អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​នាយករដ្ឋមន្រ្តី​ជប៉ុន​កំពុង​កេងចំណេញ​ពីការគំរាមកំហែង​របស់​កូរ៉េខាងជើង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊្ហីនហ្សូ អាបេ នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​បាន​ប្រកាស​ថា លោក​នឹង​កំណត់​ថ្ងៃ​បោះឆ្នោត​សភា មុនអាណត្តិ នៅពេល​លោកត្រលប់​មក​ពី​ក្រុង​ញូវយ៉ក ជាទី​ដែល​លោក​កំពុង​ចូលរួម នៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ប្រកាស​រំលាយ​សភា និង​ការបោះឆ្នោត​មុនអាណត្តិ នៅក្នុង​កាលៈទេសៈ​ដែល​អំណោយ​បំផុត​សម្រាប់​គណបក្ស​អភិរក្ស​និយមរបស់លោក។ អំណោយផល​ព្រោះថា បក្ស​ប្រឆាំង​កំពុង​ចុះខ្សោយ។ ជាមួយ​គ្នា​នេះ ប្រជាជន​ជប៉ុន ​ក៏ចង់​បាន​ផងដែរ ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​មួយ ដ៏​រឹងមាំ នៅក្នុង​ស្ថានភាព​ដែល​ការគំរាមកំហែង​មីស៊ីល​របស់​កូរ៉េខាងជើង​មាន​កាន់តែ​ធំឡើង។ សំណួរ​ចោទសួរថា តើ​នាយករដ្ឋមន្រ្តី​ជប៉ុន​កំពុង​ធ្វើ​ប្រជាភិថុត ឆ្លៀត​យក​ការគំរាមកំហែង​របស់​កូរ៉េខាងជើង មកធ្វើ​ជា​មធ្យោបាយ ពង្រឹង​អំណាច​ផ្ទាល់ខ្លួន?

នាយករដ្ឋមន្រ្តី​ជប៉ុន​ដើរ​ត្រួតពល​នៅទីក្រុង​តូក្យូនៅថ្ងៃទី ១១​កញ្ញា ២០១៧
នាយករដ្ឋមន្រ្តី​ជប៉ុន​ដើរ​ត្រួតពល​នៅទីក្រុង​តូក្យូនៅថ្ងៃទី ១១​កញ្ញា ២០១៧ © REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​បាន​ពង្រាយ​បន្ថែម​ប្រព័ន្ធ​ខែល​មីស៊ីល នៅ​លើ​កោះ​ហុកកៃដូ ដែល​មីស៊ីល​កូរ៉េខាងជើង បាន​ហោះ​រំលង កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ គេ​ចាំបានថា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ កូរ៉េខាងជើង បាញ់​មីស៊ីល​ទៅ​ធ្លាក់​នៅ​ភាគខាងកើត​កោះ​ហុកកៃដូ នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ បាន​ចេញមុខ ថ្កោលទោស កូរ៉េខាងជើង ដោយ​ថា ប្រទេស​ជប៉ុន​នឹង​មិនអត់ឱន​ជាដាច់ខាត​សកម្មភាព​ញុះញង់​របស់​កូរ៉េខាងជើង ដែលកំពុង​គំរាមកំហែង​សន្តិភាព​នៅក្នុង​លោក។ ចាប់តាំង​ពី​កូរ៉េខាងជើង​បង្កើន​ការបាញ់​សាកល្បង​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ប្រើពាក្យ​ធ្ងន់ៗ​ជាច្រើន​ដង ដូចជា ការគំរាមកំហែង​របស់​កូរ៉េខាងជើង​មាន​ជា​លើក​ទី១ មិនធ្លាប់​មាន​ពី​មុន​មក ឬ ក៏ថា រដ្ឋាភិបាល​នឹង​ធ្វើ​គ្រប់​បែបយ៉ាង ដើម្បី​ការពារ​ប្រជាពលរដ្ឋ។

ពាក្យ​ធានា​អះអាង​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន បាន​រត់ចូល​ត្រចៀក របស់​ប្រជាជន​ ដែល​យល់​ថា ការគំរាមកំហែង​របស់​កូរ៉េខាងជើង​មាន​ពិតៗ។ នៅ​មិន​ដល់​មួយឆ្នាំ​ផង កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ និង​មីស៊ីល​ដល់ទៅ​ពីរ​លើក ហោះ​រំលង​ទឹកដី​ជប៉ុន។ នៅក្រោយ​កូរ៉េខាងជើង​បាញ់​មីស៊ីល​រំលង​ជាលើក​ទី២ កោះ​ហុកកៃដូ នៅថ្ងៃ​សុក្រ ប្រជាជន​ជប៉ុន​និយាយ​ថា ពួកគេ​ភ័យខ្លាច​មែនទែន។ ការគំរាមកំហែង​របស់​មីស៊ីល​កូរ៉េខាងជើង​បានធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​តប់ប្រមល់ រស់នៅ​ក្នុង​ភាពភ័យខ្លាច​ជាប់​ជានិច្ច ដោយ​គិតថា នៅថ្ងៃ​ណាមួយ ពួកគេ​នឹង​អាច​រងគ្រោះ​ស្លាប់​ដោយសារ​ស្នាដៃ​មីស៊ីល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មិនខាន។

ការគំរាមកំហែង​របស់​មីស៊ីល កូរ៉េខាងជើង ជាទុក្ខ​កង្វល់​របស់​ប្រជាជន ប៉ុន្តែ សម្រាប់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន វា​ប្រៀប​បាន​នឹង​អំណោយ​ប្រទាន​របស់​ព្រះ ព្រោះ​វា​កើតឡើង​ចំពេល​កូដ​ប្រជាប្រិយ​បាន​ធ្លាក់ដាំក្បាល​ចុះ ដោយសារ​តែ​រឿងអាស្រូវ យល់មិត្ត​ឃ្លាត​ច្បាប់។ ដោយសារ​តែ​រឿងអាស្រូវ​ពុករលួយ គេ​គិត​ថា លោក​ស្ហ៊ីនហ្សូ អាបេ មិនអាច​កាន់តំណែង​នាយករដ្ឋមន្រ្តី ច្រើនជាង​១ ឆ្នាំ​ទៀត​នោះ​ទេ។ ប៉ុន្តែ លោក​អាបេ​ចេះ​ប្រើប្រាស់​ស្ថានការណ៍ ឆ្លៀត​យក​វិបត្តិ​មីស៊ីល​របស់​កូរ៉េខាងជើង មក​ធ្វើ​ជាមធ្យោបាយ ទាក់ទាញ​សំឡេង​គាំទ្រ​លោក នៅក្នុង​ចំណោម​មតិ​មហាជន​ជប៉ុន។ នៅក្នុង​ការស៊ើបអង្កេត​ប្រចាំ​ថ្ងៃ​របស់​កាសែត​យូម៉ាយូរី ៥០ភាគរយ​នៃ​ប្រជាជន​ជប៉ុន គាំទ្រ​ជំហរ​របស់​លោក​អាបេ នៅចំពោះមុខ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង។

ការចុះអន់ខ្សោយ​របស់​បក្ស​ប្រឆាំង ដោយសារ​តែ​ការបែកបាក់​ផ្ទៃក្នុង គឺជា​ឱកាស​មួយ​ប្រាកដណាស់ ដែល​ធ្វើ​ឲ្យ​លោក​ស៊្ហីនហ្សូ អាបេ សម្រេច​ចិត្ត រំលាយសភា និង​រៀបចំ​ការបោះឆ្នោត​មុនអាណត្តិ ដើម្បី ពង្រឹង​អំណាច​របស់​លោក។ មួយវិញទៀត ដោយសារ​តែ​ការគំរាមកំហែង​របស់​មីស៊ីល​កូរ៉េខាងជើង លោក​ស៊្ហីនហ្សូ អាបេ ជឿជាក់​ក្នុង​ចិត្ត​ណាស់​ថា ប្រជាជន​នឹង​គាំទ្រ បោះឆ្នោត​ឲ្យ​លោក។ បើសិន​គណបក្ស​របស់​លោកអាបេ​ឈ្នះឆ្នោត​ម្តងទៀត នោះ លោកអាបេ​រឹតតែ​មាន​ទឹកមាត់ មាន​ហេតុផល ទាមទារ​ឲ្យ​មានការកែប្រែ ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិនិយម ដើម្បី​ផ្តល់​អំណាច​ដល់​យោធា​ជប៉ុន​ឡើងវិញ។ រហូតមក​ដល់​ពេលនេះ គេឃើញថា លោក​អាបេ​បាន​ត្រឹមតែ​អំពាវនាវ​ឲ្យ​មាន​ការដាក់សម្ពាធ ដើម្បី​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​ផលិត​មីស៊ីល។ ប៉ុន្តែ លោកអាបេ គ្មាន​ចេតនា​ពិតប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះទេ ព្រោះថា លោកគ្មាន​អនុសាសន៍ ឬ ការស្នើ​អ្វីមួយ ដែល​អាច​បញ្ចុះបញ្ចូល​កូរ៉េខាងជើង ក្រៅតែពី​ស្រែក​អំពាវនាវ​ឲ្យ​មានការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​តែមួយមុខ លើកូរ៉េខាងជើង​នោះទេ។

មីស៊ីល​របស់​កូរ៉េខាងជើង​គំរាមកំហែង​ពិត​មែន​ហើយ ទឹកដី​ជប៉ុន។ ប៉ុន្តែ លោក​អាបេ មិនគួរ​យក​ភាពភ័យខ្លាច​របស់​ប្រជាជន​មកធ្វើ​ជា​ផលចំណេញ​នយោបាយ និង​ពង្រឹង​អំនាច​ផ្ទាល់​ខ្លួន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ