ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ចិន​ឆ្លើយតប​នឹង​ការ​រិះគន់​របស់​អាមេរិក​ក្នុង​រឿង​ពាណិជ្ជកម្ម​ពិភពលោក

media  
លោកដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង REUTERS/Toby Melville/Lucas Jackson/File Photos

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កញ្ញា ប្រទេស​ចិន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក Gao Feng បាន​បញ្ចេញ​ប្រតិកម្ម​វាយបក​អាមេរិក​ដែល​បាន​រិះគន់​លើ​នយោបាយ​ពាណិជ្ជកម្ម​របស់​ចិន។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​អាមេរិក លោក Feng បាន​បញ្ជាក់​ច្បាស់ៗ​ថា គំនិត​ឯកតោភាគី និង​ការ​អំពាវនាវ​ជា​លក្ខណៈ​ឯកតោភាគី​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន គឺ​ជា​បញ្ហា​ប្រឈម​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ​នៅ​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក។

ប្រតិកម្ម​របស់​ចិន​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក Gao Feng ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អាមេរិក​បាន​ដាក់​គំនាប​កាន់​តែ​ខ្លាំង​លើ​ចិន​ក្នុង​រឿង​ពាណិជ្ជកម្ម និង​ការ​សន្យា​របស់​ចិន​ក្នុង​បើក​ទីផ្សារ​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​សម្រាប់​ក្រុម​អ្នកវិនិយោគ​បរទេស។ លោក Gao Feng បាន​បញ្ជាក់​ច្បាស់ៗ​ដោយ​មិន​អល់អែក​ថា រដ្ឋាភិបាល​បាន​អនុវត្ត​នយោបាយ​តែ​មួយ​ដោយ​ស្មើភាព និង​គ្មាន​ការ​រើសអើង​ចំពោះ​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​រកស៊ី​នៅ​ចិន ក៏​ដូច​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ព្រម​ទាំង​បន្ថែម​ថា ក្រុម​អ្នកវិនិយោគ​បរទេស​ទាំង​អស់​មិន​គួរ​បារម្ភ​ពី​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​ទេ។

ដោយ​មិន​និយាយ​ចំ​ឈ្មោះ​សហរដ្ឋអាមេរិក លោក Gao Feng បាន​អះអាង​ថា គំនិត​ឯកតោភាគី និង​ការ​អំពាវនាវ​ឲ្យ​ប្រកាន់​យក​គំនិត​អាត្មានិយម​របស់​ប្រទេស​ខ្លះ គឺ​ជា​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី។ ទន្ទឹម​គ្នា​នេះ លោក Feng ក៏​បាន​ចេញ​មុខ​ការពារ​នយោបាយ​ចិន​ស្តីពី​ការ​វិនិយោគ​បរទេស​ដោយ​បញ្ជាក់​ថា គ្មាន​ច្បាប់​ណា​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្ទេរ​បច្ចេកវិទ្យា​ពី​រោងចក្រ សហគ្រាស​បរទេស​ទៅ​ឲ្យ​រោងចក្រ សហគ្រាស​ចិន​ឡើយ។ នៅ​ថ្ងៃ​ចន្ទ ទី១៨ កញ្ញា ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បើក​យុទ្ធនាការ​ដើម្បី​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិបញ្ញា​របស់​រោងចក្រ សហគ្រាស​ដែល​គាំទ្រ​ដោយ​អ្នកវិនិយោគទុន​បរទេស។

សូម​ជម្រាប​ជូន​ថា រដ្ឋបាល​អាមេរិក​បាន​ប្តឹង​ចិន​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើ​សំណុំរឿង​វិវាទ​មួយ​ចំនួន ពិសេស​ការ​អនុវត្ត​របស់​ចិន​ទាក់ទង​នឹងកម្មសិទ្ធិ​បញ្ញា។ នៅ​ថ្ងៃ​ចន្ទ ទី១៨ កញ្ញា​ថ្មីៗ​នេះ អ្នកតំណាង​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer បាន​ថ្លែង​ថា ចិន​ជា​ប្រទេស​គំរាមកំហែង​ពាណិជ្ជកម្ម​ពិភពលោក​ដោយ​លោក Robert លើកឡើង​ពី​ការ​អនុវត្ត​នយោបាយ​ឧបត្ថម្ភធន​សាធារណៈ ឬ​ការ​បង្ខំ​ឲ្យ​មាន​ការ​ផ្ទេរ​បច្ចេកវិទ្យា​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ចិន និង​អាមេរិក​ក្នុង​រឿង​ពាណិជ្ជកម្ម​ពិភពលោក ឬ​មួយ​ក៏​រឿង​អន្តរជាតិ​ផ្សេង​ទៀត​អាច​នឹង​លើក​ទៅ​ជជែក​នៅ​ក្នុង​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​ក្នុង​ប្រទេស​ចិន​នា​ខែ​វិច្ឆិកា​ខាង​មុខ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ