្បត់ដែលបានជួយគាំទ្រទាហានអង់គ្លេសក្នុងការវាយយកប្រទេសភូមាធ្វើជាប្រទេសចំណុះនៅសតវត្សរ៍ទី១៩។ អ្វីដែលថ្មី និងសំខាន់នៅក្នុងសង្កថារបស់លោកស្រីអ៊ុង សានស៊ូជីថ្ងៃនេះ លោកស្រីបានលើកឡើងពីកិច្ចព្រមព្រៀងឆ្នាំ ១៩៩២ ដើម្បីរៀបចំឲ្យមានការវិលត្រឡប់វិញរបស់ជនភៀសខ្លួនដោយសំអាងត្រឹមក្រដាសស្នាមដែលពួកគេមានច្បាប់រស់ក្នុងទឹកដីភូមា ពោលមិនចាំបាច់មានសញ្ជាតិភូមាទេ។
អ្វីដែលលោកស្រីស៊ូជីគ្រោងធ្វើនេះ គឺចង់ដើរតាមគន្លងរបស់ឳពុកលោកស្រី គឺលោកអ៊ុង សានដែលជាបីតាឯករាជ្យជាតិ និងដែលរដ្ឋធម្មនុញ្ញរបស់គាត់ក្នុងឆ្នាំ ១៩៤៧ បានអនុញ្ញាតឲ្យពួករ៉ូហ៊ីងយ៉ាភាគច្រើនទទួលបានសិទ្ធិរស់នៅស្របច្បាប់ និងមានសិទ្ធិបោះឆ្នោត។ តែគឺរបបយោធាផ្តាច់ការតាំងពីឆ្នាំ ១៩៦២ ដែលបានបង្កើតច្បាប់ថ្មីស្តីពីសញ្ជាតិក្នុងឆ្នាំ ១៩៨២ ដោយបានធ្វើឲ្យពួករ៉ូហ៊ីងយ៉ាក្លាយជាអ្នកគ្មានទឹកដី។ ដូច្នេះលោកស្រីស៊ូជីមានកិច្ចការជាច្រើនដែលត្រូវធ្វើ និងពោរពេញដោយហានិភ័យ។ ចប់ហើយរបបដឹកនាំយោធា តែកងទ័ពនៅបន្តមានតួនាទី និងឥទ្ធិពលនៅក្នុងឆាកនយោបាយភូមា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ