អានតួអត្ថបទ
ចិន-រុស្ស៊ី

វិបត្តិ​នុយក្លេអ៊ែរ​​កូរ៉េខាងជើង៖ ចិន និង​រុស្ស៊ី​មាន​ឯកភាពគ្នាជាធ្លុងមួយ

ប្រមុខការបរទេស​ចិន និង​រុស្ស៊ី អំពាវនាវ​ឲ្យ​គេ​បិទបញ្ចប់​វិបត្តិ​រ៉ាំរ៉ៃ កូរ៉េខាងជើង។ នៅក្នុង​ជំនួប​ទ្វេភាគី​នៅទីក្រុង​ញូវយ៉ក ដែល​ធ្វើឡើង​នៅក្រៅ​ក្របខ័ណ្ឌ កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ រដ្ឋមន្រ្តី​ការបរទេស​ចិន និង​រុស្ស៊ី​បាន​ឯកភាពគ្នា ទាមទារ​ឲ្យ​មាន​ការដោះស្រាយ បញ្ហា​កូរ៉េខាងជើង តាម​ផ្លូវ​សន្តិភាព។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចិន នៅថ្ងៃ​អង្គារទី ១៩ កញ្ញា ២០១៧។

ប្រមុខការបរទេស​ចិន លោកវ៉ាង យី  Wang Yi (ឆ្វេង)ជាមួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី  Sergei Lavrov នៅទីក្រុង​ប៉េកាំង នៅខែ​មិថុនា​​២០១៧ (រូបបណ្ណាសារ)
ប្រមុខការបរទេស​ចិន លោកវ៉ាង យី Wang Yi (ឆ្វេង)ជាមួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov នៅទីក្រុង​ប៉េកាំង នៅខែ​មិថុនា​​២០១៧ (រូបបណ្ណាសារ) ©WANG Zhao / POOL / AFP
ផ្សាយពាណិជ្ជកម្ម

“បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​សន្តិភាព” នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្រ្តី​ការបរទេស​ចិន លោក​វ៉ាង យី នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី លោក ស៊ែហ្គេ ឡាវរ៉ូវ នៅ​ថ្ងៃ ចន្ទ​ម្សិលមិញ នៅទីក្រុង​ញូវយ៉ក។ តាម​ប្រមុខ​ការបរទេស​ចិន ការស្តារ​ឲ្យ​មាន​ការចរចា សន្តិភាព គឺ​ជា​ជំហាន​ចាំបាច់ ដែល​ត្រូវ​មាននៅក្នុង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

សម្រាប់​លោក​វ៉ាង យី គេ​ត្រូវ​តែ​បំបាត់​ចោល​ទៅ រង្វង់​ដ៏កាចសាហាវ។ នៅក្នុង​ន័យនេះ រដ្ឋមន្រ្តី​ការបរទេស​ចិន ហាក់​ចង់​សំដៅ​ទៅ​ដល់​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការគំរាមកំហែង​ប្រើ​កម្លាំង​យោធា ទៅលើ​កូរ៉េខាងជើង ដែល​រហូតមក​ដល់​ពេលនេះ មិន​បាន​ហុចផល​ជាផ្លែផ្កា ប៉ុន្តែ មានតែ​ជំរុញ​ឲ្យ​កូរ៉េខាងជើង កាន់​តែ​បន្ត បង្កើន​សមត្ថភាព​អភិវឌ្ឍ ផលិត​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន ប្រមុខការបរទេស​រុស្ស៊ី លោក​ស៊ែហ្គេ ឡាវរ៉ូវ​បាន​បង្ហាញជំហរ យល់ស្រប​ទាំងស្រុង​ជាមួយ​ចិន ដែល​បាន​ទាមទារ​ឲ្យ​មាន​ការផ្អាក​សកម្មភាព​ផលិត​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជាថ្នូរ នឹង​ការបញ្ឈប់​ជា​បន្ទាន់​សមយុទ្ធ​យោធា​របស់​អាមេរិក នៅក្នុង​តំបន់ឧបទ្វីប​កូរ៉េ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​រួមគ្នា​រវាង​ចិន និង​រុស្ស៊ី ដែល​ចង់​ឲ្យ​មានការចរចា​សន្តិភាព ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ប៉ុន្តែ សេតវិមាន​ឯណោះ​វិញ បាន​លើកនិយាយ​ពីជំហរ​របស់​ចិន ដែល​បាន​សន្យា​ដាក់​សម្ពាធ​ជាអតិបរមា​ទៅលើ​កូរ៉េខាងជើង។ នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ ជាមួយ លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ ប្រធានាធិបតី ចិន លោកស៊ី ជីនពីង បាន​ព្រមព្រៀង​ជាមួយ​ប្រធានាធិបតី អាមេរិក ថា នឹង​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​បំផុត សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​មាន​ចែង​ពី​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ក្នុង​គោលដៅ ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ឲ្យ​លះបង់​ចោល មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់ ក្រសួង​ការបរទេស​កូរ៉េខាងជើង ក្រុង​ព្យុងយ៉ាង​បាន​លើកឡើង​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ សាហាវ អសីលធម៌ និង​អមនុស្សធម៌ ដែលរឹត​តែ​ជំរុញ ឲ្យ​កូរ៉េខាងជើង បង្កើនល្បឿន ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែរ អាមេរិក ដែល​បាន​គំរាមប្រើ​ជម្រើស​យោធា តប​នឹង​ការផ្គើន​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង បាន​បញ្ជូន​យន្តហោះ​ចម្បាំង​៤គ្រឿង ហើយ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ពីរគ្រឿង ឲ្យ​ទៅ​ហោះ​ពីលើ​ឧបទ្វីប​កូរ៉េ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ