អានតួអត្ថបទ
ថៃ

របបសឹក​ថៃ​ចោទ​ប៉ូលិស​ថា បានជួយ​លោកស្រី​យីងឡាក់​ឲ្យ​រត់​គេច​ខ្លួន​ចេញពី​ប្រទេស

ឧបនាយករដ្ឋមន្រ្តី​ថៃ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ចោទ​ប្រកាន់​ប៉ូលិស​ថៃ​ថា បាន​បិទបាំង ជួយ​នាំ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត ចេញ​ពី​ទឹកដី​ថៃ កាលពី​ខែ​សីហា​កន្លងទៅ។ នៅ​ថ្ងៃ​ទី​២៥​សីហា អតីត​នាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់​បាន​បាត់ខ្លួន មិនទៅ​ចូល​ស្តាប់​សាលក្រម​របស់​តុលាការ​កំពូល ដែល​បាន​ជំនុំជម្រះ​លោកស្រី​ពី​បទ​ធ្វេសប្រហែស នៅក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​សេដ្ឋកិច្ច​រាប់ពាន់​លាន​ដុល្លារ។

លោកស្រី​យីងឡាក់ សំពះ​អរគុណ​អ្នកគាំទ្រ​លោកស្រី​នៅ​មុខ​តុលាការ​កំពូល​នៅថ្ងៃទី ១​សីហា ២០១៧ ពោល​គឺ​បីសប្តាហ៍​មុន ​បាត់ខ្លួន​ពី​ប្រទេស​ថៃ
លោកស្រី​យីងឡាក់ សំពះ​អរគុណ​អ្នកគាំទ្រ​លោកស្រី​នៅ​មុខ​តុលាការ​កំពូល​នៅថ្ងៃទី ១​សីហា ២០១៧ ពោល​គឺ​បីសប្តាហ៍​មុន ​បាត់ខ្លួន​ពី​ប្រទេស​ថៃ ©REUTERS/Athit Perawongmetha/File photo
ផ្សាយពាណិជ្ជកម្ម

នៅ​មួយខែ​ក្រោយ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត​បាត់មុខ​ពី​ប្រទេស រដ្ឋាភិបាល​សឹក​ថៃ បាន​ចេញមុខ​ចោទប្រកាន់ក្រុម​ប៉ូលិស​ថា បាន​ជួយ​ឲ្យ​លោកស្រី​យីងឡាក់ រត់គេច​ចេញ​ពី​ប្រទេស កាលពី​ខែ​សីហា​មុន។ នៅ​ដើម​សប្តាហ៍នេះ អាជ្ញាធរ​ថៃ បាន​សួរចម្លើយ​ប៉ូលិស​បីរូប បន្ទាប់​ពី​បាន​ចាប់ឃាត់​រថយន្ត ដែលអាជ្ញាធរ​ជឿថា ត្រូវ​បាន​ប្រើ​ដើម្បី​ដឹក​លោកស្រី​យីងឡាក់ ទៅ​ព្រំដែន​ថៃ-កម្ពុជា។ គេជឿថា លោកស្រី​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​ទី៣ មុន​នឹង​ទៅ​ដល់​ទីក្រុង​ឌូបៃ ដើម្បី​រស់នៅ​ជាមួយ​ លោកថាក់ស៊ីន ដែល​ជា​បងប្រុស។

តាម​លោក​ប្រាវីត វង្សសុវន់ ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​មន្រ្តីការពារ​ជាតិ​ថៃ ប៉ូលិស​ទាំងបី​រូប​បាន​សារភាព​ថា ពួកគេ​បាន​ទទួល​បញ្ជារ​ឲ្យ​លួច​ពង្រត់ ដឹក​លោកស្រី​យីងឡាក់​ចេញ​ប្រទេស។ និយាយ​ទៅកាន់​អ្នកកាសែត នៅថ្ងៃ​សុក្រ លោកប្រាវីត វង្សសុវន់ មិនបានបញ្ជាក់ឈ្មោះ​របស់​អ្នកបញ្ជា​នោះ​ទេ ប៉ុន្តែ គ្រាន់​អះអាងថា ជនរូបនោះ កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​ថៃ។

នៅ​សប្តាហ៍នេះ អនុប្រធាន​ប៉ូលិស​ជាតិ​ថៃ ទទួល​ស្គាល់​ថា ប៉ូលិស​ថៃ​បីរូប​ពិត​ជា​បាន​ចូលរួម នៅក្នុង​ផែនការ​រត់គេច​ខ្លួន​របស់​លោកស្រី​យីងឡាក់។ ប៉ុន្តែ ពួកគេ​ទាំងនោះ​នឹង​មិន​ប្រឈម​នឹង​ការដាក់ទោស​ឡើយ ព្រោះថា លោកស្រី​យីងឡាក់​បាន​លួច​រត់គេច​ខ្លួន នៅមុន​ពេល​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន។

រង​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែល ក្នុង​កម្មវិធី​ឧបត្ថម្ភ​ស្រូវអង្ករ នៅក្នុង​កាល​លោកស្រី​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់​ត្រូវ​ចូលទៅ​ស្តាប់​ការប្រកាស​សាលក្រម​របស់​តុលាការ នៅ​ថ្ងៃទី ២៥​សីហា។ ប៉ុន្តែ នៅ​ថ្ងៃ​ប្រកាស​សាលក្រម លោកស្រី​បាន​អវត្តមាន និង​បាត់ខ្លួន​រហូតដល់​​សព្វថ្ងៃ។ ការបាត់ខ្លួន ដ៏​អាថ៌កំបាំង​របស់លោកស្រី​យីងឡាក់ ធ្វើ​ឲ្យ​គេ​ជឿថា លោកស្រី​បាន​ចរចា​ដោយ​សម្ងាត់​ជាមួយ​របបសឹក​ថៃ ដើម្បី អាច​រត់គេច​ចេញ​ពី​ទឹកដី​ថៃ។

នៅក្រោយ​លោកស្រី​យីងឡាក់​បាត់ខ្លួន​ពី​ប្រទេស របបសឹក​វិញ​បាន​អះអាង ថា ខ្លួន​មិន​បាន​ដឹងថា លោកស្រី​យីងឡាក់ មាន​ផែនការ​រត់គេច​ខ្លួននោះទេ។ ការអះអាង​របស់​រដ្ឋាភិបាល​យោធា​ថៃ ពិបាក​នឹង​​​ធ្វើ​ឲ្យ​គេ​ជឿ ព្រោះថា លោកស្រី យីងឡាក់ និង​លំនៅឋាន​របស់លោកស្រី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន យ៉ាងជាប់ស្អិត​របស់​ពួកយោធា​ថៃ ចាប់តាំង​ពី​លោកស្រី ត្រូវ​បាន​របបយោធា​ធ្វើ​រដ្ឋប្រហារ​ទមា្លក់​ពី​តំណែង​នាយករដ្ឋមន្រ្តី នៅពាក់កណ្តាល​ឆ្នាំ ២០១៤។

អ្នកជំនាញ​មួយចំនួន​ជឿថា របបសឹក​អាច​បិទភ្នែក ឬ​ក៏​បើកភ្លើងខៀវ​ឲ្យ​លោកស្រី​យីងឡាក់ ចាកចេញ​ពី​ប្រទេស ព្រោះ​របបសឹក​ខ្លាចថា នឹង​អាច​មាន​បាតុកម្ម​តវ៉ា ខ្លាំង​ពីសំណាក់​អ្នកគាំទ្រ​លោកស្រី នៅក្រោយ​តុលាការ​កំពូល​ប្រកាស​សាលក្រម ដែល​នៅ​ក្នុង​នោះ លោកស្រី យីងឡាក់ អាច​ប្រឈម​នឹង​ការដាក់ទោស​ជាប់ពន្ធនាគារ រយៈពេល ១០​ឆ្នាំ។ ដោយសារ​តែ​គ្មាន​វត្តមាន​របស់​លោកស្រី​យីងឡាក់ នៅក្នុង​ប្រទេស តុលាការ​កំពូល​ថៃ គ្រោង​នឹង​ប្រកាស​សាលក្រម​កំបាំង​មុខ ប្រឆាំង​លោកស្រី​យីងឡាក់ នៅថ្ងៃទី ២៧ កញ្ញា​សប្តាហ៍ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ